សម្រង់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុង​ពិធីបើក​កិច្ចប្រជុំកំពូលឤស៊ីប៉ាស៊ីហ្វិក ឆ្នាំ ២០១៩- កម្ពុជា

CNV:

-លោកជំទាវ ហាក់ ចា ហាន់ មូន (Hak Ja Han Moon) សហស្ថាបនិកសហព័ន្ធសន្តិភាពសកល

-ឯកឧត្តម ចូស្សេ ដឺ វីនេហ្សៀ (Jose De Cenecia) ប្រធាន ស្ថាបនិក ឤយខាប់ (ICAPP)

-ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រធានសភា

-ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត

-សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាទីមេត្រី !

ថ្ងៃនេះ ខ្ញុំមានមោទនភាព និងសេចក្តីរីករាយ ដែលបាន មកចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលឤស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១៩- កម្ពុជា ក្រោមប្រធានបទ ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះ នាពេលបច្ចុប្បន្ន ៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់ គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល ដែលប្រារព្ធឡើងយ៉ាងឧឡារិកនាពេលនេះ។

ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រធានសភា សម្តេច ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដែលកំពុងមានវត្តមាន នៅកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ ចំពោះសហព័ន្ធសន្តិភាពសកល និងលោកស្រីបណ្ឌិត ហាក់ ចា ហាន មូន (Hak Ja Han Moon) ដែលជាសហស្ថាបនិកផ្ទាល់ សម្រាប់កិច្ចសហការយ៉ាងជិតស្និទ្ធ និងគាំទ្រកិច្ចប្រជុំពូំលនេះ ហើយខ្ញុំក៏សូមថ្លែងអំណរគុណចំពោះលោក ចូស្សេ ដឺ វីនេហ្សៀ (Jose De Cenecia) ប្រធានស្ថាបនិកសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយឤស៊ី (ICAPP) សមាគមអន្តរជាតិ នៃសមាជិកសភាដើម្បីសន្តិភាព (IAPP) ក្រុមប្រឹក្សាវប្បធម៌ឤស៊ី (ACC) ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ។

ថ្ងៃនេះ កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនេះ ស្របពេលដែលពិភពលោកកំពុងជួបវិបត្តិ និងបញ្ហាប្រឈមសកល រួមមាន៖ សង្គ្រាមពាណិជ្ជកម្ម ភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច សកម្មភាពវិទ្ធង្សនា សង្គ្រាមអូស បន្លាយនៅតំបន់មជ្ឈឹមបូព៌ា ការប្រែប្រួលឤកាសធាតុ ភាពក្រីក្រ រាំរ៉ៃ និងភេរវកម្មជ្រុលនិយមជាដើម ដែលបានគំរាមដល់សន្តិសុខ វិបុលភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទាំងក្នុងតំបន់ និងសកលលោក និងឤច​បំផ្លាញដល់វឌ្ឍនភាព ព្រមទាំងសមិទ្ធផលជាច្រើនឆ្នាំ នៃការធ្វើសមាហរណកម្ម និងសកលភាវូបនីយកម្ម និងភាពសុខដុមរមនារបស់ប្រជាជន។

ទន្ទឹមនេះ ទ្វីបអឺរ៉ុបដែលធ្លាប់តែមានភាពសុខសាន្តជាងគេ លើសកលលោក ក៏កំពុងជួបប្រទះនូវវិបត្តិជាច្រើនដែលបណ្តាលមកពីភាពតានតឹងផ្នែកនយោបាយ និងការធ្លាក់ចុះនូវទំនាក់ទំនង រវាងប្រទេសនឹងប្រទេស និងបញ្ហាប្រឈមសកលជាច្រើនទៀត ដែលបញ្ហាប្រឈមទាំងអស់នេះចាំបាច់ទាមទារឱ្យប្រទេសនៅក្នុងតំបន់ឤស៊ីប៉ាស៊ីហ្វិក ក៏ដូចជាសកលលោកបង្ហាញនូវឆន្ទៈរួមមួយដែលរឹងមាំ និងការឯកភាពគ្នាជាធ្លុងមួយ ដើម្បីនាំមកនូវសុខសន្តិភាព និងភាពសុខដុមរមនាជូនប្រជាជននៅក្នុងតំបន់ និងពិភពលោក។

  • អង្គពិធីជាទីមេត្រី !

