- ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលរដ្ឋមន្ត្រី និងគណៈប្រតិភូ
- ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិនិងអន្តរជាតិ
- ប្រិយមិត្តទាំងអស់ជាទីមេត្រី !
កម្ពុជាពិតជាមានកិត្តិយសខ្ពស់បំផុត ដោយបានធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីឤស៊ាន ក្រោមប្រធានបទ « យុវជន បច្ចេកវិទ្យា និងកំណើន ការធានាឱ្យបាននូវផលលាភបច្ចេកវិទ្យាឌីជីថល និងផលលាភប្រជាសាស្រ្តរបស់ឤស៊ាន » នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រី និងគណៈប្រតិភូ ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញមកដល់ដែនដីចំណាស់មួយនេះនៃតំបន់ឤស៊ាន។
ជាការពិតណាស់ ព្រឹត្តិការណ៍នេះបានកើតឡើងស្របពេលនឹងការប្រារព្ធខួប ៥០ ឆ្នាំ នៃការបង្កើតឤស៊ាន ដែលនឹងផ្តល់ជាវេទិកាសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ទាំងអ្នកនៅក្នុងប្រទេស អ្នកមកពីក្នុងតំបន់ និងអ្នកមកពីក្រៅតំបន់ ដើម្បីពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ អំពីនិន្នាការដែលកំពុងកើតឡើងជុំវិញប្រធានបទធំៗបីសំខាន់ គឺការប្រែប្រួលថ្មីនៃបរិការណ៍សកលលោក ការតភ្ជាប់សេដ្ឋកិច្ចឤស៊ាន និងផលលាភយុវជននៃតំបន់ឤស៊ាន។ ប្រធានបទទាំងនេះ គឺជាកត្តាកំណត់ដំណើរការអភិវឌ្ឍរបស់ឤស៊ានក្នុងពេលអនាគត។ ខ្ញុំមានសេចក្តីរីករាយ ដោយបានសង្កេតឃើញថា វេទិកាពេលនេះទទួលបានការចូលរួមពីសំណាក់អ្នករៀបចំគោលនយោបាយ នាយកប្រតិបត្តិក្រុមហ៊ុនធំៗ ធុរជន និងយុវជនគ្រប់ស្រទាប់យ៉ាងកុះករ មកពីក្នុង និងក្រៅតំបន់ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះឤស៊ាន និយាយជារួម និងនិយាយដោយឡែកចំពោះកម្ពុជា ។ លើមូលដ្ឋាននេះ ខ្ញុំមានជំនឿថា ការពិភាក្សាយើងពិតជាមានលក្ខណៈផុលផុស និងប្រកបដោយភាពប្រាកដនិយម ហើយនឹងផ្តល់ជម្រើសនៃគោលនយោបាយ ក៏ដូចជាវិធានការ និងគម្រោងជាក់ស្តែងនានាដែលឤចអនុវត្តបានសម្រាប់ផលប្រយោជន៍រយៈពេលវែងរបស់ឤស៊ានផងដែរ ។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ក្នុងរយៈពេល ៥ ទសវត្សរ៍កន្លងមកនេះ តំបន់ឤស៊ីអាគ្នេយ៍ បានធ្វើដំណើរឆ្លងកាត់ដំណាក់កាលដ៏ស្មុគស្មាញជាច្រើន ពីតំបន់មួយដែលត្រូវបានបែងចែកជាពីរប្លុក ពីរផ្សេងគ្នា រួមរឹតដោយជម្លោះ ទុក្ខលំបាកវេទនា និងភាពក្រីក្រ មកជាតំបន់មួយដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ រួបរួមគ្នាជាសហគមន៍តែមួយ នៅក្រោមចក្ខុវិស័យតែមួយ គឺ «សហគមន៍ឤស៊ាន» ដែលចារឹកទៅដោយកំណើនសេដ្ឋកិច្ចខ្ពស់ និងការផ្លាស់ប្តូររចនាសម្ព័ន្ធស៊ីជម្រៅ។ លើសពីនេះ ឤស៊ានបានឆ្លើយតបជាវិជ្ជមានចំពោះការដោះស្រាយបញ្ហាប្រឈមនានា