សម្តេចប្រធានព្រឹទ្ធសភា វាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហុងគ្រី នៅ​កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់​តែល្អប្រសើរថែមទៀត

ភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ — ​សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីនៅកម្ពុជា ពិតជាមានសារៈសំខាន់ជាប្រវត្តិសាស្ត្រក្នុង​ការ​ពង្រឹងពង្រីកចំណងសាមគ្គីភាព​ ​មិត្តភាព និងកិច្ច​សហប្រតិបត្តិការឱ្យកាន់​តែល្អប្រសើរ​ឡើង និងរឹងមាំថែមទៀត ដើម្បីជាគុណប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជា​ជន​ទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។ ការលើកឡើងរបស់សម្តេចប្រ​ធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានេះ ធ្វើឡើងក្នុងឱកាសទទួល​ជួបសវ​នា​ការ​​ជាមួយ ឯកឧត្តម János ADER ប្រធានាធិបតីហុងគ្រី ដែលឯកឧត្តមអញ្ជើញមកបំពេញទស្សន​កិច្ច​ផ្លូវរដ្ឋ​នៅ​ព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធ​​សភា។

ឯកឧត្តមប្រធានាធិបតីហុងគ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធាន​ព្រឹទ្ធសភា ដែលទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូនាឱកាសនេះ។ ឯកឧត្តម ប្រធានាធិបតីហុងគ្រីបានជម្រាបសម្តេចប្រធានព្រឹទ្ធសភាថា នេះជាលើកទីមួយ ជាប្រវត្តិ​សាស្ត្រដែលឯកឧត្តមបានមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ជា​ពិសេស​រយៈពេល៣០ឆ្នាំក្រោយ ដំណើរទស្សនកិច្ចរបស់ប្រមុខ​រដ្ឋ នៃប្រទេស​ហុងគ្រីបាន​មកទស្សនកិច្ចនៅកម្ពុជាបើគិតចាប់តាំងពីឆ្នាំ១៩៩៩មក។ ឯកឧត្តមបានជម្រាបសម្តច​ប្រធាន ថា ក្នុងរយៈពេល៦សប្តាហ៍កន្លងមកនេះ ឯកឧត្តមមានឱកាសបានជួបជាមួយ​នឹងសម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានចំនួនពីរ​លើក។ ក្នុងនោះឯកឧត្តម បានមានកិត្តិយសអញ្ជើញចូលគាល់ព្រះករុណា​ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះម​ហាក្សត្រ នៃព្រះ​រាជាណា​ចក្រកម្ពុជា ដែលក្នុងឱកាស​នោះ ឯកឧត្តមបានថ្វាយនូវលិខិតយាង  ព្រះករុណាជាម្ចាស់ជីវិតលើត្បូង ទៅបំពេញ​ទស្សកិច្ច​ផ្លូវរដ្ឋនៅប្រទេសហុងគ្រី នាពេលវេលាសមស្របណាមួយ។ ជាការឆ្លើយតបព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង បានសព្វព្រះរាជាហប្ញទ័យ​ទទួល​នូវការយាងនេះផងដែរ។

