សម្រង់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ (ផយអជ) ២០១៩-២០២៣

CNV:

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ១]

ជិតខ្លាយទៅជាឆ្អឹងដែកស្បែកស្ពាន់ហើយ។ ខែតុលានិងវិច្ចកានេះ គឺជាខែដែលប្រមូលផ្ដុំការងារ។ ឆ្នាំនេះខែតុលា គឺទៅក្រៅប្រទេសច្រើន អឺរ៉ុបនិងអាស៊ី ហើយប៉ុន្មានថ្ងៃនេះ ៣ ថ្ងៃនៅបាងកក។ មានមួយថ្ងៃនោះពាក់ស្បែកជើងតាំងពីម៉ោង ៦ ព្រឹក ដោះស្បែកជើងវិញម៉ោង ១១ យប់។ ម្សិលមិញសៀមរាប។ ថ្ងៃនេះភ្នំពេញ។ ប៉ុន្តែ ចាប់ពីថ្ងៃស្អែកទៅ សុំទោសមិនបានទទួលទេ។ ឯកសារធ្វើធម្មតា ប៉ុន្តែយើងអស់ពេលហើយ។ ថ្ងៃខាន​ស្អែកចាប់ផ្ដើមចូលដល់បុណ្យជាតិ ហើយចូលបុណ្យអុំទូក បន្ទាប់ទៅត្រូវផែនការទៅបើកការដ្ឋានផ្លូវនៅកំពង់សោម បន្ទាប់ទៅត្រូវហោះទៅកូរ៉េខាងត្បូងទៀត មានជំនួបអាស៊ាននិងកូរ៉េ។ បើសិនជាមិនមានការហ្វឹកហាត់តាំងពីក្មេង ប្រហែលជារត់មិនរួចទេ។ ប៉ុន្តែមិនអីទេ។

[ចប់សេចក្ដីអធិប្បាយ ១]

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមក្នុងពិធី ផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រ អភិវឌ្ឍជាតិ ២០១៩-២០២៣ ដែលបានប្រារព្វឡើងយ៉ាងឱឡារិក នាពេលនេះ ។

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមវាយតម្លៃខ្ពស់និងសូមកោត- សរសើរ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមកិត្តិសេដ្ឋា- បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ព្រមទាំង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងផែនការ ដែលបានរួមគ្នាយ៉ាង សកម្មក្នុងការរៀបចំឯកសារផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩- ២០២៣ ដ៏មានសារៈសំខាន់នេះ ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះ ក្រសួង-ស្ថាប័នញក់ព័ន្ធ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ សង្គមស៊ីវិល និង វិស័យឯកជន ជាពិសេសកម្មវិធីអភិវឌ្ឍសហប្រជាជាតិ(UNDP) មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(UNSPA)  និង មូលនិធិសហប្រជាជាតិដើម្បីកុមារ(UNICEF) ដែលបានសហការ គ្នាផ្តល់ការគាំទ្រយ៉ាងសកម្ម ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ រហូតធ្វើឱ្យសម្រេចបាននូវសមិទ្ធផលដ៏ធំធេងនេះ ។

ថ្ងៃនេះ ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធ- សាស្ត្រអភិវឌ្ឍជាតិ ២០១៩- ២០២៣ គឺជាការឆ្លុះបញ្ចាំងនូវការ ប្តេជ្ញាចិត្តជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្មវិធីនយោបាយអភិវឌ្ឍជាតិ ប្រកបដោយចីរភាព ឆ្លើយតបទៅនឹងបរិការណ៍អភិវឌ្ឍសង្គម- សេដ្ឋកិច្ច បញ្ហាប្រឈម និងកាលានុវត្តភាពទាំងឡាយ ដែលជា បញ្ហារួមរបស់សង្គមជាតិយើង ដើម្បីឈានទៅសម្រេចបាននូវ គោលដៅឤទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា ។

ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៤- ២០១៨ កន្លងមក បានធ្វើឱ្យកម្ពុជាសម្រេចបាននូវសមិទ្ធផលជាច្រើន លើ គ្រប់វិស័យជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់អត្រា ៧% ក្នុង មួយឆ្នាំ ដែលធ្វើឱ្យកម្ពុជាសម្រេចបានឋានៈជាប្រទេសមានចំណូល មធ្យមកម្រិតទាប ហើយមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចជាតិក៏កាន់ តែមានពិពិធកម្មច្រើនឡើង ភាពក្រីក្រត្រូវបានកាត់បន្ថយមកនៅ ត្រឹមក្រោម ១០% និងគម្លាតនៃចំណូលក្នុងចំណោមប្រជាជនស្ថិត ក្នុងកម្រិតទាប តាមរយៈការបែងចែកផលនៃកំណើនសេដ្ឋកិច្ចដល់ ប្រជាជនគ្រប់ស្រទាប់ ជាពិសេសការអនុវត្តគោលនយោបាយ ដំឡើងបៀវត្សមន្ត្រីរាជការ និងប្រាក់ឈ្នួលអប្បបរមាជាមួយនឹងការ គិតគូរពីសុខុមាលភាពរបស់កម្មករ ការតភ្ជាប់បណ្តាញអគ្គិសនី និង បណ្តាញទឹកស្អាតក្នុងតម្លៃទាប ការពង្រីកវិសាលភាពបេឡាជាតិ របបសន្តិសុខសង្គម និងមូលនិធិសមធម៌ ។

ដូច្នេះ ចំណុចស្នូលដែលជាយុទ្ធសាស្ត្រអនុវត្តរួម ហើយដែល កម្ពុជាត្រូវផ្តោតការយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ជាបន្តទៀត រួមមាន ៖

ទី១· ការបន្តពង្រឹងសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដើម្បីលើកកម្ពស់វិធានការច្បាប់ ការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីបង្កើតនូវបរិយាកាសនយោបាយ និងសន្តិសុខ អនុគ្រោះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងរយៈពេលវែង ។

ទី២· ការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចខ្ពស់ រឹងមាំរយៈ ពេលវែង ក្នុងរង្វង់ ៧% និងការកាត់បន្ថយភាពក្រីក្រឱ្យបានកាន់ តែទាបក្រោម ១០% ។

ទី៣·ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រ អភិវឌ្ឍសេដ្ឋកិច្ចជនបទ សំដៅលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ចនៅសហគមន៍ជនបទ តាមរយៈការសម្របសម្រួលរៀបចំផែនការ និងការអនុវត្តកម្មវិធីជាមួយស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើការបង្កើនផលិតភាព និងពិពិធកម្មវិស័យកសិកម្ម ការអភិវឌ្ឍកសិឧស្សាហកម្ម ការស្តារឡើងវិញ និងការកសាង បណ្តាញផ្លូវជនបទ ព្រមទាំងការបណ្តុះបណ្តាលបច្ចេកទេស មុខវិជ្ជាជីវៈ និងសេវាសុខភាពនៅតំបន់ជនបទ ។

