ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយ ដែលមកចូលរួមសាជាថ្មីម្ដងទៀត ដើម្បីចែកសញ្ញាបត្រ សម្រាប់និស្សិតសាកលវិទ្យាល័យ បៀលប្រាយ សរុប ៤ ០៣៨ នាក់ ដែលនេះចាត់ទុកថា ជាសមិទ្ធផលថ្មីមួយទៀត សម្រាប់សង្គមជាតិរបស់យើង។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីសម្ដែងជូននូវការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃសាកលវិទ្យាល័យ ដែលបានខិតខំរួមចំណែក ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស។ ដូចដែល ឯកឧត្តម សាកលវិទ្យាធិការ ឌៀប សីហា បានលើកឡើងក្នុងរបាយការណ៍អម្បាញ់មិញសាកលវិទ្យាល័យបានធ្វើសកម្មភាពច្រើន ហើយបើយើងពិនិត្យអំពីតួលេខ នៃចំនួននិស្សិតដែលបានធ្វើការបណ្ដុះបណ្ដាលនៅក្នុងសាកលវិទ្យាល័យនេះ ហើយដែលបានចេញកន្លងទៅ និងថ្ងៃនេះ មានរហូតទៅដល់ ៦៦ ២២០ នាក់។ ក្នុងនោះ មួយផ្នែកទៀតនិស្សិតដែលកំពុងបន្តការសិក្សានៅទីនេះ គឺមានរហូតទៅដល់ ១១ ៤៣៧ នាក់ ទៀតផងដែរ។ នេះចាត់ទុកថា ជាការរួមចំណែកដ៏ធំពីវិស័យឯកជន ក្នុងការរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើង ដែលចំណុចនេះ មិនអាចមើលរំលង ហើយក៏ចាត់ទុកថា ជាគោលនយោបាយអាទិភាពរបស់យើងផងដែរ។
សម័យសង្គ្រាម និងរបបប្រល័យពូជសាសន៍ យុវជនបាត់បង់ឱកាសអប់រំទាំងស្រុង
ខ្ញុំពិតជានៅចងចាំ អំពីអតីតកាលដ៏លំបាករបស់យុវជនសម័យមុន ដែលបានបាត់បង់ឱកាសទាំងស្រុង ឬជិតទាំងស្រុង នូវក្នុងការទទួលបានការអប់រំ និងបណ្ដុះបណ្ដាល ដោយសារតែសង្គ្រាម និងរបបប្រល័យពូជសាសន៍។ ប៉ុន្តែ បន្ទាប់ពីរបបប្រល័យពូជសាសន៍បានផុតរលត់ទៅ យើងបានខិតខំប្រមូលបញ្ញវ័ន្ត ដែលនៅសេសសល់ពីការស្លាប់ និងអតីតនិស្សិត ដែលនៅសេសសល់ពីការស្លាប់ ដើម្បីធ្វើការឡើងវិញ ចាប់ផ្ដើមពីពាក្យថា “អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ” នៅក្នុងស្ថានភាពដែលប្រទេសជាតិមានសន្តិភាពផង និងមានសង្គ្រាមផង។ ពិតមែនតែសន្តិភាពមានចំណែកភាគច្រើន នៃដែនដី និងពេលវេលា។ ឯសង្គ្រាមមានដាច់ដោយដុំ និងពេលវេលាខ្លះតែប៉ុណ្ណោះ។
បវេសនកាលលើកដំបូងនៅឆ្នាំ ១៩៧៩-៨០ ស្ថិតក្នុងស្ថានភាពមួយដ៏លំបាក
ដែលហៅថា ប្រទេសមានសង្គ្រាមហើយនោះ បើទោះបីជាចំណែកភាគច្រើន នៃដែនដី (និង/ឬ)ចំណែកភាគច្រើន នៃពេលវេលាវាមានសន្ដិភាព ឯចំណែកភាគតិច និងពេលវេលា មួយផ្នែកស្ថិតនៅក្នុងសង្គ្រាម ក៏ប៉ុន្តែ ភាពប្រតិសកម្មទៅវិញទៅមក បានធ្វើឱ្យប្រទេសយើងស្ថិតក្នុងស្ថានភាពដ៏លំបាកក្នុងការរើបម្រះខ្លួន។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ វិស័យអប់រំរបស់យើងបានចាប់ដំណើរការបវេសនកាលឆ្នាំ ១៩៧៩-៨០ ពីក្នុងស្ថានភាពមួយដ៏លំបាក។ គិតមកដល់ពេលនេះរយៈពេល ៤០ ឆ្នាំ យើងបានចេញផុតពីស្ថានភាពដ៏លំបាក ហើយបើយើងពិនិត្យ អំពីបញ្ហាធនធានមនុស្សរបស់យើង គឺមិនដូចពេលមុនទេ គ្រាន់តែនៅក្នុងវិស័យអប់រំរបស់យើងៗពិនិត្យឃើញថា នៅអនុវិទ្យាល័យ ឬវិទ្យាល័យ មានគ្រូ ឬសាស្ត្រាចារ្យបរិញ្ញាបត្រប៉ុន្មាននាក់ទៅ ដែលទៅបង្រៀននៅវិទ្យាល័យ? ហើយ ១២+២ ឬ ១២+៤ មានប៉ុន្មាននាក់ទៅ ដែលបង្រៀននៅអនុវិទ្យាល័យ ឬវិទ្យាល័យ? តិចណាស់នៅតាមក្រសួង/មន្ទីរ/ស្ថាប័នថ្នាក់ជាតិ បញ្ញវ័ន្តតិចតួចណាស់។
ទាំងរដ្ឋ និងឯកជន បើចង់ចូលធ្វើការ ទាល់តែបំពេញគ្រប់លក្ខខណ្ឌតម្រូវ
ឥឡូវនេះ បើនិយាយពីក្នុងក្របខណ្ឌមន្ត្រីរាជការរបស់យើង ដែលសូមយកឱកាសនេះ សុំការយោគយល់អំពីបងប្អូនយុវជនមួយចំនួន ដែលចង់ចូលធ្វើការងាររដ្ឋ ក៏ប៉ុន្តែ មិនគ្រប់លក្ខខណ្ឌ ដើម្បីធ្វើការជ្រើសរើស មិនថាតែស្ថាប័នរដ្ឋទេ វិស័យឯកជននៅពេលនេះក៏មានតម្រូវការធនធានមនុស្ស នៅពេលដែលគេដាក់សុំឱ្យមានការប្រឡង ដើម្បីជ្រើសរើសក្របខណ្ឌចូលក្នុងស្ថាប័នណាមួយ ឬចូលក្នុងវិស័យឯកជនណាមួយ គេមានលក្ខខណ្ឌតម្រូវរបស់គេ (ត្រូវ)អាយុប៉ុន្មាន? ហើយមានចំណេះដឹងកម្រិតណា? នៅក្នុងវិស័យមួយចំនួន គេត្រូវការកម្ពស់ប៉ុន្មានទៅទៀត ដើម្បីឱ្យវាស្មើៗគ្នា។ បើនិយាយពីអ្នកបើកយន្តហោះ គេត្រូវការកម្ពស់ ត្រូវការស្អីៗសព្វបែបយ៉ាង។
មិនយល់ស្របចំពោះសំណើត្រួតពិនិត្យសុខភាព អ្នកត្រូវប្រឡងចូលក្របខណ្ឌរដ្ឋ
កន្លងទៅនេះ ខ្ញុំមិនយល់ស្របជាមួយសំណើរបស់ក្រសួងសុខាភិបាល ដែលក្រសួងសុខាភិបាលស្នើឡើង ដើម្បីសុំឱ្យមានការត្រួតពិនិត្យសុខភាព ទៅលើអ្នកដែលត្រូវប្រឡងចូលក្របខណ្ឌរដ្ឋ។ ខ្ញុំមិនយល់ស្រប(ចំពោះសំណើ)ហ្នឹង ព្រោះនេះជាការបង្កើតបន្ទុកបន្ថែម សម្រាប់អ្នកដែលត្រូវប្រឡងចូល។ ក្នុងប៉ុន្មានថ្ងៃមុននេះ ខ្ញុំទាត់ចោលសំណើរបស់ក្រសួងសុខាភិបាលមួយ គេហៅថា ដើម្បីធានាសុខភាពសាធារណៈ ចង់ស្នើឱ្យមានការពិនិត្យសុខភាពទៅលើបេក្ខជនដែលប្រឡងជាប់ ឬបេក្ខជនដែលត្រៀមប្រឡង មុននឹងអនុញ្ញាឱ្យចូលប្រឡង ក្រែងមានជំងឺឆ្លង។ (វា)ហាក់ដូចជាដាក់បន្ទុកបន្ថែមទៅលើបេក្ខជន ដែលត្រូវចូលប្រឡង។ ខ្លួនមានចំណេះដឹងគ្រប់ ស្រាប់តែឧស្សាហ៍ក្អក ដល់ឧស្សាហ៍ក្អក អត់បានជាប់។ ជួនកាលការពិនិត្យសុខភាព ជាការបង្កើតដើម្បីសេវារកលុយ។ អានេះដែលគួរឱ្យខ្លាច។ មិនមែនជំងឺទេ។
