ប្រធានាធិបតីហុងគ្រី និងលោកជំទាវ អញ្ជើញបំពេញទស្សនកិច្ច នៅខេត្តសៀមរាប

សៀមរាប ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្តម យ៉ាណូស អាឌ័រ (János Áder) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងលោក​ជំទាវ បានអញ្ជើញធ្វើទស្សនកិច្ចនៅខេត្តសៀមរាបចំនួនពីរថ្ងៃ​ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០​ខែតុលាឆ្នាំ២០១៩។ នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមប្រធានាធិបតី និងលោកជំទាវ រួមជា​មួយគណៈប្រតិភូ អមដំណើរដោយមន្រ្តីជាន់ខ្ពស់កម្ពុជា បានអញ្ជើញទៅទស្សនា​ប្រាសាទ​​នៅក្នុងរមណីយដ្ឋានអង្គរ ដើម្បីឈ្វេងយល់ពីប្រវត្តិសាស្ត្រអារ្យធម៌ និងភាពដ៏​អស្ចារ្យនៃសំណង់ប្រាសាទបុរាណខ្មែរ។ ក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចនេះដែរ នៅថ្ងៃទី២៩ ខែតុលានេះ ឯកឧត្ដមប្រធានាធិបតី និងលោកជំទាវបានទៅទស្សនា​ប្រាសាទ​ភិមានអាកាស ប្រាសាទព្រះខ័ន ប្រាសាទបាយ័ន ប្រាសាទអង្គរវត្ដ ស្ថិតនៅតំបន់រមណីយ​ដ្ឋាន​​អង្គរ។ ចំណែកនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមរួមជាមួយគណៈប្រតិភូ​នឹងទៅទស្សនា ប្រាសាទបន្ទាយស្រី សារមន្ទីរជាតិអង្គរ ទស្សនា Artisan D’Angkor និងធ្វើ​ដំណើរចាកចេញពីខេត្តសៀមរាប។

ឯកឧត្ដម យ៉ាណូស អាឌ័រ (János Áder)  និងលោកជំទាវ បានធ្វើដំណើរតាមជើង​យន្តហោះពិសេស មកដល់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប នៅវេលាម៉ោង​១១:១០នាទី ដែលទទួលគារវកិច្ចយ៉ាងស្និទស្នាលជាទីបំផុតពីសំណាក់ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មន្ត្រីរាជការ ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

សូមបញ្ជាក់ថា ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម​ប្រធានាធិបតី​ហុងគ្រី និងលោកជំទាវ បានធ្វើឡើងតបតាមការអញ្ជើញ របស់ព្រះករុណាព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលមាន​រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ។​នៅក្នុងដំណើរ​ទស្សនកិច្ច​នៅកម្ពុជានេះ ឯកឧត្ដម យ៉ាណូស អាឌ័រ (János Áder) ចូលគាល់ព្រះករុណាព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែង ការគួរសម ជាមួយសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួបនេះដែរ ឯកឧត្តម​ប្រធានាធិបតីនៃប្រទេសហុងគ្រី បានបង្ហាញពីការចូលរួមរបស់ហុងគ្រី ជាមួយនឹងការអភិវឌ្ឍ​របស់កម្ពុជាដែល ក្នុងនោះឯកឧត្តមនឹងបញ្ជូនអ្នកជំនាញការរបស់ហុងគ្រី ដើម្បីមកជួយ​កម្ពុជាក្នុងការសិក្សា លើបញ្ហាទឹកស្អាត សំរាម សំណល់រឹង និងសំណល់រាវ និងបញ្ហា​ផ្សេងៗទៀតពាក់ព័ន្ធ នឹងការអភិវឌ្ឍទីក្រុង។ បន្ទាប់ពីការសិក្សាហើយ ក្រុមអ្នកជំនាញរបស់​ហុងគ្រី​នឹងផ្ដល់ជូននូវបច្ចេកវិទ្យា និងដំណោះស្រាយដើម្បីដោះស្រាយបញ្ហាទឹកស្អាត បញ្ហា​សំណល់រឹងសំណល់រាវនៅកម្ពុជា។ ជាងនេះទៀត ហុងគ្រី នឹងជួយជំរុញការ​អភិវឌ្ឍកម្ពុជា​រយៈពេលវែង ដូចជាការបណ្ដុះបណ្ដាល ធនធានមនុស្ស និងវិស័យសុខភាពផងដែរ៕

ដោយ ឃុត សៅ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