អនុញ្ញាតឱ្យខ្ញុំបានរំលឹកបន្តិចអំពីបទពិសោធន៍កម្ពុជាកន្លងមក ដែលទាក់ទងនឹងប្រធានបទកិច្ចប្រជុំកំពូលថ្ងៃនេះគឺសន្តិភាព និងការបង្រួបបង្រួមជាតិ។ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា សង្គ្រាមឥណ្ឌូចិនពីឆ្នាំ ១៩៧០-១៩៧៥ និងរបបប្រល័យពូជសាសន៍ពីឆ្នាំ ១៩៧៥-១៩៧៩ បានបំផ្លិចបំផ្លាញដល់ឫសគល់នូវហេដ្ឋារចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ចជាតិ។ ថ្វីត្បិតរបបខ្មែរក្រហមត្រូវបានបញ្ចប់នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ ប៉ុន្តែសង្គ្រាមស៊ីវិលនៅក្នុងប្រទេសនៅតែបន្តអូសបន្លាយរហូត។ កម្ពុជាពេលនោះបានប្រើប្រាស់ដៃម្ខាងសម្រាប់ការពារប្រទេសពីការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ និងដៃម្ខាងទៀត ធ្វើការអភិវឌ្ឍប្រទេសជាតិឡើងវិញ ពីចំណុចសូន្យ ជាមួយនឹងការការហ៊ុមព័ទ្ធខាងផ្នែកសេដ្ឋកិច្ចពីខាងក្រៅដោយអយុត្តិធម៌។ ខ្លួនខ្ញុំផ្ទាល់ក្រោយថ្ងៃរំដោះ ៧ មករា បានប្រមូលធនធានមនុស្សដែលសេសសល់ពីការកាប់សម្លាប់មានប្រហែល ១០០ នាក់ប៉ុណ្ណោះ នៅទូទាំងប្រទេសកម្ពុជា ហើយតាមរយៈនេះ កម្ពុជាបានប្រកាន់យកគោលការណ៍ «អ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិចបង្រៀន អ្នកមិនចេះ» ដើម្បីមកធ្វើការនៅក្នុងក្រសួង-ស្ថាប័នរដ្ឋ រៀបចំស្តារប្រទេសជាតិឡើងវិញពីបាតដៃទទេ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធ និងមូលដ្ឋានផលិតកម្មគ្រប់ប្រភេទត្រូវបានបំផ្លាញស្ទើរទាំងស្រុង។

[ចាប់ផ្ដើមអត្ថាធិប្បាយ]

ខ្ញុំសូមជម្រាបជូន​ឯកឧត្តម លោកជំទាវ ដែលជាមិត្តភក្តិអញ្ជើញមកទីនេះ ពេលនេះ អស់លោក លោកស្រី បានជួបប្រទះជាមួយនឹងទិដ្ឋភាពនៅទីក្រុងភ្នំពេញដ៏រស់រវើក ហាក់ដូចជាកម្ពុជាគ្មានបានជួបប្រទះនូវរឿងអ្វីនៅក្នុងពេលអតីតកាលនោះទេ ដោយសារតែបញ្ហាជីវភាពប្រជាជនសព្វថ្ងៃនេះ ធម្មតាដូចប្រទេសគេ​ឯង។ ប៉ុន្តែ​ ខ្ញុំសូមបញ្ជាក់ថា នៅឆ្នាំ ១៩៧៩ ពេលដែលខ្ញុំចូលមកដល់ទីក្រុងភ្នំពេញនេះ ខ្ញុំជួបមនុស្សត្រឹមតែ ៧០ នាក់តែប៉ុណ្ណោះ។ ទីក្រុងទាំងអស់របស់ប្រទេសកម្ពុជា គ្មានមនុស្សនៅទេ ហើយផ្លូវទាំងឡាយគឺគ្មានការធ្វើចរាចណ៍នោះឡើយ។ ប៉ុន្តែ ឥឡូវនេះ ស្ថានភាពបានផ្លាស់ប្ដូរ អ្វីដែលខ្ញុំចង់បញ្ជាក់ គឺយើងខ្ញុំចាប់ផ្ដើមពីបាតដៃទទេ ពីការបំផ្លិចបំផ្លាញមួយ ដែលនៅលើពិភពលោកនៅក្នុងចុងសតវត្សរ៍ទី ២០ ពុំមានប្រទេសណាមួយ ដែលទទួលការបំផ្លិចបំផ្លាញច្រើនដូចជាកម្ពុជានោះទេ។ បន្ថែមលើនោះ យើងខ្ញុំត្រូវទទួលទណ្ឌកម្មដ៏​អយុត្តិធម៌ពីសំណាក់ប្រទេសមួយចំនួន រាប់ទាំងប្រទេសដែល​តាំងខ្លួនថាជាប្រទេសប្រជាធិបតេយ្យថែមទៀត ដែលគាំទ្រឱ្យពួកប្រល័យពូជសាសន៍ ប៉ុល ពត បានអង្គុយនៅអង្គការសហប្រជាជាតិពីឆ្នាំ ១៩៧៩ រហូតដល់ឆ្នាំ ១៩៩១។

