សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​មេដឹកនាំអាស៊ាន​ អញ្ជើញ​ចូលក្នុងពិធីចុះហត្ថលេខា​លើ​អនុស្សរណ: រវាងអាស៊ាន និងសមាគមនៃសហព័ន្ធបាល់ទាត់ពិភពលោក (FIFA)

ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩–ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលពេញ​អង្គ​អា​ស៊ានលើកទី៣៥(35th ASEAN Summit Plenary)  សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែ​ន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា និង​បណ្តាប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាល នៃប្រ​ទេ​​សអាស៊ាន បានយាង និងអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណ:​នៃ​ការ​​យោគយល់គ្នារវាងអាស៊ាន និងសមាគមនៃសហព័ន្ធបាល់ទាត់ពិភពលោក(FIFA) ដែ​ល​ចុះ​ហត្ថលេខាដោយ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ជាមួយនឹងប្រធានសហព័ន្ធកីឡាបាល់​ទាត់ពិភពលោក កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅព្រះរាជាណាចក្រថៃ។

នៅក្នុងពិធីនោះ ឯកឧត្តម អគ្គលេខាធិការ អាស៊ាន និងលោកប្រធានសមាគម​ស​ហ​ព័ន្ធកីឡា​បាល់ទាត់ពិភពលោក បានសម្ដែងនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការចូលរួមចំណែក​អ​ភិ​​វឌ្ឍន៍វិស័យកីឡាបាល់ទាត់ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានដែលមាន ប្រជាជនរស់​នៅ​ជាង៦៥០លានាក់។ លោកប្រធានសមាគមសហព័ន្ធកីឡាបាល់ទាត់ពិភពលោក បាន​ស​ម្ដែងនូវការវាយតម្លៃខ្ពស់ និងបានចាត់ទុកថា នេះគឺជាលើកទី១ហើយ ដែលសហព័ន្ធកីឡា​បាល់ទាត់ពិភពលោក បានចុះហត្ថលេខាលើអនុស្សរណ: នៃការយោគយល់គ្នារវាងអាស៊ាន និង​សមាគមនៃសហព័ន្ធបាល់ទាត់ពិភពលោក ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធាន​ម​នុ​ស្សលើវិស័យកីឡាបាល់ទាត់ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ឱ្យកាន់តែមាន​ភា​ពប្រកួតប្រជែងទ្វេឡើងថែមទៀត ពិសេសជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប និង​ប្រ​ទេសក្នុងទ្វីបដទៃទៀត ក្នុងពិភពលោក។ លោកប្រធានសមាគមសហព័ន្ធ​បានសម្ដែង​នូវការ​វាយតម្លៃខ្ពស់ចំពោះបណ្តាមេដឹកនាំអាស៊ាន​ដែលបានធ្វើជាសាក្សី​នៅថ្ងៃ​នេះ​ ក្នុងការជំរុញ​លើកកម្ពស់វិស័យកីឡាបាល់ទាត់ឱ្យកាន់តែមានការរីកចម្រើនថែមទៀត ក្នុង​ប​ណ្តា​ប្រទេស​នៃតំបន់អាស៊ាន។

នៅក្នុងពិធីនេះដែរ បន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សរណ: នៃការយោគយល់គ្នា   ក្នុ​ង​ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកីឡាបាល់ទាត់ រវាងអាស៊ាន និងសមាគមនៃ​ស​ហ​ព័ន្ធបាល់ទាត់ពិភពលោករួចមក លោកប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក បា​នក៏​អញ្ជើ​ញថ្វាយនិងជូនអាវកីឡាករភ្ជាប់ដោយព្រះកិត្តិនាម និងនាម នៃប្រមុខរដ្ឋ-ប្រមុខរដ្ឋា​ភិបាលអាស៊ានទាំង១០ប្រទេស ព្រមទាំងបានថតរូបអនុស្សាវរីយ៍ ក្នុងព្រឹត្តិការណ៍ជា​ប្រវត្តិសា​ស្រ្ត​នេះផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