ភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន លើកទឹកចិត្តឱ្យភាគីកម្ពុជា និងឡាវ យកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការវិនិយោគ ជាពិសេសលើវិស័យអគ្គិសនីបន្ថែមទៀត។
នេះបើយោងតាមការឱ្យដឹង របស់ឯកឧត្ដម អ៊ាង សុផ្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យឯកឧត្តម ខាំផាន់ ភុំម៉ាថាត (Khamphanh Phommathat) សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ក្នុងខណៈ ដែលឯកឧត្ដមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម Khamphanh Phommathat បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីឯកឧត្ដមអគ្គលេខាធិការបក្ស និងនាយករដ្ឋមន្ត្រីឡាវ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមបានលើកឡើងថា ឯកឧត្ដមពុំបានមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេលជាយូរដែរមកហើយៗ នៅពេលនេះឯកឧត្ដមបានឃើញកម្ពុជា មានមុខមាត់ថ្មី និងសម្ដែងនូវការអបអរសាទរ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនម្ពុជា ជាពិសេសសម្ដេចតេជោ ដែលធ្វើឱ្យកម្ពុជាមានសន្ទុះរីកចម្រើនយ៉ាងលឿនជាទីបំផុត និងបានកែប្រែមុខមាត់កម្ពុជា ទៅជាកម្ពុជាថ្មីមួយ។ ឯកឧត្ដមក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តថា ថ្នាក់ដឹកនាំឡាវ ក៏ដូចជាប្រជាជនឡាវផងដែរ បានសម្ដែងនូវការរីករាយ និងអបអរសាទរយ៉ាងខ្លាំង ចំពោះការលើកតម្កើងទំនាក់ទំនងប្រទេសទាំងពីរ ឱ្យទៅជាដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយដំណើរទស្សនកិច្ចរបស់ឯកឧត្ដមមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀត ឱ្យស្របតាមកម្រិតនៃទំនាក់ទំនងនៃប្រទេសទាំងពីរ។ ទន្ទឹមនេះជំរុញការងារដែលបានចុះហត្ថលេខារួចហើយ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ឱ្យមានដំណើរការទៅមុខ និងទទួលបានជោគជ័យ។ ឯកឧត្តម Khamphanh Phommathat ក៏បានជ្រមាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ជាសង្ខេបនូវដំណើរវិវត្តន៍របស់ប្រទេសឡាវ ជាពិសេសលើវិស័យម៉ាក្រូសេដ្ឋកិច្ច និងស្នើសុំការណែនាំ និងអនុសាសន៍រៀនសូត្របទពិសោធន៍របស់កម្ពុជា ពីសម្ដេចតេជោ ហ៊ុន សែន ផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តមអគ្គលេខាធិការបក្ស ក៏ដូចជានាយករដ្ឋមន្ត្រីនៃប្រទេសឡាវ និងអរគុណចំពោះការលើកឡើងនូវវឌ្ឍនភាព និងការវិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា។ សម្ដេចតេជោបានសម្ដែងនូវការរីករាយយ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាពេលកន្លងមក ដែលទាំងនេះ គឺបានចូលរួមលើកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរ (កម្ពុជា-ឡាវ) ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសដើម្បីធ្វើយ៉ាងណាបង្កើនការវិនិយោគបន្ថែមទៀត ដែលក្នុងនោះប្រទេសឡាវក៏បានជំរុញនូវកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ដោយបានផ្គត់ផ្គង់អគ្គិសនីបន្ថែមទៀតមកកាន់កម្ពុជា។
សម្តេចតេជោ ក៏បានលើកទឹកចិត្តធ្វើយ៉ាងណាឱ្យភាគីទាំងពីរ កម្ពុជា-ឡាវ បន្តយកចិត្តទុកដាក់ ក្នុងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ជាពិសេសជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ រួមទាំងវិស័យអគ្គិសនី និងស្នើឱ្យពិនិត្យមើលលទ្ធភាពលើសក្តានុពលផ្សេងទៀតដែលប្រទេសទាំងពីរអាចសហការគ្នាបាន ដើម្បីជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យស្របទៅតាមអ្វីដែលថ្នាក់ដឹកនាំបានលើកឡើងក្នុងកម្រិតទំនាក់ទំនងដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនោះ៕