ទាំងកម្រិតតំបន់ និងសកលលោក ជាពិសេសបានចូលរួមធានានូវសន្តិភាព សន្តិសុខ សុវត្ថិភាព និងស្ថិរភាព ជូនដល់ប្រជាជាតិនៅក្នុងតំបន់ឤស៊ី និងលើពិភពលោកទាំងមូលផងដែរ។ ទាំងអស់នេះ គឺជាសមាសធាតុផ្សំទាំងឡាយ ដែលបានជួយប្រែក្លាយឤស៊ានឱ្យទៅជាដៃគូយុទ្ធសាស្ត្រមិនឤចខ្វះបាន សម្រាប់តំបន់ផ្សេងៗ ក៏ដូចជាសម្រាប់ប្រទេស ព្រមទាំងអង្គការតំបន់ និងអង្គការអន្តរជាតិនានានៅលើពិភពលោក។
ជាការពិត និន្នាការនៃការផ្លាស់ប្តូរថ្មីនៅក្នុងបរិការណ៍ពិភពលោក ទាំងក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយ ទាំងក្នុងទិដ្ឋភាពភូមិសាស្ត្រសេដ្ឋកិច្ច និងទាំងក្នុងទិដ្ឋភាពចរន្តនយោបាយ-សង្គម រួមមានការកើនឡើងនូវចរន្តប្រឆាំងសកលភាវូបនីយកម្ម និងនិន្នាការការពារនិយម គោលនយោបាយជាតិនិយម និងប្រជាភិថុតនិយម ការឡើងកម្តៅនៃវិវាទនៅតាមតំបន់មួយចំនួន ព្រមទាំងការបន្តថមថយនៃសេដ្ឋកិច្ចពិភពលោក បានបង្កើតឡើងនូវបញ្ហាប្រឈមថ្មីៗជាច្រើន សម្រាប់ដំណើការអភិវឌ្ឍរបស់យើង ទាំងក្នុងកម្រិតតំបន់ និងក្នុងកម្រិតប្រទេសនីមួយៗ។ យ៉ាងណាក៏ដោយ ប្រសិនបើប្រៀបធៀបនឹងតំបន់ផ្សេងទៀត ឤស៊ាននៅតែឤចរក្សាបានយ៉ាងរឹងមាំនូវសន្តិភាព និងសន្តិសុខ ជាមួយកិច្ចសហប្រតិបត្តិការល្អប្រសើរ។ ខណៈដែលសមាហរណកម្មនៅតំបន់មួយចំនួនលើពិភពលោក កំពុងតែជួបប្រឈមនឹងដំណើរត្រឡប់ក្រោយ ឤស៊ានមានការប្តេជ្ញាចិត្តកាន់តែរឹងមាំក្នុងការបន្តដំណើរទៅមុខលើមាគ៌ាសមាហរណកម្មកាន់តែស៊ីជម្រៅ តាមរយៈការកសាងសហគមន៍អាស៊ានផ្អែកលើសសរស្តម្ភទាំងបី គឺសហគមន៍នយោបាយ-សន្តិសុខ សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម-វប្បធម៌ និងតាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយនឹងគ្រប់ដៃគូសំខាន់ៗរបស់ខ្លួន។ ពិតមែនតែឤស៊ាន គឺជាសមាគមតំបន់មួយដែលមានប្រទេស ១០ ចូលរួម ហើយប្រទេសនីមួយៗមានលក្ខណៈខុសៗគ្នា ប៉ុន្តែ បទពិសោធន៍នៃការខិតខំកសាងសហគមន៍ក្នុងរយៈពេលកន្លងមក ដោយផ្អែកលើគោលការណ៍គោរពគ្នាទៅវិញទៅមក ការមិនលូកដៃចូលកិច្ចការផ្ទៃក្នុង ការសម្រេចចិត្តដោយកុងសង់ស៊ុស និងការផ្តល់ភាពទន់ភ្លន់ ដើម្បីទាំងអស់គ្នាឤចចូលរួមបានក្នុងគ្រប់កិច្ចដំណើររបស់ឤស៊ាន ដែលត្រូវបានគេនិយមហៅថាជា «ផ្លូវឤស៊ាន» នោះបានបង្ហាញឱ្យយើងឃើញច្បាស់អំពីភាពខ្លាំង និងមូលដ្ឋានគ្រឹះនៃភាពរឹងមាំរយៈពេលយូរអង្វែងរបស់ឤស៊ាន។ លើមូលដ្ឋាននេះ យើងទាំងអស់គ្នានឹងបន្តធ្វើសកម្មភាពរួមគ្នាទៅមុខឥតងាករេឆ្ពោះទៅរកគោលដៅតែមួយនៃការកសាងសហគមន៍ឤស៊ាន ដែលមានអត្តសញ្ញាណរួមតែមួយ គឺ «ឯកភាពឤស៊ាននៅក្នុងរូបសណ្ឋានចម្រុះ»។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី!
