សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២

នៅព្រឹកថ្ងៃពុធ១០កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ ក្រោមប្រធានបទ «តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងតំបន់»

ដែលប្រារព្ធធ្វើឡើង នៅខេត្តសៀមរាប។ សន្និសីទនេះ គឺមានរយៈពេលពីរថ្ងៃ ហើយមានការអញ្ជើញចូលរួមពីអគ្គព្រះរាជអាជ្ញា អគ្គរដ្ឋអាជ្ញា ប្រធានប្រតិភូមកពីបណ្តាបណ្តាប្រទេសនៃសមាគមអាស៊ាន និងប្រទេសចិនផងដែរ។ អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវសេចក្តីរីករាយដែលបានមកចូលរួមក្នុងពិធីបើកសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២នេះ។ សម្តេចតេជោបានថ្លែងអំណរគុណឯកឧត្តម លោកជំទាវអគ្គព្រះរាជអាជ្ញា អគ្គរដ្ឋអាជ្ញា នៃបណ្តាប្រទេសសមាគមអាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិទាំងអស់ ដែលកំពុងមានវត្តមាននៅលើទឹកដីខេត្តសៀមរាបអង្គរនេះ។ សម្តេចតេជោបានមានប្រសាសន៍បន្តថា កម្ពុជាពិតជាមានកិត្តិយសដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះ ស្របពេលដែលប្រទេសសមាជិកអាស៊ាន ក៏ដូចជាប្រទេសនៅក្នុងតំបន់កំពុងរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាឧក្រិដ្ឋកម្មឆ្លងដែនប្រកបដោយគ្រោះថ្នាក់ ហើយកំពុងរីករាលដាលនៅក្នុងតំបន់របស់យើង ។ សម្តេចតេជោបានមានប្រសាសន៍បន្តថា អំពើជួញដូរមនុស្ស គឺជាគោលនយោបាយដ៏សំខាន់ដែលរាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងបានអនុវត្តកន្លងមក តាមរយៈការផ្សព្វផ្សាយគ្រប់ទម្រង់នៃ «អំពើជួញដូរមនុស្ស » តាំងពីថ្នាក់ជាតិរហូត ដល់ថ្នាក់មូលដ្ឋាន ។ ជាក់ស្តែងរាជរដ្ឋាភិបាលបានប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅឆ្នាំ ២០១៨ កន្លងមក។ ជាមួយនេះ រាជរដ្ឋាភិបាលបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការជាតិអន្តរជាតិនានា និងទូរទស្សន៍ បង្កើតឱ្យមានជាឃ្លីបវីឌីអូ និងបទយកការណ៍ ដើម្បីបង្ហាញឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់យល់ដឹងនូវអំពើជួញដូរមនុស្សជាមួយនឹងការបង្កើតនូវយន្តការផ្សព្វផ្សាយជាប្រចាំឱ្យបានទូលំទូលាយនៅទូទាំងប្រទេស ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាសកលនេះឱ្យបានទាន់ពេលវេលា បញ្ហាប្រទេសសមាជិកអាស៊ាន- ចិនត្រូវមាគោលការណ៍រួមមួយ ឯកភាពគ្នា សហការគ្នាយ៉ាងជិតស្និទ្ធ ប្រកប ដោយប្រសិទ្ធភាព និងតម្លាភាព ។ ក្នុងឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានចែករំលែកនូវអនុសាសន៍មួយចំនួនដល់អង្គសន្និសីទដូចខាងក្រោម៖ ១)អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន ត្រូវរួមគ្នាធ្វើកិច្ច សហប្រតិបត្តិការឱ្យបានជិតស្និទ្ធជាមួយបញ្ហាស្ថាប័ន និងប្រទេសពាក់ព័ន្ធនឹង « អំពើជួញដូរមនុស្ស» ជាពិសេសនៅក្នុងប្រទេសឆ្លងកាត់ និងប្រទេសគោលដៅ ដើម្បីឆ្លើយតប និងដោះស្រាយឱ្យបានទាន់ពេលកំណត់ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ។ ២)អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន ត្រូវរួមគ្នាពិនិត្យ និងវាយតម្លៃបញ្ហា « អំពើជួញដូរមនុស្ស » តាមរយៈស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ជាមួយប្រទេស និងស្ថាប័នពាក់ព័ន្ធ ដូចមានចែងក្នុងកិច្ចព្រមព្រៀង ឬ អនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាកន្លងមក ។ ៣)អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន និងស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាបន្ត និងបង្កើនកិច្ចសហការឱ្យបាទូលំទូលាយ បង្កលក្ខណៈងាយស្រួល និងចូលរួមផ្តល់ធនធានសម្រាប់ប្រតិបត្តិការជាប្រព័ន្ធដើម្បីអាចឆ្លើយតបបញ្ហាបានទាន់ពេលវេលាស្តីពី «អំពើជួញដូរមនុស្ស »ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ៤)អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនត្រូវរួមគ្នាធ្វើកំណត់ត្រា និងចងក្រងរបាយការណ៍ជាមួយនឹងភស្តុតាងជាក់ស្តែង ដើម្បីបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាឧក្រិដ្ឋកម្មបង្កគ្រោះថ្នាក់ដល់សង្គមជាតិ និងកំពុងប៉ះពាល់ដល់កិច្ចដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅក្នុងតំបន់ និងសកលលោក ។ សម្តេចតេជោសង្ឃឹមថា អង្គសន្និសីទនឹងបន្តប្រើប្រាស់យន្តការអត្តព្រះរាជអាជ្ញាអាស៊ាន-ចិន ដែលជាវេទិកាពង្រឹងកិច្ចសហប្រតិបត្តិការពារប្រកបដោយឆន្ទៈរួមតែមួយ ក្នុងការប្រយុទ្ធប្រឆាំង «អំពើជួញដូរមនុស្ស » និងបទល្មើសឆ្លងដែនគ្រប់រូបភាពដើម្បីធានានូវសន្តិសុខ និងសុវត្ថិភាពឆ្លងដែនដល់បញ្ហាប្រជាជននៅក្នុងប្រទេសអាស៊ាន-ចិន និងនៅក្នុងតំបន់ផងដែរ។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានជូនពរ អង្គសន្និសីទទាំងមូល ទទួលបានលទ្ធផលជាផ្លែផ្កា និងសូមជូនពរ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សូមមានសុខភាពល្អជាមួយភាពសប្បាយរីករាយក្នុងការស្នាក់នៅ លើទឹកដីអង្គរដ៏ល្បីល្បាញនៃព្រះរាជាណាចក្រកម្ពុជា។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