ទី៤·ការបន្តពង្រឹងការសម្របសម្រួលពាណិជ្ជកម្ម និងការ ធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងទីផ្សារឤស៊ាន និងក្នុង មហាអនុតំបន់ទន្លេមេគង្គ និងតំបន់អភិវឌ្ឍត្រីកោណកម្ពុជា ឡាវ វៀតណាម និងកម្មវិធីអភិវឌ្ឍនានារបស់ខ្លួនសម្រាប់វិស័យមួយ ចំនួន រួមមានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ផ្លូវថ្នល់ ផ្លូវរថភ្លើង កំពង់ផែ និងព្រលានយន្តហោះ ការអភិវឌ្ឍវិស័យឯកជន ជាពិសេស ការរៀបចំផែនការ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ការសម្របសម្រួលការធ្វើពាណិជ្ជកម្ម និងវិស័យឧស្សាហកម្ម ការ បង្កើតលក្ខខណ្ឌចាំបាច់នានា ដើម្បីធ្វើសមាហរណកម្មសហគ្រាស ធុនតូចនិងមធ្យម ក្នុងវិស័យមិនរៀបរយទៅក្នុងសេដ្ឋកិច្ចរៀបរយ វិញ ។

ទី៥· ការបន្តពង្រឹងសមត្ថភាពស្ថាប័នរាជរដ្ឋាភិបាលតាម រយៈការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញវប្បធម៌ តម្លាភាព និងគណនេយ្យភាព ។ រៀបចំ និងអនុវត្តយុទ្ធសាស្ត្រ អភិវឌ្ឍសមត្ថភាពនៅគ្រប់ស្ថាប័នសាធារណៈឱ្យបានទូលំទូលាយ ដើម្បីធានានូវប្រសិទ្ធភាព នៃសេវាសាធារណៈឱ្យកាន់តែប្រសើរ ឡើង ។

គោលនយោបាយឤទិភាពរបស់រាជរដ្ឋាភិបាលនីតិកាល ទី ៦ នៃរដ្ឋសភា គឺការបង្កើនល្បឿននៃការកែទម្រង់អភិបាលកិច្ច ដើម្បីបន្តធានាឱ្យមានការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចខ្ពស់ ប្រកប- ដោយចីរភាពនិងបរិយាបន្ន ។ បច្ចុប្បន្ន ទោះបីកម្ពុជាមានមូលដ្ឋាន គាំទ្ររឹងមាំយ៉ាងណាក្តី ក៏កម្ពុជានៅមានការងារដែលត្រូវបន្តយក ចិត្តទុកដាក់ និងដោះស្រាយបន្ថែមទៀត ជាពិសេសបញ្ហាប្រឈម មួយចំនួន ដែលមិនទាន់សម្រេចបានស្របតាមផែនការយុទ្ធសាស្ត្រ អភិវឌ្ឍជាតិ ២០១៤-២០១៨ កន្លងមក ។ ទន្ទឹមនេះ កម្ពុជាត្រូវបន្ត អនុវត្តយន្តការនានា ដើម្បីធានាប្រសិទ្ធភាព និងភាពជោគជ័យ ដែលជាកត្តាធានា នូវសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម ការជំរុញវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិឱ្យមានល្បឿនលឿន តាមរយៈការពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យបានទូលំទូលាយជាងមុន ជាមួយនឹងសមត្ថភាពប្រកួតប្រជែងខ្ពស់ ទាំងក្នុងតំបន់និងពិភពលោក ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។

ក្នុងស្មារតីនេះ ដើម្បីសម្រេចបាននូវការអភិវឌ្ឍសង្គម- សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាមផែនការ យុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩-២០២៣ ខ្ញុំសូមផ្តល់អនុសាសន៍ មួយចំនួន ដូចតទៅ ៖

ទី១· ត្រូវបន្តបង្កើនការសម្របសម្រួលគោលនយោបាយ ជាតិជាមួយសហគមន៍ដៃគូអភិវឌ្ឍ អ្នកផ្តល់ហិរញ្ញប្បទាន ដោយ បង្កើនអភិបាលកិច្ច ជំរុញអនុវត្តកម្មវិធីកែទម្រង់លើគ្រប់វិស័យ ប្រកបដោយប្រសិទ្ធភាព តាមរយៈការពួតផ្តុំគ្នាជាប្រព័ន្ធប្រទាក់ ក្រឡាគ្នាតែមួយ និងយោងគ្នាទៅវិញទៅមក ដើម្បីសម្រេចបាន គោលដៅអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច គ្រប់គ្រងធនធានធម្មជាតិ បរិស្ថានឱ្យបានកាន់តែល្អប្រសើរ ។

ទី២· គ្រប់ក្រសួង-ស្ថាប័នញក់ព័ន្ធទាំងអស់ត្រូវរៀបចំ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍតាមវិស័យរៀងៗខ្លួន តាមរយៈការ ពិនិត្យមើលឡើងវិញនូវរាល់គម្រោង ឬ កម្មវិធីកំពុងដំណើរការ ព្រមទាំងគម្រោង ឬ កម្មវិធីថ្មីៗ ដែលនៅបន្តគាំទ្រដោយធនធាន ពីក្នុង និងក្រៅប្រទេស ដើម្បីធានាសង្គតិភាពឤទិភាព ដោយផ្សារ ភ្ជាប់ជាមួយផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩ – ២០២៣ ព្រមទាំងរៀបចំកម្មវិធីវិនិយោគសាធារណៈ តាមរយៈការប៉ាន់ស្មានតម្លៃតាមវិស័យឱ្យបានទាន់ពេលវេលាដើម្បីដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល។

ទី៣· គ្រប់រាជធានី ខេត្ត ត្រូវរៀបចំផែនការយុទ្ធសាស្ត្រ អភិវឌ្ឍខេត្ត រាជធានីរបស់ខ្លួន និងត្រូវគិតគូររៀបចំកម្មវិធីវិនិយោគ សាធារណៈបីឆ្នាំរំកិល ស្របតាមឤណត្តិរបស់ផែនការយុទ្ធ- សាស្ត្រអភិវឌ្ឍជាតិ ២០១៩-២០២៣ ដើម្បីអនុវត្តវិមជ្ឈការ និង វិសហមជ្ឈការ និងការសម្រេចចិត្តលើការស្នើសុំធ្វើវិនិយោគ ដែល បានកំណត់ដោយច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។

