សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានស្ថាបនិក (ICAPP)​

46

នៅរសៀល ថ្ងៃដដែលនេះ បន្ទាប់បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯ.ឧ U Henry Van Thio អនុប្រធានាធិបតីនៃសាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានសន្តិភាព រួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯ.ឧ Jose de Venecia ប្រធានស្ថាបនិកសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយអាស៊ី (ICAPP)​ ។

ឯ.ឧ Jose de Venecia បានថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះរូប ឯកឧត្តម នឹងគណប្រតិភូ និងទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក​នេះ។ ឯកឧត្តម បានកោតសរសើរ ចំពោះការដឹកនាំ របស់សម្ដេចតេជោ ដែលបានធ្វើឲ្យកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើន យ៉ាងឆាប់រហ័ស លើគ្រប់វិស័យ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានកោតសរសើរ សម្តេចតេជោដែលដឹកនាំ​កម្ពុជា ឲ្យមានសុខសន្តិភាព និងមានការរីកចម្រើន ធ្វើឲ្យកម្ពុជា ជាប្រទេសគំរូមួយ ដែលមានសុខសន្តិភាព មានការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី មានរដ្ឋាបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ និងក្រោមម្លប់ព្រះមហាក្សត្រតែមួយ ហើយប្រតិភូទាំងអស់ បានចាត់ទុកសម្ដេច ជាវីរៈជនគំរូមួយ ចំពោះការដឹកនាំនៅកម្ពុជា។

ឯ.ឧ Jose de Venecia បានជម្រាបជូនសម្ដេចតេជោដែរថា នៅក្នុងខែវិច្ឆិកា ឆ្នាំក្រោយ នឹងមានការប្រារព្ធខួប​២០ឆ្នាំ របស់ ICAPP ក្នុងន័យនេះ ឯកឧត្តម​បានអញ្ជើញ​សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលជាស្ថាបនិក នៃការបង្រួបបង្រួមជាតិនៅកម្ពុជា ដើម្បីចូលរួមថ្លែងសន្ទរកថា​ ដែលធ្វើឡើង នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសន្យាថា នឹងអញ្ជើញទៅចូលរួម ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី២០​នេះ ដើម្បីចូលរួម ថ្លែងសន្ទរកថាគន្លឹះមួយ បង្ហាញអំពីបទពិសោធន៍ ក្នុងការដឹកនាំប្រទេសពីសង្គ្រាមហែកហួរ ពីប្រទេសខ្ទេចខ្ទាំ ដល់កម្រិតសូន្យ មកជាប្រទេសមានសុខសន្តិភាព មានការរីកចម្រើន លើគ្រប់វិស័យនាពេលសព្វថ្ងៃ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការវាយតម្លៃនេះ និង ជូនពរ ឯកឧត្តម​ និងគណប្រតិភូជួបសំណាងល្អ ជោគជ័យការងារជាបន្តបន្ទាប់៕