បច្ចុប្បន្ន ឤស៊ាន គឺជាសេដ្ឋកិច្ចលំដាប់ទី ៣ នៅទ្វីបឤស៊ី និងទី ៧ នៅលើសកលលោក ជាមួយនឹងផលិតផលក្នុងស្រុកសរុបប្រមាណ ២,៦ ទ្រីលានដុល្លារឤមេរិក នៅឆ្នាំ ២០១៦។ ឤស៊ានបានក្លាយជាគោលដៅវិនិយោគដែលមានកំណើនដ៏ឆាប់រហ័សនៅលើពិភពលោក ពោលគឺទទួលបាននូវលំហូរទុនវិនិយោគផ្ទាល់ពីបរទេសប្រមាណ ១១% នៃលំហូរទុនវិនិយោគផ្ទាល់ពីបរទេសសរុបរបស់ពិភពលោកនៅឆ្នាំ ២០១៦ បើប្រៀបធៀបនឹងឆ្នាំ ២០០៧ ដែលមានត្រឹមតែប្រមាណ ៥% ប៉ុណ្ណោះ។ លើសពីនេះ ឤស៊ានក៏បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយរបស់ពិភពលោកផងដែរ ទាំងទេសចរណ៍វប្បធម៌ ទាំងទេសចរណ៍ធម្មជាតិ ដែលមានសុវត្ថិភាពល្អ និងបដិសណ្ឋារកិច្ច ប្រកបដោយស្តង់ដារខ្ពស់។
ដោយសម្លឹងឆ្ពោះទៅមុខ ឤស៊ានបានដាក់ចេញនូវចក្ខុវិស័យប្រកបដោយមហិច្ឆតា ក្នុងការកសាងសហគមន៍សេដ្ឋកិច្ចឤស៊ានឆ្នាំ ២០២៥ ដែលជាសេដ្ឋកិច្ចមានសមាហរណកម្ម និងសិនិទ្ធពលខ្ពស់ ៩ ហើយចរិតដោយលក្ខណៈសម្បត្តិចម្បងៗ ៤ យ៉ាង រួមមាន៖ ទី ១ ជាទីផ្សារ និងមូលដ្ឋានផលិតកម្មរួមតែមួយ ទី ២ ជាតំបន់ប្រកបដោយភាពប្រកួតប្រជែងសេដ្ឋកិច្ចខ្ពស់ ទី ៣ ជាតំបន់ដែលមានការអភិវឌ្ឍប្រកបដោយសមធម៌ និងទី ៤ ជាតំបន់ដែលត្រូវបានធ្វើសមាហរណកម្មពេញលេញចូលទៅក្នុងសេដ្ឋកិច្ចសកល។
ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ខ្ញុំយល់ថា ឤស៊ានចាំបាច់ត្រូវបន្តផ្តោតការយកចិត្តទុកដាក់របស់ខ្លួនទៅលើរបៀបវារៈសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
ទី១ ការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីធានាឱ្យបាននូវសន្តិភាព សន្តិសុខ សុវត្ថិភាព និងស្ថិរភាពយ៉ាងពេញលេញ តាមរយៈការជំរុញលើកកម្ពស់កិច្ចសន្ទនាជិតស្និទ្ធ ការកសាងទំនុកចិត្ត ព្រមទាំងការដោះស្រាយបញ្ហាតំបន់ដោយសន្តិវិធី និងដោយឈរលើគោលការណ៍នៃច្បាប់អន្តរជាតិ។
ទី២ ការបន្តធានាកំណើនសេដ្ឋកិច្ចដ៏រឹងមាំ មានតុល្យភាព ចិរភាព និងបរិយាប័ន្ន ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេស លើការកាត់បន្ថយគម្លាតអភិវឌ្ឍន៍។
ទី៣ ការបន្តជំរុញអនុវត្តឱ្យបានសម្រេចតាមការគ្រោងទុកនូវ «ផែនការមេស្តីពីការតភ្ជាប់ឤស៊ាន ឆ្នាំ ២០២៥» ក្នុងគ្រប់ទិដ្ឋភាព ទាំងការតភ្ជាប់ជារូបវន្ត្ត ការតភ្ជាប់ស្ថាប័ន និងការតភ្ជាប់រវាងមនុស្ស សំដៅលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ភាពរីកចម្រើន បរិយាប័ន្ន និងភាពធន់នៃសេដ្ឋកិច្ចរបស់តំបន់ទាំងមូល។
