ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងប្រទេសដៃគូសន្ទនា ចូលរួមក្នុងពិធីពិសាអាហារ​ថ្ងៃ​ត្រង់ពិសេស ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព

36

ភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ — ប្រភពពីអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា  នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិ​កា​ ឆ្នាំ២០១៩ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ បណ្ដាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃ​ប្រ​ទេ​សអាស៊ាន ក៏ដូចជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល​នៃប្រទេសដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍​រប​ស់​អាស៊ាន យាងនិងអញ្ជើញសោយក្រយា និងទទួល​ទានអាហារថ្ងៃត្រង់ពិសេស ស្តីពីការ​អ​ភិ​វឌ្ឍ​​ប្រកបដោយចីរភាព។

នៅក្នុងពិធីសោយក្រយា និង​ទទួលទានអាហារថ្ងៃត្រង់ពិសេសនោះ ប្រមុខរដ្ឋ ប្រមុខ​រ​ដ្ឋា​ភិ​បាលនៃប្រទេសអាស៊ាន និងប្រទេសជា ដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ទាំងអស់ បានពិ​និត្យ​លើវឌ្ឍនភាពនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិ​ការ ក្នុងភាពជាដៃគូអភិវឌ្ឍន៍ និងក្នុងភាព​ជា​ដៃគូសន្ទនា ដែលបានដំណើរការប្រកបដោយស្មារតី នៃការទទួលខុសត្រូវខ្ពស់ និងផ្តល់​ផ​ល​​ប្រយោ​ជន៍ឱ្យគ្នាទៅវិញទៅមក ពិសេសបានគូសបញ្ជាក់ពី​វឌ្ឍន​ភាព គូរឱ្យកត់សម្គាល់​របស់​​អាស៊ាន ក្នុងការសម្រេចបាននូវសមិទ្ធផលជាច្រើន នៃការអភិវឌ្ឍប្រកបដោយចីរភាព រួមមាន​កំ​ណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ការរីកចម្រើនក្នុងវិស័យសុខាភិ​បាល អប់រំ និង​ហេ​ដ្ឋារចនាសម្ព័ន្ធ ពិសេសតាមរយៈការបន្ស៊ី គោលនយោបាយជាតិនានា ជាមួយនឹង គោល​ដៅ​អ​ភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។ មេដឹកនាំ​ទាំង​អស់ បា​ន​គូសបញ្ជាក់ដែរថា ការបន្តរក្សានូវសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាកត្តាគន្លឹះ និ​ង​ជា​បុព្វលក្ខខ័ណ្ឌដ៏សំខាន់បំផុត សម្រាប់ធានាកំណើនសេដ្ឋកិច្ច និងការ​អភិវឌ្ឍ​សង្គម។ ដោយ​គោ​លដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គ្របដណ្តប់លើគ្រប់វិស័យ ការ​ខិតខំសម្រេច​បានគោ​ល​ដៅទាំងនេះ ពិតជាត្រូវការនូវធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស។ ចំពោះការប្រែប្រួល​អា​កា​ស​ធា​តុ គឺជាបញ្ហាប្រឈម ដ៏ធំមួយរបស់ពិភពលោក ដែលកំពុង​តែបង្ក​ជាបញ្ហាឧបសគ្គ​ដល់​ការ​អ​ភិ​វឌ្ឍប្រកបដោយចីរភាព។

បញ្ហានេះ តម្រូវឱ្យមានការចូលរួមដោះស្រាយពី​គ្រប់ប្រទេស​ទាំ​ង​​​អស់ ក៏ដូចជាត្រូវការនូវ​ភាពបុរេ​សកម្មរបស់អង្គការសហប្រជាជាតិនៅក្នុងការជំរុញអនុ​វត្តន៍​នូវ​​សន្ធិសញ្ញា និងកិច្ចព្រម​​ ព្រៀងនានា ដែលបានឯកភាពគ្នារួច។ ទន្ទឹមនេះ ការកើនឡើងនូវភាពមិន​ប្រា​ក​ដប្រជាក្នុង​តំបន់ និងពិភពលោក ពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសារ​គោ​ល​នយោបាយគាំពារនិយម សង្រ្គាមពាណិជ្ជកម្ម និងការរំលោភលើគោលការណ៍​ព​ហុ​ភា​គី​និ​យម ជាដើម បានក្លាយជាឧបសគ្គដ៏ធំក្នុងកិច្ចប្រឹងប្រែង ឈានទៅសម្រេចបាននូវការអភិ​វ​ឌ្ឍ​​ប្រកប​ដោយចីរភាព ជាពិសេសសម្រាប់ប្រទេសដែលមានការអភិវឌ្ឍតិចតួច។ ជាមួយគ្នានេះ ​ ត្រូវ​តែ​រួមគ្នាធានាថា យន្តការនៃកិច្ចសហប្រតិបត្តិការរបស់យើង នៅតែរក្សាបាននូវ​ស្មារ​តី​​បើក​ចំហ និងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ពោលគឺការចូលរួមរបស់ វិស័យឯកជន ក្នុ​ង​ការជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាក្នុងការអភិវឌ្ឍសង្គម តាមរយៈការទទួលខុស ត្រូវ​ផ្នែ​ក​ស​ង្គម គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់៕

ដោយ ជឹម ណារី