ទី៤· ដៃគូអភិវឌ្ឍ ទាំងពហុភាគី និងទ្វេភាគី ព្រមទាំង អង្គការមិនមែនរដ្ឋាភិបាលត្រូវបន្តធានាថា ក្របខណ្ឌនៃជំនួយ សម្រាប់ការអភិវឌ្ឍរបស់ខ្លួនបានតម្រឹម និងតម្រង់ទិសដៅចំ ជាមួយនឹងឤទិភាពទាំងឡាយនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩-២០២៣ ហើយហិរញ្ញប្បទានអភិវឌ្ឍត្រូវបានតម្រឹមជាមួយ នឹងកម្មវិធីវិនិយោគសាធារណៈផងដែរ ។ ដៃគូអភិវឌ្ឍទាំងអស់ ត្រូវធានាថា ធនធានទាំងឡាយដែលត្រូវផ្តល់ទៅអង្គការមិនមែន- រដ្ឋាភិបាលត្រូវសមស្របទៅនឹងឤទិភាព និងគោលដៅអភិវឌ្ឍ ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩-២០២៣ ហើយធនធានទាំងនោះ ត្រូវបានយកទៅប្រើប្រាស់ប្រកបដោយ តម្លាភាព និងការទទួលខុសត្រូវ ។

ទី៥· ក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍទាំងអស់ដែលកំពុង ផ្តល់ហិរញ្ញប្បទានដល់សកម្មភាព កម្មវិធី គម្រោងនានា ត្រូវត្រួត ពិនិត្យ និងវាយតម្លៃយ៉ាងទៀតទាត់ ប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់លើការអនុវត្តផែនការសកម្មភាពកម្មវិធី គម្រោងទាំងនោះ ហើយត្រូវផ្ញើរបាយការណ៍ស្តីពីលទ្ធផល នៃការតាមដានត្រួត ពិនិត្យ និងវាយតម្លៃមកក្រសួងផែនការ ដើម្បីដាក់បញ្ចូលទៅក្នុង ការវាយតម្លៃស្តីពីវឌ្ឍនភាពក្នុងការសម្រេចបានគោលដៅ និង ចំណុចដៅនៃការអភិវឌ្ឍ ដែលមានចែងក្នុងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍជាតិ ២០១៩-២០២៣ 

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ២]

អាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ខ្ពស់សុខទុក្ខកីឡាករ

សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី មុននឹងឈានទៅបញ្ចប់ ខ្ញុំសុំឆ្លៀតឱកាសនេះលើកបញ្ហាមួយចំនួន ព្រោះថាយើងមិនមានពេលដើម្បីនឹងនិយាយនៅមុនពេលវេលាដែលនឹងត្រូវមកដល់។

ទី១៖ ថ្ងៃទី ០៩ (វិច្ឆិកា)នេះ គឺជាថ្ងៃបុណ្យជាតិ។ បន្ទាប់ពីថ្ងៃបុណ្យជាតិហើយយើងមានបុណ្យ ៣ ថ្ងៃបន្តជាប់គ្នាទៀត គឺបុណ្យអុំទូកអកអំបុក សំពះព្រះខែ លយប្រទីប។ សូមឱ្យអាជ្ញាធរគ្រប់លំដាក់ថ្នាក់ដែលបញ្ជូនទូកមកកាន់រាជធានីភ្នំពេញមានការទទួលខុសត្រូវខ្ពស់ ជាមួយនិង(ការមើលថែ)សុខទុក្ខរបស់កីឡាករដែលមកចូលរួមប្រកួតនៅទីក្រុងភ្នំពេញ។ ក្នុងនោះក៏ត្រូវយកចិត្តទុកដាក់ផងដែរជាមួយនឹងការគ្រប់គ្រង ទាំងនៅរាជធានីភ្នំពេញ ក៏ដូចជាកីឡាករ/ការនី សំខាន់កីឡាករ​/ការនីមាន ដែលតិចណាស់ផ្នែកអ៊ំទូក។ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងឱ្យបាននៅក្នុងស្ថានភាពដែលយើង​ជួបប្រទះជារៀងរាល់ឆ្នាំ គឺបញ្ហាជំងឺអេដស៍ ដែលអាចឆ្លងរីករាលដាលនៅក្នុងកាលៈទេសៈនោះ។ ជារៀងរាល់ឆ្នាំក្រសួងសុខាភិបាលបានធ្វើសកម្មភាពច្រើន នៅក្នុងការចែកចាយ ឬការអប់រំ ដែលសុំអំពាវនាវចំពោះកីឡាករទាំងអស់ដែលមកពីផ្ទះមកទីក្រុងភ្នំពេញសូមកុំនាំអេដស៍ពីទីក្រុងភ្នំពេញ ត្រឡប់ទៅអោយប្រពន្ធនៅក្នុងផ្ទះរបស់យើងវិញ … យើងប្រមើលមើលអោយបានច្បាស់។

 ប្រជាពលរដ្ឋមកភ្នំពេញ និងនៅតាមរមណីដ្ឋាននានា កុំចោលសម្រាមខុសកន្លែង

… ជាពិសេសបញ្ហាសម្រាម។ ខ្ញុំបានដឹងថាអភិបាលរាជធានីភ្នំពេញ រួមសហការជាមួយនឹងក្រសួងបរិស្ថាន រួមសហការជាមួយនឹងក្រុមយុវជន មានទាំងក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា អាចឈរជើងនៅតាមបណ្ដារទីតាំងមួយចំនួន … ៤ ថ្ងៃរាប់ទាំងថ្ងៃបុណ្យ គឺសម្រាមច្បាស់ជាមានចំនួនច្រើន។ ដូច្នេះត្រូវរកវិធីគ្រប់គ្រងសម្រាមអោយបានម៉ត់ចត់ នៅក្នុងពេលវេលាដែលយើងមានបុណ្យទាន។ សង្ឃឹមថា ឆ្នាំនេះយើងនឹងធ្វើបានល្អ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់។ សុំអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងដែលមកលេងកំសាន្ត នៅរាជធានីក្ដីក៏ដូចជានៅតាមរមណីដ្ឋាននានាក្ដី សុំមេត្តាអនាម័យកុំទទួលទានហើយបោះ(សំរាម)ទៅទីកន្លែងដែលខ្លួនចង់បោះ។ (យើង)ធុងសម្រាមហើយ (គួរ)ខិតខំទាំងអស់គ្នាអោយ​ក្លាយជាម្ចាស់ប្រទេសដែលមានភាពអនាម័យ និងស្អាតសម្រាប់យើង។

