នៅព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យធនធានមនុស្សសរុបចំនួន១,៩៥៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
តាមរបាយករណ៍របស់សាកលវិទ្យាល័យធនធានមនុស្សបានអោយដឹងថា និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនាព្រឹកនេះ គឺជាធនធានមនុស្ស ប្រកបដោយសក្តានុពល សម្រាប់ការងារ និងសង្គមជាតិទាំងមូលហើយចាប់តាំងពីការកកើតក្នុងឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត ដែលបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យធនធានមនុស្ស សរុបចំនួន ៣៩,៣៩៥នាក់ (នារី ១៣,៣៣៦នាក់) ទទួលបានឱកាសការងារខ្ពស់ រហូតដល់ជាង៩០%ជារៀងរាល់ឆ្នាំ នៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យធនធានមនុស្សនៅថ្ងៃនេះ ជាលើកទី១៦ហើយ ដែលសម្តេចតេជោបានអញ្ជើញចូលរួមផ្តល់កិត្តិយសប្រគល់សញ្ញាបត្រ តាំងពីសាកលវិទ្យាល័យបានបង្កើតឡើងមក។ សម្តេចតេជោនាយករដ្ឋមន្ត្រីពិតជាមានមោទនភាពដែលថ្ងៃនេះ យើងបានទទួលបានធនធានមនុស្សនៃវិស័យអប់រំបន្ថែមទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេច គឺបានខិតខំណាស់ក្នុងការផ្តល់ឱកាសការងារផ្សេងៗដល់យុវជនយើង ទាំងការងារក្នុងស្រុក និងក្រៅស្រុក ជាក់ស្តែងបច្ចុប្បន្ននេះ មានពលករយើងជាច្រើនបាន និងកំពុងបម្រើរការងារនៅតាមបណ្តាប្រទេសមួយចំនួន ហើយពួកគាត់កំពុងទទួលបានផលប្រយោជន៍យ៉ាងច្រើនពីការងារទាំងអស់នោះផងដែរ។ ដូច្នេះបងប្អូនដែលបានបម្រើការការងារនៅក្រៅប្រទេសទាំងអស់ ត្រូវយល់អោយបានច្បាស់ អំពីអ្វីដែលរាជរដ្ឋាភិបាលបានខិតខំធ្វើការចរចារជាមួយបណ្តាប្រទេសផ្សេងៗដើម្បីជួយសម្រួលអោយពលករយើងបានចេញទៅបម្រើការងារនៅប្រទេសទាំងអស់នោះ ដើម្បីទទួលបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បាននិងកំពុងខិតខំជំរុញការបង្កើតការងារក្នុងស្រុក ទាក់ទាញវិនិយោគថ្មីៗ និងខិតខំស្វែងរកការងារក្រៅប្រទេសជូនប្រជាពលរដ្ឋយើងជាបន្តបន្ទាប់។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្តេចនៅតែបន្តផ្តល់ការឧបត្ថមជាថវិកា និងអង្ករជាបន្តបន្ទាប់ទៀតដល់និស្សិតក្រីក្រនៃសាកលវិទ្យាល័យធនធានមនុស្ស ក៏ដូចជាសាកលវិទ្យាល័យមួយចំនួនទៀត គឺក្នុង១ខែ សម្តេចតេជោបានឧបត្ថមនូវអង្ករចំនួន២តោន និងថវិកាចំនួន៥លានរៀលផងដែរ សម្រាប់ផ្តល់ជូនដល់និស្សិតក្រីក្រដែលកំពុងសិក្សាតាមបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថាននានា។
មុននឹងបញ្ចប់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍កោតសរសើរ និងអបអរសារដល់និស្សិតជ័យលាភីទាំងអស់ និងថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលដែលបានផ្តល់ឱកាសអោយកូនចៅបានសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនាពេលនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ សូមឲ្យទទួលបាននូវភាពជោគជ័យក្នុងការសិក្សា និងការងាររបស់ខ្លួនជាបន្តបន្ទាប់ទៀត។ បន្ទាប់មក សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សក្នុងបរិយាកាសរីករាយក្រៃលែង៕