សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៦

28

បាងកក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ — បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន-ចិន ដែលធ្វើឡើងនៅទីក្រុងបាងកកព្រះរាជា​ណា​ចក្រថៃនោះ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហុន សែ​ន នាយករដ្ឋមន្ត្រីនៃ​ព្រះរា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា បាន​អញ្ជើ​ញចូលរួមក្នុង កិច្ចប្រជុំកំពូ​ល​អា​ស៊ា​ន​-​​ឥណ្ឌាលើកទី១៦ ដែល​បាន​ប្រារព្ធពិធី​បើក​ជា​ផ្លូ​វ​កា​រ​របស់ខ្លួន ក្រោមវត្តមាន របស់ប្រមុខរដ្ឋ-ប្រ​មុខរដ្ឋាភិបាលអាស៊ាន និងឯកឧត្តមនា​យករ​ដ្ឋ​មន្រ្តី​ឥណ្ឌា ណារិនដ្រា ម៉ូឌី។

ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា នៅ​ក្នុង​កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា​លើ​ក​​ទី១៦ ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន និងឯកឧត្តម​នាយករដ្ឋមន្រ្តី​ឥណ្ឌា បានធ្វើការពិ​ភា​​​ក្សា​​គ្នាយ៉ាងស៊ីជម្រៅទាក់ទិនទៅវឌ្ឍនភាព និងការរីកចម្រើន​នានា នៃទំនាក់​ទំនងរវាង​អា​ស៊ា​ន​-ឥណ្ឌា ក្នុងរយ:ពេលជាង១៦ឆ្នាំកន្លងមក។

នៅក្នុងកិច្ចប្រជុំកំពូល ប្រចាំឆ្នាំនេះដែរ មេដឹក​នាំ​ឥ​ណ្ឌា បានលើកយកមកពិភាក្សាពីប​ញ្ហាឥ​ណ្ឌូ-​ប៉ាស៊ីហ្វិក ក្នុងនោះឥណ្ឌា បានលើកឡើងពី​ការ​ជាប់ពាក់ព័ន្ធរបស់ខ្លួន ដោយមា​នការ​ច្រ​បា​​ច់បញ្ចូលជាមួយគោលនយោបាយ ធ្វើសកម្មភា​ព​​ឆ្ពោះទៅទិសខាងកើត (Act East Policy) តាម​រយៈវិស័យចំនួន៤ គឺការការពារ​សន្តិសុខ​ម​ហា​សមុទ្រឥណ្ឌា សមាហរណក​ម្មជា​មួយ​អាស៊ី​អាគ្នេយ៍ ការធ្វើឱ្យ​ស៊ីជម្រៅនូវភាពជាដៃគូ យុ​ទ្ធ​​សាស្រ្ត ជាមួយនិងការ​ធ្វើឱ្យ​មាន​តុល្យ​ភាព​រវាងមហាអំណាចនានា និងការគ្រប់គ្រងជម្លោះ​ជា​​មួយប្រទេសចិន។

ថ្លែងទៅកាន់មេដឹកនាំអាស៊ាន ឥណ្ឌា សម្តេចតេជោនាយករដ្ឋមន្រ្តីបានគូស​បញ្ជាក់​ថា ក​​ម្ពុ​ជាសូមគាំទ្រដល់ការពិភាក្សា ដើម្បីរៀបចំនូវផែនការសកម្មភាពថ្មី ឆ្នាំ២០២១-២០២៥ ជា​ឯ​ក​​សារសម្រាប់អនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការរួម ដែលនឹងផ្តល់ផលប្រយោ​ជន៍ឱ្យ​អា​ស៊ា​ន និងឥណ្ឌា។

ជាមួយគ្នាកម្ពុជាសូមលើកទឹកចិត្តអាស៊ាន និងឥណ្ឌា ផ្តល់អាទិភាពខ្ពស់ ដ​ល់​ការពង្រឹ​ង​និ​ង​ពង្រី​​កពាណិជ្ជកម្ម និងការវិនិយោគ រវាងអាស៊ាន និងឥណ្ឌា បន្ថែមទៀត ដើ​ម្បី​​សម្រេច​ឱ្យ​បាន​នូ​វ​គោលដៅពាណិជ្ជកម្ម២០០ពាន់លានដុល្លារនៅឆ្នាំ២០២២ ពិសេស​ទៅ​ទៀត​នោះ កម្ពុ​ជា​សូ​ម​​លើកទឹកចិត្តជំរុញកិច្ចសហប្រតិបត្តិការបន្ថែម លើការតភ្ជាប់ជារូបវន្ត និ​ង​​​ឌីជីថល រវាង អា​ស៊ា​​ននិងឥណ្ឌា ជាពិសេសសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀ​ត​ណាម តាម​រយៈ​ការផ្តល់ជំនួយហិរញ្ញប្បទាន និងជំនួយបច្ចេកទេសផ្សេងៗ។ នៅក្នុងកិច្ច​ប្រ​ជុំ​​កំពូលអាស៊ាន ឥណ្ឌា លើក ទី១៦នេះដែរ មេដឹកនាំអាស៊ាន ឥណ្ឌា បានឈានទៅចេញ​សេ​​ច​ក្តី​ប្រកាស របស់​ប្រ​ធាន​កិច្ចប្រជុំ​កំពូលអាស៊ាន ឥណ្ឌា លើកទី១៦ ក្នុងបរិយាកាសរីករាយ​និ​ង​រា​​ក់ទាក់បំផុត៕

ដោយ ជឹម ណារី