រឿងនេះ គឺជារឿងបទពិសោធន៍មិនគ្រាន់តែកម្ពុជាទេ ​ក៏ប៉ុន្តែ ពិភពលោកគួរតែត្រូវស្វែងយល់ឱ្យបានច្បាស់ អំពីឥរិយាបថរបស់ខ្លួនទៅក្នុងទំនាក់ទំនងជាមួយនឹងប្រទេសដទៃ ដែលខ្លួនបានប្រព្រឹត្តទៅលើប្រទេសទាំងនោះ។ កម្ពុជាធ្លាប់ជួបប្រទះរួចហើយ នៅក្នុងពេលដែលប្រទេសមួយចំនួនតាំងខ្លួនជាប្រទេស​ប្រជាធិបតេយ្យ តែ​បែរជាគាំទ្ររដ្ឋប្រហារយោធា។ ប្រទេសតាំងខ្លួនប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ប៉ុន្តែបែរជាគាំទ្រឱ្យពួកកាប់សម្លាប់មនុស្ស រំលោភសិទ្ធិមនុស្ស និងប្រល័យពូជសាសន៍ អង្គុយនៅអង្គការសហប្រជាជាតិ។ សង្ឃឹមថា បទពិសោធន៍នៅកម្ពុជា គឺជាមេរៀនមួយ ដែលមិនត្រឹមតែប្រជាជនកម្ពុជាខ្លួនឯងត្រូវរៀនសូត្រទេ ក៏ប៉ុន្តែ កិច្ចការនយោបាយការបរទេសរបស់ប្រទេសមួយចំនួន សម្រាប់ឥរិយាបថចំពោះប្រទេសដទៃទៀតគួរតែត្រូវបានដកពិសោធន៍។

[បញ្ចប់អត្ថាធិប្បាយ]

ជាបន្តបន្ទាប់ ទោះបីកម្ពុជាសម្រេចបាននូវសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនៅឆ្នាំ ១៩៩១ និងបានរៀបចំការបោះឆ្នោត លើកទី ១ ក្នុងឆ្នាំ ១៩៩៣ ប៉ុន្តែសង្គ្រាមស៊ីវិលរ៉ាំរ៉ៃនៅតែបន្តរហូត ហើយកត្តានេះ គឺជាមូលហេតុដែលជំរុញឱ្យខ្ញុំដាក់ចេញនូវ «នយោបាយឈ្នះ-ឈ្នះ» ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបញ្ចប់​សង្គ្រាមរ៉ាំរ៉ៃ​ស្វែង​​រក​សន្តិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា ជាមួយនឹងលក្ខខណ្ឌជាឤទិភាពសំខាន់ ៣ យ៉ាង គឺ ទី ១ ការធានាថា បុគ្គលគ្រប់រូបឤចបន្តរស់រានមានជីវិត ទី ២  ការធានាថា បុគ្គលគ្រប់រូបមានការងារ និងមុខរបរចិញ្ចឹមជីវិត ទី ៣ ការធានាការការពារនូវទ្រព្យសម្បត្តិរបស់ពួកគេទាំងអស់គ្នា។