កុំបារម្ភអំពីសន្តិសុខទីក្រុងភ្នំពេញ, ធ្វើសកម្មភាពចំពោះតែមុខសញ្ញា ៩ នាក់តាមសាលដីកាតុលាការ

ខ្ញុំបានលឺដំណឹងថា ដោយសារមានកង្វល់ពីសំណាក់មាតាបិតា ចំពោះកូនជាកម្មករនៅរាជធានីភ្នំពេញ។ មួយចំនួនបានសុំអោយកូនត្រឡប់ទៅផ្ទះ (ត្បិតគាត់)ខ្លាចគេវាយគ្នា។ សុំបញ្ជាក់ត្រឡប់ទៅវិញទៅគ្មានអ្នកណាគេវាយគ្នានៅកណ្ដាលទីក្រុងភ្នំពេញនោះទេ។​ បើធ្វើសកម្មភាព ក៏ធ្វើតែចំពោះមុខសញ្ញា ៩នាក់តែប៉ុណ្ណោះ … ប៉ុន្តែ ៩ នាក់(ហ្នឹង)មិនមកទេ។ កុំឆ្ងល់។ ឥឡូវទៅពន្យារសំបុត្រយន្តហោះចេញពីប៉ារីសមកថ្ងៃ០៩ (វិច្ឆិកា) មិនមែនមកថ្ងៃ ០៧ (វិច្ឆិកា) ឆ្លងកាត់ថៃ ថ្ងៃ០៨ (វិច្ឆិកា) ហើយមកដល់ស្រុកខ្មែរថ្ងៃ ០៩ (វិច្ឆិកា)ទេ។ ថ្ងៃ ១០ (វិច្ឆិកា) បានចេញពីប៉ារីស ហើយមិនប្រាកដថាចេញទេ។ បើគេធ្វើសកម្មភាពក៏គេធ្វើតែមុខសញ្ញាដែលមានសាលដីកាតុលាការតែប៉ុណ្ណោះ។ យើងមិនអាចអត់ឱនអោយបានទេ​។ សុំអរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ជាពិសេសព្រះរាជាណាចក្រថៃ ដែលឯកឧត្តម ប្រាយុទ្ធ ចាន់អូចារ បានចេញមកថ្លែងកាលពិម្សិលមិញ។

ក្នុងរយៈពេលដែលខ្ញុំទៅប្រជុំអាស៊ាន ខ្ញុំក៏បានធ្វើការជាមួយនិងដៃគូទាំងអស់នៅក្នុងអាស៊ាន …​ នេះគឺជាផ្នែកមួយដ៏សំខាន់ដែលចូលរួមចំណែកទៅដល់ស្ថេរភាពរបស់ប្រទេស។ មិនមានការចាំបាច់ដើម្បីនឹងទិញនេះទិញនោះទុក(ទេ)។ ប៉ុន្តែជាទូទៅ នៅតាមទីផ្សារមិនទាន់មានអតិផរណាអីកើតមានឡើងទេ ​គ្មានអ្នកជ្រួលច្របល់ទេ​។ (ពួកនេះ)ខ្លាំងបានតែតាមហ្វេសប៊ុកទេ … ដល់តែដាក់ទៅវិញគឺនៅត្រឹមប៉ុណ្ណឹង … ចាំឈ្លបមកដល់បាងកកហ្នឹង គេអោយត្រឡប់ទៅវិញ។ (ប្រកាស)សុទ្ធតែមកដល់ (នឹង)ដើរចូល។ ដើរចូលប្រទេសថៃ ដើរចូលស្រុកគេតាមចិត្តចង់ឬ? សុទ្ធតែរាប់លាននាក់ហែរមកចាប់ ហ៊ុន សែន ថ្ងៃ ០៩ (វិច្ឆិកា) … មិនមែនខ្យងទេ។ ឥឡូវខ្លះពួននៅភ្នំក្រវាញ។ អ្នកពួននៅភ្នំក្រវាញ ចេញមកកុំទៅពួននៅក្នុងនឹងទៀត​ … មកលេងបុណ្យអុំទូកមក។ កុំធ្វើសកម្មភាព។ គេអត់ធ្វើអីទេ។

ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បន្ទាប់មកផ្តួលរំលំ ធ្វើឱ្យប្រជាជនកម្ពុជាស្លាប់រាប់លាននាក់

ចំណុចនេះ (អ្នកឯង)បានដើរហួសអ្វីដែលជាសិទ្ធបញ្ចេញមតិរបស់អ្នកឯងហើយ។ (អ្នក)ប្រមាថព្រះមហាក្សត្រ ហើយទាមទារចាប់ខ្លួននាយករដ្ឋមន្ត្រី អោយព្រះមហាក្សត្រដាក់រាជ្យ … (ការបញ្ចេញមតិ)នឹងដើរហួសបន្ទាត់ក្រហមហើយ។ អ្នកណាចូលដៃ អ្នកហ្នឹងត្រូវមានទោស … ចេញសារភាពអោយត្រង់ៗមក … ហើយបើមិនចេញទេ ជួបកន្លែងណាគឺចាប់កន្លែងហ្នឹងតែម្តង។ មិត្តភក្តិបរទេស(ក៏គប្បី)ត្រូវយល់ (ថា)នេះយើងខ្ញុំត្រូវគ្រប់​គ្រងសភាពការណ៍មួយចាំបាច់ … ច្រើនពេកហើយ ដែលប្រជាជនកម្ពុជាទទួលនូវការឈឺចាប់ដោយ​សារ​តែពាក្យប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បន្ទាប់មកគឺផ្តួលរំលំ ធ្វើឱ្យប្រជាជនកម្ពុជាស្លាប់រាប់លាននាក់។ ឥឡូវ យើងខ្ញុំមិនអាចជឿតែទៅលើពាក្យ (ដែល)គ្រាន់តែនិយាយ(ថា)ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទេ។ សិទ្ធិមនុស្សពិតប្រាកដគឺសិទ្ធិរស់រានមានជីវិត សិទ្ធិដែលមិនត្រូវទទួលការគំរាមគំហែងដោយការស្លាប់ ឬក៏ត្រូវរបួសដោយសង្គ្រាមនោះទេ។

យើងគោរពដំណើរការប្រជាធិបតេយ្យ … ផ្តល់សិទ្ធិឱ្យអ្នកឈ្នះឆ្នោត … មិនមែនដោយដណ្តើមអំណាច

