ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យរុស្ស៊ីពិនិត្យលទ្ធភាពចាប់ផ្ដើមអនុវត្តន៍គម្រោងទំនើបកម្ម មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅពេលឆាប់ៗខាងមុខនេះ

ភ្នំពេញ ថ្ងៃទី០៤​ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ស្នើឱ្យរុស្ស៊ីពិនិត្យលទ្ធភាពចាប់ផ្ដើមអនុវត្តន៍គម្រោងទំនើបកម្ម មន្ទីរពេទ្យមិត្តភាព​ខ្មែរ​-សូ​វៀត​នៅ​ក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះមន្ទីរពេទ្យនេះ ជានិមិត្តរូបនៃមិត្តភាពរយៈពេល​យូរ អ​ង្វែ​ង រវាងប្រទេសទាំងពីរ។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងឱ្យដឹងដូច្នេះ បន្ទាប់ពី​ជំ​នួប​របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រក​ម្ពុ​ជា​ ជាមួយឯកឧត្តម ឌីមីទ្រី មីដវីដេវ( Dmitry Medvedev)នាយករដ្ឋមន្រ្តីនៃសហព័ន្ធរុស្ស៊ី កាលពីរ​សៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ក្នុង​ខណៈ ដែល​មេ​ដឹកនាំ​នៃប្រទេសទាំងពីរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ច ប្រជុំពាក់​ព័​ន្ធ​​នៅទីនោះ។

