សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោង​ចក្រស៊ីម៉ង់ត៍​ថៃប៊ុនរ៉ុង នៅខេត្ដកំពត ដែលមានតម្លៃ ១១០លានដុល្លាអាម៉េរិក

ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ — រោងចក្រផលិតស៊ីម៉ង់តិ៍ថ្មីមួយទៀត នៅកម្ពុជា ដែលតម្លៃប្រមាណ ១១០លានដុល្លារ អា​ម៉េរិក ដែលមានទីតាំស្ថិតនៅក្នុងខេត្តកំពត ត្រូវដាក់សម្ពោធឱ្យដំណើរការជាផ្លូវការ នាព្រឹកថ្ងៃ      ​ព្រ​​ហ​ស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​សម្តេចអគ្គមហា​សេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រោងចក្រផលិតស៊ីម៉ង់ត៍របស់ហ៊ុនថៃប៊ុនរ៉ុងនេះ មានទីតាំងស្ថិត​នៅ​ក្នុងភូមិល្ងាង ឃុំ​ ល្អា​​ង ស្រុក​ដង​ទង់ ខេត្តកំពត។ រោងចក្រស៊ីម៉ង់ត៍នេះបានសាងសង់លើផ្ទៃដីទំហំជិត ៧០០​ហិ​​កតា បំ​ពា​ក់​​ដោយឧបករណ៍បច្ចេកទេសទំនើប ហើយមានសមត្ថភាពផលិតស៊ីម៉ង់ត៍​បាន​ប្រ​មា​ណ ២.៥​០​០​តោនក្នុងមួយថ្ងៃ ស្មើនឹងជិត១លានតោនក្នុងមួយឆ្នាំ។ វត្តមានរោងចក្រ​ស៊ី​ម៉ង់​ត៍​​ថ្មីនេះ នឹង​រួម​ចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់​សេដ្ឋកិ​ច្ច​ជា​តិ​ និងជីវ​ភា​ព​​របស់ប្រជាពលរដ្ឋ។ រោងចក្រនេះ អាចផ្តល់ការងារអចិន្ត្រៃយ៍​ដល់បុគ្គលិក​ប្រ​មា​ណ ៣៣៥​នា​ក់ ក្នុងនោះមានជនជាតិបរទេសប្រមាណ ៣៥នាក់។ ក្រៅពីផ្តល់ការងារជូនប្រជា​ព​លរដ្ឋ​ខ្មែ​រ​​​​បានជាច្រើននាក់ហើយនោះ ក្រុមហ៊ុនត្រូវបង់ថ្លៃសួយ​សារអាករថ្មកំបោរ​ចូលរដ្ឋ​ប្រមា​ណ​ ៦៨ម៉ឺន​ដុល្លារ​អាម៉េរិកក្នុងមួយឆ្នាំ ដោយមិនទាន់គិតប្រាក់ចំណូលពន្ធអាករ និង​កាត​ព្វកិច្ច​ហិរ​ញ្ញ​វត្ថុផ្សេងៗទៀតនោះឡើយ។

បើតាមការលើកឡើងពីអគ្គនាយកដា្ឋនធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បាន​ឱ្យដឹងថា  បច្ចុប្ប​ន្នកម្ពុជាមានរោងចក្រស៊ីម៉ង់ត៍ចំនួន៥ រាប់ទាំងរោងចក្រស៊ីម៉ង់ត៍​ថៃប៊ុន​រ៉ុង​ ដែលដាក់​ឱ្យ​ដំ​ណើរការជា​ផ្លូវការនាថ្ងៃនេះ ដែលរោងចក្រទាំង៥នេះ អាចផលិតស៊ីម៉ង់ត៍​បាន​ជិត​ ៨លាន​តោន​​​ក្នុ​ង​មួយឆ្នាំ។ រោងចក្រទាំង៥នេះ រួមមាន ១- រោងចក្រស៊ីម៉ង់ត៍កំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) មានទីតាំងនៅស្រុកបន្ទាយមាស និងស្រុកដងទង់ ខេត្តកំពត មាន​សមត្ថភាពផលិតប្រមាណ ២លានតោនក្នុងមួយឆ្នាំ។ ២- រោងចក្រស៊ីម៉ងត៍​កម្ពុជា ចក្រីទី​ង​ (Cambodia Cement Chakreyting Co., Ltd) មានទីតាំងនៅស្រុកកំពត ខេត្តកំពត មានសម​ត្ថ​​ភាពផលិតប្រមាណ ១.១លានតោនក្នុងមួយឆ្នាំ។ ៣- រោងចក្រស៊ីម៉ង់ត៍ ជីប ម៉ុង អ៊ិនស៊ី ស៊ី​មេ​ន ខបភើរេស៊ិន (Chip Mong Insee Cement Corporation) មានទីតាំង​នៅស្រុកបន្ទាយ​មា​ស​ ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោនក្នុងមួយឆ្នាំ។ ៤- រោងចក្រស៊ីម៉ងត៍ បា​ត់ដំបង ខនស៍ ស៊ីមេន លីមីធីត មានទីតាំងស្ថិតនៅស្រុក​រតនៈ​មណ្ឌល ខេត្តបាត់ដំបង មាន​ស​​មត្ថភាពផលិតស៊ីម៉ង់ត៍ បានជិត ២លានតោនក្នុងមួយឆ្នាំ។ ៥- រោងចក្រស៊ីម៉ង់ត៍ថៃប៊ុនរ៉ុង ស្ថិ​​ត​នៅ​ស្រុកដងទង់ ខេត្តកំពត មានសមត្ថភាពផលិតស៊ីម៉ង់ត៍ បាន​ជិត ១លានតោនក្នុង​មួយ​ឆ្នាំ​៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