សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប លេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តចិនខេត្តហ៊ូណាន

នៅព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯ.ឧ DU Jiahao សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តចិន​ ខេត្តហ៊ូណាន នៅវិមានសន្តិភាព។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកកម្ពុជាតាំងពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៩ វិច្ឆិកា នេះ ។ ឯ.ឧ DU Jiahao បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានផ្ដល់ឱកាសឲ្យរូបលោកបានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម។ ឯ.ឧ DU Jiahao បានជម្រាបជូន សម្តេចតេជោ ថា ឯ.ឧ បានធ្វើការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីនៅថ្នាក់មូលដ្ឋានក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប រួចមកហើយដែរ។ តាមរយៈការសំណេះសំណាលនេះ ឯ.ឧ បានយល់អំពីការដឹកនាំគ្រប់គ្រង និងជំនឿទុកចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដើរលើមាគ៌ាដ៏ត្រឹមត្រូវមួយ ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើអោយប្រទេសជាតិកាន់តែរីកចម្រើន។

ជាមួយគ្នានោះផងដែរ ឯ.ឧ DU Jiahao ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី លោកប្រធានាធិបតី Xi Jinping និង លោកនាយករដ្ឋមន្ត្រី Li Keqiang ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី។ ទន្ទឹមនឹងនេះ ឯ.ឧ DU Jiahao សូមថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន​ សែន ដែលបានអញ្ជើញទៅប្រទេសចិនចំនួន២ ដងនៅក្នុងឆ្នាំ ២០១៩ កន្លងមកនេះ​ ហើយថ្មីៗនេះ សម្ដេចតេជោ ក៏បានជួបជាមួយនឹងលោកនាយករដ្ឋមន្ត្រី Li Keqiang នៅទីក្រុងបាងកកប្រទេសថៃផងដែរ។

ឯ.ឧ DU Jiahao បានបញ្ជាក់ថាប្រទេសចិន និងប្រជាជនចិនបានចាត់ទុក សម្ដេចតេជោនាយករដ្ឋមន្ត្រី និងប្រទេសកម្ពុជាជាមិត្តល្អ មិត្តចាស់ មិត្តដែកថែប មានទំនាក់ទំនងល្អណាស់ និងមានកិច្ចសហប្រតិបត្តិការគ្នាល្អ។

នៅក្នុងទស្សនកិច្ចនៅកម្ពុជាប៉ុន្មានថ្ងៃនេះ ឯ.ឧ DU Jiahao មានចិត្តសប្បាយរីករាយដោយឃើញកម្ពុជាទើបនឹងបានប្រារព្ធខួបលើកទី៦៦ ឆ្នាំនៃឯករាជ្យជាតិ ប្រកបដោយជោគជ័យសប្បាយរីករាយ ហើយទឹកមុខប្រជាពលរដ្ឋសប្បាយរីករាយ មានជីវភាពធូធារ រស់នៅក្នុងសន្តិភាព ដែលបង្ហាញពីជំនឿនិងទំនុចិត្តលើការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។

លោក DU Jiahao បានជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីអំពីខេត្តហ៊ូណាន ដែលមានប្រជាជនដល់ ៧០លាននាក់។ ខេត្តនេះ គឺមានផលិតនូវគ្រឿងចក្រ និងឧបករណ៍ល្បីៗ ដូចជារថភ្លើងក្រោមដី រថភ្លើងល្បឿនលឿន សម្ភារៈសម្រាប់បម្រើក្នុងការកសាងរចនាសម្ព័ន្ធក៏ដូចជាក្នុងវិស័យកសិកម្មដែលអាចសហការល្អជាមួយនឹងប្រទេសកម្ពុជា ហើយនឹងជួយហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងវិស័យកសិកម្មនៅកម្ពុជាទៀតផង។ ឯកឧត្តម DU Jiahao បានស្វាគមន៍ចំពោះទំនិញកម្ពុជានាំទៅកាន់ប្រទេសចិន រួមទាំងទៅខេត្តហ៊ូណាន ពិសេសជាទំនិញម្ហូបអាហារ និងផ្លែឈើជាដើម។

