ភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ — ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងឆ្នាំ២០១៩ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ បានប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង និងទឹកចិត្តត្រេកអររបស់ប្រជាពលរដ្ឋ ដែលមកពីបណ្ដាខេត្តនានា រួមទាំងទេសចរណ៍បរទេសដែលមកចូលរួមយ៉ាងច្រើនកុះករផងដែរ។
នៅឯព្រះពន្លាជ័យខាមុខព្រះបរមរាជវាំងនារសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាទីកន្លែងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនោះ ព្រះរាជពិធីនេះ បានធ្វើឡើងក្រោមព្រះរាជាអធិតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញ ចូលរួមរបស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ នាម៉ឺនសព្វមុខមន្ត្រី រាជវង្សានុវង្ស ឧត្ដមទីប្រឹក្សា ព្រះមហាក្សត្រ អង្គទូតនៃបណ្ដាប្រទេស ជាមិត្តប្រចាំនៅកម្ពុជា ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋមកពីបណ្ដាខេត្តនិងរាជធានីជាច្រើន។ ក្នុងឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានទូកមកពីបណ្ដារាជធានី ខេត្ត ចូលរួមសរុប ២៩៧ទូក ក្នុងនោះមាន ទូកអុំបុរសមាន ១៦៧ទូក ទូកអុំនារី មាន១ទូក។ ទូកចែវបុរសមាន ៣០ទូក ទូកចែវនារីមាន ២ទូក។ ទូកខ្នាតអន្តរជាតិបុរស ៩៥ទូក ទូកខ្នាតអន្តរជាតិនារី ២ទូក ដែលមានអ្នកកីឡាករ កីឡាការិនី សរុបជិត ២ម៉ឺននាក់។ ក្នុងចំណោមទូកទាំង២៩៧ទូក ដែលបានមកចូលរួមប្រកួតនាឆ្នាំនេះ មានទូករបស់រាជធានីភ្នំពេញចំនួន៥០ ទូក ខេត្តកណ្ដាល៧៥ទូក ខេត្ដកំពង់ចាម៤២ ទូក ខេត្ដត្បូងឃ្មុំ ០៩ទូក ខេត្ដកំពង់ធំ១៣ទូក ខេត្ដព្រៃវែង៣៦ទូក ខេត្ដកំពង់ឆ្នាំង២៥ទូក ខេត្ដក្រចេះ១៦ ទូក ខេត្ដតាកែវ០៤ទូក ខេត្តបាត់ដំបង០៣ទូក ខេត្តស្វាយរៀងមាន០២ ទូក ខេត្ដបន្ទាយមានជ័យ០១ទូក ខេត្ដព្រះវិហារ០២ទូក ខេត្តមណ្ឌលគិរី ០១ទូក ខេត្តកំពត០១ទូក ខេត្តកំពង់ស្ពឺ០៣ទូក ខេត្តពោធិសាត់០១ទូក ខេត្តសៀមរាប០១ទូក ខេត្តព្រះសីហនុ០១ទូក ទីស្ដីការគណៈរដ្ឋមន្ត្រី០១ទូក បញ្ជាការដ្ឋានកងទ័ពជើងទឹក០២ទូក បញ្ជាការដ្ឋានកងទ័ពជើងគោក០១ទូក កងរាជអាវុធហត្ថលើផ្ទៃប្រទេសមាន០២ទូក កីឡានគរបាលជាតិ០១ទូក និង វត្តមហោនន្ទិយនេញ្ចរារាមនិវេទ (ហៅវត្តព្រែកប្រាំង)ចំនួន០៣ទូក។
បន្ទាប់ពីការប្រកួតពេញមួយថ្ងៃ ដោយធ្វើការផ្លាស់ប្ដូរខ្សែទឹកក្នុង និងក្រៅរួចមក នៅរាត្រីថ្ងៃដដែលនេះដែរ ជាមួយនឹងការសម្ដែងព្រះទ័យទុកដាក់អបអរសាទរចំពោះកីឡាករ កីឡាការិនី ដែលបានចូលរួមក្នុងការ ប្រណាំងទូកថ្ងៃទីមួយនេះមក ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ បានសព្វព្រះរាជហឫទ័យ ស្ដេចយាងប្រទាន ភ្លើងទៀនជ័យ លើប្រទីបព្រះបរមរាជវាំង ដើម្បីឱ្យប្រទីបដែលមកពីស្ថាប័នចំនួន១៤ ដែលក្នុងនោះមាន ប្រទីបព្រះបរមរាជវាំង ប្រទីបព្រឹទ្ធសភា ប្រទីបរដ្ឋសភា ប្រទីបរាជរដ្ឋាភិបាល ប្រទីបក្រសួងយុត្តិធម៌ ប្រទីបក្រសួងការពារជាតិ ប្រទីបក្រសួងមហាផ្ទៃ ប្រទីបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រទីបក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ប្រទីបក្រសួងពាណិជ្ជកម្ម ប្រទីបក្រសួងទេសចរណ៍ ប្រទីបក្រសួងរ៉ែនិងថាមពល ប្រទីបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងប្រទីបសាលារាជធានី ភ្នំពេញ ចាប់ផ្ដើមចេញដំណើរ បណ្ដែតឡើងតាមដងទន្លេសាប ពីត្បូងទៅជើង ដែលអមដោយពិធីអុជកាំជ្រួច អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទីមួយនេះផងដែរ។ ទន្ទឹមនឹងនេះដែរ នៅរាត្រីថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនេះដែរ ក៏មានការសម្ដែងសិល្បៈ និងការប្រគុំតន្ត្រី របស់ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ និងស្ថានីយទូរទស្សន៍ មួយចំនួន ជូនប្រជាពលរដ្ឋទស្សានាកម្សាន្តនៅរមណីយដ្ឋានវត្តភ្នំ តំបន់អភវឌ្ឍន៍ជ្រោយចង្វារ មជ្ឈមណ្ឌលកោះពេជ្រ និងតាមទីធ្លាសាធារណៈ មួយចំនួនទៀតផងដែរ៕