យើងខ្ញុំទម្រាំរកសន្តិភាពបាន ត្រូវចំណាយសាច់ឈាមរាប់មិនអស់ ដើម្បីធានាឱ្យកម្ពុជាមួយមានការឯកភាពទឹកដីលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត។ បើមិននិយាយទៅដល់ ៥០០ឆ្នាំ ទេ ក៏និយាយត្រឹមតែ ១០០ឆ្នាំ បន្ទាប់ពីបារាំងបានចូលដាក់អាណានិគមនៅកម្ពុជា។ ទឹកដីកម្ពុជា តែងតែមានការបែងចែក ក្រុមប្រដាប់អា​វុធ​តែងតែមានច្រើនក្រុម។ យើងខ្ញុំតែងតែយកជីវិតធ្វើដើមទុន ដើម្បីធានាឱ្យជាតិមួយនេះឯកភាព។ ដូច្នេះ ដោយតម្លៃណាក៏ដោយយើងខ្ញុំ ត្រូវធ្វើសកម្មភាពដោយខានមិនបាន។ យើងខ្ញុំមិនទុកឱ្យប្រជាជនកម្ពុជា ស្លាប់ របួស និងព្រាត់ប្រាសនិរាសដូចអតីតកាល ដែលពួកគេបានធ្វើមកលើយើងខ្ញុំនោះទេ … យើងខ្ញុំគោរពដំណើរការប្រជាធិបតេយ្យ។ យើងខ្ញុំនឹងផ្តល់សិទ្ធិឱ្យអ្នកទាំងឡាយណា ដែលឈ្នះឆ្នោតដោយប្រជាធិបតេយ្យ (និង)មិនមែនមកដណ្តើមអំណាច (តាមរបៀបការ)ប្រកាសមកចាប់ខ្លួន ហ៊ុន សែន នៅថ្ងៃទី ៩ (វិច្ឆិកា នោះទេ)។ ចាំមើលថ្ងៃទី ៩ ហ៊ុន សែន ទៅណា? ថ្ងៃទី ៩ មួយហ្នឹងនៅឯប៉ារីសឯណោះ រឿងអីមកចាប់ ហ៊ុន សែន នៅនេះ។ វាដូចជា(គិតថាខ្លួនមាន)កម្លាំងហ្នឹងវាច្រើនហួស។ បើសិនជាអញ្ចឹងមែន ហ៊ុន សែន មិនអាចដើរធ្វើការបានទេក្នុងពេលប្រជុំអាស៊ាន។ មិនមាននរណាមួយដែលលើកនិយាយអំពីបញ្ហាទាក់ទងជាមួយនឹងរឿងកម្ពុជានោះទេ ទាំងក្នុងក្របខ័ណ្ឌអាស៊ាន​ ទាំងដៃគូអាស៊ាន និងអាស៊ីបូព៌ា … មាននិយាយដល់រដ្ឋ រ៉ាខាញ អំពីបញ្ហា រ៉ូហ៊ីនយ៉ា តែប៉ុណ្ណោះ។ នេះជារឿងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

អញ្ចឹងទេ សូមកុំភាន់ច្រឡំ បងប្អូនទាំងឡាយមកលេងយ៉ាងសប្បាយ ហើយការប្រគំតន្ត្រីមានដូចរៀងរាល់ឆ្នាំ។ អ្វីដែលរឿងបងប្អូនចំណុះទូកហត់បន្តិច គឺទឹកឆ្នាំនេះនៅក្រោម ៤ ម៉ែត្រ។ ឆ្នាំទៅទឹក ៥ ម៉ែត្រ … តែប៉ុណ្ណឹងទេ។ ចំណុះទូករាងហត់បន្តិច ប៉ុន្តែហត់ក៏ត្រូវតែអុំដែរ អាហ្នឹងគឺជាបច្ចេកទេសនៃការអុំទូក។ សូមបញ្ជាក់អំពាវនាវឱ្យចេញសារភាព នៃអ្នកទាំងឡាយដែលជាប់ពាក់ព័ន្ធ ហើយដែលមានក្នុងបញ្ជីរួចទៅហើយ អ្នកឯងមិនអាចទៅណារួចទេ។ អញ្ចឹង ដើម្បីចៀសវាងកុំឱ្យមានបញ្ហាផ្ទាល់ខ្លួន អ្នកឯងចេញមក យើងនឹងសណ្តោសប្រណី ព្រោះអ្នកឯងបានបោះបង់ចោលនូវផែនការក្បត់ទៅហើយ ផែនការរដ្ឋប្រហារទៅហើយ ផែនការផ្ទួលរំលំទៅហើយ យើងអត់មានយកទោសពៃរ៍ទេ។

មិត្តភក្តិបរទេសសូមយោគយល់ចំពោះកម្ពុជា

រឿងហ្នឹងគឺជារឿងមួយ ហើយមិត្តភក្តិបរទេសសូមយោគយល់ចំពោះកម្ពុជា ព្រោះកម្ពុជាគ្មានជម្រើសណាក្រៅតែពីការពារជីវិតប្រជាជន នៅក្នុងសុខសន្តិភាពមួយ ដែលមិនត្រូវឱ្យបំផ្លាញដោយសារក្រុមមនុស្សមួយក្រុមតូច (ដែល)ធ្វើ(ខ្លួន)ឯងសម្បើមជាង សម្តេចព្រះនរោត្តម សីហនុ ទៅទៀត។ កាលសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គយាងចូលមកដល់តំបន់រំដោះនៅក្នុងឆ្នាំ ១៩៧៣ ពេលនោះគ្មានយុទ្ធនាការឃោសនាបែបសព្វថ្ងៃនេះទេ … (ប្រកាសថា)ចូលស្រុក (តែ)យន្តហោះមិនជិះទេ។ ខ្លះថាជិះយន្តហោះ ខ្លះថាជិះកប៉ាល់ទឹក ហើយខ្លះថាជិះដំរី … ឥឡូវបងប្អូនគិតមើលថា មកថ្ងៃ ៧ ដើម្បីឱ្យមកដល់ថៃថ្ងៃ ៨ ថ្ងៃ ៩ ចូលមក ឥឡូវដូរសំបុត្រយន្តហោះចេញថ្ងៃ ៩ ពី សាលដឺហ្គោល មកសុវណ្ណាភូមិបាងកក។ តើវាយ៉ាងម៉េចហ្នឹង? អ្នកគាំទ្រទាំងឡាយជឿជាក់បាន ឬអត់? បន្តិចទៀតនឹងប្រកាសថា នឹងមិនមកទេ ដោយសារថៃមិនឱ្យចូល។ ចុះបើថៃមិនឱ្យចូលម៉េចក៏មិនជិះយន្តហោះមកចុះនៅសៀមរាប ចុះនៅភ្នំពេញ? ម៉េចក៏ចាំបាច់(មក)តាម(ថៃ)ហ្នឹង? ខ្ញុំមិនចង់តមាត់​តកអីទេ ក៏ប៉ុន្តែខ្ញុំចង់ពន្យល់ប្រជាជនឯណេះ។