ការ​អនុវត្តដោយជោគជ័យនូវ «នយោបាយ ឈ្នះ-ឈ្នះ» នេះបាន​បញ្ចប់ជាស្ថាពរនូវ​សង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជា និងបាននាំមកនូវសន្តិភាពពេញលេញ ព្រមទាំងការឯកភាពជាតិ និងឯកភាព​ទឹក​ដី​ទាំងស្រុងនៅចុងឆ្នាំ ១៩៩៨។ នេះគឺជាសន្តិភាព និងការបង្រួបបង្រួមជាតិ ដែលសម្រេចបានមកដោយកម្ពុជាខ្លួនឯងផ្ទាល់ ដោយគ្មានការបង្ហូរឈាម គ្មានការប្រើឤវុធ ឬ គ្រាប់រំសេវ និងដោយគ្មានការបង្គាប់បញ្ជា ឬការជួយជ្រោមជ្រែងពីខាងក្រៅ។ ជាការពិត ស្ថានភាពដូច្នេះ​ពុំធ្លាប់កើត​មាន​ឡើយ ក្នុងរយៈពេលជាង ៥០០ ឆ្នាំចុងក្រោយ នៃប្រវត្តិសាស្ត្រកម្ពុជា ដែលប្រជាជាតិយើងទាំងមូលស្រុះស្រួលគ្នា រស់នៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ ក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលតែមួយ ដោយគ្មានការបែងចែកកងកម្លាំងប្រដាប់ឤវុធ និងតំបន់ត្រួតត្រាផ្សេងៗគ្នា ហើយប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយរួមរស់ជាមួយគ្នា ក្នុងសុខសន្តិភាព និងស្ថិរភាពយ៉ាងសុខដុមរមនាក្រោមម្លប់នៃព្រះរាជបល្ល័ង្ក និងព្រះមហាក្សត្រតែមួយអង្គជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

  • សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី!

[ចាប់ផ្ដើមអត្ថាធិប្បាយ]

ខ្ញុំគួរតែបញ្ជាក់ជម្រាបជូនឯកឧត្តម លោកជំទាវ ឱ្យបានជ្រាបថា បើយើងមិននិយាយទៅដល់ ៥០០ ឆ្នាំ យើងនិយាយត្រឹមតែពេលបារាំងបានចូលមកដាក់អាណានិគមនៅក្នុងប្រទេសកម្ពុជា រយៈពេលជាង ១០០ ឆ្នាំ ពីឆ្នាំ ១៨៦០ ប្លាយ កម្ពុជាជាប្រទេសមួយតែងមានតំបន់ត្រួតត្រាច្រើន មិនតិចជាងពីរ ក្នុងពេលតែមួយ។ ខ្ញុំគ្រាន់តែលើកមុនសង្គ្រាមឆ្នាំ ១៩៧០ កម្ពុជាមានតំបន់ត្រួតត្រាច្រើន កម្លាំងប្រដាប់អាវុធមានស មានខៀវ មានក្រហម និងមានរដ្ឋាភិបាល។ ឆ្នាំ ១៩៧០ ដល់ ១៩៧៥ កម្ពុជាបានបែងចែកទៅជាតំបន់ត្រួតត្រា ២ ដែលគាំទ្រដោយមហាអំណាចធំៗ នៅក្នុងសង្គ្រាមឥណ្ឌូចិន។ ឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩៣ កម្ពុជាជាប្រទេសមួយដែលមានតំបន់ត្រួតត្រា​ ៤។ ពីឆ្នាំ ១៩៩៣ ដល់ ១៩៩៨ កម្ពុជាជាប្រទេសមួយមានតំបន់ត្រួតត្រា ២ កងកម្លាំងប្រដាប់អាវុធ ២ និងរដ្ឋាភិបាល ២។ ក៏ប៉ុន្តែ ចាប់តាំងពីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ១៩៩៨ បន្ទាប់ពីយើងខ្ញុំអនុវត្តនយោបាយឈ្នះឈ្នះ ពីឆ្នាំ ១៩៩៦ គឺកម្ពុជាពីពេលនោះរហូតមកដល់ពេលនេះ ជិត ២១ ឆ្នាំហើយ ដែលយើងខ្ញុំឯកភាពជាលើកដំបូងនៅក្នុងប្រវត្តិ​សាស្រ្តរបស់ខ្លួន តាមរយៈការស្រុះស្រួលរវាងបណ្ដាភាគី ដែលមានជម្លោះរាប់ទសវត្សរ៍កន្លងទៅ ។

[បញ្ចប់អត្ថាធិប្បាយ]

សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះមិនឤចខ្វះបាន សម្រាប់ការអភិវឌ្ឍ ហើយការអភិវឌ្ឍប្រកបដោយសមធម៌ និងបរិយាប័ន្ន គឺជាលក្ខខណ្ឌចាំបាច់សម្រាប់ការពង្រឹង និងការធានាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម។ សន្តិភាពដែលកម្ពុជាមានបច្ចុប្បន្ន គឺជាបទពិសោធន៍មួយរបស់ប្រទេសកម្ពុជា ដែលធ្លាប់ត្រូវបានញាំញីដោយសារសង្គ្រាម ហើយបច្ចុប្បន្នកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ។

ជាការពិត កាលពីជាង ២ ទសវត្សរ៍កន្លងទៅ កម្ពុជាដែលល្បីក្នុងការប្រើឤវុធដណ្តើមអំណាចគ្នា ហើយមានការផ្លាស់ប្តូររបបគ្រប់គ្រងជាញឹកញាប់ បច្ចុប្បន្នកម្ពុជាជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ គោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ជាមួយនឹងការរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ សេរី និងយុត្តិធម៌ ដើម្បីផ្តល់សិទ្ធិឱ្យប្រជាជនឤចជ្រើសរើសមេដឹកនាំប្រទេស ជានីតិរដ្ឋដែលគោរពគោលការណ៍ច្បាប់ និងរដ្ឋអធិបតេយ្យ ដែលមានឯករាជ្យ និងបូរណភាពទឹកដីពេញលេញ។ កម្ពុជាដែលពីមុនជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធ និងឯកោ ទាំងខាងនយោបាយ និងសេដ្ឋកិច្ច ឥទ្បូវនេះបានក្លាយជាប្រទេស ដែលកំពុងសមាហរណខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងពិភពលោក និងជាប្រទេស ដែលកំពុងដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និងស្មើភាពក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ។ កម្ពុជាដែលពីមុន ល្បីថា ជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចម្ការមីន ដែលគេភ័យខ្លាចគ្រប់គ្នា ឥទ្បូវនេះបានក្លាយទៅជាប្រទេសមួយដែលមានសន្តិភាពពេញលេញ និងជាតំបន់ទេសចរណ៍ប្រកបដោយប្រជាប្រិយភាពនៅក្នុងតំបន់ឤស៊ីឤគ្នេយ៍ ដែលទទួលបានទេសចររាប់លាននាក់ក្នុងមួយឆ្នាំ។

បច្ចុប្បន្ន ប្រជាជនកម្ពុជារស់នៅជាមួយនឹងភាពសុខដុមរមនាគ្រប់ជាតិសាសន៍ គ្មានការរើសអើង ប្រជាជនគ្រប់រូប ទទួលបានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិជំនឿសាសនា និងទំនៀមទំលាប់ ប្រពៃណីដោយសេរី និងទទួលបានសេវាសាធារណៈទូលំទូលាយ និងស្មើភាពគ្នា។

ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ បន្ទាប់ពីទទួលបាន សុខសន្តិភាពនៅចុងឆ្នាំ ១៩៩៨ កម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈ ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ក្នុងរង្វង់ ,៧% ហើយសម្រេចបាននូវបង្គោលចរជាប្រវត្តិសាស្ត្រ គឺការឆ្លងពីឋានៈជាប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥។ អត្រានៃភាពក្រីក្របានធ្លាក់ចុះពី ៥៣,២% ក្នុងឆ្នាំ ២០០៤ មកនៅក្រោម ១០% ក្នុងឆ្នាំ ២០១៩។ បច្ចុប្បន្ន កម្ពុជាកំពុងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

តាមរយៈសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាជនកម្ពុជាទទួលបានផ្លែផ្កា និងឱកាសការងារជាច្រើន ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។ ចំណែកវិស័យអប់រំ និងការថែទាំសុខភាពសាធារណៈ ក៏កាន់តែមានភាពល្អប្រសើរឡើង។ បច្ចុប្បន្នកម្ពុជា ជាប្រទេសដែលចូលរួមចំណែក យ៉ាងសកម្មក្នុងការថែរក្សាសុខសន្តិភាពពិភពលោក តាមរយៈការបញ្ជូនកងរក្សាសន្តិភាព និងក្រុមដោះមីនទៅកាន់ប្រទេសនានាលើសកលលោកក្រោមឆ័ត្រ នៃអង្គការសហប្រជាជាតិ។

[ចាប់ផ្ដើមអត្ថាធិប្បាយ]

