សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក

នៅព្រឹកថ្ងៃអង្គារ ៨រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ (2nd ASIA PACIFIC SUMMIT ) ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២នេះ បានប្រារព្ធឡើងក្រោមប្រធានបទ «ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល»។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលនេះមានអ្នកចូលរួមប្រមាណជាង៨០០នាក់ រួមមានថ្នាក់ជាប្រធានាធិបតី នាយករដ្ឋមន្ត្រី អតីតថ្នាក់ដឹកនាំប្រទេស រដ្ឋសភា ព្រឹទ្ធសភា អង្គការក្រៅរដ្ឋាភិបាល ធុរកិច្ចជន អង្គភាពសារព័ត៌មាន និងស្ថាប័ននានាជាច្រើនទៀត។ កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនេះ ធ្វើឡើងដើម្បីពង្រឹងភាពជាដៃគូ រវាងរដ្ឋាភិបាល និងសង្គមស៊ីវិលដែលមានខ្លឹមសារស្នូល ដើម្បីសន្តិភាព និងការអភិវឌ្ឍ ការប្រែប្រួលអាកាសធាតុ និងជម្លោះ និងដំណោះស្រាយ ក្នុងគ្រាសំខាន់។

ថ្លែងក្នុងពិធីបើកនៃកិច្ចប្រជុំកំពូលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរគុណចំពោះប្រមុខរដ្ឋ រដ្ឋប្រមុខរដ្ឋាភិបាល ប្រធានរដ្ឋសភា ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលដ៏សំខាន់នេះ។ជាមួយគ្នានេះ សម្តេចតេជោបានមានប្រសាសន៍ថា ប្រទេសកម្ពុជាពិតជាមានកិត្តិយសណាស់ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានចែករំលែកនូវបទពិសោធន៍របស់ប្រទេសកម្ពុជានាពេលកន្លងមក ទាក់ទងនឹងប្រធានបទថ្ងៃនេះគឺសន្តិភាព និងការបង្រួបបង្រួមជាតិ។ ទន្ទឹមនឹងនេះ សម្តេចតេជោបន្តថា កម្ពុជាបានឆ្លងកាត់សង្គ្រាមដ៏រាំរ៉ៃជាច្រើន ជាក់ស្តែង ពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ គឺរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបំផ្លាញឫសគល់នៃហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមជាតិ។ ទោះបីយ៉ាងណារបបប្រល័យពូជសាសន៍ត្រូវបានបញ្ចប់នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប៉ុន្តែសង្គ្រាមស៊ីវិលនៅក្នុងប្រទេសនៅតែបន្តអូសបន្លាយ។ កម្ពុជាក្នុងគ្រានោះបានប្រើដៃម្ខាងដើម្បីការពារប្រទេសពីរបបប្រល័យពូជសាសន៍ និងដៃម្ខាងទៀតដើម្បីអភិវឌ្ឍប្រទេសពីបាតដៃទទេ ជាមួយនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចអយុត្តិធម៌ពីពិភពខាងក្រៅផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តទៀតថា បន្ទាប់ពីថ្ងៃរំដោះ៧មករា មក សម្តេចតេជោ បានប្រមូលធនធានមនុស្សដែលបន្សល់ទុកពីការសម្លាប់ប្រមាណ ១០០នាក់នៅទូទាំងប្រទេស ដែលពេលនោះយើងបាន ប្រកាន់ខ្ជាប់នូវគោលការណ៍ «អ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ» ដើម្បីធ្វើការនៅតាមក្រសួងស្ថាប័នរដ្ឋាភិបាល ខណៈហេដ្ឋារចនាសម្ព័ន្ធ និងមូលដ្ឋានផលិតកម្មគ្រប់ប្រភេទត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង។ កម្ពុជាបានរៀបការបោះឆ្នោតលើកដំបូងនៅឆ្នាំ ១៩៩៣ ក៏ដោយ ក៏សង្គ្រាមស៊ីវិលដែលអូសបន្លាយពេលយូរនៅតែបន្ត។ កត្តាទាំងនេះហើយជាហេតុផលដែរសម្តេចតេជោមានការចាប់ផ្តើមដាក់ចេញនូវ គោលនយោបាយ ឈ្នះ ឈ្នះ (Win-Win Policy)។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ពីលក្ខខណ្ឌអាទិភាពនៃ នយោបាយ ឈ្នះ ឈ្នះ រួមាន៣ សំខាន់គឺ ១)ធានាថាប្រជាពលរដ្ឋទាំងអស់អាចបន្តរស់នៅបាន ២)ធានាថាប្រជាជនទាំងអស់មានការងារ និងការងារ គាំទ្រដល់ការរស់នៅរបស់ពួកគេ និង៣) ធានាការការពារទ្រព្យសម្បត្តិរបស់ពួកគេ។ តាមរយៈ នយោបាយ ឈ្នះ ឈ្នះ នេះបានបញ្ចប់សង្គ្រាមអូសបន្លាយនៅកម្ពុជា និងបាននាំមកនូវសន្តិភាពក៏ដូចជាឯកភាពជាតិ និងអធិបតេយ្យភាពទឹកដីពេញលេញនៅចុងឆ្នាំ ១៩៩៨។ជាមួយគ្នានេះ សម្តេចតេជោបន្តថា សន្តិភាព និងស្ថេរភាព គឺជាមូលដ្ឋានគ្រឹះដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ។ ហើយការអភិវឌ្ឍប្រកបដោយសមធម៌ និងការចូលរួមគឺជាលក្ខខណ្ឌចាំបាច់សម្រាប់ពង្រឹង និងធានានូវសន្តិភាពនិងស្ថេរភាពសង្គម។

