ភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ — ក្នុងបទអន្តរាគមន៍ថ្លែងទៅកាន់ប្រទេសបូកបី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើដល់មេដឹកនាំអាស៊ាន និងប្រទេសបូកបី បង្កើនការយកចិត្តទុកដាក់លើការពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ពិសេសតាម រយៈការចែករំលែកបទពិសោធន៍ ជំនាញ ចំណេះដឹង និងសកម្មភាពជួយអភិវឌ្ឍន៍ធនធានមនុស្ស ដល់ប្រទេសសមាជិកអាស៊ាន ដែលកំពុងត្រូវការនូវការពង្រឹងសមត្ថភាពលើវិស័យនេះ។ នេះបើតាមប្រភពពីអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជា។
កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២២ ជាមួយសាធារណរដ្ឋប្រជាមានិចិន ជប៉ុន សាធារណរដ្ឋកូរ៉េ បានប្រារព្ធពិធីបើកជាផ្លូវការ កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតអ៊ីមផែក ព្រះរាជាណាចក្រថៃ។
ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ បានធ្វើការពិនិត្យពិភាក្សាទៅលើរបៀបវារ: ដែលបានគ្រោងទុក។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានបានស្តាប់នូវរបាយការណ៍លើកឡើងពីប្រមុខ ប្រមុខរដ្ឋាភិបាល នៃប្រទេសបូកបី ដែលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាព បញ្ហាប្រឈមនានា និងការដាក់ចេញនូវផែនការយុទ្ធសាស្រ្តសម្រាប់បណ្តាឆ្នាំខាងមុខ នៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តយូរអង្វែង រវាងប្រទេសអាស៊ាន ជាមួយនឹងប្រទេសបូកបី។ មេដឹកនាំអាស៊ាន និងប្រទេសបូកបី បានធ្វើការពិភាក្សាយ៉ាងយកចិត្តទុកដាក់ ទៅលើបញ្ហានានា ដែលទាក់ទិនទៅនឹងវិស័យសុខាភិបាល បញ្ហាជំងឺឆ្លង បម្រែបម្រួលអាកាសធាតុ រួមទាំងបញ្ហាពាក់ព័ន្ធនានា ដែលមេដឹកនាំទាំងអស់ មានការយកចិត្តទុកដាក់ដូចគ្នា។ ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានដែរនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានធ្វើបទអន្តរាគមន៍ទៅកាន់ប្រទេសបូកបីថា កម្ពុជាឥឡូវនេះ គឺជាវេលាដ៏ចំបាច់សម្រាប់ការបញ្ចប់កិច្ចចរចាលើកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូគ្រប់ជ្រុងជ្រោយ នៃសេដ្ឋកិច្ចតំបន់ ដើម្បីបន្តជំរុញគាំទ្រការធ្វើ ពាណិជ្ជកម្មសេរីដ៏មានសារៈសំខាន់ នៅក្នុងតំបន់អាស៊ាន ដែលជាមូលដ្ឋានគ្រឹះសម្រាប់វិបុលភាព សេដ្ឋកិច្ចពិភពលោក។ សម្តេចតេជោក៏បានស្នើដល់មេដឹកនាំអាស៊ាន និងប្រទេសបូកបី បង្កើនការយកចិត្តទុកដាក់លើការពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ពិសេសតាមរយៈការចែករំលែកបទពិសោធន៍ ជំនាញ ចំណេះដឹង និងសកម្មភាពជួយអភិវឌ្ឍន៍ធនធានមនុស្ស ដល់ប្រទេសសមាជិកអាស៊ាន ដែលកំពុងត្រូវការនូវការពង្រឹងសមត្ថភាពលើវិស័យនេះ។ នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំទាំងអស់បានសម្ដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះវឌ្ឍនភាពដែលប្រទេសអាស៊ាន និងប្រទេសបូកបី សម្រេចបានក្នុងរយ:ពេលជាង២០ឆ្នាំកន្លងទៅ ពិសេសការកើនឡើង នៃទំហំពាណិជ្ជកម្មរវាងប្រទេសអាស៊ាន ជាមួយនិងប្រទេសបូកបី ក្នុងនោះ កាលពីឆ្នាំ២០១៧កន្លងទៅ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងប្រទេសបូកបី បានកើនឡើងដល់ ៨០៧,៣ ប៊ីលានដុល្លារអាម៉េរិក ស្មើនិង៣១.៦ភាគ រយ នៃទំហំពាណិជ្ជកម្មសរុបរបស់អាស៊ាន។ ក្នុងឆ្នាំដដែលនោះដែរ ទុនវិនិយោគផ្ទាល់ពីបរទេស ហូរចូលប្រទេសបូកបី និងចូលអាស៊ាន ឡើងដល់ ២៩.៩ ប៊ីលានដុល្លារ ស្មើនិង២១.៨ភាគរយ ទុនវិនិយោគផ្ទាល់ពីបរទេស របស់អាស៊ាន។ ជាមួយគ្នានេះ មេដឹកនាំអាស៊ាន និងមេដឹកនាំនៃប្រទេសបូកបី បានគូសបញ្ជាក់ម្តងទៀតនូវការប្តេជ្ញាចិត្តរបស់មេដឹកនាំទាំងអស់ ចំពោះការអនុវត្តយ៉ាងពេញលេញ នៃសេចក្តីសម្រេចពាក់ព័ន្ធនានា របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងកត់សម្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីនាំមកនូវការរំសាយអាវុធនុយក្លេអ៊ែរ ពេញលេញនៅឧបទ្វីបកូរ៉េ និងបញ្ជាក់ពីសារ:សំខាន់នៃវេទិកាដែលដឹកនាំដោយអាស៊ាន ក្នុងនោះរួមមាន វេទិកាតំបន់អាស៊ានដើម្បីលើកកម្ពស់បរិយាកាសអំណោយផល ដល់កិច្ចពិភាក្សាប្រកបដោយសន្តិភាព ក្នុងចំណោមភាគីពាក់ព័ន្ធ។ ក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន និងប្រទេសបូកបី បានឈានទៅចេញសេចក្តីប្រកាសរបស់ប្រធាន កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២២ អនុម័តសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានបូកបី ស្តីពីការតភ្ជាប់គំនិតផ្តួចផ្តើមការតភ្ជាប់។ ជាមួយគ្នានេះ មេដឹកនាំទាំងអស់ ក៏បានធ្វើការកត់សម្គាល់របាយការណ៍វឌ្ឍនភាព ស្តីពីការអនុវត្តផែនការការងារកិច្ចសហប្រតិបត្តិការអាស៊ានបូកបី(២០១៨-២០២២) កត់សម្គាល់អនុស្សរណៈលេខ ១៦ នៃបណ្តាក្រុមអ្នកវិភាគអាស៊ីបូព៌ា និងកត់សម្គាល់របាយការណ៍នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧ និងឯកសារគោលនយោបាយរបស់ការិយាល័យអាស៊ានបូកបីស្តីពីការស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច៕