សម្ដេចតេជោ ហ៊ុន សែន និងឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញគោរពព្រះ វិញ្ញាណក្ខន្ធ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី

ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល អមដំណើរដោយឥស្សរជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាល បានអញ្ជើញទៅគោរពព្រះវិញ្ញាណក្ខន្ធសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី «ទេពនាដវដ្ដីឯក» ដែលបានយាងសោយព្រះពិរាល័យ(សុគត) កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក ហើយដែលព្រះបរមសពត្រូវបានតម្កល់នៅវត្តបុទុមវតីរាជវរារាម។ ពិធីគោរពព្រះវិញ្ញាណក្ខន្ធនេះ បានធ្វើឡើង នារសៀលថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

កាលពីថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០១៩ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ ថ្វាយនូវការចូលរួមរំលែកទុក្ខ ជាមួយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ចំពោះការបាត់បង់ព្រះរាជបុត្រីច្បង គឺសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដែលព្រះអង្គបានយាងសោយទិវង្គត នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សា។ សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា យើងពិតជាមានការសោកស្តាយចំពោះការបាត់បង់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាពលរដ្ឋរបស់កម្ពុជា ពីព្រោះព្រះអង្គបានចូលរួមកិច្ចការងារជាច្រើនក្នុងសង្គម ជាពិសេសការលើកតម្កើងតម្លៃសិល្បៈវប្បធម៌ ខ្មែរ ហើយព្រះអង្គក៏ជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញផងដែរ។

គួរបញ្ជាក់ដែរថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យ ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាវេលាម៉ោង ១២និង៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយរោគាពាធ។ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ប្រសូត្រ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នៅរាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

beylikdüzü escort escort beylikdüzü beylikdüzü escort