នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិនឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យឯកឧត្តមMasahiro MIKAMI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម Masahiro MIKAMI ដែលបានមកបំពេញការងារជាឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់អំពីបទពិសោធន៍ការងារការបរទេសដ៏ប៉ិនប្រសប់របស់ឯកឧត្តម Masahiro MIKAMI ថានឹងមានភាពងាយស្រួលដល់ការបំពេញការងារនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការបញ្ជាក់ថា ចាប់ពីនេះតទៅស្ថានឯកអគ្គរដ្ឋទូត សូមធ្វើការទំនាក់ទំនង ជាមួយទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន រួមទាំងកិច្ចការងាររបស់អង្គជំនុំជម្រះវិសាមញ្ញនៃតុការកម្ពុជា (អ.វ.ត.ក) និងអគារមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ( LDC ) ផងដែរ។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានមានប្រសាសន៍បន្ថែមថា កន្លងមកប្រទេសជប៉ុន គឺជាប្រទេសដែលបានផ្តល់ជំនួយជាថវិកាច្រើនជាងគេដែលមានទឹកប្រាក់ចំនួនប្រមាណ ៨៧លានដុល្លារអាមេរិកលើចំនួនសរុប៣១១លានដុល្លារអាមេរិកដល់ អ.វ.ត.ក។ មិនត្រឹមតែប៉ុណ្ណោះទេ កាលពីឆ្នាំ២០១២ រដ្ឋាភិបាលប្រទេសជប៉ុនក៏បានជួយកសាងអគារមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ( LDC ) និង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាអស់ទឹកប្រាក់២,២លានដុល្លារអាមេរិក ហើយកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩កន្លងនេះ ជប៉ុនក៏បានសម្រេចផ្តល់ថវិកាចំនួនប្រមាណជាង២៥១ ០០០ដុល្លាអាមេរិក បន្ថែមទៀត ដើម្បីជួយទ្រទ្រង់គម្រោងការងាររបស់ LDC សម្រាប់រយៈពេល៣ឆ្នាំខាងមុខផងដែរ។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកបេសកកម្មការទូតរបស់ឯកឧត្តម Masahiro MIKAMI នៅកម្ពុជា គឺជាការបន្តមរតករពីឯកឧត្តមឯកអគ្គរដ្ឋទូតមុន និងដើម្បីបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងកម្ពុជា‑ជប៉ុន ឱ្យកាន់តែមានភាពល្អប្រសើរឡើង និងក៏បាន ស្នើសុំឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុន មេត្តាជួយសម្របសម្រួលជាមួយរដ្ឋាភិបាលជប៉ុន ដើម្បីបន្តជួយផ្តល់ទាំងជំនួយឥតសំណង ឬជំនួយជាប្រាក់កម្ចីក្នុងរបៀបជាសម្បទាន ដើម្បីការកសាង និងអភិវឌ្ឍរីកចម្រើនសម្រាប់កម្ពុជាផងដែរ។
ឯកឧត្តម Masahiro MIKAMI ឯកអគ្គរដ្ឋទូតជប៉ុនថ្មី បានសម្តែងនូវការអរគុណយ៉ាងកក់ក្តៅ និងសេចក្តីសោមនស្សរីករាយជាទីបំផុតដែលបានមកធ្វើការជាឯកអគ្គរដ្ឋទូតប្រទេសជប៉ុនប្រចាំកម្ពុជាជាលើកដំបូង។ ប៉ុន្តែទោះយ៉ាងនេះក្តី ឯកឧត្តម Masahiro MIKAMI ក៏បានស្វែងយល់ផងដែរអំពីស្ថានភាពពិតរបស់កម្ពុជា បើប្រៀបធៀបពីពេលកន្លងទៅ គឺ ឯកឧត្តម Masahiro MIKAMI មានប្រសាសន៍ថា កម្ពុជាបច្ចុប្បន្នមានការអភិវឌ្ឍន៍រីកចម្រើនដ៏អស្ចារ្យ និងថា កម្ពុជាគឺជាប្រទេសដ៏ល្អ។
ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនថ្មី បានប្តេជ្ញាចិត្តខ្ពស់ថា នឹងពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរទ្វេភាគីលើវិស័យផ្សេងៗជាច្រើន ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ជាដើមឱ្យកាន់តែរឹងមាំ ក្នុងនោះគាំទ្រដំណើរការរបស់សាលាក្តីខ្មែរក្រហម គឺជាការចូលរួមព្រឹងសន្តិភាព និងនីតិរដ្ឋ និងគាំទ្រ LDC គឺជាការថែរក្សា និងលើកកំពស់កេរដំណែលប្រវត្តិសាស្រ្ត សម្រាប់មនុស្សជំនាន់ក្រោយ។
នៅទីបញ្ចប់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានជូនពរដល់ឯកឧត្តម Masahiro MIKAMI សូមបំពេញបេសកកម្មការទូតនៅកម្ពុជាឱ្យបានសមប្រកបនូវជោគជ័យគ្រប់ប្រការ៕