នៅក្នុងជំនួបនេះដែរ នាយករដ្ឋមន្ត្រីរុស្ស៊ី ឯកឧត្តម ឌីមីទ្រី មីដវីដេវ បានសម្ដែងនូវការ រីករាយ ដែលបាន​ជួ​ប​សម្ដេចតេជោនាយករដ្ឋមន្ត្រីសារជាថ្មីម្ដងទៀត ជាពិសេសនៅក្នុងក្រប ខ័ណ្ឌវេទិកា​អន្តរជាតិ​។ ឯកឧត្តមបានមានប្រសាសន៍ថា តាមរយៈសម្ដេចតេជោ ឯកឧត្តមសូម ថ្វាយព្រះពរ​ដល់​ព្រះ​ក​រុណា ព្រះមហាក្សត្រ ពី​ឯកឧត្តមប្រធានាធិបតីពូទីន និង​ឯកឧត្តម ផ្ទាល់​ផងដែរ។ ឯកឧត្តមនាយករដ្ឋមន្រ្ដីបាន​ចា​ត់ទុកថា កម្ពុជាជាមិត្តជិតស្និទ្ធរបស់រុស្ស៊ី ហើយ​ ប្រទេស​យើង​ទាំងពីរ​មាន​ទំនាក់ទំនងយ៉ាងជិតស្និទ្ធ ហើយចង់បន្តពង្រីក និងពង្រឹងកិច្ចសហ​ប្រតិ​បត្តិ​កា​រ និ​ង​ទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ជាពិសេសរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល និងក្រប​ខ័ណ្ឌ​​ផ្សេ​ងៗទៀត។ ឯកឧត្តមក៏បានអបអរសាទរ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែល​បា​ន​​​ឈ្នះ​ឆ្នោតនៅឆ្នាំ២០១៨កន្លងទៅនេះផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បា​ន​មា​​ន​ប្រសាសន៍ថា សម្ដេច​ពិតជារីករាយដែលបានជួបឯកឧត្តមនាយករដ្ឋមន្ត្រីសារជាថ្មី ដែល​លើ​ក​​ចុង​ក្រោយ​បានជួបគ្នានៅទីក្រុងព្រុចសែល ក្នុងរយៈពេលមួយឆ្នាំកន្លងទៅហើយ។ សម្ដេចតេជោ​ក៏​បា​ន​​អរគុណចំពោះការថ្វាយព្រះពរដល់ព្រះមហាក្សត្រ ពីឯកឧត្តមប្រធានាធិបតីពូទីន ក៏ដូចជា​ឯ​ក​ឧត្តមផងដែរ។ ចំពោះទំនាក់ទំនងទ្វេភាគីវិញ សម្ដេចតេជោបានចាត់ទុកថា ប្រទេសទាំង​ពីរ​មា​​ន​ទំនាក់ទំនងជាយូរលង់ និងជិតស្និទ្ធគ្នាទៀតថែមទៀត។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បា​ន​ថ្លែងអំណរអរគុណដល់ប្រទេសរុស្ស៊ី ក្នុងការបន្តត្រៀមធ្វើកិច្ចសហប្រតិបត្តិការ​លើវិស័យ​មួ​យ​​ចំនួន រួមទាំងវិស័យវប្បធម៌ផងដែរ ដោយសម្ដេចក៏បានមានប្រសាសន៍​បញ្ជាក់ដែរថា ដោ​យ​​សារ​កម្ពុ​ជាត្រៀមខ្លួនរួចរាល់ក្នុងការផ្ដល់កិច្ចសហប្រតិបត្តិការក្នុងការរៀបចំទិវា​វប្បធម៌​រុស្ស៊ី​នៅ​ក្នុងឆ្នាំ២០២០នៅកម្ពុជា។ ជាមួយគ្នានេះ សម្ដេចតេជោក៏បានអរគុណរុស្ស៊ីដែលគាំទ្រកម្ពុជា ឱ្យក្លាយជាប្រទេសស​ង្កេ​ត​​កា​រ​ណ៍​​នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ហើយផ្ដល់នូវវគ្គ​បណ្ដុះបណ្ដាលដល់មន្ត្រី​យោ​ធា​​កម្ពុជា និងផ្ដល់ជំនួយបច្ចេកទេសក្នុងវិស័យកម្ចាត់មីន​ផងដែរ។ សម្ដេចតេជោនា​យក​រដ្ឋ​ម​ន្ត្រី​ ក៏បានសម្ដែងនូវការរីករាយចំពោះទំហំពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរដែលមាន​ការ​កើ​ន​ឡើ​ង​កន្លងមកនេះ ក្នុងន័យនេះដើម្បីពង្រឹងទំហំ​ពាណិជ្ជកម្មបន្ថែមទៀតនោះ សម្ដេច​តេ​ជោ ​ក៏បានស្នើឱ្យឯកឧត្តមនាយករដ្ឋមន្ត្រីរុស្ស៊ី​ជួយ ជំរុញវិនិយោគិនរុស្ស៊ី​ឱ្យមកវិនិយោគ​បន្ថែម​ទៀ​តនៅប្រទេសកម្ពុជា ក្នុងវិស័យមួយចំនួនដូច ជាវិស័យកែច្នៃម្ហូបអាហារ កសិឧស្សាហកម្ម ឧ​ស្សាហកម្ម អេឡិចត្រូនិក ឧស្សាហកម្មបង្គំ និងឧស្សាហកម្មផលិតគ្រឿងម៉ាស៊ីនជាដើម។ ដោ​​យឡែក ពាក់ព័ន្ធនឹងការចរចាកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាព​សេ​ដ្ឋ​កិច្ចអឺរ៉ាស៊ី  កម្ពុជាក៏សូមថ្លែងអំណរ គុណចំពោះការគាំទ្រ​ជាគោលការណ៍​របស់រុស្ស៊ី​ចំពោះ​កិច្ច​ប្រឹងប្រែង ឱ្យមានការចរចា​កិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាព​សេ​ដ្ឋ​កិ​ច្ច​អឺរ៉ាស៊ីនេះ។ ទន្ទឹមនេះ ដោយសារ​កម្ពុជា​ក្នុងនាមជាម្ចាស់ផ្ទះ​នៃកិច្ច​ប្រជុំកំពូល​អា​ស៊ី​អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២០ខាងមុខនេះ សម្ដេចតេជោក៏បានអញ្ជើញ​ឯកឧត្តមនាយ​ក​រដ្ឋ​មន្ត្រី​រុស្ស៊ី អញ្ជើញចូលរួមកិច្ចប្រជុំនេះ​ផងដែរ។