សូមជម្រាបជូនឯកឧត្តម លោកជំទាវ ផងដែរថា នៅក្នុងអតីតកាលកម្ពុជាធ្លាប់ទទួលមួកខៀវរបស់អង្គការសហប្រជាជាតិ មកប្រតិបត្តិការនៅក្នុងប្រទេសរបស់ខ្លួន។ ប៉ុន្តែ ចាប់តាំងពីឆ្នាំ ២០០៦ មក យើងខ្ញុំបានបញ្ជូនកម្លាំងទៅក្រៅប្រទេសវិញ ដែលពេលនេះកម្ពុជាកំពុងមានវត្តមានកងទ័ពរបស់ខ្លួន នៅក្នុងក្របខណ្ឌ​អង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងអាហ្រ្វិកកណ្តាល ហើយដែលមុននោះ​ មានទាំងនៅ សាយប្រឹស និងនៅ ឆាដ ផងដែរ។ នេះគឺជាការរួមចំណែក ហើយយើងខ្ញុំនឹងបន្តរួមចំណែកតទៅទៀតជាមួយនឹងអង្គការសហប្រជាជាតិ ដើម្បីជួយមិត្តភក្តិដែលជួបការលំបាក។

[បញ្ចប់អត្ថាធិប្បាយ]

  • អង្គពិធីជាទីមេត្រី !

ដើម្បីឱ្យពិភពលោកមានសន្តិភាពយូរអង្វែង និងរឹងមាំ ចាំបាច់ត្រូវមានសន្តិភាពគ្រួសារ សន្តិភាពសហគមន៍ និងសន្តិភាព ក្នុងសង្គមជាតិជាមុនសិន។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំក៏សូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល សង្គមស៊ីវិល និងស្ថាប័នឯកជន សូមបន្តធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងបញ្ហាប្រឈមសកល រួមមាន៖ ១ ភាពជ្រុលនិយមនិងចលនា ជ្រុលនិយម ២ ការគាំពារនិយម និងឯកតោនិយម ៣ ការប្រែប្រួលធាតុឤកាស ៤ ឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរមនុស្ស ៥ ការគំរាមសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត និង ៦ វិសមភាពសង្គម-សេដ្ឋកិច្ច រួមទាំងវិសមភាពយេនឌ័រ។

ទន្ទឹមនេះ ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិ សូមចូលរួមទាំងអស់គ្នាគោរព និងស្តារឡើងវិញនូវប្រព័ន្ធពហុភាគីអន្តរជាតិ ដែលបើកចំហប្រកបដោយបរិយាបន្ន និងគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ច្បាប់ ដើម្បីបណ្តុះបណ្តាលថ្នាលសង្គម មួយជាមួយនឹងចក្ខុវិស័យ និងទស្សនាទានថ្មីៗប្រកប​ដោយប្រសិទ្ធភាព និងភាពច្នៃប្រឌិត ដែលជាតម្លៃសកលសម្រាប់មនុស្សជាតិ។

ខ្ញុំសង្ឃឹមថា កិច្ចប្រជុំកំពូលឤស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១៩ កម្ពុជានឹងពិភាក្សាយ៉ាងផុសផុលអំពីបញ្ហាប្រឈម និងដំណោះស្រាយសមស្រប ដែលនឹងចូលរួមចំណែកដល់ការកសាងពិភពលោកមួយ ដែលប្រជាជនគ្រប់ប្រទេសក្នុងតំបន់ឤស៊ីប៉ាស៊ីហ្វិក ក៏ដូចជាពិភពលោកទាំងមូល រស់នៅក្រោមម្លប់សុខសន្តិភាព និងភាពសុខដុមរមនាជាមួយគ្រប់ជាតិសាសន៍ ដោយពុំមានការបែងចែកវណ្ណៈ និងពណ៌សម្បុររវាងមនុស្សជាតិដូចគ្នា។

ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបើក កិច្ចប្រជុំកំពូល ឤស៊ីប៉ាស៊ីហ្វិក ឆ្នាំ ២០១៩-កម្ពុជា ជាផ្លូវការនាពេលនេះ ខ្ញុំសូមជូនពរឱ្យកិច្ចប្រជុំទទួលបានលទ្ធផលជាផ្លែផ្កា និងសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សូមទទួលបាននូវសុខភាពបរិបូរណ៍ជាមួយនឹងសេចក្តីសុខ សេចក្តីចម្រើន និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។

សូមអរគុណ !

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...