អ្វីដែលគួរឱ្យខ្លាច គឺជំងឺពុករលួយ
សុំផ្ដាំទៅក្រសួងសុខាភិបាល បញ្ហាមិនមែនជំងឺទេ អ្វីដែលគួរខ្លាច គឺជំងឺពុករលួយ។ (រឿង)នៅត្រង់អញ្ចេះ ដើម្បីបានសិទ្ធិចូលប្រឡង ចាំបាច់ទៅពិនិត្យសុខភាព។ ចូលទៅបង់លុយតែបន្តិច ចេញសំបុត្រមួយឱ្យទៅបញ្ជាក់(ថាអាច)ចូលប្រឡងបាត់។ (រឿង)ហ្នឹងដែលគួរឱ្យខ្លាចបំផុត។ តែខ្ញុំទាត់ចោល ព្រោះពេលដែលចូលធ្វើការ ពេលមានជំងឺ (ឬ)មានបញ្ហាស្អី ក្រសួងយកចិត្តទុកដាក់ពិនិត្យមើលថែទាំ (ថា)ហ្នឹងត្រូវការព្យាបាលយ៉ាងម៉េចអីយ៉ាងម៉េច។ យើង(មិនមានការ)ចាំបាច់ទៅដាក់លក្ខខណ្ឌថា ត្រូវពិនិត្យសុខភាពសិនមុនចូលប្រឡង។ (ការធ្វើបែប)នេះ (អាចក្លាយ)ជាការបើកកន្លែងដើម្បីរកស៊ី។
មន្ត្រីគ្រប់គ្រងរដ្ឋបាលដែនដីរាជធានី/ខេត្ត ១០០% បញ្ចប់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា
ស្ថាប័ន/ក្រុមហ៊ុនដែលត្រូវជ្រើសរើសបុគ្គលិក គេមានតម្រូវការលក្ខខណ្ឌរបស់គេ។ តម្រូវការថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្ររង ឬបរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត គេមានលក្ខខណ្ឌតម្រូវរបស់គេ។ ដូច្នេះបើសិនជាយើងមិនអាចរៀនទៅដល់ ហើយចេះតែមានមហិច្ឆតាចង់បានការងារ ឬក៏សុំកន្លែងធ្វើការដោយមិនធ្វើការប្រឡងប្រជែង គឺនោះបង្កើតបញ្ហា។ ក្មួយៗក៏មិនត្រូវថ្នាំងថ្នាក់ជាមួយបញ្ហានោះដែរ ព្រោះនេះជាការវិវត្ត នៃសង្គមជាតិរបស់យើង។ ឥឡូវ តាមក្រសួង/ស្ថាប័ននានា អាចថា បើសិនជានៅសេសសល់អ្នកដែលគ្មានមហាវិទ្យាល័យ បើនៅសេសសល់ៗនៅតិចតួច គឺអ្នកដែលមិនទាន់ចូលនិវត្តន៍។ ប៉ុន្តែ ត្រៀមចូលនិវត្តន៍ហើយដែរ។ អ្នកដែលចូលធ្វើការក្នុងសម័យទសវត្សរ៍ ៨០ អាចខ្លះគ្នាមានមធ្យមសិក្សា។ ប៉ុន្តែ គ្មានមហាវិទ្យាល័យទេ … បើនិយាយពីផ្នែកការគ្រប់គ្រងរដ្ឋបាលដែនដីវិញ សម្ដេចក្រឡាហោម ស ខេង បានធ្វើរបាយការណ៍មួយ គឺមកដល់ពេលនេះ ថា្នក់ខេត្ត/រាជធានី ១០០% ទៅហើយ ដែលមានឧត្តមសិក្សា និងក្រោយឧត្តមសិក្សា។ នៅថ្នាក់ស្រុកបន្តិចបន្តួចតែប៉ុណ្ណោះ ដែលមិនទាន់មានកម្រិតឧត្តមសិក្សា។ ចំណុចនេះ គឺជាចំណុចដែលយើងឃើញ អំពីការខិតខំឈានឡើងរបស់យើង។
នៅក្នុងក្របខណ្ឌអាស៊ាន សន្ទុះនៃការអភិវឌ្ឍធនធានមនុស្ស កម្ពុជានៅលើភូមា/មីយ៉ាន់ម៉ា
សន្ទុះនៃការអភិវឌ្ឍនធនធានមនុស្សរៀបចំឡើងដោយស្ថាប័នអន្តរជាតិ ដូចជាធនាគារពិភពលោក បានដាក់យើងនៅខាងក្រោមឯណោះ។ ប៉ុន្តែ នៅក្នុងក្របខណ្ឌអាស៊ាន យើងបាននៅពីលើភូមា/មីយ៉ាន់ម៉ា ហើយប្រសិនបើទីម័រលេស្តត្រូវចូលជាសមាជិកអាស៊ានមួយទៀត គឺយើងអាចនៅលើទីម័រលេស្ត។ នេះវាជារឿង ដែលការដាក់ចំណាត់ថ្នាក់ពីស្ថាប័នអន្តរជាតិ ទៅលើបញ្ហាទាក់ទងជាមួយនឹងការអភិវឌ្ឍមូលធនមនុស្ស ដើម្បីឱ្យដឹង។ ផ្ដើមចេញពីចំណុចនោះ ថវិកាផ្សារភ្ជាប់គោលនយោបាយ សម្រាប់យើង គឺផ្ដោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍធនធានមនុស្ស។
គណបក្សប្រជាជន/ហ៊ុន សែន កាន់អំណាច បន្តមិនយកពន្ធដីស្រែ
ថ្ងៃ សុក្រ ទី ២៥ នេះ គណៈរដ្ឋមន្ត្រីនឹងឆ្លងច្បាប់ ស្ដីពីការគ្រប់គ្រងថវិកា។ ឥឡូវ ចាប់បង្ខំឱ្យរាជរដ្ឋាភិបាលត្រូវធ្វើការកែតម្រូវជាបន្តបន្ទាប់ ព្រោះខ្ញុំនឹងយកគោលជំហរដាច់ខាតមួយលើចំណុចពីរ។ នៅពេលដែលខ្លួនខ្ញុំ ឬគណបក្សប្រជាជនកាន់អំណាច ពន្ធពីរប្រភេទមិនត្រូវបានដាក់ទេ។ ទី ១. ពន្ធលើដីស្រែកសិករ គឺមិនត្រូវបានដាក់ទេ។ ប្រជាកសិករកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៧៩ មក តាំងពីដីនៅរួម រហូតដល់ចែកដីឱ្យប្រជាពលរដ្ឋ គឺរដ្ឋាភិបាលតាំងពីជំនាន់នោះ អត់ដែលយកពន្ធពីប្រជាពលរដ្ឋទេ។ អញ្ចឹង ការបន្តឱ្យរួចពន្ធនេះនៅតែបន្ត នៅពេលណាដែលគណបក្សប្រជាជនបន្តកាន់អំណាច។ ចំពោះគណបក្សផ្សេងខ្ញុំអត់ហ៊ានធានាទេ។ ប៉ុន្តែ គណបក្សប្រជាជនបានធ្វើរយៈពេល ៤០ ឆ្នាំហើយ។ យកពន្ធដីក្នុងក្រុង ព្រោះនេះមិនមែនដីកសិកម្មទេ ហើយ(ដីប្រភេទ)នេះថ្លៃទៀត។ ពន្ធប្រថាប់ត្រាមួយព្រឹប ៥ ម៉ឺន(ដុល្លារអាមេរិក) (ឬ) ១០ ម៉ឺន(ដុល្លារអាមេរិក) ព្រោះគាត់លក់មួយដុំសុទ្ធតែ ២០ លាន(ដុល្លារអាមេរិក)អី។ ហើយ ២០ លាន(ដុល្លារអាមេរិក) អុកត្រាមួយប្រឹបចេញប៉ុន្មានទៅ? ហ្នឹងជាចំណូលមួយដែរ។ ប៉ុន្តែ ពន្ធលើដីកសិកម្មរបស់កសិករ គឺមិនត្រូវបានជាប់ទេ។
រំកិលអត្រាពន្ធលើបៀវត្សរ៍ ជួយសំរួលអ្នកមានបៀវត្សតិច
ឯពន្ធទី ២៖ ពន្ធលើបៀវត្សរ៍ មិនត្រូវបានជាប់ទេ។ អញ្ចឹងទេ បានជារៀងរាល់ឆ្នាំត្រូវរំកិលឡើង។ ពីមុនដាក់តែ ៥០ ម៉ឺនរៀល ជាប់ពន្ធ។ ក្រោយមក ៨០ ម៉ឺនរៀល ត្រូវជាប់ពន្ធ។ ដល់ប្រាក់ខែឡើងដល់ ៨០ ម៉ឺន(រៀល) យើងដាក់ ១ លាន(រៀល) បានជាប់ពន្ធ។ ដល់ឡើងដល់ ១ លាន(រៀល) យើងដាក់ថា ទាល់តែ ១ លាន ២ សែន(រៀល) បានជាប់ពន្ធ។ ឥឡូវ ប្រាក់ខែឡើងលើស ១ លាន ២ សែន(រៀល)។ អញ្ចឹង រៀងរាល់ឆ្នាំត្រូវកែ។ បានសេចក្ដីថា កុំឱ្យអ្នកដែលមានប្រាក់ខែតិចជាងគេជាប់ពន្ធ ព្រោះចំណុចនេះ ជួយសម្រួលទៅដល់អ្នកដែលមានប្រាក់បៀវត្សតិច។ អញ្ចឹង ទាហាន ឬប៉ូលីស ពលទោ មិនត្រូវជាប់ពន្ធអីទាំងអស់? អាចពួកស័ក្តិ ៣ ឬ ៤ អីឡើងទៅអាហ្នឹងជាប់ពន្ធ។ បុគ្គលិករដ្ឋក្របខណ្ឌគ្រូបង្រៀនបឋម (និង/ឬ)គ្រូពេទ្យ (បៀវត្សរ៍)ដែលទាបជាងគេ មិនត្រូវបានជាប់ពន្ធទេ។ ប៉ុន្តែ ខ្ញុំនៅតែពន្យល់ ឧទាហរណ៍ថា៖ ១ លាន ៣០ ម៉ឺនរៀល មិនជាប់ពន្ធទេ។ ប៉ុន្តែ ដល់ទៅ ១ លាន ៣៥ ម៉ឺន(រៀល) ជាប់ពន្ធ។ អញ្ចឹង ស្រាប់តែគិតថាខ្ជិល អញ្ចឹង យកតែ ១ លាន ៣០ ម៉ឺន(រៀល) បានហើយវាអត់ជាប់ពន្ធ។ អត់ទេ។ គេមិនយកទាំង ១ លាន ៣៥ ម៉ឺន(រៀល) យកទៅគិតពន្ធទេ គេយកតែ ៥ ម៉ឺន(រៀល) ទេទៅគិតពន្ធតែប៉ុណ្ណឹងទេ។ ប៉ុន្តែ ខ្ញុំគិតថា ទាំងអស់នេះ សុទ្ធតែជាបញ្ញវ័ន្តហើយ មិនមានការលំបាក(នឹងយល់)ទៅលើបញ្ហានេះទេ។