រឿងវាមិនមែនស្រួលទេណា។ ប៉ុល ពត រួមជាមួយត្រីភាគីវាយរដ្ឋកម្ពុជា។ តាមអ្វីដែលខ្មែរក្រហមនិយាយ ពេលស​ន្និសីទប៉ារីសចាប់ផ្តើមនៅខែ សីហា ឆ្នាំ ១៩៨៩ ពេលនោះ ខ្ញុំទុកមួយក្រុមនៅទីក្រុងប៉ារីស រាប់ទាំង ឯកឧត្តម ចម ប្រសិទ្ធ ដែលនៅក្នុងគណៈកម្មាការទី ៣។ ខ្ញុំត្រឡប់មកប្រទេស ដើម្បីរៀបចំឱ្យកងទ័ពវៀតណាមដកចេញ ជាមួយនឹង ទៀ បាញ់ ត្រូវធ្វើដំណើរទៅទិសពាយព្យ ទៅបាត់ដំបង ទៅបន្ទាយមានជ័យ ទៅសៀមរាម។ ខ្ញុំត្រូវទទួលខុសត្រូវពីរភូមិភាគ។ ពេលនោះខ្មែរក្រេហមបានប្រកាសថាឱ្យតែកងទ័ពវៀតណាម​ដក រដ្ឋាភិបាល ហ៊ុន សែន ប៉ើងដូចក្រដាស។ នេះកម្លាំងប្រដាប់អាវុធខ្មែរក្រហមមិនធម្មតា បូកជាមួយនឹង ហ៊្វុនស៊ីនប៉ិច ឬក៏ហៅថា កងទ័ព អេអិនអេស និងរណស្សិររំដោះប្រជាពលរដ្ឋខ្មែរ។ ប៉ុន្តែសួរថាវាយដួលទេ។ ឥឡូវខ្លួនឯងមកចាប់ ហ៊ុន សែន អីក៏ស្រួលម្លេះ … អ្នកជឿទៀត (ក៏នៅតែ)ជឿដែរ តែជឿតិចតួច … ថ្ងៃ ៩ (វិច្ឆិកា)ហ្នឹង… តើរដ្ឋាភិបាលមួយ ដែលមានរចនាសម្ព័ន្ធពីលើដល់ក្រោម មានកម្លាំងប្រដាប់អាវុធ គេអាចធ្វើឱ្យដួលទេ? អញ្ចឹងបានថា អ្នកដែលមិនយល់គឺមិនយល់ទេ … ប៉ុន្តែដឹងមានមុខសញ្ញាមានអស់ហើយ បើមិនចេញក៏អ្នក​ឯងនឹងរងគ្រោះទៅថ្ងៃក្រោយ។

អ្នកពាក់ព័ន្ធ សូមសារភាព និងចូលមកអុំទុក ទទួលទានអំបុកខ្មែរថែជាតិ …

រឿងនេះមិនមែនចប់ត្រឹមថ្ងៃ ៩ វិច្ឆិកា ទេ។ វានៅមានតភាគ។ ដរាបណា … វាមិនព្រមប្រកាសបញ្ចប់ យើងក៏នៅតែបន្ត។ ដូច្នេះអ្នកគាំទ្រគឺត្រូវតែរងគ្រោះ។ ព្រុសពីក្រៅរបង រួចហើយអ្នកដែលនៅក្នុងរបង អាអ្នកនៅក្រៅរបងវាអត់អីទេ ព្រោះវានៅដេកស្រួលឯណោះ តែអាអ្នកនៅក្នុងរបងបានវាងាប់។ តើសុខចិត្តងាប់តាមវាទេ? មកលេងបុណ្យអុំទូកជាមួយគេទៅ។ បើមិនចេះអុំទូក មកសុំហាត់ហ្វឹកហ្វឺនជាមួយគេ ដើម្បីអុំទូកតែម្តងទៅ អាហ្នឹងបានវាស្រួល។ ស៊ីអំបុក ថ្ងៃ ៩ វិច្ឆិកា ក្រោមពាក្យស្លោក អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ … សូម្បីតែមហាអំណាចដែលមានកងទ័ពធំៗ គេក៏មិនដែលហ៊ានទៅប្រមាថថា … លើកកងទ័ពទៅប្រទេសនេះ​វាយឱ្យបាន(ក្នុង)ប៉ុន្មានម៉ោង(ផង) … នេះហ៊ានដាក់កម្មវិធីចាប់ឯងថ្ងៃ ៩ (វិច្ឆិកា)។ ប៉ុន្តែ ឱ្យតែមក(ចាំមើលថាតើ)អ្នកណាចាប់អ្នកណាពិតប្រាកដ។ ដីការតុលាការមានហើយ។ សមត្ថកិច្ចអនុវត្តច្បាប់ត្រៀមបម្រុង ហើយ … ធ្វើទៅលើតែអ្នកដែលមានដីការតុលាការតែប៉ុណ្ណោះ។

ឆ្នាំនេះ នឹងមានបញ្ហាខ្វះអគ្គិសនីប្រើប្រាស់

បញ្ហាទី២​ ខ្ញុំសុំយកឱកាសនេះសុំទោសទុកជាមុន ឆ្នាំនេះមានបញ្ហាទៀតហើយ។ ឆ្នាំនេះកម្រិតទឹកទន្លេមេគង្គរបស់យើង នៅស្ទឹងត្រែង ក្រចេះ កំពង់ចាម ជាពិសេសនៅស្ទឹងត្រែង ឡើងទៅផុតប្រកាសអាសន្នដល់ទៅ២ ម៉ែត្រ ក្រចេះជិត ២ ម៉ែត្រ កំពង់ចាមជាង ១ ម៉ែត្រ ប៉ុន្តែបែរនៅខេត្តកណ្ដាល ភ្នំពេញ និងចុះទៅព្រៃវែងទឹកអត់ដល់កម្រិតដែលយើងចង់បាន។ ទឹកនៅទីក្រុងភ្នំពេញមានត្រឹមតែ ៩ ម៉ែត្រ ៥០ លើសឆ្នាំទៅបន្តិច។ ប៉ុន្តែនៅពេលដែលវាធ្លាក់ចុះ វាធ្លាក់ទៅរហូតអត់មានឡើងមកវិញបន្តិចណាសោះ … សូម្បីតែព្យាករណ៍ដោយក្រ​សួងធនធានទឹកក៏មិនត្រូវដែរ។ ខ្ញុំបានសួរទៅក្រសួងធនធានទឹកថាបុណ្យអុំទូកថ្ងៃ ១០ វិច្ឆិកា តើទឹកនៅ(កំពស់)ប៉ុន្មាន? (ថា)អាចនៅ ៤ម៉ែត្រ២០។ ឥឡូវ ទឹកនៅក្រោម ៤ម៉ែត្រ បាត់ទៅហើយ។

