សៀមរាប ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញក្ដីរំពឹងថា កិច្ចសហប្រតិបត្តិការរវាងព្រះរាជអាជ្ញា និងរដ្ឋអាជ្ញា នៃប្រទេសអាស៊ាន-ចិន នឹងពង្រឹងកាន់តែខ្លាំង និងរឹងមាំបន្ថែមទៀតក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ដែលមានទៅលើប្រជាជនស្លូតត្រង់នោះ។
នៅមុនការចាប់ផ្តើមពិធីបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១២ នៅទីក្រុងសៀមរាប នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ប្រតិភូអគ្គព្រះរាជអាជ្ញា-រដ្ឋអាជ្ញាមកពីបណ្ដាប្រទេសអាស៊ាន និងប្រទេសចិន ដឹកនាំដោយលោកជំទាវ ហាយ៉ាស ស៊ូរៃនី ចូលជួបសម្តែងការគួរសម។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឱ្យដឹងថា ក្នុងជំនួបនេះ ប្រតិភូអគ្គព្រះរាជអាជ្ញា-រដ្ឋអាជ្ញាមកពីបណ្ដាប្រទេសអាស៊ាន និងចិនបានគោរពសម្ដែងការដឹងគុណសម្តេចតេជោ ដែលបានឆ្លៀតពេលដ៏មមាញឹក មកធ្វើជាអធិបតីក្នុងសន្និសីទនេះ។ លោកជំទាវ ហាយ៉ាស ស៊ូរៃនី បានលើកឡើងថា សន្និសីទដែលរៀបចំឡើងនាពេលនេះ គឺដើម្បីធ្វើការរួមគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែស៊ីជម្រៅថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសលើការជួញដូរមនុស្ស។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍ ដល់ព្រះរាជអាជ្ញា-រដ្ឋអាជ្ញាទាំងអស់ ដែលបានមកកាន់ទីក្រុងសៀមរាប ដែលជាអតីត រាជធានីរបស់កម្ពុជា កាលពីជាង១ពាន់ឆ្នាំមុន។ សម្ដេចតេជោបានលើកឡើងថា ប្រធានបទការប្រយុទ្ធប្រឆាំងជួញដូរមនុស្ស នៅក្នុងឱកាសនេះ គឺជាប្រធានបទដ៏ត្រឹមត្រូវមួយ ព្រោះថានេះគឺជាអ្វីដែលយើងត្រូវធ្វើ ដើម្បីជួយដល់ជនស្លូតត្រង់ ជាពិសេសពលករ ដែលកំពុងតែមានចលនា និងលំហូរ នៅក្នុងតំបន់អាស៊ាន ហើយតែងតែមានជនខិលខូច ឬក៏ឧក្រិដ្ឋជន កេងប្រវ័ញ្ចលើជនស្លូតត្រង់ទាំងនេះ។ សម្ដេចតេជោបានបន្តថា តាមរយៈវេទិកានេះ សម្ដេចតេជោបាន សូមផ្ដល់ក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងអស់ ជាពិសេសរវាងព្រះរាជអាជ្ញា និងរដ្ឋអាជ្ញា នៃប្រទេសអាស៊ានជាមួយចិន នឹងមានការពង្រឹងកាន់តែខ្លាំង និងរឹងមាំថែមទៀត ជាផលប្រយោជន៍ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនផង និងឧក្រិដ្ឋកម្មទាំងឡាយ ដែលមានទៅលើប្រជាជនស្លូតត្រង់ នៅក្នុងតំបន់អាស៊ាន-ចិនផងដែរ៕