ប្រទេសកម្ពុជាមានការរីកចម្រើនជាលំដាប់លើគ្រប់វិស័យដែលមានអត្រាកំណើនជាមធ្យមប្រមាណ ៧.៧% និងសម្រេចបាននូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលជាការផ្លាស់ប្តូរពីប្រទេសដែលមានប្រាក់ចំណូលទាបទៅប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ ២០១៥ បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានមហិច្ឆិតាក្លាយទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។ បច្ចុប្បន្ននេះប្រទេសកម្ពុជាក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពពិភពលោកតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព និងក្រុមកម្ចាត់មីនទៅកាន់ប្រទេសជាច្រើនលើពិភពលោកក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល សង្គមស៊ីវិល និងស្ថាប័នឯកជនឱ្យបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងស៊ីជម្រៅដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះបញ្ហាសកលលោករួមមាន៖ ១) ភាពជ្រុលនិយមនិងសកម្មភាពជ្រុលនិយម ២) ការការពារ និងឯកតោភាគី ៣) ការប្រែប្រួលអាកាសធាតុ ៤) ឧក្រិដ្ឋកម្មឆ្លងដែននិងការជួញដូរមនុស្ស ៥) ការគំរាមកំហែងតាមអ៊ីនធឺណិត និង៦) វិសមភាពសេដ្ឋកិច្ចសង្គមរួមទាំងវិសមភាពយេនឌ័រ។

ក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាន៍អំពាវនាវដល់សហគមន៍អន្តរជាតិឱ្យចូលរួមគោរព និងស្តារប្រព័ន្ធពហុភាគីអន្តរជាតិដែលមានលក្ខណៈបើកចំហស្របតាមគោលការណ៍ច្បាប់យ៉ាងពេញលេញដើម្បីកសាងសង្គមឱ្យចក្ខុវិស័យថ្មី ប្រកបដោយប្រសិទ្ធភាពសម្រាប់មនុស្សជាតិ។ សម្តេចតេជោនាយករដ្ឋមន្ត្រី សង្ឃឹមថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១៩-កម្ពុជា AISA PACIFIC SUMMIT 2019 – CAMBODIA នឹងពិភាក្សាដោយយកចិត្តទុកដាក់លើបញ្ហាប្រឈមនិងដំណោះ ស្រាយសមស្របដែលរួមចំណែកដល់ការអភិវឌ្ឍពិភពលោកដែលអាចឱ្យប្រជាពលរដ្ឋទាំងអស់នៅតំបន់អាស៊ីប៉ាស៊ីហ្វិកក៏ដូចជាពិភពលោកទាំងមូលអាចរស់នៅក្រោមម្លប់សន្តិភាព និងភាពសុខដុមរមនា ជាមួយជនជាតិគ្រប់រូបដោយមិនមានការបែងចែកវណ្ណៈ និងពណ៌សង្គមក្នុងចំណោមមនុស្សជាតិទាំងអស់៕

មុននឹងបញ្ចប់សន្ទរកថា ជាមួយនឹងការបើកជាផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១៩-កម្ពុជា នាពេលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជូនពរឲ្យកិច្ចប្រជុំកំពូលទទួលបានលទ្ធផលផ្លែផ្កា និងជូនពរ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ទទួលបានភាពជោគជ័យ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