សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាអបអរសាទរថ្ងៃប្រវត្តិសាស្រ្តនៃទិវាបុណ្យ​ឯករាជ្យ​ជាតិ​លើកទី៦៦​ និងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទ

ភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុ​ន សែន បានសរសេរថា នៅព្រឹកថ្ងៃទី ០៩ ខែវិច្ឆិកា ២០១៩ នេះ សម្ដេច និងមន្រ្តីរាជការមក​ពីគ្រប់​ក្រ​សួ​ង​ ស្ថាប័ន​ កងកម្លាំងប្រដាប់អាវុធ​ ប្រជាពលរដ្ឋ​ កូនក្មួយ​សិស្សានុសិស្ស​ បានដង្ហែរ​ព្រះក​រុ​ណា​​ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា​ណា​ចក្រ​កម្ពុ​ជា​ ​ថ្វាយភ្លើងជ័យនៅវិមានឯករាជ្យ នៅក្នុងថ្ងៃប្រវត្តិសាស្រ្តនៃទិវាបុណ្យឯករាជ្យ​ជាតិ​លើកទី ៦៦ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៩) ស្របជាមួយនឹងខួបលើកទី៦៦ឆ្នាំ​នៃការ​បង្កើត​​កង​​យោ​​ធពលខេមរភូមិន្ទ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ថ្ងៃទី០៩​ ខែវិច្ឆិកា ជាថ្ងៃដ៏មានសារៈសំខាន់​បំផុត​​ស​ម្រា​ប់​ប្រទេសកម្ពុជាទាំងមូល ព្រោះជាថ្ងៃប្រវត្តិសាស្រ្តដែលកម្ពុជាទទួលបានឯករាជ្យ ​ពីអា​ណា​និគមបារាំងក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះបរមរតនៈកោដ្ឋ សម្តេ​ច​​ព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ​បាន​លើកឡើងថា ថ្ងៃនេះប្រជាពលរដ្ឋខ្មែរមានតែ​អំណរ​សា​ទ​រ និងក្តីសប្បាយរីករាយចំពោះ​មោទនៈភាពជាតិ ដែលមិនត្រូវឱ្យមានអ្វីមករំខានដល់​សេចក្តី​សុ​ខ និងសន្តិភាពរបស់កម្ពុជា​តទៅទៀតឡើយ។ សម្ដេចតេជោក៏សូមអរគុណដល់បងប្អូនរួមជាតិ ដែល​បាន​​ចូលរួមថែ​រក្សាការពារសន្តិភាពសម្រាប់ប្រទេសយើងមកទល់សព្វថ្ងៃ។ ទន្ទឹមនេះ ដើម្បីអបអរសាទរ​នៅ​ក្នុងខួប៦៦ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៦​ និងខួបនៃការបង្កើតកងយោធពល​ខេម​រ​​ភូមិន្ទ សម្ដេចតេជោក៏សូមអញ្ជើញបងប្អូនទាំងក្នុង និងក្រៅប្រទេសទទួលទានអំបុក ​ដែល​ជានំចំណី​អត្តស​ញ្ញា​ណជាតិខ្មែរយើង នៅក្រោមពាក្យស្លោក “ អំបុកខ្មែរ ថែ ជាតិ សាសនា និងព្រះមហាក្ស​ត្រ​” ​។

គួរ​រម្លឹក​ថា ទិវា​បុណ្យ​ឯក​រាជ្យ​ជាតិ ថ្ងៃ ៩ វិច្ឆិកា ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើ​ម្បី​​​ឧទ្ទិស​ដល់​ព្រះ​រាជ​បូជនីយកិច្ច របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ​ នរោត្តម សី​ហ​នុ​ ព្រះ​បរ​មរ​ត​ន​កោដ្ឋ ដែលព្រះ​អង្គ​ បាន​លះបង់​ព្រះ​កាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀ​វ​​ក្លា​បំផុត ដើ​ម្បី​​តស៊ូ​ក្នុង​ក្របខ័ណ្ឌ នៃ​ព្រះរាជ​បូជនីយកិច្ច ទាមទារ​ឯករាជ្យ ពី​អាណានិគម​បា​រាំង។​ តាម​ប្រ​វត្តិ​សាស្ត្រ បារាំង​បាន​ដាក់​អាណានិគម គ្រប់គ្រង​លើ​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​​ឆ្នាំ​១៨៦៣ រហូ​ត​​ដល់​ថ្ងៃ​ទី០​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ ទើប​ប្រទេស​បារាំង បានប្រកាស​ប្រគល់​ឯករាជ្យ​ពេ​​ញលេញ​ដល់​កម្ពុជាវិញ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