គ្មានប្រទេសណា ឬស្ថាប័នហិរញ្ញវត្ថុណា ផ្តល់កម្ចីសំរាប់បើកប្រាក់ខែទេ
អញ្ចឹងរឿងនេះ នឹងកើតចេញនៅពេលប្រជុំ។ គ្រាន់តែជម្រាបជូនឱ្យបានដឹងថា ប្រាក់ខែបន្តឡើងក្នុងវិស័យអប់រំ/សុខាភិបាល ដើម្បីផ្ដល់លទ្ធភាពកាន់តែប្រសើរសម្រាប់គ្រូបង្រៀន គ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើង។ អ្នកខ្លះធានាអញ្ចេះ/អញ្ចុះ គេឱ្យលើសយើង ១០ ដងឯណោះ ឱ្យតែគេបានកាន់អំណាច។ ប៉ុន្តែ សួរថា ទៅរកលុយនៅឯណា? ទៅខ្ចីលុយគេ ស្មានតែប្រទេសក្រៅហ្នឹងគេឱ្យលុយយកមកបើកប្រាក់ខែឬអី? អត់ទេ។ គ្មានប្រទេសណាមួយ (ឬ)ស្ថាប័នហិរញ្ញវត្ថុណាមួយចិត្តធម៌ បែរជា(ឱ្យ)យើងទៅខ្ចីលុយគេយកមកបើកប្រាក់ខែ គឺអត់ទេ។ ពឹងពាក់លើចំណូលខ្លួនឯង។ អញ្ចឹងទេ វិស័យអប់រំរបស់យើង (ឬ)ការបណ្តុះបណ្តាលធនធានមនុស្សរបស់យើងនៅតែបន្ត។
ទទួលបានអាហារូបករណ៍ជាង ៣ ពាន់កន្លែង/ឆ្នាំ ជូនសិស្សជួបការលំបាក
ខ្ញុំមានការពេញចិត្តណាស់ជាមួយនឹងវឌ្ឍនភាព ដែលបានកើតឡើង សម្រាប់សាកលវិទ្យាល័យទាំងអស់ និងប្រព័ន្ធអប់រំរបស់យើងទាំងអស់ និយាយជារួម និងនិយាយដោយឡែក ចំពោះសាកលវិទ្យាល័យបៀលប្រាយ ដែលបានកកើតក្នុងរយៈពេលកន្លងទៅនេះ។ ថ្ងៃនេះ តាមរយៈអាហារូបករណ៍ ដែលផ្តល់ឱ្យខ្ញុំ ក៏មាននិស្សិត ដែលបានទទួលអាហារូបករណ៍ហ្នឹង ១៦៩ នាក់។ មើលខ្ញុំចង់ដឹងបន្តិច អ្នកណាខ្លះទៅ ១៦៩ នាក់ ដែលទទួលអាហារូបករណ៍របស់ខ្ញុំចេញពីសាកលវិទ្យាល័យនេះ? សូមក្រោកឈរ។ អង្គុយចុះ។ អាហារូបករណ៍សម្រាប់ បៀលប្រាយ ផ្តល់ឱ្យខ្ញុំចាប់តាំងពីឆ្នាំ ២០០១-២០០២ មកមាន ១ ៤៦៩ កន្លែង។ ប៉ុន្តែ ឆ្នាំនេះ ខ្ញុំទទួលបាន ៣ ៧០៧ កន្លែង។ អញ្ចឹង ក្នុងមួយឆ្នាំៗ គិតជាមធ្យមថា ៣.០០០ នាក់។ អាហារូបករណ៍ ដែលសាកលវិទ្យាល័យនានាបានផ្តល់ឱ្យខ្ញុំ ហើយខ្ញុំក៏អត់យកទៅណាដែរ យកទៅឱ្យនិស្សិតរបស់យើង ដែលគ្នាមានការលំបាក។
ហេតុអ្វីស្ត្រីមិនចូលចិត្តរៀននៅសាកលវិទ្យាល័យ បៀលប្រាយ?
មានចំណុចមួយ តើគួរចាប់អារម្មណ៍ឬទេ នៅត្រង់ថា ហេតុអ្វីទៅបានជាស្រ្តីរបស់យើងមិនចូលចិត្តរៀននៅ សាកលវិទ្យាល័យ បៀលប្រាយ? ក្រសួងអប់រំមានការចាប់អារម្មណ៍ទេ? សាកលវិទ្យាល័យនានាប្រៀបធៀបប្រហាក់ប្រហែលគ្នា។ បរិញ្ញាបត្ររង បរិញ្ញាបត្រ ប្រហាក់ប្រហែលគ្នា។ តួលេខ ៥០%/៥០% ឬខុសត្រូវគ្នាបន្តិចបន្តួច ដល់មកលម្អៀង រវាងបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។ ប៉ុន្តែ សាកលវិទ្យាល័យ បៀលប្រាយ បរិញ្ញាបត្ររង ៩៤១ នាក់ នារីមាន ២៩៣ នាក់ ស្មើនឹង ៣១,១៤%។ បរិញ្ញាបត្រ ២ ៨៤៣ នាក់ នារី ៩៩០ នាក់ ស្មើនឹង ៣៤,៨២%។ បរិញ្ញាបត្រជាន់ខ្ពស់ ២៤៦ នាក់ នារី ៦១ នាក់ ស្មើនឹង ២៤,៨២%។ ថ្នាក់បណ្ឌិត ៨ នាក់ បុរសទាំងអស់។ អញ្ចឹង គួរពិនិត្យមើល តើមកពីអី? បានជាប្រៀបធៀបជាមួយនិស្សិតតាមសាកលវិទ្យាល័យនានា តួលេខប្រហាក់ប្រហែលគ្នាអាបរិញ្ញាបត្ររង និងបរិញ្ញាបត្រ ប៉ុន្តែ បែរជាសាលានេះអត្រាទាប។ មកពីសាស្ត្រាចារ្យរពឹសដៃ ឬយ៉ាងម៉េច បានជាកូនសិស្សនារីមិនសូវចូលរៀន? សុំទោសលោកគ្រូ ឬក៏អាគារហ្នឹងវាខ្ពស់នារីពិបាកឡើង? (រឿង)ហ្នឹង គឺខាងក្រសួងអប់រំជាអ្នកពិនិត្យ។ គួរតែពិនិត្យសិក្សាស្រាវជ្រាវ តើទីកន្លែងធ្វើការ កន្លែងរៀន កន្លែងស្អីហ្នឹងវាយ៉ាងម៉េច បានជានិសិ្សតនារីមិនសូវចូលរៀន(នៅ) បៀលប្រាយ? ហ្នឹងគ្រាន់តែជាអនុសាសន៍ទេ ព្រោះខ្ញុំចាប់អារម្មណ៍លើចំនួននេះ។
ឥឡូវ មើលអ្នកដែលនៅសល់ ដែលកំពុងបន្តការរៀន សរុប ១១ ៤៣៧ នាក់ នារី ៥ ១៥១នាក់ ស្មើនឹង ៤៥,៤% នេះដូចរាងឡើងបន្តិច។ បរិញ្ញាបត្ររងមាន ៤៣,១% កើនឡើង។ បរិញ្ញាបត្រ ៤៦,៧%។ បរិញ្ញាបត្រជាន់ខ្ពស់ ២៩,២៨%។ ថ្នាក់បណ្ឌិត ២៤ នាក់ ជាបុរស។ ខ្ញុំមិនឆ្ងល់ទេរឿងបរិញ្ញាបត្រជាន់ខ្ពស់ ហើយនិងបណ្ឌិតនោះ ព្រោះដល់ដំណាក់កាលចប់បរិញ្ញាបត្រ ស្ត្រីរបស់យើងត្រូវការយកប្តី ដល់អញ្ចឹងទៅ មានកូន/ចៅវាពិបាក។ ប្តីហ្នឹង គឺទុកឱ្យនៅផ្ទះ។ មិនបន្តឱ្យប្រពន្ធមករៀន។ ខ្ញុំមិនឆ្ងល់ទេ។ ប៉ុន្តែ អ្វីដែលគួរឱ្យឆ្ងល់ គឺអត្រាទាបនៅក្នុងបរិញ្ញាបត្ររង និងបរិញ្ញាបត្រ។ អាហ្នឹង គឺជាចំណុចដែលយើងត្រូវជម្រុញទាក់ទងជាមួយនឹងសមភាពយេនឌ័រហ្នឹង ឱ្យបានខ្លាំងបន្តិចនៅក្នុងដំណើរវិវត្តន៍របស់យើង។
អត្រានិស្សិតមានការងារធ្វើក្រោយពីបញ្ចប់ការសិក្សា
