ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តតាកែវ

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្ដីប្រចាំការ រដ្ឋមន្រ្ដីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ដើម្បីត្រួតពិនិត្យ គាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

បន្ទាប់ពី ឯកឧត្តម ឈួន ឆាម អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានអានសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារថ្នាក់ជាតិ​ចុះមូលដ្ឋាន ខេត្តតាកែវ ក្នុងការបំពេញបេសកកម្ម ដើម្បីត្រួតពិនិត្យ គាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសមាសភាពសរុបចំនួន១៩៩រូប រួចមក ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ រាជរដ្ឋាភិបាលដែលមាន​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានពុះពារដោះស្រាយការលំបាកគ្រប់បែបយ៉ាងដើម្បីធ្វើឲ្យប្រទេសមានសន្តិភាព ស្ថេរភាព សន្តិសុខ និងសណ្តាប់ធ្នាប់ល្អនៅក្នុងសង្គម។ ដោយផ្អែកលើកត្តាសន្តិភាព ស្ថេរភាពនេះហើយ បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ តាមរយៈការអនុវត្តគោលនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនោះសមិទ្ធិផលជាច្រើនបាននឹងកំពុងជួសជុលស្តារឡើងវិញ និងកសាងថ្មីជាបន្តបន្ទាប់ រួមមាន សំណង់អគារធំៗមន្ទីរពេទ្យ ស្រុកប្រតិបត្តិ មណ្ឌលសុខភាព សាលារៀន វត្តអារាម ស្ពាននិងផ្លូវលំជាដើម។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតកែវ ដែល​បាន​ខិតខំធ្វើសកម្មភាព​តាមតួនាទី និងភារកិច្ច ដើម្បីគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ​ចតុកោណដំណាក់កាលទី៤ រួមចំណែកធ្វើឲ្យសម្រេច​បាននូវសមិទ្ធផលជាច្រើនជាបន្តបន្ទាប់ពិសេសការបង្កើនល្បឿនកំណែទំរង់អភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដោយបានផ្តល់កាលានុវត្តភាពក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានមានប្រសាសន៍បញ្ជាក់ថា ដើម្បីគាំទ្រ និងរួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោ​បាយ និងកម្មវិធីកំណែទំរង់នានារបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦នៃរដ្ឋសភា រាជរដ្ឋាភិបាលបានសម្រេចបន្តចាត់តាំងក្រុមការងា​រថ្នាក់ជាតិ ដើម្បីចុះបំពេញបេសកកម្មតាមមូលដ្ឋានរាជធានី ខេត្ត សំដៅបន្តអនុវត្តកម្មវិធីនយោបាយខាងលើនេះប្រកប​ដោយប្រសិទ្ធភាព នៅគ្រប់មូលដ្ឋានទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ក្នុងការបំពេញបេសកកម្មនៅមូលដ្ឋាន ក្រុមការងារមានតួនាទីលើក​កម្ពស់ការដឹកនាំ សម្របសម្រួល គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការផ្តល់សេវានានា ការអភិវឌ្ឍមូលដ្ឋាន ការដោះស្រាយបញ្ហាប្រឈម​ជូនប្រជាពលរដ្ឋនៅ​មូលដ្ឋាន។ ក្នុងដំណើរការនៃការអនុវត្តការងារ​ក្រុមការងារថ្នាក់ជា​តិគឺជាអ្នកសម្រ​បសម្រួលជាមួយ រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ននីមួយៗដែលមានតួនាទី និងការទទួលខុសត្រូវស្របតាមគោលការណ៍ច្បាប់ដែលបានកំណត់។

ក្រុមការងារពុំមានតួនាទីចាត់ចែងកិច្ចការជំនួស​រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ក្រុមការងារត្រូវដឹកនាំជម្រុញ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាពជំនាញនានា ឲ្យលើកកម្ពស់ក្នុងការបំពេញការងារស្របតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវដែលបានកំណត់។ ក្នុងករណីដែលមានបញ្ហាប្រឈម ដែលមិនអាចដោះស្រាយបាន ក្រុមការ​ងារ​ត្រូវជម្រុញឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការដោះស្រាយ និងធ្វើការតាមដាន ត្រួតពិនិត្យអំពីលទ្ធផល នៃការដោះស្រាយ ដើម្បីរាយការណ៍​ជូនរាជរដ្ឋាភិបាល។ នៅក្នុងឱកសនេះដែរ ឯកឧត្តមប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ បានណែនាំដល់ថ្នាក់ ដឹកនាំខេត្ត និងអស់លោក​នៅតាមបណ្តាក្រុង ស្រុក ត្រូវតែសកម្មក្នុងការបំពេញ​តួនាទីភារកិច្ចរបស់ខ្លួន បង្កើត​នូវសមិទ្ធិផលថ្មីៗបន្ថែមទៀត ក្នុងការអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ហើយយកចិត្តទុកដាក់ការស្វែងយល់ និងចែករំលែកឲ្យគ្នាទៅវិញទៅមកនូវបទពិសោធន៍ នៃការអនុវត្តការងារ និងកំណត់បានអំពីចំណុចសកម្ម ចំណុចខ្វះខាត បញ្ហាប្រឈម និងដាក់ចេញវិធានការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានភូមិ ឃុំ ដែលក្រុមការងារថ្នាក់ជាតិបានចុះជួយស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ឈានទៅកសាង​គ្រប់វិស័យ នៅតាមតំបន់ជនបទឲ្យមានការអភិវឌ្ឍន៍ រីកចំរើនក្នុងសង្គមក៏ ដូចជា ឈានទៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