ឯ.ឧ DU Jiahao ក៏បានបញ្ជាក់ផងដែរថា លោកនឹងជួយផ្សព្វផ្សាយការរីកចំរើនរបស់ប្រទេសកម្ពុជាទៅដល់ប្រជាជនចិន និងខេត្តហ៊ូណាន ហើយនឹងបន្តជំរុញឲ្យខេត្តហ៊ូណានពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងកាន់តែល្អថែមទៀត ព្រមទាំងបន្តជួយគាំទ្រដល់ប្រទេសកម្ពុជាទៀតផង។
ជាមួយគ្នានោះដែរ ឯ.ឧ DU Jiahao បានគោរពសូមអញ្ជើញ សម្ដេចតេជោនាយករដ្ឋមន្រ្តីទៅបំពេញទស្សនកិច្ចនៅខេត្តហ៊ូណាន ប្រសិនបើជាសម្ដេចអញ្ជើញទៅទស្សនៈកិច្ចនៅប្រទេសចិនលើកក្រោយនេះ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះគណប្រតិភូចិនដែលបានពាំនាំការផ្តាំផ្ញើសុខទុក្ខពី លោកប្រធានាធិបតី Xi Jinping និង លោកនាយករដ្ឋមន្ត្រី Li Keqiang ហើយសម្ដេចតេជោ បានចាត់ទុកថាទស្សនកិច្ចកន្លងទៅរបស់លោក DU Jiahao ខេត្តបាត់ដំបង និងខេត្តសៀមរាបគឺបានធ្វើឲ្យ ឯកឧត្តម បានយល់ដឹងកាន់តែច្បាស់អំពីការដឹកនាំ និងការខិតខំប្រឹងប្រែងរបស់ គណបក្សប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ សម្ដេចតេជោមានប្រសាសន៍ថាជោគជ័យរបស់ គណបក្សប្រជាជនកម្ពុជា កន្លងមកនេះគឺជាការយកចិត្តទុកដាក់របស់សមាជិកបក្សធ្វើយ៉ាងណាឱ្យសមាជិកមានទំនុកចិត្ត មានអារម្មណ៍ល្អ សាមគ្គីភាពផ្ទៃក្នុង និស្មោះត្រង់ ដែលបានប្រែក្លាយសមាជិកបក្សម្នាក់ជាសន្លឹកឆ្នោតមួយដល់បក្សផងដែរ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានយល់ព្រមតាមសំណើ ឯ.ឧ DU Jiahao ទៅចូលរួមទស្សនកិច្ចនៅ ខេត្តហ៊ូណាន ប្រទេសចិនក្នុងពេលដ៏សមរម្យណាមួយនាពេលខាងមុខ។

ឆ្លៀតនៅក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអបអរសាទរសាជាថ្មីចំពោះខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំរបស់ គណបក្សកុម្មុយនីស្តចិន។ ទន្ទឹមនឹងនេះដែរ សម្ដេចតេជោ ក៏បានបញ្ជាក់ថានៅថ្ងៃទី៤ ធ្នូ ខាមុខនេះ កម្ពុជានឹងចាប់ផ្ដើមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិនកម្ពុជា ដែលទាំងអស់នេះនឹងផ្ដល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជាតិនៃប្រទេសទាំងពីរ ហើយក៏មិនគ្រាន់តែជាផលប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផលប្រយោជន៍សម្រាប់នយោបាយនៃប្រទេសទាំងពីរផងដែរ។

ឯ.ឧ DU Jiahao បានថ្លែងអំណគុណចំពោះប្រសាសន៍របស់ សម្ដេចតេជោ ហើយពេលនេះមានអារម្មណ៍កាន់តែយល់ច្បាស់អំពីអត្ថន័យ “ដែកថែប” ដែលប្រមុខដឹកនាំនៃប្រទេសទាំងពីរតែងតែលើកឡើងតំណាងអោយចំណងមេត្រីភាពកម្ពុជាចិន ដែលកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត។ ឯ.ឧ DU Jiahao បានកោតសរសើរចំពោះការដឹកនាំរបស់ សម្ដេចតេជោ ដែលមានយុទ្ធសាស្ត្រដឹកនាំឈ្លាសវៃខ្ពង់ខ្ពស់ ដែលបានប្រកាន់ភ្ជាប់នូវនយោបាយចិនមួយ។

ទន្ទឹមនឹងនោះដែរ ឯ.ឧ DU Jiahao បានរំលឹកថារូបឯកឧត្តមផ្ទាល់ធ្លាប់បានឮឈ្មោះរបស់សម្ដេចតេជោ និងព្រះបរមនាមរបស់អតីតព្រះមហាក្សត្រកម្ពុជា ដែលបានកសាងមិត្តភាពរវាងប្រទេសទាំងពីរមកទល់បច្ចុប្បន្ន ដែលពេលនេះ គឺឈ្មោះ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានស្គាល់ទូទាំងប្រទេសចិន ហើយចាត់ទុកសម្ដេចតេជោ មិត្តដ៏ល្អរបស់ចិន ដែលបញ្ជាក់ច្បាស់ថាមិត្តភាពកម្ពុជា-ចិនឆ្លងកាត់ពេលវេលាយូរលង់ណាស់មកហើយ អស់ពេលជាច្រើនឆ្នាំមកហើយដែលបានធ្វើអោយមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់យើងកាន់តែរីកចម្រើននិងរឹងមាំ។ ឯ.ឧ DU Jiahao បានជូនពរ សម្ដេចតេជោ មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការដឹនាំប្រទេសបន្តទៀត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអរគុណ និងបានជូនពរ ឯ.ឧ DU Jiahao និងគណៈប្រតិភូទាំងអស់ជួបតែសេចក្តីសុខចម្រើននឹងទទួលបានជោគជ័យគ្រប់ភារកិច្ច៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