អ្វីដែលជាការកង្វល់ នៅត្រង់ថា វារីអគ្គិសនីរបស់យើង ចាប់ផ្ដើមខ្វះទឹកទៀតហើយ។ តាមតួលេខដែលឯកឧត្តម ស៊ុយ សែម ផ្ញើអោយខ្ញុំ … គឺម្សិលមិញនេះ ការផលិតអគ្គិសនីរបស់យើងដែលមានកម្លាំងផលិតរហូតទៅដល់ ១,៣២៣ មេកាវ៉ាត់ … មានតែ ១៨៤ ទៅ ៦៨៧ មេកាវ៉ាត់ តែប៉ុណ្ណោះ។ ស្ថានភាពនេះមិនទាន់ដល់ខែប្រាំងផង។​ អគ្គិសនីរបស់យើងនឹងមានបញ្ហាទៀត​។ ពិតហើយ យើងបានបង្កើនថាមពល(ដោយប្រភព)មួយចំនួន ជារោងចក្រដើរដោយធ្យូងថ្ម ដើរដោយពន្លឺព្រះអាទិត្យ និងការនាំចូល។ ខ្ញុំបានជួបឯកឧត្តម ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវអំពីការផ្ដល់ពី ដនសាហុង ២០០ មេកាវ៉ាត់។ ប៉ុន្តែ(កំពស់ទឹកនៅ)ដងសាហុងបច្ចុប្បន្នទាប រុញទួរប៊ីនអត់រួច។ ប៉ុន្តែគាត់ធានាថានឹងរកភ្លើង(ពីប្រភព)ដទៃទៀត អោយយើងបាន២០០ មេកាវ៉ាត់បន្ថែម។ ខ្ញុំថាបងរកពីណាក៏បាន ប៉ុន្តែត្រូវធានារកអោយខ្ញុំ ២០០ មេកាវ៉ាត់។ យើងអាចនឹងស្នើបន្តទិញពីវៀតណាម បន្តទិញពីឡាវ។

ផ្គុំគ្នាការផលិតអគ្គិសនីពីថាមពលទឹក ពន្លឺព្រះអាទិត្យ ធ្យូងថ្ម ឧស្ម័ន និងឥន្ធនៈ

ខ្ញុំបានជម្រាបជូនបងប្អូនកាលពីពេលមុនថា (ម៉ាស៊ីនផលិត)អគ្គិសនីដែលយើងទិញ … ​ដើម្បីត្រៀមបម្រុងដោះស្រាយ(សំរាប់តម្រូវការនៅ)ទីក្រុងភ្នំពេញ ៤០០ មេកាវ៉ាត់ តាមការគ្រោងទុក នៅចុងខែមេសា អាចរួច(រាល់ហើយ)។ យើងបានចេញលុយជិត ៤០០ លានដុល្លារ ទិញម៉ាស៊ីនអគ្គិសនីពីអាល្លឺម៉ង់ចំនួន ២០០ ម៉េកាវ៉ាត់ ទិញពីហ្វាងឡង់ចំនួន ២០០ មេកាវ៉ាត់ សរុបចំនួន ៤០០មេកាវ៉ាត់ យកមកដាក់ជាប់នៅ(ស្រុក)ល្វាឯម។ កាលណាខ្វះភ្លើង រុញចរន្តចូលទីក្រុងភ្នំពេញភ្លាម។ ខ្វះ ១០ (មេហ្គាវ៉ាត់) បញ្ចេញ ១០ (មេហ្គាវ៉ាត់) … ខ្វះ ១០០ (មេហ្គាវ៉ាត់) បញ្ចេញ ១០០ (ព្រោះយើងមាន)រហូតដល់ ៤០០ មេកាវ៉ាត់។ យើងអាចធានាថាភ្នំពេញមិនត្រូវកាត់ភ្លើងទេ ក៏ប៉ុន្តែការរៀបចំវាត្រូវការពេល។ យើងបានបញ្ជាទិញនៅក្នុងខែ ០៦ ឬខែ០៧ ដែលយើងចុះកុងត្រា។ ត្រូវការពេលដើម្បីតំឡើង។

(សំរាប់ទីតាំងតម្លើង) ដីពេលនោះយើងបានដោះស្រាយហើយ ប៉ុន្តែស្រាប់តែមានគណៈប្រតិភូគណបក្សនៅក្នុងក្រុមឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ទៅលើករឿងនឹង។ ខ្ញុំក៏មិនបានពិនិត្យ ព្រោះ ឈឹម ផលវរុណ និង ប៊ិន ឈិន ចេះតែដាក់ទៅ ថាទុកអោយអាជ្ញាធរដោះស្រាយទំនាស់ដីធ្លីចុះទៅដោះ។ ករណីហ្នឹង ត្រូវចេញអស្សាមីរណ៍ដោះ … ឥឡូវយើងនៅតែខិតខំ។ ខ្ញុំសុំផ្ដល់យោបល់ឯកឧត្តម​ ស៊ុយ សែម អាចនឹងបង្កើនការធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីអោយអគ្គិសនីរបស់យើង ៤០០ មេកាវ៉ាត់ អាច(រួចរាល់)លឿនជាងមុន។ កុំធ្វើការតែថ្ងៃ យើងធ្វើការទាំងថ្ងៃទាំងយប់ដាក់វេនគ្នា។ បង្កើនចំនួនកម្មករដើម្បីចូលធ្វើការ … ព្រោះការកាត់ភ្លើងនៅទីក្រុងភ្នំពេញលំបាកណាស់។ សូមអំពាវនាវចំពោះម្ចាស់សណ្ឋាគារទាំងឡាយដែលមានម៉ាស៊ីនខ្លួនឯង នៅពេលដែលមានការចាំបាច់ ហើយត្រូវកាត់ភ្លើងត្រូវប្រើប្រាស់ម៉ាស៊ីននឹងបណ្ដោះអាសន្នសិន ទម្រាំដល់រដ្ឋរឹងដៃរឹងជើង … យើងផ្គត់ផ្គង់(ចរន្តបម្រុង)នេះចូល។ ចាប់ពីខែឧសភាទៅ យើងដោះស្រាយបានបញ្ហា។ មិនមាន​ការកាត់ភ្លើងទេ ព្រោះ ៤០០ មេកាវ៉ាត់ អាចគ្រប់គ្រាន់ …. សូម្បីតែ(ថាការ)ផ្គត់ផ្គង់ពីខាងក្រៅចូលមករាជធានីភ្នំពេញ បានត្រឹម ៣០% ឯ​៧០% ទៀត(បំពេញ)ដោយកម្លាំងម៉ាស៊ីនប្រើប្រាស់ប្រេងខ្មៅ (ក៏ដោយ) …

