រដ្ឋមន្រ្ដីក្រសួងទេសចរណ៍៖ ភ្ញៀវទេសចរអន្តរជាតិ សប្បាយរីករាយចិត្តយ៉ាងខ្លាំង ចំពោះសេវានៅលើវេទិកាទេសចរណ៍មុខព្រះបរមរាជវាំង

ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ –ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ភ្ញៀវទេស​ចរ​អន្តរជាតិ ដែលទទួលនូវសេវាបម្រើរបស់ក្រសួងទេសចរណ៍ ក៏ដូចជានៅលើវេទិកា​ក្រសួង​ទេសចរណ៍ នៅមុខព្រះមរមរាជរាំង នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក ពិតជាសប្បាយចិត្តខ្លាំងណាស់។ ការលើកឡើងរបស់​ឯកឧត្ដមរដ្ឋ​មន្រ្ដី​នេះ នៅក្នុងកិចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ​លើវេទិកាទេសចរណ៍ របស់ក្រសួងទេសចរណ៍ ស្ថិតនៅមុខព្រះបរមរាជវាំង។

ឯកឧត្តមបណ្ឌិត ថោង ខុន បានគូសបញ្ជាក់ថា ភ្ញៀវទេសចររអន្តរជាតិដែលដើរនៅ​តាមផ្លូវក៏អាចឡើងទស្សនាលើវេទិកាក្រសួងទេសចរណ៍បានដែរ ហើយជាធម្មតា យើងបាន រៀប​ចំសេវាដោយឥតគិតថ្លៃលើទឹកបរិសុទ្ធ ភេសជ្ជៈជាដើម ព្រមទាំងមានសេវាបកប្រែជា៣​ភាសា គឺអង់គ្លេស បារាំង និងចិនដោយមានទូរទស្សន៍ និងកាសស្តាប់នៅត្រចៀក សម្រាប់​ការបកប្រែភាសាសម្រាប់ពួគគាត់។ ឯកឧត្ដមបន្ថែមថា “ចំពោះភ្ញៀវអន្តរជាតិ ដែលមកតាម​រថ​យន្ត​ទេសចរណ៍នានាត្រូវបានគណៈកម្មការបុណ្យអនុញ្ញាតឱ្យឈប់នៅត្រឹមសណ្ឋាគារ កាំបូឌី​យ៉ាណា រួចយើងមានភ្ញាក់ងារយើងទទួលមកកាន់វេទិកាក្រសួងទេសចរណ៍ ហើយភ្ញៀវអន្តរ​ជាតិនានាសុទ្ធតែបង្ហាញនូវភាពសប្បាយរីករាយជាខ្លាំង សម្រាប់សេវានេះ”។ ឯកឧត្តមរដ្ឋ​មន្រ្ដី​បានរម្លឹកថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក កាលពីឆ្នាំមុន វេទិកានេះផ្ទុកបានមនុស្ស៣០០នាក់ ប៉ុន្តែបើគិតពីភ្ញៀវបរទេសចឡើងចុះគិតត្រឹម ពីម៉ោង១០​ព្រឹក​ដល់ពេលល្ងាច គឺមានចំនួនជាង២.០០០នាក់ ក្នុង១ថ្ងៃៗ។ សម្រាប់ឆ្នាំមុន ពិធីបុណ្យ​ជាតិនេះទទួលបានភ្ញៀវសរុបជាង១លាននាក់ ហើយបើសរុប៣ថ្ងៃ គឺមានភ្ញៀវទេសចរជាង​៤.៥លាននាក់។ ឯកឧត្តមរំពឹងទុកថា ក្នុងឆ្នាំ២០១៩នេះ មិនចាញ់ឆ្នាំ២០១៨កន្លង​ទៅនោះទេ ហើយអាចនឹងកើនឡើងច្រើនជាងឆ្នាំមុនទៀត។ ឯកឧត្ដមបានលើកឡើងថា ចំពោះភ្ញៀវទេស​ចរ​អន្តរជាតិ ដែលទៅចូលរួមទស្សនា នៅលើវេទិកាក្រសួងទេសចរណ៍ជាច្រើននាក់​សុទ្ធតែ​បានបង្ហាញនូវអារម្មណ៍រីករាយជាខ្លាំង នៅក្នុងការចូលរួមព្រះរាជពិធីបុណ្យអុំទុកក្នុងឆ្នាំនេះ ហើយបានសម្តែងភាពកក់ក្តៅចំពោះសេវាបម្រើរបស់មន្ត្រីនៃក្រសួងទេសចរណ៍ផងដែរ។

ឯកឧត្តម គុជ បញ្ញាសា អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍បានប្រាប់ទីភ្នាក់ងារ​សារព័ត៌​មានកម្ពុជា AKP ឱ្យដឹងថា ចំពោះចំនួនភ្ញៀវទេសចរនៅលើវេទិការបស់ ក្រសួងទេស ចរណ៍ សម្រាប់ថ្ងៃទី០២ នៃព្រះរាជពិធីបុណ្យអុំទូក កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ គិតត្រឹមម៉ោង៦.៣០ នាទីរសៀល គឺមានចំនួន ១.៥៤៧នាក់ ថយចុះបន្តិចបន្តួចជាងថ្ងៃទី១ (១.៩៨១នាក់) ដែលភាគច្រើនជាភ្ញៀវទេសចរអឺរ៉ុប ដោយសរុប២ថ្ងៃនេះ គឺមានចំនួនសរុប ៣.៥២៨នាក់ ខណៈថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក ឯកឧត្តមរំពឹងទុកថា ចំនួនភ្ញៀវបរទេសនឹងអាចកើនឡើងវិញ៕

ដោយ ហេង​ ណាលីន

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