សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ច ទូលំទូលាយលើកទី៣

38

ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្ដេច​អគ្គ​ម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជា​មួយ មេដឹក​នាំ​អាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ានផ្សេងទៀត រួម​មានចិន ជប៉ុន សា​ធា​រណ​រដ្ឋ​កូរ៉េ អូ​ស្រ្តា​លី ញូហ្សេឡែន ឥណ្ឌា និងសហរដ្ឋអាមេរិក បានយាងនិងអញ្ជើញចូលរួម កិច្ចប្រជុំកំពូល​ភា​ពជាដៃគូសេដ្ឋកិច្ចទូលំទូលាយលើកទី៣ ដើម្បីពិនិត្យនិងវាយតម្លៃទៅលើ កាលានុវត្តភាព និ​ង​​បញ្ហាប្រឈមនានា ដែលបានអនុវត្តន៍នាពេលកន្លងមក និងការលើកទិស​ដៅ​សម្រាប់​អនា​គ​ត​។ កិច្ចប្រជុំនេះ ធ្វើឡើង រសៀលថ្ងៃ​ទី០៤ ខែវិច្ឆិកា​ ឆ្នាំ២០១៩ នៅ​​​​ទីក្រុង បាងកក ព្រះរាជាណាចក្រថៃ។

ប្រភពពីអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា  របៀបវារ: កិច្ចសហ​ប្រ​តិ​​បត្តិការ​សេដ្ឋកិច្ចរបស់ RCEP ត្រូវបានរចនាឡើង ជាកិច្ចខិតខំប្រឹងប្រែងជាបន្ត​បន្ទាប់ ក្នុ​ង​ការ​ដោះស្រាយបញ្ហាលំបាកៗ ដូចជាពាណិជ្ជកម្មឌីជីថល កំណែទម្រង់បទប្បញ្ញត្តិបើកចំហ ពា​ណិ​ជ្ជកម្ម និងការចល័តនៃពលករជំនាញ សុទ្ធសឹងតែស្ថិតក្នុងរបៀបវារ:ជួរមុខ នៃពាណិជ្ជ​កម្ម​​បែ​បទំនើប។ នៅក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំនៃប្រទេស RCEP បានសម្ដែងនូវ​ការ​កោត​ស​រ​សើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋមន្រ្តី RCEP និងក្រុម​ការងារដែ​ល​បានសម្រេចនូវកិច្ចព្រមព្រៀងRCEPមួយ ដែលមានលក្ខណ:ទំនើប ទូលំទូលាយ​ ​ប្រកប​ដោ​យ​គុណភាពខ្ពស់ ជាពិសេសបានផ្តល់នូវប្រព្រឹត្តិកម្មពិសេស និងដោយឡែក​សម្រាប់​​ប្រ​ទេសអភិវឌ្ឍន៍តិចតួច។ មេដឹកនាំទាំងអស់ បានចាត់ទុកដែរថា ការសម្រេច​បាននូវ​កិច្ច​ព្រ​ម​ព្រៀ​ង RCEP នាពេលនេះ គឺជាព្រឹត្តិការណ៍ ដ៏មានសារ:សំខាន់ថ្មីមួយជាប្រវត្តិសាស្រ្ត សម្រា​ប់​​តំបន់អាស៊ី ប៉ាស៊ីហ្វិកទាំងមូល បន្ទាប់ពីថ្នាក់ដឹកនាំ RCEP បានប្រកាសឱ្យបើកការ​ចរចា​ជា​ផ្លូវ​ការ នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ២០១២ ទោះបីជានៅមានបញ្ហាបច្ចេកទេសខ្លះ ដែល​ត្រូវ​ប​ញ្ច​ប់​​មុននឹងឆ្លងនីតិវិធីផ្ទៃក្នុង សម្រាប់ការចុះហត្ថលេខានៅប្រទេសវៀតណាម នៅឆ្នាំ​២​០២០​ខា​ង​មុ​ខ។ ផ្អែកលើការអនុវត្ត នៃការប្តេជ្ញាចិត្តក្រោមកិច្ចព្រមព្រៀង ដែលរួមបញ្ចូលទាំង​ឧបសម្ព័ន្ធ​នា​​នា RCEP នឹងផ្តល់នូវកាលានុវត្តភាពថ្មីៗ ឆ្ពោះទៅរកប្រភពថ្មីនៃកំណើន សេដ្ឋកិច្ចខ្ពស់ និង​រឹង​មាំ ដើម្បីជំរុញនិងផ្តល់សន្ទុះដល់ពាណិជ្ជកម្មទំនិញ សេវា និងការ វិនិយោគ បន្ថែមពីនេះ កា​រ​សម្រេចបាននូវកិច្ចព្រមព្រៀង RCEP គឺជាសារនយោបាយ ដ៏មុត ស្រួចទៅកាន់ ពិភព​លោក ប​ច្ចុ​ប្ប​ន្ន បង្ហាញឱ្យឃើញអំពីឆន្ទ:របស់ថ្នាក់ដឹកនាំ នៃប្រទេស RCEP ក្នុងការគាំពារ​សកល​ភា​វូ​ប​នីយកម្ម ប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី និងសេដ្ឋកិច្ច​ពិភព​លោក តំបន់បើកចំហ ដែល​ជា​កម្លាំ​ងចលករដ៏សំខាន់មួយ ក្នុងការឆ្លើយតបនឹងនិន្នាការ​គោល​នយោបាយគាំពារនិយម និង ឯ​កតោភាគីនិយម។

ដូចគ្នានឹងមេដឹកនាំអាស៊ានដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានមាន ប្រសា​ស​ន៍​​លើកឡើងថា ទោះបីជាកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួច អាចនឹងមានតម្រូវការ​មានការ​កែទ​​ម្រង់ផ្នែកច្បាប់ រចនាសម្ព័ន្ធសេដ្ឋកិច្ច និងរដ្ឋបាលជាច្រើន បន្ទាប់ពីកិច្ចព្រម​ព្រៀង​នេះ​ចូ​លជា​ធរមាន។ ប៉ុន្តែសម្តេចនៅតែធ្វើការសម្រេចចិត្តដោយក្តីរីករាយបំផុត ក្នុងការផ្តល់​អាណត្តិ​ឱ្យ​រដ្ឋមន្រ្តីកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងRCEPនេះ នៅក្នុងឆ្នាំ២០២០​ខាងមុខ។ នៅ​ក្នុង​កិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំនៃប្រទេស RCEP បានឈានទៅ​ចេញផ្សាយនូវសេចក្តី​ប្រ​​កាស​របស់ប្រធានដឹកនាំកិច្ចប្រជុំ ស្តីពីកិច្ចចរចាភាពជាដៃគូ​សេដ្ឋកិច្ច​តំបន់គ្រប់ជ្រុងជ្រោយ RCEP៕

ដោយ ជឹម ណារី