ទី៤ ការបន្តជំរុញលើកកម្ពស់តួនាទីស្នូលរបស់ឤស៊ាននៅក្នុងកិច្ចសហប្រតិបត្តិការតំបន់ និងការពង្រឹងសមត្ថភាពរបស់ឤស៊ានក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា ទាំងក្នុងកម្រិតតំបន់ ទាំងក្នុងកម្រិតសកល។ ក្នុងនេះ កិច្ចការជាអាទិភាពចំពោះមុខដ៏សំខាន់មួយរបស់ឤស៊ាន គឺការខិតខំជំរុញឱ្យសម្រេចបានឆាប់រហ័សនូវ «កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៃតំបន់» ដែលមានប្រទេសចូលរួមចំនួន ១៦ ហើយមានឤស៊ានជាឆ្អឹងខ្នង មានទីផ្សារប្រមាណ ៣,៤ ទ្រីលាននាក់ ជាមួយនឹងទំហំសេដ្ឋកិច្ចសរុប ២២,៤ ទ្រីលានដុល្លារ ឬប្រហែលនឹង ៣០% នៃទំហំសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០១៥។
ជាមួយគ្នានេះ យើងក៏ត្រូវតែធានាឱ្យបានថា ចក្ខុវិស័យ និងរបៀបវារៈកំណើនដែលត្រូវបានដាក់ចេញមកនេះពិតជាឤចឆ្លើយតបបានប្រកបដោយប្រសិទ្ធភាពទៅនឹងបរិការណ៍ថ្មី នៃការវិវត្តដ៏ឆាប់រហ័សរបស់ពិភពលោក ពិសេសគឺចរន្តដ៏ខ្លាំងក្លា នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ ដែលឤចបង្កើតឡើងនូវជវភាព កំណើនថ្មីមួយចារឹកដោយភាពបត់បែនឆាប់រហ័ស ពឹងផ្អែកលើបច្ចេកវិទ្យាព័ត៌មាន និងទីផ្សារ តែទន្ទឹមនេះក៏ឤចបង្កផលវិបាក និងបញ្ហាប្រឈមជាច្រើនដល់សង្គមជាតិ រួមទាំងផ្នែកនយោបាយ និងសន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ទាំងក្នុងកម្រិតជាតិ និងកម្រិតតំបន់។
គ្មានការសង្ស័យទេថា បដិវត្តន៍បច្ចេកវិទ្យានៅក្នុងដំណាក់កាលថ្មីនេះ និងកំណត់នូវការរីកចម្រើននៃវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទីផ្សារការងារ និងការអប់រំ រួមទាំងប្រព័ន្ធអភិបាលកិច្ច និងសន្តិសុខសង្គមផងដែរ ដែលតម្រូវឱ្យឤស៊ានចាំបាច់ត្រូវគិតគូរពីក្របខណ្ឌគោលនយោបាយសមស្រប ដើម្បីគាំទ្រដំណើរការប្រែប្រួលរចនាសម្ព័ន្ធដែលជំរុញដោយបដិវត្តន៍នេះ។ ក្នុងន័យនេះ ឤស៊ានត្រូវមានរបៀបវារៈសមាហរណកម្មមួយដែលសម្រប តាមនិន្នាការប្រែប្រួលនេះ ដើម្បីចាប់យកឱកាស និងប្រឈមដោះស្រាយផលវិបាកដែលឤចកើតមានជាយថាហេតុ ដោយផ្តោតអាទិភាព ជាពិសេសលើការលើកកម្ពស់គុណភាពនៃការអប់រំ ការបណ្តុះបណ្តាលជំនាញ ការដោះស្រាយបញ្ហាការងារ ការរៀបចំប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាព ព្រមទាំងការដោះស្រាយបញ្ហាវិសមភាពសង្គម និងបញ្ហាសន្តិសុខប្រព័ន្ធអ៊ិនធឺណិតជាដើម។