បើយើងពិនិត្យ អំពីចំនួនអត្រាដែលមានការងារធ្វើ យើងពិនិត្យមើលក្នុងនេះ បរិញ្ញាបត្ររងមាន(ចំនួន) ៨៤,៣៨%។ បរិញ្ញាបត្រមានចំនួន ៩៤,៨៦%។ បរិញ្ញាបត្រជាន់ខ្ពស់មាន(ចំនួន) ៩៩,១៩%។ បណ្ឌិតមាន(ចំនួន) ១០០%។ ប៉ុន្តែ យើងពិនិត្យនៅក្នុងនេះល្អណាស់ ដែលឱ្យដឹងអំពីព័ត៌មាននេះ។ ក្នុងចំណោមនិស្សិតជ័យលាភី អ្នកមានការងារធ្វើនៅតាមក្រសួង/ស្ថាប័នរដ្ឋ ចំនួន ១៣,០៤%។ អង្គការមិនមែនរដ្ឋាភិបាល ៥,៨%។ គ្រឹះស្ថានឯកជន ចំនួន ៦៩,២%។ អាជីវកម្មផ្ទាល់ខ្លួន ចំនួន ៧,២៥% និងការងារផ្សេងៗទៀត ចំនួន ៤,៧១%។ ការងារផ្សេងៗខ្ញុំមិនដឹងការងារអីទេ ប្រហែលជាការងារក្រៅប្រព័ន្ធក៏មិនដឹង។ ប៉ុន្តែ ការឱ្យដឹងនូវចំណុចនេះគឺល្អ។ ចូលរួមក្នុងផ្នែករដ្ឋ គឺត្រឹមតែជាង ១៣% បន្តិច។ អង្គការមិនមែនរដ្ឋាភិបាលបានស្រូប ៥,៨%។ វិស័យឯកជនស្រូបរហូតទៅដល់ ៦៩,២% ហើយចំណុចដែលគួរឱ្យគត់សម្គាល់ អាជីវកម្មផ្ទាល់ខ្លួន ៧,២៥%។ សំខាន់ណាស់ ព្រោះយកចូលមករដ្ឋខុសគ្នាកាលពីសម័យមុន។
វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល ជួយស្រាយបញ្ហាការងារ
ខ្ញុំព្រះករុណាខ្ញុំ នៅចាំបាន សម័យមុន ដើម្បីអ្នកឯងចូលមហាវិទ្យាល័យបាន ត្រូវចុះកុងត្រាជាមួយរដ្ឋ។ រៀនចប់ហើយត្រូវចូលមកធ្វើការឱ្យរដ្ឋ។ រឿងនេះដោះស្រាយដល់ឆ្នាំ ១៩៩៦ បានចប់។ ឥឡូវ អត់ទេ គឺចង់ចូលការងាររដ្ឋ វាចំណុះទៅលើការផ្តល់ក្របខណ្ឌ ដែលចាំបាច់ត្រូវតែសន្សំសំចៃក្របខណ្ឌ ហើយត្រូវការប្រឡងប្រជែងដ៏តឹងតែង។ អញ្ចឹង ការអភិវឌ្ឍបានវិស័យឯកជន ដែល(បានស្រូប)ទាញយក(ធនធាន)មនុស្ស ហើយការដែលបើកឱ្យមានអង្គការក្រៅរដ្ឋាភិបាល បានរួមចំណែកទៅលើការដោះស្រាយបញ្ហាការងារធ្វើមួយផ្នែក នឹងជួយដល់ប្រជាជន និងជម្រុញឱ្យមានសហគ្រិនភាព ដើម្បីបង្កើតការងារខ្លួនឯង គឺនឹងដោះស្រាយបានបញ្ហាដ៏ល្អសម្រាប់យើង។
តម្រូវការធនធានមនុស្សជាតិ កាន់តែរីកធំ
ជាថ្មីម្តងទៀត ខ្ញុំសូមសរសើរដោយស្មោះ ចំពោះសាកលវិទ្យាល័យ បៀលប្រាយ ហើយជាមួយគ្នានេះក៏សូមថ្លែង នូវការកោតសរសើរ និងអបអរសាទរ ចំពោះជ័យលាភីទាំងអស់ ទាំងព្រះសង្ឃ និងគ្រប់កម្រិត នៃជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ក៏ដូចជា មួយមាតាបិតា អាណាព្យាបាល ក្រុមគ្រួសាររបស់ជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ដែលចាត់ទុកថា ជាឱកាសដ៏កម្រក្នុងមួយជីវិតរបស់និស្សិត។ ក្នុងមួយជីវិតរបស់កូន/ចៅ/ក្មួយ/ប្រពន្ធ/ប្តី/ជីដូនជីតា/ឪពុកម្តាយ ដែលទទួលបានការសិក្សានៅទីនេះ។ សង្ឃឹមថា និស្សិតជ័យលាភីនៅថ្ងៃនេះ នឹងបន្តការខិតខំដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការកើនឡើង នៃតម្រូវការរបស់ប្រទេសជាតិ ដែលត្រូវការកាន់តែធំហើយ។
ទិញយន្តហោះស៊ើបការណ៍ ពីប្រទេស ឆែក
ខ្ញុំទៅគ្រប់ទីកន្លែងមាននិស្សិតយើងរហូត។ ទៅដល់ឆែក ជួបនៅឆែក។ សុខចិត្តលុបចោលកម្មវិធីទៅទស្សនកិច្ចនៅទីក្រុង ព្រោះត្រូវជួបនិស្សិត។ ដំបូងឱ្យព័ត៌មានមក អត់ដឹងថាមាននិស្សិតផង ដល់ទៅនិស្សិតមិនចេះតិច។ រួមទាំងខ្មែរយើងយកប្តីឆែក និងអ្នកដែលទៅធ្វើការងារនៅឆែកនោះទៀត។ ទៅធ្វើការ(នោះ) ធ្វើការអី? ធ្វើការកាត់ដេរ។ សួរថា ធ្វើការកាត់ដេរហ្នឹងធ្វើរបៀបម៉េច? ថាធ្វើដូចនៅស្រុកខ្មែរដែរ។ ហុងគ្រី ធ្លាប់ទៅមុនហើយៗ ឥឡូវចំនួននិស្សិតនៅហុងគ្រីកាន់តែកើន។ ប៊ុលហ្គារី ក៏ចាប់យកនិស្សិតរបស់កម្ពុជា។
រឿងរ៉ាវដែលខ្ញុំទៅក្រៅប្រទស (អ្នក)ខ្លះគេធ្វើការវិភាគ គេថា ខ្ញុំទៅអឺរ៉ុបខាងកើត ដើម្បីឱ្យជួយទប់ EBA។ អ្នកឯងវិភាគអីវិភាគទៅ ក៏ប៉ុន្តែ ពីប្រទេសមួយទៅកាន់ប្រទេសមួយ សហប្រតិបត្តិការវាមិនតិចទេ មានទាំងសហប្រតិបត្តិការលើវិស័យយោធា សហប្រតិបត្តិការលើវិស័យសន្តិសុខ សហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ ទេសចរណ៍ ជាពិសេស សហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច។ ខ្ញុំកំពុងតែត្រៀម ដើម្បីនឹងទិញនូវយន្តហោះស៊ើបការ ដែលផលិតនៅប្រទេសឆែក ហើយដែលយើងមាននាំចូលមក (ប្រភេទ) L៣៩ នោះ មាន ៦ គ្រឿង។ ឥឡូវ មានម៉ូដែលថ្មី។ យើងយក(ម៉ូដែលថ្មី)ហ្នឹង ដើម្បីកាត់បន្ថយការលំបាករបស់យើង។ យើងអត់ទៅហោះចូលប្រទេសណាទេ។ ប៉ុន្តែ (មានសភាពការណ៍ ដូចជា)ភ្លើងឆេះព្រៃ ទឹកជំនន់ កន្លែងខ្លះយើងទៅអត់ដល់ ប្រើវាទៅ។ ហើយក៏(អាចប្រើ)ជាការហ្វឹកហាត់ សម្រាប់ pilot របស់យើងផង។
ខ្លះឃើញឯងធ្វើទស្សនកិច្ចនៅទីនោះ វាថាឯងទៅឱ្យអឺរ៉ុបខាងកើតជួយទប់អឺរ៉ុបខាងលិច។ វាមាន(ការបកស្រាយថា)លិច/កើតទៅទៀត។ ក្រែងក្រុមប្រទេសហ្នឹង នៅក្នុងសហគមន៍អឺរ៉ុបទាំងអស់គ្នាទេតើ? ហើយខ្ញុំត្រូវបានប្រធានាធិបតីបារាំងអញ្ជើញទៅពីរកន្លែង មួយកន្លែងហ្នឹង គឺមូលនិធិសាកលឱ្យ ឯកឧត្តម អៀង ម៉ូលី ទៅចូលរួម។ ពេលដែលខ្ញុំនៅសូហ្វីយ៉ា ឃើញរាយការណ៍ទៅ “ឱ្យបានប្រមាណ ១៤ ពាន់លាន ព្រោះប្រធានាធិបតី Emmanuel Macron គាត់ប្រកាសថា បើមិនបានលុយប៉ុណ្ណឹងទេ កុំចេញពីបន្ទប់”។ ហើយមួយទៀត គេហៅទិវាសន្តិភាព ដែលនឹងត្រូវធ្វើនៅក្នុងខែ វិច្ឆិកា នេះ។ ខ្ញុំឱ្យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ទៅ។ អឺរ៉ុបខាងកើត ឬអឺរ៉ុបខាងលិច ឬអឺរ៉ុបខាងណា ក៏ទៅបានដូចតែគ្នាហ្នឹង មានអ្នកណាមិនទទួលស្គាល់?
