ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងរដ្ឋមន្ត្រីទទួល បន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រីបានអះអាងថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ ដែល កម្ពុជាធ្វើម្ចាស់ផ្ទះនេះ នឹងជជែកពិភាក្សារកដំណោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់ និង សកលលោក។
ថ្លែងក្នុងពិធីអាហារស្វាគមន៍គណៈប្រតិភូដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាសុខាភ្នំពេញ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានលើកឡើងថា កិច្ចប្រជុំនេះគឺជាព្រឹត្តិការណ៍ជា ប្រវត្តិ សាស្រ្តដែលកើតចេញពីការសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងអង្គការសហព័ន្ធ សន្តិភាពសកល ដែលបានរៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩ កម្ពុជាក្រោម ប្រធានបទ “ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួប បង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល” ។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានគូសបញ្ជាក់ថា នេះគឺវេទិកាសម្រាប់ការពិភាក្សា យ៉ាងទូលំទូលាយនិងស៊ីជម្រៅ ដើម្បីស្វែងរកដំណោះ ស្រាយលើបញ្ហាប្រឈមនានានៅក្នុងតំបន់និងពិភពលោក តាមរយៈពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធដើម្បីលើកកម្ពស់គុណតម្លៃរួម សន្តិភាព និងវិបុលភាពសម្រាប់ប្រជាជាតិទាំងអស់។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានបន្ដថា ការរៀបចំកិច្ចប្រជុំកំពូលនាពេលនេះ ស្របពេលនៃខួបលើកទី៤០ នៃជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលបានដួលរលំក្នុងឆ្នាំ១៩៧៩ ហើយក៏ជា ខួបលើកទី២១ នៃសន្តិភាព និងការបង្រួបបង្រួមជាតិផងដែរ ដែលសន្តិភាពពេញលេញ និង យូរអង្វែងបានកើតឡើងក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានបន្ថែមថា “បើគ្មានព្រឹត្តិការណ៍ទាំងពីរនេះ ប្រជាជនកម្ពុជា ពិតជាមិនអាចមានសេរីភាពពេញលេញនិងមានការអភិវឌ្ឍដូចដែលឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បានឃើញដោយផ្ទាល់ពេលឈានមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា”។
ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីបានបន្តទៀតថា ចាប់តាំងពីពេលដែលសង្គ្រាមស៊ីវិលបានបញ្ចប់ជាស្ថាពរក្នុងឆ្នាំ១៩៩៨ ប្រទេសកម្ពុជាទទួលបានឱកាសកសាងស្ថាប័នរដ្ឋ និងបានបំពេញបន្ថែមសេចក្តីត្រូវការចាំបាច់ដល់ប្រជាជន ក៏ដូចជាបង្កើតឱកាសផ្សេងៗ ដល់ប្រជាជន ព្រមទាំងបានកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់កិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច។ ជាមួយគ្នានេះ ការរួបរួមគ្នានៃសង្គម ការអនុវត្តប្រព័ន្ធពហុបក្សនិយម ការពង្រឹងលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ និងការកសាងរដ្ឋ បានក្លាយជាគ្រឹះដ៏រឹងមាំនៃសន្តិភាព និងស្ថិរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឱ្យដឹងទៀត ដោយឈរលើមូលដ្ឋាននេះ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយ កម្ពុជាបានសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យមក្នុងរង្វង់៧.៧ភាគរយ ប្រកបដោយបរិយាប័ន្ន និងសមធម៌ហើយបានផ្លាស់ប្តូរពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥ ។ ជាងនេះទៀត អត្រានៃភាពក្រីក្រនៅកម្ពុជាបានធ្លាក់ចុះយ៉ាងគំហុកពី៥៣.២ភាគរយ នៅឆ្នាំ២០០៤ មកនៅត្រឹមក្រោម ១០ភាគរយ នៅឆ្នាំ២០១៩។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តយកចិត្តទុកដាក់ ខ្ពស់ក្នុងការចូលរួមចំណែកជាមួយប្រជាជាតិនានា ក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាព នៅក្នុងតំបន់និងពិភពលោកតាមរយៈការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក លើកទី ២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងមានប្រតិភូមកពីបណ្តាប្រទេសនានាជុំវិញពិភពលោកមកចូលរួមជាង ២.០០០ នាក់។ កិច្ចប្រជុំកំពូលនេះ ធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានី ភ្នំពេញ៕
ដោយ ប៊ុនរិទ្ធ រូបថត៖ ឡាញ់ វិសាល