នេះជាចំណុចដែលយើងត្រូវមើលឃើញទុកអោយហើយ។ ខ្ញុំសុំអភ័យទោស សុំការអធ្យាស្រ័យ (តែ)កត្តាធម្មជាតិវាដូច្នេះឯង។ វារីអគ្គិសនី កាលណាអត់ទឹកគឺវាអត់ដើរ។ ហ្នឹងម្ខាង។ ដល់ពន្លឺព្រះអាទិត្យមានពន្លឺទើបវាមានភ្លើង ដល់អស់ពន្លឺភ្លើងវាតិចដែរ។ រឿងវាអញ្ចឹងបានជាត្រូវផ្គុំគ្នា រវាងវារីអគ្គិសនី ពន្លឺព្រះអាទិត្យ និងម៉ាស៊ីនប្រើដោយធ្យូងថ្ម ប្រើដោយឧស្ម័ ននិងប្រើប្រេងឥន្ធនៈ។ នេះជាបញ្ហាមួយដែលត្រូវដោះស្រាយ ដែលសុំអធ្យាស្រ័យទុកជាមុន ហើយសុំប្រកាសអោយការខិតខំរបស់យើងបន្តទៀត។

ទិវាហូបអំបុក ធ្វើអោយអំបុក ដូង ចេក​ ទឹកត្នោត ស្ករផែនឡើងថ្លៃ

មួយទៀតការប្រមូលផលកសិកម្មរដូវវស្សាក៏បានចាប់ផ្ដើមជាមួយនឹងស្រូវប្រាំងកំពុងបន្តធ្វើ។ ឆ្នាំនេះក៏យើងធ្វើលើសផែនការកំណត់។ បើទោះបីមានបុណ្យមានទានយ៉ាងម៉េច ក៏យើងនៅតែបន្តការខិតខំទៅលើវិស័យកសិកម្មរបស់យើងជាបន្តទៀត​។ ស្រូវឆ្នាំនេះក៏សម្បូរណ៌ ហើយអំបុកឆ្នាំនេះក៏សម្បូរដែរ។ ទិវាអំបុកធ្វើអោយ​អំបុកឡើងថ្លៃ ដូងឡើងថ្លៃ ចេកឡើងថ្លៃ ទឹកត្នោតក៏ឡើងថ្លៃ ព្រោះទឹកត្នោតជាមួយអំបុកចំណាប់តើ។ ស្ករផែនក៏ឡើងថ្លៃដែរ។ ខ្ញុំគិតថាគួរធ្វើនំអន្សមឬគួរធ្វើអី? ទីចុងបំផុតចំពេលនឹងស៊ីអំបុក ហើយអំបុកមិនមែនត្រូវការស្រូវក្នុងជង្រុកមកទេ​ គឺត្រូវការស្រូវថ្មីដាក់មកឈ្ងុយតែម្ដង។ សូមអំពាវនាវចំពោះចំណុះទូកទាំងឡាយមុនមកអុំទូក ត្រូវគិតមើលស្រូវអោយហើយចាំមក បើមិនអញ្ចឹងទេ អុំទូករួចហើយទៅវិញស្រូវស្កក។ អ្នកមកអុំទូក ភាគច្រើនគាត់ធ្វើស្រូវប្រដេញទឹក។ មួយផ្នែកណានោះធ្វើស្រូវវស្សា ហើយកំពុងដល់ច្រូតដែរ …។

អាស៊ានមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា

… សុំកុំបារម្ភអំពីសន្តិសុខនៅទីក្រុងភ្នំពេញ។ ការជ្រួលច្របល់ណាមួយវាមិនអាចកើតមានទេ ហើយ ហ៊ុន សែន ក៏មិនមែនជាអ្នកអោយគេចាប់ដែរ។ អ្នកណាចាប់អ្នកណា? រាជរដ្ឋាភិបាលមានច្បាប់ចាប់អ្នកដែលប្រព្រឹត្តខុស។ អញ្ចឹងយើងអត់គម្រាមអ្នកណាទេ​។ ហ្នឹងរឿងច្បាប់ទម្លាប់។ រួចថា ហ៊ុន សែន ភ្លើអញមិនមែនកាន់លិខិតឆ្លងដែនខ្មែរឯណា។ អញកាន់លិខិតឆ្លងដែនបារាំង។ (និយាយ)អញ្ចឹង(អ្នក)នេះលះបង់សញ្ជាតិបាត់ទៅហើយ។ កាន់អីកាន់ទៅ។ ឥឡូវ ជាក់ស្ដែងនៅឥណ្ឌូនេស៊ី និងនៅម៉ាឡេស៊ីយប់មិញនេះ កាន់លិខិត​ឆ្លងដែនអាមេរិកទេ តែគេបណ្ដេញចេញពីស្រុកគេ។ ហើយមិនអោយចូលនៅម៉ាឡេដែរ។ គេសហការជាមួយកម្ពុជា ដែលជារដ្ឋនៅក្នុងក្របខ័ណ្ឌអាស៊ានជាមួយគ្នា ដែលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា។ ខ្ញុំដឹងថាប្រ​ទេសមួយចំនួនមិនអោយចូលទេ។ ប្រទេសនៅក្រៅតំបន់។ តែខ្ញុំមិនចាំបាច់បញ្ចេញឈ្មោះទេ។ គេគ្រាន់តែលួចប្រាប់យើងថាចង់ធ្វើដំណើរទៅប្រទេសគេ តែគេមិនអោយចូល។ គេយល់ …។

[បញ្ចប់សេចក្ដីអធិប្បាយ ២]

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់ឤវុធ និងឤជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន សូមបន្តផ្តល់កិច្ចសហការ និងការគាំទ្រគ្រប់បែបយ៉ាងឱ្យកាន់តែសកម្ម ដើម្បី ក្រសួងផែនការឤចដំណើរការតាមដាន ត្រួតពិនិត្យការអនុវត្តនិង រៀបចំគោលនយោបាយជាតិ ត្រួតពិនិត្យ និងវាយតម្លៃផែនការ យុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩- ២០២៣ ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ។

ជាទីបញ្ចប់ ជាមួយនឹងការប្រកាសផ្សព្វផ្សាយ និងការ ដាក់ឱ្យអនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩- ២០២៣ ជាផ្លូវការ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