ឯកឧត្តម Dmitry Medvedev នាយករដ្ឋ​មន្ត្រី​រុស្ស៊ីក៏បានគូសបញ្ជាក់ថា ប្រទេសរុស្ស៊ី ចង់​សហការជាមួយកម្ពុជាលើវិស័យជាច្រើន ​រួមទាំ​ងវិស័​យ​ឧស្សាហកម្ម ហើយចង់បន្តផ្ដល់​ការគាំទ្រដល់កម្ពុជា នៅក្នុងកិច្ចសហការលើវិស័យ​ថាមព​ល​ ដូចជាវិស័យប្រេង វិស័យទូរគម​នាគមន៍ ជលផល និងការបង្កើតកិច្ចសហប្រតិបត្តិការ​ផ្សេ​ង​ៗ​ទៀតនៅកម្ពុជា។​ចំពោះ​ពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ឯក​ឧត្ត​ម​​​បានគូសបញ្ជាក់ថា នេះជា​កិច្ចការមានសារៈសំខាន់ណាស់ ហើយជាគំនិតផ្ដួចផ្ដើមដ៏ល្អ ដែ​ល​យើងអាចចុះកិច្ចព្រម​ព្រៀងនៅពេលខាងមុខនេះក្រោយពីការចរចារួចហើយនោះ។ ឯក​ឧត្ត​ម​បានបន្ដថា យើងអាច​មាន​កិច្ចសហការយ៉ាងល្អលើវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត និ​ង​​វិស័​យ​ផ្សេ​ង​ៗ​ទៀត ជាពិសេស​នៅ​ក្នុងការដោះមីន និងក្នុងវិស័យការពារជាតិ​ដែល​ប្រទេ​ស​រុស្ស៊ី​​ចង់បន្តក្នុងការ​បណ្ដុះបណ្ដាលផ្នែកមន្ត្រីយោធាកម្ពុជា។ ក្រៅពីនេះទៀត ពាក់ព័ន្ធ​នឹង​មន្ទី​រ​ពេ​ទ្យមិត្ដភាពខ្មែរ-សូវៀត ឯកឧត្តមគូសបញ្ជាក់ផងដែរថា នេះជាគម្រោងដ៏សំខាន់ ហើយយើងនឹងខិតខំ​ប្រឹងប្រែង​នៅ​ក្នុង​ការ​ធ្វើការងារនេះឱ្យបានឆាប់កាន់តែល្អ។ ក្នុងឱកាសនេះ ឯកឧត្តមក៏បាន​ថ្លែង​អំណរគុណ​ចំ​ពោះ​​​សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាពិសេសក្នុងការជំរុញកិច្ចសហការ​លើវិស័យជាច្រើនរវាង​ប្រ​ទេសទាំងពីរ ជាពិសេសនៅក្នុងក្របខ័ណ្ឌអាស៊ានដែលកម្ពុជា​បាន​ចូលរួមយ៉ាងច្រើន​នៅ​ក្នុ​ង​ក្របខ័ណ្ឌនេះ និងរុស្ស៊ី ដើម្បីកិច្ចសហការបន្តទៀត។

ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលអាស៊ីអ៊ឺរ៉ុប នៅ​ឆ្នាំ២០២០ ឯកឧត្តមបានថ្លែងអំណរគុណ​ សម្ដេចតេជោនាយករដ្ឋមន្រ្តី ចំពោះការអញ្ជើ​ញ​ឯក​ឧត្តម ទៅចូលរួមកិច្ចប្រជុំនៅទីក្រុងភ្នំពេញ នៅឆ្នាំក្រោយនេះ ដោយឯកឧត្តមនឹង​អ​ញ្ជើ​ញ​ចូ​លរួម។ ពាក់ព័ន្ធនឹងវិស័យការបណ្ដុះបណ្ដាល ឯកឧត្តមនាយករដ្ឋមន្ត្រីរុស្ស៊ីបានបញ្ជាក់ថា ប្រ​ទេ​សរុស្ស៊ីនឹងបន្តជួយដល់វិស័យអប់រំ និង​ការបណ្ដុះបណ្ដាលដល់កម្ពុជា ហើយជា​ពិសេ​ស​ទៀ​តនៅឆ្នាំក្រោយឆ្នាំ២០២០  ប្រទេសរុស្ស៊ី​នឹងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា​ផ​ង​ដែរ។

នៅក្នុងជំនួបនេះដែរ សម្ដេច​តេជោ​ក៏បានមានប្រសាសន៍ថា សម្ដេចពិតជារីករាយដែ​ល កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដំណើរការទៅយ៉ាងល្អ ហើយប្រទេសទាំងពីរ​នឹង​បន្ត​ពង្រី​ក និងពង្រឹងទំនាក់ទំនង​ទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ពាក់ព័ន្ធនឹង​ការ​ប​ណ្តុះ​​បណ្តាលធនធានមនុស្ស សម្ដេចតេជោបានលើកឡើងថា នេះគឺជាវិស័យអាទិភាពរបស់រាជ​រដ្ឋា​ភិ​បា​លកម្ពុជា ហើយសម្ដេចក៏បានថ្លែងអំណរគុណឯកឧត្តមនាយករដ្ឋមន្ត្រី ដែលបានជំរុ​ញ​​ក្នុ​ង​កា​រផ្ដល់បន្ថែមអាហាររូបករណ៍ ក៏ដូចជាការបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា។

ឯកឧត្តម​នាយករដ្ឋមន្ត្រីរុស្សី បានបន្ថែមថា ការងារទាំងអស់នេះ ជាពិសេសការ​បណ្ដុះបណ្ដាល​នេះ​ជាមូលដ្ឋាននៃមិត្តភាពរវាងប្រទេសយើងទាំងពីរ ហើយយើងគោរព​គ្នាទៅ​វិញទៅមក និង​មាន​ការយោគយល់គ្នាទៅវិញទៅមកផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