ប្រមុខដឹកនាំកម្ពុជា វៀតណាម និងឡាវ អញ្ជើញពិសារអាហារការងារពេលព្រឹករួមគ្នា មុនពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅប្រទេសថៃ

ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩–នៅមុនពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅទីក្រុងបាងកក ព្រះរាជាណា​ច​ក្រ​ថៃ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យ​ក​រដ្ឋ​មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិសារអាហារពេលព្រឹកជាមួយ ឯកឧត្តម ង្វៀ​ន​ សួនហ្វុក នាយករដ្ឋមន្រ្តី​នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម ថងលូន ស៊ី​ស៊ូ​លីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ។

ប្រភពពីអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ក្នុងពិធីពិសារ​អា​ហា​រ​​ពេលព្រឹកការងារនេះដែរ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម បាន​ធ្វើ​ការ​ពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការរិតចំណងសាមគ្គីភាព និងកិច្ចសហប្រតិ​បត្តិ​កា​រ នៃប្រទេសទាំងបី ពិសេសការរិះរកគ្រប់មធ្យោបាយ ក្នុងការជំរុញកិច្ចអភិវឌ្ឍន៍ សម្រាប់​ប្រ​ទេ​សទាំងបី ដែលក្នុងនោះភាគីទាំងបី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើការ​បន្ត​រួម​គ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាសន្តិភាព ស្ថិរភាព ក្នុងការជំរុញកំណើន នៃ​ការអភិវឌ្ឍប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម។ ជាងនេះទៀត  ប្រមុខរដ្ឋា​ភិ​បា​ល​នៃ​ប្រ​ទេសទាំងបី ក៏បានធ្វើការពិនិត្យរួមគ្នាការងារជាអាទិភាពមួយចំនួន សម្រាប់គម្រោង​អា​ទិភាព នៃការអភិវឌ្ឍឱ្យមានការតភ្ជាប់និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ខាងសេដ្ឋកិច្ច និ​ង​ ពាណិជ្ជកម្ម ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែទទួល បាននូវការ​លើ​ក​កម្ព​ស់ និងមានជីវភាពកាន់តែប្រសើរឡើង៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