ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំព្រឹត្តិការណ៍សិល្បៈដ៏ធំនៅទីលានជល់ដំរី ខេត្តសៀមរាប ដើម្បីអបអរសាទរខួប១ឆ្នាំនៃការដាក់បញ្ជូលល្ខោនខោលកម្ពុជាចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

សៀមរាប ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំព្រឹត្តិការណ៍សិល្បៈដ៏ធំមួយឈ្មោះថា «រាត្រីចងចាំ» នៅទីលានជល់ដំរី ក្នុងបរិវេណប្រាសាទបាយ័ននៃខេត្តសៀមរាបនារាត្រីថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីអបអរសាទរខួប១ឆ្នាំនៃការដាក់បញ្ជូលល្ខោនខោលកម្ពុជាចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រលិល្បៈមានប្រសាសន៍ថា ព្រឹត្តិការណ៍សិល្បៈនេះ គឺជាការសម្តែងល្ខោនខោល ក្នុងគោលបំណងចង់ឱ្យសាធារណជនជាតិ និងអន្តរជាតិ បានឃើញកាន់តែច្បាស់អំពីកិត្យានុភាពនៃវប្បធម៌ជាតិខ្មែរ ខណៈដែលល្ខោនខោលខ្មែរ ត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO អស់រយៈពេល១ឆ្នាំកន្លងទៅ។

លោកជំទាវបន្តថា ព្រឹត្តិការណ៍សិល្បៈនៅថ្ងៃនេះ តាមរយៈនៃការផ្សព្វផ្សាយរបស់ភ្ញៀវទេសចរអន្តរជាតិ បណ្តាញទំនាក់ទំនងសង្គម ទូរទស្សន៍ ពិភពលោកនឹងបាន​ឃើញពីតម្លៃ ល្ខោនខោលកម្ពុជា តម្លៃមនុស្សជាតិ ហើយនេះជាបំណងដែលយើងគ្រប់គ្នាចង់បាន​។ លោកជំទាវបាន​បញ្ជាក់ថា បើតាមការគ្រោងទុកព្រឹត្តិការណ៍នេះមានអ្នកចូលរួម​ប្រមាណ៣ពាន់នាក់ប៉ុណ្ណោះ។ ប៉ុន្តែជាក់ស្តែងមានការចូលរួមហួសការរំពឹងទុកប្រមាណ១ម៉ឺននាក់ឯណោះ។កត្តាទាំងនេះបង្ហាញឱ្យឃើញថា ប្រជាជនកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារលើកកម្ពស់តម្លៃសម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែរយ៉ាងខ្លាំងក្លា។ លោកជំទាវបានអំពាវនាវឱ្យប្រជាជនខ្មែរ ជាពិសេសយុវជនបន្តសកម្មភាពគាំទ្រឱ្យបានកាន់តែខ្លាំងខ្លាបន្ថែមទៀត ដើម្បីថែរក្សាសម្បត្តិ បេតិកភណ្ឌវប្បធម៌ដ៏សម្បូបែបដែលដូនតាខ្មែរយើងបន្សល់ទុកឱ្យនៅបានយូរអង្វែងទៅមុខទៀត។

លោកជំទាវ ភឿង សកុណា បញ្ជាក់ទៀតថា នៅឆ្នាំក្រោយព្រឹត្តិការណ៍នេះ មិនត្រឹមតែរៀបចំដោយក្រសួងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែនឹងមាន​យុវជន ឬវិស័យឯកជនជាច្រើនទៀតរៀប ចំនៅតាមគោលដៅផ្សែងៗគ្នា។

សូមបញ្ជាក់ថា ល្ខោន​ខោល​របស់​កម្ពុជា​ ​ត្រូវ​បាន​អង្គការ​យូ​ណេស្កូ ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ ​នៅ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា ​ឆ្នាំ​២០១៨ នៅក្នុងកិច្ចប្រជុំ​លើក​ទី​១៣ ​នៃ​គណៈ​កម្មការ​អន្តររដ្ឋាភិបាល​សម្រាប់​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេស្កូ នៅ​ទីក្រុង​ព័រល្វី​ ​សាធារណរដ្ឋ​ម៉ូរីស​។ ​បច្ចប្បន្ននេះកម្ពុជាមានសម្បត្តិបេតិ  កភណ្ឌវប្បធម៌អរូបីចំនួន ៥ហើយ ត្រូវបានចុះ​បញ្ជី​សម្បត្តិបេតិកភណ្ឌពិភពលោក​ ក្នុងនោះមានរបាំ​ព្រះរាជ​ទ្រព្យ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០០៣, ល្ខោន​ស្រមោល​ស្បែក ឬ​ល្ខោន​ស្បែកធំ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០០៥, ល្បែង​ទាញព្រ័ត្រ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ ២០១៥, ចាប៉ី​ដងវែង ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦, និងល្ខោនខោលវត្ត​ស្វាយអណ្ដែត ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨៕

ដោយ ឃុត សៅ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