ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅដល់ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ប្រកបដោយសុវត្ថិភាព នាវេលាម៉ោង៩ និង២០នាទី នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ ក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព» និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅ ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាការឆ្លើយ តបតាមការអញ្ជើញរបស់ ឯកឧត្ដម ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។
វត្តមាននៃការអញ្ជើញដល់ របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូត្រូវបាន ទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់មន្ត្រីនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតរូបទៀត។ តាមកម្មកម្មវិធីនៅថ្ងៃទី០២ ខែវិច្ឆិកានេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ (ពេញអង្គ) និងអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងអាស៊ាន និងសហគមន៍នៃសហព័ន្ធបាល់ទាត់អន្តរជាតិ(FIFA)។
នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចតេជោបានសរសេរថា នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធមួយចំនួន នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព»។ សម្ដេចតេជោបានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬហៅថា អាស៊ាន។ សម្ដេចតេជោបានចាត់ទុកកិច្ចប្រជុំនេះថា គឺជាឱកាសរបស់កម្ពុជា ក្នុងការចូលរួមពិភាក្សាដោះស្រាយបញ្ហាដែលជាកង្វល់រួមរបស់អាស៊ាន និងពិភពលោក។ ស្របពេលនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នេះ សម្ដេចនឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំ និងឥស្សរជនសំខាន់ៗ មកពីប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនាអាស៊ានមួយចំនួនទៀតផង។ សម្ដេចតេជោក៏សូមអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរអន្តរជាតិមកចូលរួមកម្សាន្តសប្បាយនៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និង ក្នុងថ្ងៃបុណ្យអុំទូក អកអំបុក សំពះព្រះខែ ចាប់ពីថ្ងៃទី ១០-១២ ខែវិច្ឆិកា ២០១៩ ខាងមុខនេះ។ សម្ដេចតេជោក៏សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសំណាងល្អគ្រប់ៗគ្នា៕