នាយករដ្ឋមន្រ្ដីចិន៖ ចិន នឹងផ្ដល់ជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍខេត្តព្រះសីហនុ

ភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្ដម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន បាន បានមានប្រសាសន៍គាំទ្រចំពោះគម្រោងនៃការអភិវឌ្ឍខេត្តព្រះសីហនុ ដោ​យ​ប្រ​ទេសទាំងពីរ​នឹងធ្វើការពិភាក្សាគ្នា ជាពិសេសលើជំនួយឥតសំណង ដើម្បីជួយ​ដល់ការអភិ​វឌ្ឍ​​ខេត្តនេះ។

នេះបើយោងតាមការឱ្យដឹងរបស់ ឯកឧត្ដម កៅ គឹម ហួន រដ្ឋមន្ត្រី​ប្រតិភូ​អមនាយ​ករដ្ឋ​ម​ន្ត្រី បន្ទាប់ពីជំនួបទ្វេភាគី របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រ​ដ្ឋ​ម​ន្ត្រី​នៃ​​ព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រី​នៃសា​ធា​រណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងខណៈដែល​មេដឹក​នាំ​នៃ​ប្រ​ទេសទាំងពីរអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ ព័ន្ធ នៅ​​ទី​ក្រុងបាងកក ព្រះរាជាណាចក្រថៃ។

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំង​ពីរបាន​ធ្វើ​ការជជែកពិភាក្សាទៅលើចំណុច បី​សំខាន់ៗ ដោយក្នុងនោះរួមមាន ទី១. សម្ដេចតេជោនា​យក​រដ្ឋ​មន្ត្រី​បានស្នើដល់ភាគីចិន ក្នុងការគាំទ្រដល់ការអភិវឌ្ឍនៅខេត្តព្រះសីហនុ ដោយសារ​ក្រុម​ហ៊ុ​ន​​ជាច្រើនរបស់ចិន​នឹង​ត្រូវធ្វើការវិនិយោគនៅក្នុងខេត្តព្រះសីហនុ។ ឯកឧត្តមនាយក​រដ្ឋម​ន្ត្រី​​ចិន បានគាំទ្រចំពោះ​គម្រោងនៃការអភិវឌ្ឍខេត្តព្រះសីហនុនេះ ហើយឯកឧត្តមមាន​ប្រ​សា​សន៍ថា ប្រទេសទាំងពីរ​នឹងធ្វើការពិភាក្សាគ្នា ជាពិសេសលើជំនួយឥតសំណង​ដើម្បីជួយ​ដ​ល់​ការអភិវឌ្ឍនៃខេត្តព្រះ​សីហនុនេះ។ ទី២. ពាក់ព័ន្ធនឹងកិច្ចប្រជុំគណៈ​កម្មការអន្តររដ្ឋា​ភិ​បា​ល​កម្ពុ​ជា-ចិនលើកទី៥  សម្ដេច​តេជោបានស្នើឱ្យមានកិច្ចប្រជុំនេះនៅមុនបំណាច់ឆ្នាំ២០១៩ ដែ​លគ្រោងធ្វើនៅខេត្ត ព្រះសីហនុ។ ឯកឧត្ដមនាយករដ្ឋមន្ត្រីចិនបានលើកឡើងថា ចិន​នឹ​ង​គាំទ្រក្នុងការរៀបចំកិច្ច​ប្រជុំនេះ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ​រវាង​ប្រ​ទេ​ស​ទាំ​ងពីរ។ ទី​៣​. ពាក់ព័ន្ធនឹងកិច្ច​ប្រជុំអនុតំបន់ដែលមានយន្តការពីរ ក្នុងនោះមានកិច្ចសហ​ប្រតិបត្តិ​ការ​ឡា​​ន​ឆាង-មេគង្គ ដែល គ្រោងធ្វើនៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវនៅឆ្នាំក្រោយ និងកិច្ចប្រជុំ​កំ​ពូ​លអនុតំបន់ទន្លេ​មេគង្គ (GMS)។ ដូច្នេះប្រទេសជាសមាជិក ជាពិសេសកម្ពុជា និងចិន នឹងស​ហ​ការគ្នា ពិសេស​ក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចប្រជុំនេះ​មាន​ដំ​ណើរការល្អ ហើយក្រសួងការបរទេសនៃប្រទេសទាំងពីរ នឹងធ្វើកិច្ចការងារនេះជាបណ្តើរៗ។ ក្រៅ​ពីនេះ ទៀតពាក់ព័ន្ធនៅខេត្តព្រះសីហនុនេះផងដែរ ក្នុងឆ្នាំនេះគឺជាឆ្នាំ ដែលប្រទេសកម្ពុជា និ​ងប្រ​ទេ​ស​ចិន បានឯកភាពនូវការអនុវត្តកិច្ចសហប្រតិបត្តិការទៅលើច្បាប់ ដែលប្រទេស​ទាំ​ង​ពីរ​បា​ន​ឯក​ភាពគ្នា ហើយកន្លងមកបានឯកភាព និងគ្នារួមគ្នាក្នុងការអនុវត្តច្បាប់​នៃប្រទេស​ទាំ​ង​ពីរ​ផ​ង​ដែ​រ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