ឯកឧត្តមបានលើកឡើងដែរថា ក្នុងប្រវត្តិសាស្ត្ររយៈពេល៣០ នៃប្រទេសហុងគ្រី និងរយៈ​៣០ប្រទេសកម្ពុជា វឌ្ឍនភាព នៃប្រទេសទាំងពីរមានលក្ខណៈស្រដៀងគ្នា។ ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់ប្រទេសកម្ពុជា មានការវិវត្តខ្លាំង ក្នុងការកំណែទម្រង់រដ្ឋបាលសាធារណៈ  ជាពិសេស ស្ថាប័ននីតិប្បញ្ញត្តិបានដើរតួនាទីយ៉ាងសំខាន់ក្នុងអនុម័តច្បាប់។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានាធិបតី​ហុងគ្រីដែលបាន​ថ្លែងសរ​សើរអំពី ទំនាក់ទំនងមិត្ត​ភាព សាមគ្គីភាព និងកិច្ចសហ​ប្រតិបត្តិ​ការដ៏ល្អប្រពៃរ​វាង​ប្រ​ជាជន នៃប្រទេសទាំងពីរ ក៏ដូចជាការរីក​ចម្រើន​របស់ប្រទេស​កម្ពុជា​នា​ពេល​បច្ចុ​ប្បន្ន។ ជាមួយគ្នានេះ ប្រទេសយើងទាំងពីរមានប្រវត្តិទំនាក់ទំនងការ​​ទូតយូរ​លង់មកហើយ គិតមកដល់ពេលនេះមានរយៈពេល៦៣ឆ្នាំ  ដែលទំនាក់ទំនងការទូតនេះ​​បង្កើត​ឡើងក្រោមស្នាព្រះហស្ត ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតន​កោដ្ឋ” និងថ្នាក់ដឹកនាំហុងគ្រីជំនាន់មុន។ សម្តេចវិបុលសេនាភក្តីបានសម្តែង​​នូវសេចក្តីរីករាយ ដែលបានមើលឃើញនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហ​ប្រតិបត្តិការ​រវាងប្រ​ជាជន និង​ប្រទេស​ទំាងពីរមានការីកចម្រើនជាបន្តបន្ទាប់។ សម្តេចវិបុលសេនាភក្តី បានបន្ថែមថា ការរីកចម្រើននេះស្តែង​ឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹក​នាំ​កំពូល ថា្នក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំជំនាញតាមបណ្តាក្រសួង ស្ថាប័ន​ នៃប្រទេសទាំងពីរ ទៅវិញទៅមក ព្រមទាំងបានឆ្លុះបញ្ចាំងនៃការជួយឧបត្ថម្ភគាំទ្រគ្នាក្នុងក្របខ័ណ្ឌ​កិច្ចសហ​ប្រតិ​បត្តិការអន្តរជាតិផងដែរ។

សម្តេចវិបុលសេនាភក្តីក៏បានថ្លែងអំណរគុណចំពោះការឧបត្ថម្ភគាំទ្រពីប្រទេសហុងគ្រី ដល់​ប្រទេសកម្ពុជាកាលពីអតីតកាល ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាជួបការលំបាក​ដោយ​ទទួល​ការហ៊ុំព័ន្ធខាងសេដ្ឋកិច្ច និងនយោបាយ។  ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលហុងគ្រី ដែលផ្តល់ជំនួយផ្នែកអប់រំជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ន និងបន្តជួយបន្ថែមទៀតនៅពេលអនាគត។ ជំនួយក្នុងវិស័យអប់រំ បានជួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាផង និងបានចូលរួម​សម្រេចនូវយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចាត់​ទុកការអភិវឌ្ឍធនធានមនុស្សជាវិស័យអាទិភាពទីមួយ។ លើសពីនេះទៀត កម្ពុជាមាន​មោទនភាពចំពោះនិស្សិតកម្ពុជាដែលធ្លាប់បានសិក្សានៅប្រទេសហុងគ្រី បានក្លាយជាថ្នាក់​ដឹកនាំ​​សំខាន់ៗ នៅតាមក្រសួងមួយចំនួន។

ឆ្លៀតក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តាំផ្ញើសួរសុខ​ទុក្ខ ជូនឯកឧត្តមប្រធានរដ្ឋសភាហុងគ្រី និងសូមគោរពអញ្ជើញឯកឧត្តមប្រធានរដ្ឋសភាហុងគ្រី ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំភាពជាដៃគូសភា អាស៊ី-អឺរ៉ុប (ASEP) នៅឆ្នាំ២០២០ នៅកម្ពុជា៕

ដោយ ប៊ុនរិទ្ធ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