ក្នុងនាមជាសមាជិកមួយប្រកបដោយស្មារតីទទួលខុសត្រូវនៅក្នុងតំបន់ កម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីរួមចំណែកជាមួយដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការធ្វើកិច្ចការចាំបាច់នានា សំដៅឈានទៅសម្រេចឱ្យបាននូវ «ចក្ខុវិស័យឤស៊ាន ២០២៥ ឆ្ពោះទៅមុខទាំងអស់គ្នា» ដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពយូរអង្វែងសម្រាប់ប្រជាជាតិទាំងអស់នៅក្នុងតំបន់។
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
កម្ពុជាជាសេដ្ឋកិច្ចតូចដែលបើកចំហ។ នេះគឺជាមូលហេតុចម្បងដែលនាំឱ្យយើងផ្តល់សារៈសំខាន់ខ្ពស់ទៅលើការធ្វើសមាហរណកម្ម និងការតភ្ជាប់ក្នុងតំបន់។ ជាលទ្ធផល កម្ពុជាត្រូវបានចាត់ទុកថា ជាសេដ្ឋកិច្ចមួយក្នុងចំណោមសេដ្ឋកិច្ចដែលលូតលាស់ថ្មី ហើយក៏ត្រូវបានចាត់ទុកជាប្រទេសរងគ្រោះដោយសង្គ្រាម ដែលមានភាពជោគជ័យជាងគេ ដោយផ្អែកលើអត្រាកំណើនសេដ្ឋកិច្ចរឹងមាំជាមធ្យម ៧,៦% ប្រចាំឆ្នាំក្នុងចន្លោះពីឆ្នាំ ១៩៩៤ ដល់ ២០១៦ ហើយរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច មានអត្រាអតិផរណាដែលឤចគ្រប់គ្រងបាន មានការគ្រប់គ្រងបំណុល សាធារណៈល្អប្រសើរ សម្រេចបាននូវការកាត់បន្ថយភាពក្រីក្រឆាប់រហ័ស ព្រមទាំងទទួលបាននូវកំណើននៃផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ ៤,៥ ដង ពី ២៨៨ ដុល្លារ នៅឆ្នាំ ២០០០ មកដល់ ១៣០២ ដុល្លារ នៅឆ្នាំ ២០១៦។ ជាការពិត ពាណិជ្ជកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរីកលូតលាស់នៃសេដ្ឋកិច្ចកម្ពុជាក្នុងពេលកន្លងមក។ ការចូលរួមក្នុងសហគមន៍សេដ្ឋកិច្ចឤស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោកបានជួយជំរុញការតភ្ជាប់កម្ពុជានៅនឹងខ្សែចង្វាក់តម្លៃ និងខ្សែចង្វាក់ផលិតកម្ម នៅក្នុងតំបន់ និងពិភពលោក។ សម្រាប់រយៈពេលមធ្យមខាងមុខ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករថា នឹងបន្តភាពរឹងមាំរបស់ខ្លួន នៅក្នុងរង្វង់ ៧,០% ក្នុងមួយឆ្នាំ។ ក្នុងគោលដៅធានាសម្រេចឱ្យបាននូវទស្សនវិស័យរយៈពេលវែងរបស់ខ្លួន ពោលគឺការឈានឡើងទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ កម្ពុជានឹងបន្តជំរុញអនុវត្តដោយឥតងាករេ និងរឹតតែសកម្មឡើង ថែមទៀតនូវគោលនយោបាយសេដ្ឋកិច្ចបើកចំហ តាមរយៈការបង្កើនកិច្ចខិតខំប្រឹងប្រែងតភ្ជាប់ក្នុងគ្រប់រូបភាព និងសមាហរណកម្មខ្លួនកាន់តែស៊ីជម្រៅជាមួយសេដ្ឋកិច្ចតំបន់ និងសកលលោក ព្រមទាំងការបង្កើនល្បឿននៃការកែទម្រង់រចនាសម្ព័ន្ធ ក៏ដូចជា ការកសាងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។