កម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំ អាស៊ី-អឺរ៉ុប ឆ្នាំ ២០២០
ឆ្នាំក្រោយ ពួកអឺរ៉ុបត្រូវមកប្រទេសកម្ពុជា យើងត្រូវធ្វើម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ី-អឺរ៉ុប។ គ្រាន់តែឡានត្រូវទិញ ៤៥៥ គ្រឿង។ សូមជម្រាប ដើម្បីបម្រើឱ្យការប្រជុំមួយ(មានមកពី) ៥៣ ប្រទេស មកពីអឺរ៉ុប ២៨ បូកនឹងសហភាពអឺរ៉ុប ដែលគេហៅថា អង្គការស្ថាប័នអឺរ៉ុប ហើយនិងពួកអាស៊ី។ ត្រូវទិញឡាន ៤៥៥ គ្រឿង ត្រូវចុះកុងត្រាឱ្យក្រុមហ៊ុន ត្រូវទូទាត់គ្នាយ៉ាងម៉េច អីយ៉ាងម៉េច ដើម្បីធ្វើជាម្ចាស់ផ្ទះ។ ប៉ុន្តែ មានអ្នកខ្លះវិភាគថា ឯងយកខាងកើតទៅទប់ខាងលិច ទប់វាឈ្នះទេ? ព្រោះអាខាងលិច គឺវាខ្លាំងជាង។
ប្រទេសលោកខាងលិចជាច្រើន បន្តរកស៊ី និងធ្វើការជាមួយរាជរដ្ឋាភិបាល ហ៊ុន សែន
ប្រទេសនៅខាងលិចជាច្រើន និយាយឱ្យចំ ទាំងអាឡឺម៉ង ទាំងបារាំង ប្រាប់យើងថា គេបន្តការរកស៊ីជាមួយយើង។ ស្ថាប័នអឺរ៉ុបទាំងអស់ ទាំងធនាគារអឺរ៉ុប ទាំងស្អីៗហ្នឹង ធ្វើការជាមួយយើង។ យើងមានទំនាក់ទំនងអាក្រក់ណាមួយជាមួយនឹងប្រទេសនៅអឺរ៉ុប? ស្អែកនេះ ខ្ញុំត្រូវទទួលទូតដល់ទៅបី ព្រោះទូតបី ហ្នឹងបានជូនសារតាំងហើយ រង់ចាំការជួបនាយករដ្ឋមន្រ្តី។ ស្អែកហ្នឹងដំបូងគេឱ្យទូតជប៉ុនថ្មី អាហ្នឹងពេលព្រឹកម៉ោង ៩។ ម៉ោង ១០ ទទួលទូតអាឡឺម៉ង់។ ដល់ល្ងាចត្រូវជួបទូតអាមេរិក ទើបនឹងជូនសារតាំងហើយថ្មីៗនេះ។ គេមិនមែនទៅធ្វើការជាមួយអ្នកណាទេ ធ្វើការជាមួយ(រាជ)រដ្ឋាភិបាល ហ៊ុន សែន។ ឱ្យយល់អញ្ចេះ … នេះ(ជា)រដ្ឋ ហើយ(រដ្ឋ)នេះតំណាងឱ្យជាតិខ្មែរ។
អាស៊ានធ្វើការទៅតាមកុងសង់ស៊ុស
អាទិត្យក្រោយចូលទៅដល់អាស៊ានទៀតហើយៗអាស៊ានវាត្រូវមានបូក ៣, បូក ១, អាស៊ីបូព៌ា។ ហ៊ុន សែន ទៅថ្លែងពេញសិទ្ធិ (និង)ពេញមុខពេញមាត់នៅកន្លែងហ្នឹង។ និយាយឱ្យច្បាស់ទៅមើល? កុំភ្លេចឱ្យសោះ អាស៊ានធ្វើការតាមកុងសង់ស៊ុស។ ឧទាហរណ៍ថា ហ៊ុន សែន មិនយល់ព្រមក្នុងអីមួយ មានន័យថា អត់ចេញសេចក្តីសម្រេចបានទេ។ ឱ្យចេះយល់ … គិតតែមកបន្តុះបង្អាប់ប្រព័ន្ធអប់រំរបស់យើងទៅវិញ។ ពាក្យខ្មែរ “ពាក្យល្ងង់ពកថ្ងាស” ហ្នឹងយ៉ាប់ណាស់។ ថ្ងៃមុនខ្ញុំទៅចូលរួមស្បថចូលកាន់តំណែងរបស់ប្រធានាធិបតី និងអនុប្រធានាធិបតីរបស់ឥណ្ឌូនេស៊ី ខ្ញុំត្រូវបានរៀបចំទទួលដោយប្រធានាធិបតី ហើយឱ្យអង្គុយជាមួយគេ/ឯង រថយន្តរបស់ខ្ញុំទៅកន្លែងណា គឺមានទង់ជាតិ ហើយមានម៉ូតូអម ទៅតាមកម្រិតប្រទេសនានា។ គេទាក់ទងជាមួយរដ្ឋ ហើយរដ្ឋហ្នឹងអ្នកណា? ព្រះមហាក្សត្រ ព្រះអង្គគង់ជាព្រះប្រមុខរដ្ឋ ឯនាយករដ្ឋមន្ត្រីជាប្រធាន នៃអង្គការនីតិប្រតិបត្តិ ឈ្មោះ ហ៊ុន សែន ពេលនេះ។ ហើយ(បើ)មកវិភាគអញ្ចឹងៗ រួចចង់យកឈ្នះ ហ៊ុន សែន … ឱ្យចេះទទួលស្គាល់សមត្ថភាពរបស់ខ្លួនផង។
ហ៊ុន សែន បត់ឆ្វេង ឬបត់ស្តាំក៏ដោយ ធានាផលប្រយោជន៍ជាតិ
ឥឡូវ Fresh News កំពុងបញ្ចាំងរឿង … ថា ៩៨ ភាគ។ ឥឡូវ មិនដឹងដល់ភាគទីប៉ុន្មានទេ? យប់មិញ ឆាវឆាវ បោកមេទ័ពម្ខាងទៀតទៅអង្គុយផឹកស្រា ហើយបញ្ជូនទ័ពទៅនៅម្ខាងនោះ ដើម្បីឱ្យភ្លើង(ធ្វើឱ្យ)ភ្នែកចាំងមើលមិនឃើញ ហើយវាយលុកត្រឡប់ពីខាងនោះមកវិញ។ ប៉ុន្តែ មានកន្លែងមួយ រវាងខាងនគរ តុងអ៊ូ ហើយដែលមេទ័ពមួយក៏ជាអ្នកប្រាជ្ញដែរ ឈ្មោះ ចូវអ៊ី។ ចូវអ៊ី មុនពេលស្លាប់គាត់និយាយថាម៉េច? គាត់ថា ទេវតាអើយ! បើកើត ចូវអ៊ី មកហើយ តើកើត ជូកឺលៀង មកធ្វើអីទៀត? ស្ថានភាពអ្នកយុទ្ធសាស្ត្រខ្លះ ធ្វើឯងដូចជាខ្លាំងណាស់។ ថ្ងៃនេះ ខ្ញុំសុំថា ខ្ញុំអត់និយាយអីទេ ព្រោះជង់វាមិនដែលចេះមាត់ទេ។ កុកវាតែងភ្លេចជង់ តែជង់មិនដែលភ្លេចកុកទេ។ ទុកឱ្យកុកវាហើរទៅ។ ថ្ងៃនេះ ខ្ញុំសុំធ្វើជង់ហើយ។ សួរទៅមន្ត្រីធ្លាប់នៅ/ធ្វើការជាមួយខ្ញុំ រាប់សិបឆ្នាំហើយ គេបារម្ភបំផុត គេខ្លាចខ្ញុំអត់មាត់ … តែកាលណាគាត់មិននិយាយហើយ ពិបាក(ហើយ)។ បើគាត់និយាយអាហ្នឹងអស់ហើយ។ មិនដឹងថា ហ៊ុន សែន បត់ឆ្វេង ឬបត់ស្តាំ? ប៉ុន្តែ បត់យ៉ាងណាក៏ដោយ ធានាផលប្រយោជន៍ប្រទេសជាតិ មិនត្រូវលាក់ មិនត្រូវបង់ខាតនោះទេ។
ខ្ញុំសុំឱ្យអ្នកទាំងឡាយរៀនមើលរឿងសាមកុកបន្តិចទៅមើល? ល្បិចមួយគេប៉ាន់ស្មានដឹងពោះវៀន/តាន់ខាងនោះ។ រឿង ឆាវឆាវ បាក់ទ័ព។ ឆាវឆាវ និង ជូកឺលៀង គិតដូចគ្នាទាំងអស់។ ជូកឺលៀង បង្កប់ទ័ពទៅកន្លែងនេះ/នោះ ឆាវឆាវ បាក់ទ័ពរត់មកដល់កន្លែងហ្នឹង។ កន្លែងនេះកន្លែងអីគេ? ទាហានប្រាប់ថា កន្លែងនេះ(អញ្ចេះ/អញ្ចុះ)។ អូ! បើអញជា ជូកឺលៀង វិញ អញដាក់ទ័ពត្រង់ហ្នឹង។ គ្រាន់តែស្រែកមិនទាន់ផុតផង ចេញមកបណ្តោយ។ បានសេចក្តីថា អ្នកយុទ្ធសាស្រ្តខាង ជូកឺលៀង, ខាង លាវប៉ី គេប៉ាន់ស្មានត្រូវថាអាហ្នឹងរត់មកតាម(ហ្នឹង)។ ទៅដល់កន្លែងមួយទៀត ថាកន្លែងហ្នឹងកន្លែងអី? (ទាហានប្រាប់ថា កន្លែងនេះអញ្ចេះ/អញ្ចុះ)។ អូ! ជូកឺលៀង វាភ្លើ បើសិនជាអញវិញ អញដាក់ទ័ព(ពី)កន្លែងហ្នឹង។ ប៉ុន្តែ ជូកឺលៀង បានដឹងមុនរួចស្រេចទៅហើយ (ក៏បាន)បញ្ជូន គួនអ៊ី ទៅនៅកន្លែងមួយ ដោយសារ គួនអ៊ី ជាមនុស្សមានគុណធម៌ (ទើប)ធ្វើឱ្យ ឆាវឆាវ រួចខ្លួននៅកន្លែងនោះ។ ខ្ញុំនិយាយបន្តិចទៅចុះរឿងសាមកុក។ ខ្ញុំទៅដល់កន្លែងដែល លាវប៉ី ស្លាប់។ ផ្នូរបស់ លាវប៉ី នៅចុងជីង។ មើលក្នុងហ្នឹងទៅ។ សង្ឃឹមយកឈ្នះ ហ៊ុន សែន យ៉ាងម៉េច ឧទាហរណ៍វាយតម្លៃថា មនុស្សរាប់លាននាក់លើសលុប ទាហានលើសលប់ រង់ចាំតែផ្តួល ហ៊ុនសែន ទេ។ ចុះបើអញ្ចឹងម្តេចក៏មិនមក? ចាំបាច់ដល់ថ្ងៃណាទៀតវើយ? ដូចឆ្ងល់។
កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ជំនួសដោយសភាជាតិ និងអនុវត្តន៍រដ្ឋធម្មញ្ញ
ទោះបីជាស្អែកនេះ ត្រូវថ្ងៃ(ទី) ២៣ តុលា ជាថ្ងៃចុះហត្ថលេខាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏ខ្ញុំសុំមិននិយាយដែរ ដើម្បីទុកឱ្យពួកអ្នកវិភាគគេចេញមកវិភាគ។ និយាយជាមួយពួកនេះអត់បានការទេ។ តម្លៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្អីៗ ចុះរដ្ឋធម្មនុញ្ញខ្មែរវាទៅណាបាត់? ពេលវេលានេះ ជាពេលវេលា ដែលត្រូវអនុវត្តតាមក្របខណ្ឌរដ្ឋធម្មនុញ្ញ ព្រោះភារកិច្ចរបស់ អ៊ុនតាក់ (UNTAC) ត្រូវបញ្ចប់នៅពេលដែលសភាធម្មនុញ្ញក្លាយទៅជាសភាជាតិ (និង)បង្កើតរដ្ឋាភិបាល។ អញ្ចឹង បានជា Yasushi Akashi, John Sanderson ចេញតាំងពីយប់ថ្ងៃ(ទី) ២៤ ដែលយើងជប់លៀងនៅច័ន្ទឆៃយ៉ាឯណោះ។ គេទៅបាត់អស់ហើយ។
ពិតហើយ កិច្ចព្រមព្រៀងទីក្រុងប៉ារីស គេចែងឱ្យនៅរក្សាទុកអ្នករាយការណ៍ពិសេសស្អីៗ យើងបន្តជាមួយអាពិសេសហ្នឹងទៅ។ ឱ្យគេចេញមកបក(ស្រាយ)ទៅ ព្រោះយើងឆ្អែតឆ្អន់ទៅហើយ។ អ្នកដែលចរចានៅទីនេះក្នុងក្របខណ្ឌ SNC មាន៖ អៀង ម៉ូលី, ខ្ញុំ និង ចម ប្រសិទ្ធិ អាហ្នឹង គឺថាតាំងពីនៅគណៈកម្មាការទី ៣។ ប៉ុន្តែ យើងបានចាប់ផ្តើមពី Fère-en-Tardenois ដែលគេច្រើននិយមហៅថា ជំនួបកំពូល សីហនុ-ហ៊ុន សែន គឺព្រះករុណាបិតា ចាប់ផ្តើមចេញដំណើរមករហូត។ អាហ្នឹងចាំទុកឱ្យ ឯកឧត្តម អៀង ម៉ូលី ឧទ្ទេសនាមទៅ។ ប៉ុន្តែ ឯកឧត្តម អៀង ម៉ូលី គាត់ស្គាល់មួយកំណាត់ ខ្វះមួយកំណាត់ ព្រោះគាត់នៅជាមួយលោកតា សឺន សាន។ ខ្ញុំរក្សាទុកបាន។ ចាំថ្ងៃណាខ្ញុំបង្ហោះអាហ្នឹង។ (មានបាន)ឃើញខ្ញុំផឹកកាហ្វេជាមួយ សឺន សាន និង Ali Alatas។ ឃើញមានរូបថតនៅក្នុងហ្នឹង ព្រោះកាលណាប្រជុំៗទាស់គ្នា ដល់រួចហើយសម្រាក អង្គុយផឹកកាហ្វេជាមួយគ្នា។ ខៀវ សំផន ក្រុមខ្មែរក្រហមទេ។ ក្រុមខ្មែរក្រហម តែចាប់ដៃជាមួយយើងអត់ចាប់ដែរ។ ប៉ុន្តែ ចុងក្រោយ ខៀវ សំផន (និង) នួន ជា មួយគណៈរដ្ឋមន្ត្រីរបស់ ខៀវ សំផន មកទទួលទានអាហារ(នៅ)ផ្ទះខ្ញុំទាំងអស់។ ខៀវ សំផន ដែលជាអ្នកជេរ ហ៊ុន សែន បែកភ្លើង គាត់នាំទាំងប្រពន្ធ/កូន/ចៅគាត់មកទៀត។ ប្រជុំម្តងបើ ខៀវ សំផន មិនបានជេរ ហ៊ុន សែន ៥ ដងទេ ដូចជាគាត់នៅមិនសុខ។
កិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនតម្រូវឱ្យកាត់ទោសខ្មែរក្រហម
អញ្ចឹងទេ ទុកឱ្យគេបកស្រាយទៅ។ បើនិយាយពីអ្នកឯងចង់អនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវដោះលែង ខៀវ សំផន ចេញមកវិញ។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនបានតម្រូវឱ្យកាត់ទោសខ្មែរក្រហមទេ។ យើងធ្វើខុស។ បើអ្នកឯងនិយាយពីរឿងកិច្ចព្រមព្រៀងប៉ារីស ហើយមិនគោរពរដ្ឋធម្មនុញ្ញ និងគោលការណ៍ច្បាប់អន្តរជាតិ ខៀវ សំផន (ត្រូវ)ចេញពីគុកវិញ ព្រោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស អត់បានចែងពីតុលាការកាត់ទោសខ្មែរក្រហមទេ។ កុំច្រឡំ។ អង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម មិនតម្រូវឱ្យមានការរំលាយទេ។ ប៉ុន្តែ ទុកឱ្យគេ(បកស្រាយ)ទៅ។ ចាំមើលបណ្ឌិតណាគេថាយ៉ាងម៉េច។ ឱ្យគេនិយាយទៅ។
ខ្ញុំអត់និយាយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ។ ទុកឱ្យគេបកស្រាយទៅ ព្រោះគេកំពុងធ្វើបាតុកម្មទាមទារឱ្យហត្ថលេខីទីក្រុងប៉ារីសគោរពស្អីឯណា។ ដល់(តែ)គោរព(កិច្ចព្រមព្រៀងទីក្រុង)ប៉ារីស ត្រូវដោះលែង ខៀវ សំផន ត្រឡប់មកវិញ ហើយលុបចោលតុលាការហ្នឹង។ រឿងបានឈានមកដល់រដ្ឋធម្មនុញ្ញត្រូវអនុវត្ត ព្រោះមានអ៊ុនតាក់(UNTAC)ឯណាទៀត? បើសិនជាត្រូវអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស កម្ពុជាមិនត្រូវមានព្រះប្រមុខរដ្ឋ/ព្រះមហាក្សត្រទេ ត្រូវមានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ហើយព្រះមហាក្សត្រយើងត្រឹមតែជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ទេ។ ឯអ្នកដែលមានសិទ្ធិសម្រេចចុងក្រោយ គឺនៅលើប្រធានអ៊ុនតាក់(UNTAC) ឯណោះ។ រឿងហ្នឹងហើយ ដែលខ្ញុំមិនព្រម ហើយខ្ញុំ(ក្លាយ)ទៅជា(យក)ក(ទៅ)នៅលើជ្រុញ នៅក្នុងក្រុមបឹក្សាសន្តិសុខអង្គការសហប្រជាជាតិតែម្តង។
សិទ្ធិសម្រេចក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ប្រជុំនៅប៉ាតាយ៉ា(Pattaya) មានចំណុច ដែលមិនចុះសម្រុងគ្នាមានពីរ។ ឯកឧត្តម អៀង ម៉ូលី នៅចាំទេ? ទី ១ គឺសិទ្ធិសម្រេចក្នុងកិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីស។ ពង្រៀងបានចែងថា SNC ត្រូវធ្វើការតាមកុងសង់ស៊ុស។ ក្នុងករណីគ្មានកុងសង់ស៊ុស ប្រធានអ៊ុនតាក់(UNTAC) គឺជាអ្នកសម្រេច។ រដ្ឋកម្ពុជាបានស្នើធ្វើវិសោធនកម្ម SNC ក្នុងករណីគ្មានកុងសង់ស៊ុស ថ្វាយទៅព្រះប្រធាន SNC ជាអ្នកសម្រេច គឺថ្វាយព្រះករុណាបិតា។ ដល់ទៅដល់លើតុនៃក្រុមប្រឹក្សាសន្តិសុខ … អង្គុយចុះភ្លាម ស្រាប់តែលិខិតព្រះករុណានៅលើតុហើយស្រេច។ ព្រះករុណាសរសេរជូន ឯកឧត្តម Pérez de Cuéllar (អគ្គលេខាធិការសហប្រជាជាតិ) ករណីទាក់ទងនឹងសិទ្ធិសម្រេចរបស់ SNC គឺសម្រេចលើ ឯកឧត្តម ហ៊ុន សែន។ អញ្ចឹង ក ហ៊ុន សែន (ទៅ)នៅលើជ្រុញ។ ត្រូវឆ្លើយយ៉ាងម៉េចនៅពេលហ្នឹង? មានព្រមតែម្យ៉ាង។ ព្រឹកឡើង (Richard Harvey) Solomon ដែលជាឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ឱ្យ (Michael) Costello ដែលជាឧបការី ឬជាអនុរដ្ឋមន្ត្រីការបរទេសរបស់អូស្ត្រាលី ទៅទទួលទានអាហារពេលព្រឹក(ជាមួយខ្ញុំ និង)សួរថា សំដីដែលឯកឧត្តមនិយាយពីម្សិលបានការឬអត់? បានខ្ញុំប្រាប់(ទៅ)ខាងអាមេរិក(ដែល)ចង់ដឹងថា មុននឹងខ្ញុំចេញមកចរចា គឺខ្ញុំបានទទួលសិទ្ធិគ្រប់គ្រាន់។ អ្វីដែល ហ៊ុន សែន សម្រេចមានន័យថាបានការទាំងអស់។ ហ្នឹងចំណុចទី ១ ដែលបានសម្រេចនៅក្នុងក្រុមប្រឹក្សាសន្តិសុខ … យើងចុះហត្ថលេខាក្នុងអាណត្តិ Pérez de Cuéllar ដល់អនុវត្តកិច្ចព្រមព្រៀងក្នុងអាណត្តិ Boutros Boutros-Ghali ទៅវិញ។ ថាមិនចង់និយាយទេ។ ប៉ុន្តែ អានេះ(ជា)សារបាន។ ខ្ញុំមិននិយាយពីខ្លឹមសារទេ ព្រោះមានអ្នកខ្លឹមសារគេចេញមកបកហើយថ្ងៃហ្នឹង។
