ព្រះករុណា ព្រះមហាក្សត្រយាងសួរសុខទុក្ខ និងប្រទានព្រះរាជអំណោយដល់ប្រជាកសិករ នៅស្រុក កំពង់លែង

កំពង់ឆ្នាំង ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ — នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រះករុណា ព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយដល់ប្រជារាស្រ្តជាកសិករ ប្រមាណ ៥៣៣គ្រួសារ ស្ថិតនៅភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ក្នុងព្រះរាជដំណើរតាមព្រះទីនាំងឧទ្ធម្ភាគចក្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានដង្ហែព្រះរាជដំណើរដោយសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតី ស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំងព្រមទាំងនាម៉ឺនសព្វមុខមន្រ្តី នៃក្រសួងព្រះបរមរាជវាំង និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ជាច្រើនរូប។

ក្នុងឱកាសដ៏វិសេសវិសាលនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកយាយ លោកតា បងប្អូនប្រជារាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ប្រកបដោយក្តីនឹករឭក និងគោរពស្រឡាញ់ជាទីបំផុត ។

មានព្រះរាជបន្ទូលទៅកាន់លោកយាយ លោកតា និងប្រជារាស្រ្តជាកូន ជាចៅ របស់ព្រះអង្គនាឱកាសនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសម្ដែងនូវព្រះរាជហឫទ័យសប្បាយរីករាយ ដោយបានជួបលោកតា លោកយាយ និងប្រជារាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ជាពិសេសព្រះអង្គបានទត និងជួបផ្ទាល់ជាមួយប្រជារាស្រ្តជាកសិករ ព្រមទាំងមានព្រះរាជបន្ទូលពីព្រះរាជបណ្តាំសាកសួរសុខទុក្ខ ពីសំណាក់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សមេ្តចយាយទួត ជូនប្រជារាស្ត្រជាកូន ជាចៅ ចៅទូត ចៅលូតរបស់ព្រះអង្គ ដែលព្រះអង្គតែងតែយកព្រះរាជហឫទ័យទុកដាក់ពីសុខទុក្ខ និងការលំបាក ក៏ដូចជាការរស់នៅរបស់ប្រជារាស្ត្ររបស់ព្រះអង្គគ្រប់ពេលវេលា។

ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក៏បានមានព្រះរាជបន្ទូលកោតសរសើរចំពោះថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ពិសេសរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិរបស់យើងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលកត្តាទាំងនេះបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជារាស្ត្រកាន់តែប្រសើរឡើង ។ ជាមួយគ្នានេះដែរ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែមានវិធានការក្នុងការជួយសង្រ្គោះប្រជារាស្ត្រ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា ដែលសកម្មភាពដ៏ប្រពៃនេះហើយបានធ្វើឱ្យព្រះរាជហឫទ័យរបស់ព្រះអង្គផ្ទាល់ និងព្រះរាជហឫទ័យរបស់សម្តេចព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ មានភាពកក់ក្តៅ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក៏មានព្រះរាជបន្ទូលកោតសរសើរដល់សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ដែលតែងតែបានរៀប ចំកម្មវិធី និងអំណោយទាន់ពេលវេលា ដើម្បីថ្វាយព្រះអង្គបានយាងសួរសុខទុក្ខ លោកយាយ លោកតា និងប្រជារាស្រ្តជាកូន ជាចៅ របស់ព្រះអង្គ និងប្រោសព្រះរាជទានព្រះរាជអំណោយដល់ប្រជារាស្រ្តជាកសិករ ផងដែរ។

បន្ទាប់ពីព្រះរាជបន្ទូលសំណេះសំណាលរួចមក ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យស្តេចយាងប្រោសព្រះរាជទាននូវព្រះរាជអំណោយដោយផ្ទាល់ព្រះហស្តរបស់ព្រះអង្គ និងយាងជួបសំណេះសំណាល និងទតដោយផ្ទាល់ព្រះភក្ត្ររបស់ព្រះអង្គ ចំពោះគ្រួសារប្រជាកសិករចំនួន៥គ្រួសារ ដល់ក្នុងលំនៅឋាន។ ព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយដល់គ្រួសារទាំង៥ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) មី ១កេស ត្រីខ ១០កំប៉ុង អំពូលភ្លើងប្រើថាម ពលពន្លឺព្រះអាទិត្យ(បន្ទះសឡា)១គ្រឿង ស្បែកជើងផ្ទាត់១គូ អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និង ថវិកា ១០ម៉ឺនរៀល ។

ក្នុងព្រះរាជពិធីនេះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងក៏បានប្រោសព្រះរាជទានព្រះរាជអំណោយដល់លោកគ្រូ អ្នកគ្រូ ចំនួន ១០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និង ថវិកា ១០ម៉ឺនរៀល។ ចំណែកសិស្សានុសិស្សចំនួន ៦៨០នាក់ ទទួលបានអាហារពេលព្រឹកមួយពេលសម្រាប់ទទួលទាន មាន៖ ទឹកបរិសុទ្ធ១ដប ទឹកក្រូច១កំប៉ុង មីចាន២ នំប៉ាវ១ នំផ្អែម១កញ្ចប់ ផ្លែប៉ោម១ផ្លែ ព្រមទាំងសម្លៀកបំពាក់មួយសម្រាប់ អាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ ថវិកា៥.០០០រៀល និងសម្ភារសិក្សាមួយចំនួនផងដែរ ។ ដោយឡែកសម្រាប់ក្រុមគ្រូពេទ្យចំនួន ៦នាក់ ក្នុងម្នាក់ៗទទួលបាន ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) អាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និង ថវិកា១០ម៉ឺនរៀល ។

ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យស្តេចយាងប្រោសព្រះរាជទាននូវព្រះរាជអំណោយដោយផ្ទាល់ព្រះហស្តរបស់ព្រះអង្គ ដល់ប្រជារាស្រ្តជាកសិករទាំង ៥៣៣គ្រួសារ ប្រកបដោយទឹកព្រះទ័យសប្បាយរីករាយ និងអាណិតស្រឡាញ់ជាទីបំផុត។

ព្រះរាជអំណោយដែលព្រះអង្គប្រទានដល់ប្រជារាស្ត្រជាកសិករទាំង ៥៣៣គ្រួសារដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) មី១កេស ត្រីខ ១០កំប៉ុង អំពូលភ្លើងប្រើថាមពលពន្លឺព្រះអាទិត្យ(បន្ទះសឡា)១គ្រឿង ស្បែកជើងផ្ទាត់១គូ អាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទ   សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ ថវិកា ១០ម៉ឺនរៀល និងអាហារសម្រន់(នំប៉័ងបាក់យ៉ុងចំនួន ២ដើម ទឹកបរិសុទ្ធ ១ដប)៕

ដោយ សោម ឫទ្ធី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