ក្នុងដំណើរអភិវឌ្ឍទៅមុខ កម្ពុជាកំពុងសម្លឹងមើលនិន្នាការ នៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ ដូចប្រទេសដទៃទៀតនៅ ក្នុងតំបន់ដែរ កម្ពុជាកំពុងទទួល និងស្រូបយកយ៉ាងឆាបរ់ហ័ស នូវបច្ចេកវិទ្យាទំនើប ជាពិសេសក្នុងវិស័យឧស្សាហកម្មថ្មីៗ និងក្នុងចំណោមយុវជន។ នៅត្រឹមឆ្នាំ ២០១៦ ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទលើចំនួនប្រជាជនសរុបមានជាង ១២៥% ទន្ទឹមនឹងអ្នកប្រើប្រាសអ៊ី់នធឺណិតមានជាង ៤៧% ដែលធៀបទៅនឹងឆ្នាំ ២០០៨ អ្នកប្រើប្រាស់ទូរស័ព្ទមានតែ ២៥% និងអ្នកប្រើប្រាស់អ៊ីនធឺណិតមានតែ ០.១៣% ប៉ុណ្ណោះ។ សករាជថ្មីនៃបច្ចេកវិទ្យានេះ គឺជាឱកាសមាសសម្រាប់យុវជនកម្ពុជាក្នុងការជំរុញការអភិវឌ្ឍ ឱ្យមានសន្ទុះទៅមុខកាន់តែលឿនថែមទៀត។ ដោយសារហេតុនេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍយុវជន និងបច្ចេកវិទ្យា ពិសេសតាមរយៈគោលនយោបាយកែទម្រង់ប្រព័ន្ធអប់រំ និងការបណ្តុះបណ្តាល ដោយផ្តោតជាពិសេសទៅលើការជំរុញអភិវឌ្ឍជំនាញក្នុងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា គួបផ្សំនឹងការលើកកម្ពស់សហគ្រិនភាព និងការបំពាក់បំប៉នជំនាញទន់ផ្នែកបំណិនជីវិតផង។ លើសពីនេះ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ក៏បានតម្រង់កិច្ចខិតខំប្រឹងប្រែង និងបើកចំហរឱ្យមានការចូលរួមពីវិស័យឯកជន ក្នុងគោលដៅជ្រោមជ្រែងដល់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជាថែមទៀតដែរ។ ក្នុងស្មារតីនេះ ខ្ញុំស្នើឱ្យធុរជនទាំងអស់ ពួតដៃជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាកសាងបរិយាកាសល្អប្រសើរសម្រាប់រៀបចំ និងកសាងវិស័យប្រកបដោយសក្តានុពលនេះ។ កម្ពុជាមានសុទិដ្ឋិនិយម និងយល់ថា «សតវត្សរ៍ឤស៊ី » នឹងអនុញ្ញាតឱ្យឤស៊ាននាំមុខ មិនគ្រាន់តែក្នុងផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឤចនាំមុខនៅក្នុងវិស័យបច្ចេកវិទ្យាផងដែរ។
នៅចុងបញ្ចប់ ខ្ញុំសូមជូនពរវេទិកានេះឱ្យទទួលបានជោគជ័យល្អប្រសើរតាមការរំពឹងទុក និងសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់គ្នាទទួលបាននូវការស្នាក់នៅប្រកបដោយផាសុខភាព និងអនុស្សាវរីយ៍ល្អៗក្នុងដំណើរមកកម្ពុជាលើកនេះ។
ខ្ញុំសូមប្រកាសបើកវេទិកាសេដ្ឋកិច្ចពិភពលោកសម្រាប់ ឤស៊ានឆ្នាំ ២០១៧ ជាផ្លូវការចាប់ពីពេលនេះតទៅ !
សូមអរគុណ !