រូបមន្តប្រព័ន្ធសមាមាត្រតាមខេត្ត ស្នើឡើងដោយរដ្ឋកម្ពុជា
ឯមួយទៀតរឿងអី? មួយទៀត គឺប្រព័ន្ធបោះឆ្នោត។ ពង្រៀងកិច្ចព្រមព្រៀងប៉ារីស បោះឆ្នោតតាមប្រព័ន្ធសមាមាត្រទូទាំងប្រទេស។ រដ្ឋកម្ពុជាស្នើសុំបោះឆ្នោតតាមប្រព័ន្ធឯកត្តនាម។ អញ្ចឹង អត់ឯកភាពគ្នាទេ។ ពេលមកដល់ស្រុក យើងបានពិភាក្សាគ្នាយ៉ាងហ្មត់ចត់ ព្រោះទិសដៅរបស់រដ្ឋកម្ពុជាពេលនោះ កម្ចាត់ចោលអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ជាគោលដៅធំបំផុត ដើម្បីកុំឱ្យគ្រោះគំរាមកំហែងនៃរបបប្រល័យពូជសាសន៍ត្រឡប់មកវិញ។ អញ្ចឹងទេ បើបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ ខ្មែរក្រហមចូលពេញសភា ព្រោះខ្មែរក្រហមបោះត្រង់នេះបន្តិច បោះត្រង់នោះបន្តិច។ ចេញមកបោះឆ្នោត។ អញ្ចឹង ធ្វើឱ្យខ្មែរក្រហមមានសម្លេងឆ្នោតនៅក្នុងសភា ដែលយើងមិនចង់ឃើញរឿងនេះកើតឡើង។ អញ្ចឹង ពិភាក្សាគ្នាសម្រេចថា យើងយកប្រព័ន្ធសមាមាត្រតាមខេត្ត ដើម្បីកាត់ផ្ដាច់សម្លេងខ្មែរក្រហមជាកង់ៗ កុំឱ្យបូកបញ្ចូលគ្នាបាន។ អញ្ចឹង អារូបមន្តប្រព័ន្ធសមាមាត្រតាមខេត្តនេះ គឺជារូមមន្តដែលរដ្ឋកម្ពុជាស្នើឡើង ហើយ SNC និងប្រទេសធំទាំងប្រាំ ពេលនោះ មិនទាន់មាន UNAMIC និង UNTAC ទេ បានយល់ព្រម។ ហ្នឹង គឺរូបមន្តរបស់រដ្ឋកម្ពុជា ប្រើដល់រាល់ថ្ងៃនេះ ប្រព័ន្ធសមាមាត្រតាមខេត្ត។
មានតែក្រុមប្រឹក្សាធម្មនុញ្ញទេ ដែលអាចបកស្រាយច្បាប់បាន
ហ្នឹងខ្ញុំនិយាយពីសារបាន នៃគំនិតផ្តួចផ្ដើមរបស់ ហ៊ុន សែន ឬរបស់រដ្ឋកម្ពុជា ឬរបស់គណបក្សប្រជាជនបន្តិចទៅចុះ។ ប៉ុន្តែ ខ្ញុំមិនបកស្រាយខ្លឹមសារទេ ទុកឱ្យអ្នកជំនាញគេចេញមកបកទៅ ព្រោះម្នាក់ៗធ្វើដូចជាគ្រូ … ក្នុងប្រទេសមួយ (តើ)អ្នកណាមានតួនាទីបកស្រាយច្បាប់? អ្នកធ្វើច្បាប់ក្នុងសភាក៏គ្មានសិទ្ធិបក ព្រឹទ្ធសភាក៏គ្មានសិទ្ធិបកស្រាយច្បាប់ រដ្ឋាភិបាលក៏គ្មានសិទ្ធិបកស្រាយច្បាប់ មានសិទ្ធិធ្វើច្បាប់ ព្រៀងច្បាប់ អនុម័តច្បាប់ នៅក្នុងនីតិបញ្ញត្តិ ដែលរួមមានទាំងសភា និងព្រឹទ្ធសភា ក៏ប៉ុន្តែ អ្នកដែលមានសមត្ថកិច្ច ដែលរដ្ឋធម្មនុញ្ញប្រគល់ គឺក្រុមប្រឹក្សាធម្មនុញ្ញឯណោះ សូមកុំភ័ន្តច្រឡំចេះតែនាំគ្នាបក។ កិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីសនេះ កុំចេះតែចេញមកបក(ស្រាយ)តាមចិត្តចង់ … បើទោះបីថ្ងៃស្អែកជាខួបលើកទី ២៨ ឆ្នាំ នៃកិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីស តែខ្ញុំមិនចាំបាច់និយាយទេ ដោយសារតែមានវាគ្មិនច្រើនគេនឹងចូលក្នុងវិទ្យុនេះ/នោះ គេនឹងបក(ស្រាយ)។ ទុកឱ្យគេបក(ស្រាយ) ហើយយើងរង់ចាំមើលគេវិញ។ ឯយើងផ្ដោតការយកចិត្តទុកដាក់អនុវត្តតាមរដ្ឋធម្មនុញ្ញរបស់យើងទេ។
ទទួលទានអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ និងជួយលើកតម្លៃកសិផលខ្មែរផង
ឥឡូវនេះ ខ្ញុំបកមករឿងមួយចំនួន ទី ១ ថ្ងៃនេះ ស្ថានភាពទឹកនៅក្រុងភ្នំពេញរបស់យើងកាន់តែទាបហើយ ប៉ុន្តែ យ៉ាងណាក៏ដោយ បុណ្យអុំទូករបស់យើងនៅតែធ្វើឱ្យល្អ។ ហើយខ្ញុំបានប្រកាសហើយយកថ្ងៃ ៩ វិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ និងថ្ងៃខួបកំណើតកងទ័ព ធ្វើជាថ្ងៃទទួលទានអំបុក ដែលខ្ញុំប្រើពាក្យស្លោកថា “អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ”។ នេះជាពាក្យស្លោកថ្មី។ ឥឡូវ ត្រៀមរៀបចំ។ ខ្ញុំជឿថា តម្លៃផលិតផលខ្មែរនឹងឡើងថ្លៃ ព្រោះអំបុកវាត្រូវការស្រូវយកមកបុកបានវាទៅជាអំបុក។ ស្រូវក៏ឡើងថ្លៃ អំបុកក៏ឡើងថ្លៃ ដូង/ចេក/ស្ករផែនក៏ឡើងថ្លៃ។ នាំគ្នាស៊ីស្ករផែន។ ក្រៅពីអត្ថន័យទាក់ទិននឹងសាមគ្គីជាតិ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ដែលក្រោមពាក្យស្លោក “អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ” យើងនៅមានអត្ថន័យ នៃការជម្រុញការផលិត និងលើកតម្លៃកសិផលខ្មែរនៅពេលនោះ។ ចុះបើមួយប្រទេស(នឹងហូបអំបុក) ឥឡូវហ្នឹងប្រហែលជាប្រជាជនចាប់ផ្ដើមដាល់អំបុកពីនេះទៅហើយ ព្រោះត្រូវការអំបុកច្រើនណាស់ ហើយខ្ញុំអត់ភ័យទេលើកនេះ កាលពីនំបញ្ចុកខ្ញុំភ័យណាស់ មូលហេតុអី? ស្រាប់តែកន្លែងណាមួយពុលស្លាប់ ៤-៥ នាក់ ចុះរាគ ពុលក្អួតអីទៅ វាមិនអន្តរធាន? ប៉ុន្តែ ដល់ពេលអំបុកអត់អីទេ ព្រះតេជព្រះគុណច្បាស់ជាស្រួលហើយ។
បណ្តាខេត្តមានទូកង សូមយកទូកមកចូលរួមប្រកួត
