បាងកក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើបទអន្តរាគមន៍ទៅកាន់មេដឹកនាំអា ស៊ាន-ចិនថា កម្ពុជាផ្តល់សារៈសំខាន់ ចំពោះឯកសារចក្ខុវិស័យភាពជាដៃគូអាស៊ាន-ចិន ឆ្នាំ ២០៣០ ដែលថ្នាក់ដឹកនាំអាស៊ានចិន បានដាក់ចេញនូវការប្តេជ្ញាចិត្ត រួមគ្នាធ្វើកិច្ចសហប្រតិ បត្តិការជំរុញភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅលើវិស័យសសរស្តម្ភទាំងបីគឺ នយោបាយនិងសន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការសង្គម វប្បធម៌។
កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២២ បានប្រារព្ធពិធីបើកជាផ្លូវការរបស់ខ្លួន នាព្រឹកថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ក្រោមវត្តមាន របស់ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន និងឯកឧត្តមនាយករដ្ឋមន្រ្តីចិន លី ខឺឈាង។ នៅក្នុងកិច្ច ប្រជុំកំពូលអាស៊ាន-ចិនលើកទី២២ ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន និងឯកឧត្តមនាយករដ្ឋមន្រ្តីចិន បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទាក់ទិនទៅវឌ្ឍនភាព និងការរីកចម្រើននានា នៃទំនាក់ទំនងរវាងអាស៊ាន-ចិន ក្នុងរយ:ពេលជាង២០ឆ្នាំកន្លងមក។
ក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំអាស៊ាន-ចិន បានស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ចំពោះការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏សំខាន់រវាងអាស៊ាន និងចិន ឱ្យកាន់តែប្រសើរឡើង និងបានទទួលនូវការលើកទឹកចិត្តចំពោះវឌ្ឍនភាព នៃការចរចាដ៏មានសារ:សំខាន់ ឆ្ពោះទៅកាន់ការបញ្ចប់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) យ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព និងមានសារ:សំខាន់ ស្របតាមពេលវេលាកំណត់ ដែលបានឯកភាពដោយបណ្តាភាគី។
មេដឹកនាំអាស៊ាន-ចិន បានស្វាគមន៍ចំពោះការបញ្ចប់ការពិនិត្យពិភាក្សាជុំទី១ នៃ COC នៅខែកក្កដា ឆ្នាំ២០១៩។ យើងបានផ្តល់សារ:សំខាន់លើភាពចាំបាច់ដើម្បីរក្សាបរិយាកាសអំណោយផលសម្រាប់ការចរចា COC ហេតុដូច្នេះយើងបានស្វាគមន៍ចំពោះវិធានការ ជាក់ស្តែង ដែលអាចជួយកាត់បន្ថយភាពតានតឹង និងហានិភ័យដែលបង្កឱ្យមានគ្រោះថ្នាក់នានា ក៏ដូចជាការយល់ច្រឡំ និងការគិតខុស។
យើងបានបញ្ជាក់អំពីសារ:សំខាន់នៃការកសាងទំនុកចិត្ត និងវិធានការទប់ស្កាត់ ដើម្បីបង្កើនទំនុកចិត្ត និងភាពជឿជាក់រវាងបណ្តាភាគី។ យើងបានបញ្ជាក់សារជាថ្មី អំពីភាពចាំបាច់ដើម្បីបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក ការអត់ធ្មត់និងការចៀសវាងសកម្មភាពដែលអាចធ្វើឱ្យស្ថានភាពកាន់តែស្មុគស្មាញ និងស្វែងរកដំណោះស្រាយដោយសន្តិវិធី ដោយអនុលោមតាមច្បាប់ អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រនៅឆ្នាំ១៩៨២។
យើងបានសង្កត់ធ្ងន់អំពីសារ:សំខាន់ នៃការមិនធ្វើយោធូបនីយកម្ម និងការអត់ធ្មត់ក្នុងការធ្វើសកម្មភាពទាំងឡាយ ដោយរដ្ឋទាមទារអធិបតេយ្យ និងរដ្ឋផ្សេងទៀត រួមទាំងភាគីនៃសេចក្តីថ្លែងការណ៍ស្តីពីការ ប្រតិបត្តិរបស់បណ្តាភាគី នៅសមុទ្រចិនខាងត្បូង ដែលអាចបង្កភាពស្មុគស្មាញ និងបង្កើនភាពតានតឹង នៅសមុទ្រចិនខាងត្បូង។
ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ាន ចិន សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើបទអន្តរាគមន៍ទៅកាន់មេដឹកនាំអាស៊ានចិនថា កម្ពុជាផ្តល់សារៈសំខាន់ ចំពោះឯកសារចក្ខុវិស័យភាពជាដៃគូអាស៊ានចិន ឆ្នាំ២០៣០ ដែលថ្នាក់ដឹកនាំអាស៊ានចិន បានដាក់ចេញនូវការប្តេជ្ញាចិត្ត រួមគ្នាធ្វើកិច្ចសហប្រតិបត្តិការជំរុញភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅលើវិស័យសសរស្តម្ភទាំងបីគឺ នយោបាយនិងសន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការសង្គម វប្បធម៌។ អាស៊ាន និងចិន គួររួមគ្នាខិតខំប្រែក្លាយចក្ខុវិស័យរួមឆ្នាំ២០៣០ ឱ្យទៅជាការអនុវត្តជាក់ស្តែង ដើម្បី ប្រសិទ្ធភាពនៃភាពជាដៃគូយុទ្ធសាស្រ្ត ដែលមានអនាគតរួមគ្នា។
នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន-ចិន បានឈានទៅចេញសេចក្តីប្រកាសរបស់ ប្រធានកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២២ ការអនុម័តសេចក្តីប្រកាសរួម ស្តីពីការពង្រឹងការផ្លាស់ប្តូរបណ្តាញព័ត៌មាន និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងចិន។ សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ាន-ចិន ស្តីពីគំនិតផ្តួចផ្តើមសហប្រតិបត្តិការទីក្រុងឆ្លាត។ សេចក្តីប្រកាសអាស៊ាន ចិន ស្តីពីការធ្វើសហកម្មផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន (MPAC) និងគំនិតផ្តួចផ្តើមផ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន (BRI)។ ជាមួយគ្នានេះ មេដឹកនាំអាស៊ាន ចិន ក៏បានកត់សម្គាល់ របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តផែនការសកម្មភាព ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួម ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន ចិន ដើម្បីសន្តិភាព និងវិបុលភាព (២០១៦-២០២០)ផងដែរ៕