សូមឱ្យខេត្តនីមួយៗ ដែលមានទូក (អញ្ជើញមកចូលរួម)។ ខ្លះគេប្រណាំងពីឥឡូវ កាលពីចេញវស្សាហ្នឹង គេប្រណាំងច្រើនកន្លែងណាស់។ ឥឡូវហ្នឹងក្រុមការងារតាមខេត្ត រួមជាមួយនឹងគណៈអភិបាលខេត្ត ដើម្បីបញ្ជូនទូកមក បើទោះបីថាឆ្នាំនេះទឹកតិចពិបាកបញ្ជូនបន្តិច ព្រោះកន្លែងខ្លះត្រូវដឹកទូកពីចម្ងាយដើម្បីចុះមកទន្លេ ឬព្រែក។ ប៉ុន្តែ កាលណាចង់ហើយ ស្អីក៏ធ្វើបានដែរ … គ្រប់គ្រងឱ្យបានល្អ បំប៉នឱ្យបានល្អ សម្រាប់ចំណុះទូក ព្រោះឆ្នាំនេះអុំត្រូវយឺតបន្តិចហើយ។ វាស់ក្រូណូម៉ែត្រទៅ យើងមើលគណៈកម្មការផ្គូរផ្គងទូក គណៈកម្មការរៀបចំបុណ្យជាតិ ជាពិសេស គណៈកម្មការបច្ចេកទេស ពិនិត្យមើល រវាងជម្រៅទឹកកាលពីពេលមុនយើងអុំលើស ៥ ម៉ែត្រ ឥឡូវទឹកនៅ ៥ ម៉ែត្រ ឬលើ ៤ ម៉ែត្រ តើល្បឿនទូកដែលយើងវាស់ក្រូណូម៉ែត្រនេះប៉ុន្មាន? ចាត់តាំងឱ្យមានគូពិសេសទៀត។ អាហ្នឹងសប្បាយលេងណាស់ … ខ្ញុំអស់ជើងភ្នាល់ហើយ។ ដន្លងមួយគាត់ស្លាប់បាត់ហើយ។ ហ្នឹងភ្នាល់ទូកជាមួយគ្នា អាមួយណាក៏គិរីវង្ស។ ទូករបស់ សុខ អាន ប្រហែល ២០ អាណាលឿនជាងគេដាក់ឈ្មោះ គិរីវង្សទាំងអស់។ ដល់យើងអត់ដឹងរឿង យើងទៅភ្នាល់ជាមួយ គិរីវង្ស ហ្នឹង។ ធ្វើម៉េចឈ្នះវា? បើវាអុំវាស់ក្រូណូម៉ែត្រហើយអស់ មើលអាណាលឿនជាងគេដាក់ឈ្មោះ គិរីវង្ស។ ចាញ់បោក សុខ អាន អស់ប៉ុន្មានឆ្នាំ។ ដល់ទៅបងប្រុសមួយទៀតនៅកំពង់ចាម បើទូកយើងឈ្នះ គេថា “ធ្វើម៉េចគេជានាយករដ្ឋមន្រ្តី ឯងឈ្នះគេវាមិនកើត”។ ដល់ទៅទូកយើងចាញ់ យើងក៏ថាទៅវិញ “អើ! ធ្វើម៉េចឯងវាប្អូនគេ”។
យុវជនដោះស្រាយបញ្ហាសំរាមក្នុងរយៈពេលអុំទូក ៣ ថ្ងៃ
លេងឱ្យសប្បាយ ហើយគ្រប់គ្រងសណ្ដាប់ធ្នាប់ក្នុងរាជធានី។ រាជធានីត្រូវប្រមូលផ្ដុំដោយមនុស្សមកពីបណ្ដាខេត្ត ដែលនឹងមកលេងនៅទីនេះ។ អ្នកភ្នំពេញមួយចំនួនក៏ចេញទៅតាមបណ្តាខេត្តដែរ។ ខ្លះគេមិននៅលេងនេះទេ គេទៅលេងខេត្តវិញ។ តែអ្នកខេត្តគេប្រមូលផ្ដុំមក(ទី)នេះ (ព្រោះ)ក្នុងមួយឆ្នាំមានតែម្ដងទេ។ អញ្ចឹងទេ ស្ថានភាពនេះត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាសំរាម។ ឯកឧត្តម ឃួង ស្រេង បញ្ហាសំរាមនេះ ឥឡូវ ឃើញថា ក្រសួងបរិស្ថានមានយុវជន ១ ០០០ នាក់ ដែលនឹងចូលរួម ខ្ញុំគិតថា នៅអាចធ្វើរួចទៀត នៅមានសហភាពសហព័ន្ធយុវជនកម្ពុជា នៅមានយុវជនស្រឡាញ់សន្តិភាព ឱ្យជ្រើសរើសយុវជនក្នុងចំណោមហ្នឹងខ្លះ ហើយក្រុមក្មេងវត្ត ក្រុម ២២ អីហ្នឹង ប្រមូលគ្នាមកប៉ុន្មានក្រុម ដើម្បីជួយទៅលើបញ្ហាសំរាមក្នុងឱកាសនៅពេលវេលាបុណ្យនេះ។ ក្រុមហ៊ុន ស៊ីនទ្រី (CINTRI) មិនធ្វើការទេ អញ្ចឹងពឹងពាក់លើក្រុមហ៊ុន ស៊ីនទ្រី (CINTRI) មិនបានទេ។ អញ្ចឹង ត្រូវរកយុវជន ដើម្បីជួយដោះស្រាយបញ្ហាសំរាម និងបញ្ហាចំពោះមុខទាក់ទងនឹងសំរាម ដែលនឹងកើតឡើងនៅក្នុងពេលបុណ្យ ៣ ថ្ងៃ ៣ យប់។ អញ្ចឹង ត្រូវប្រើប្រាស់កម្លាំងរបស់យុវជនយើងខ្លះ។ អញ្ចឹង ឯកឧត្តម ឃួង ស្រេង ត្រូវធ្វើការជាមួយក្រសួងបរិស្ថាន ព្រោះគេមានយុវជនរបស់គេ ហើយត្រូវធ្វើការជាមួយពួកសមាគមយុវជនផ្សេងទៀត ដែលមានលទ្ធភាពនឹងចូលរួម ហើយចែកតំបន់គ្នា … ធ្វើម៉េចក៏ដោយឱ្យតែយកសំរាមចេញបាន។
ចែកក្រុងជា ៤ តំបន់ តម្រូវឱ្យមានក្រុមហ៊ុន ៤ ដេញថ្លៃគ្រប់គ្រងសំរាម
ប៉ុន្តែ រឿង ស៊ីនទ្រី (CINTRI) នេះ ខ្ញុំចង់និយាយបន្តិច ហើយត្រូវមើលអាហ្នឹង។ ពេលចេញពីនេះទៅ ឯកឧត្តម ឃួង ស្រេង អាចពិភាក្សាជាមួយ ប៉ា សុជាតិវង្ស រវាងគណៈអភិបាលក្រុង ជាមួយនឹងប្រធានក្រុមប្រឹក្សា … ខ្ញុំឱ្យជាយោបល់ រួចហើយខ្ញុំនឹងប្រគល់ការងារហ្នឹងក្នុងគណៈរដ្ឋមន្រ្តី។ ក្រុមហ៊ុន ស៊ីនទ្រី (CINTRI) យើងបានចុះហត្ថលេខាតាំងពីជំនាន់សំរាម/ថ្ងៃ មានប្រហែល ៣០០-៥០០ តោន ហើយទំហំ នៃក្រុងភ្នំពេញពេលនោះមានតែជាង ៣០០ គីឡូម៉ែត្រការ៉េទេ។ ឥឡូវនេះ សំរាមបានកើនឡើងរហូតទៅដល់ជាង ៣ ០០០ តោន/ថ្ងៃ និងទំហំទីក្រុងរបស់យើងកើនឡើងប្រមាណជាង ៦០០ គីឡូម៉ែត្រការ៉េ។ បើទុកឱ្យ ស៊ីនទ្រី (CINTRI) គ្រប់គ្រងតែឯង អត់ទៅរួចទេ។ ខ្ញុំបានចុះហត្ថលេខាយល់ព្រមឱ្យបង្កើតនូវកន្លែងចាក់សំរាម ៣ (កន្លែង)ផ្សេងទៀត អត់ទាន់ចេញសូម្បីតែបន្តិច។ អាទៅកៀនស្វាយក៏មិនចេញ ទៅខាងអង្គស្នួល (ជិតដំណើរការ)។ ឥឡូវ ចាំខ្ញុំនិយាយប្រាប់។ ទោះបីដំណើរការ ក៏វានៅតែប៉ុណ្ណឹងដែរ បើមិនបែងចែកតំបន់ទេ។ ទុកឱ្យ ស៊ីនទ្រី (CINTRI) បន្ត គឺមិនបាន។ អញ្ចឹង ជម្រើសត្រូវបែងចែកជាតំបន់ ហើយឱ្យមានក្រុមហ៊ុនប្រមាណយ៉ាងតិច ៣ តែយកល្អ ៤ នៅក្នុងទីក្រុង កុំឱ្យ ស៊ីនទ្រី (CINTRI) មួយ បើកាលណា ស៊ីនទ្រី (CINTRI) មិនកម្រើកដៃ សំរាមពេញក្រុង។
យកបុគ្គលិក និងទិញយកសម្ភារៈរបស់ ស៊ីនទ្រី មកធ្វើជារបស់រដ្ឋសិន ទើបដាក់ឱ្យដេញថ្លៃ
វិធីមួយ ដែលខ្ញុំចង្អុលការឱ្យ ដើម្បីកុំឱ្យក្រុមហ៊ុន ស៊ីនទ្រី (CINTRI) មានការខាតបង់។ រដ្ឋត្រូវយកក្រុមហ៊ុនហ្នឹងមកវិញសិន ទាំងបុគ្គលិក ទាំងស្អី។ ទូទាត់ឱ្យ ស៊ីនទ្រី (CINTRI)។ រដ្ឋត្រូវកាន់កាប់ក្រុមហ៊ុននេះសិន។ ឥឡូវ ក្រុមហ៊ុន ស៊ីនទ្រី (CINTRI) មានឡានប៉ុន្មានអីប៉ុន្មាន យើងយកមក។ បុគ្គលិកប៉ុន្មាន យើងយកមកគ្រប់គ្រងសិន។ បន្ទាប់ទៅ យើងចាប់ផ្តើមរៀបចំតំបន់ដាក់ឱ្យដេញថ្លៃ។ រៀបចំជាតំបន់ៗ ក្រុមហ៊ុនណាត្រូវចូលដេញថ្លៃ រាប់ទាំងក្រុមហ៊ុន ស៊ីនទ្រី (CINTRI) … ក្រុមហ៊ុនមួយអនុញ្ញាតឱ្យតែមួយ Sector ទេ … ប៉ុន្តែមិនឱ្យ ស៊ីនទ្រី (CINTRI) ខាតទេ។ ថ្ងៃ/ឆ្នាំណាក៏នៅតែលឺសូរ(បញ្ហាកកស្ទះ) ហើយយើងមិនព្រមកែ។ បើគិតពីពេលវេលា ដែលចុះហត្ថលេខាឱ្យធ្វើកន្លែងចាក់សំរាម ៣ កន្លែងផ្សេងទៀតនៅខាងក្រៅក្រុងនេះ គួរតែត្រូវបានអនុវត្តយូរក្រែលហើយ។ ប៉ុន្តែ កង្វះទុន ក្រុមហ៊ុនមួយ ហើយទ្រទ្រង់នូវសភាពការណ៍វាមិនមែនងាយស្រួលទេ។ ខ្ញុំគិតថា ត្រូវមានអន្តរកាលមួយចាំបាច់។ អន្តរកាលនោះ គឺយើងយកក្រុមហ៊ុននោះត្រឡប់មករដ្ឋ ដោយទិញយកទាំងសម្ភារៈ និងស្អីៗរបស់ ស៊ីនទ្រី (CINTRI) យកមកគ្រប់គ្រងសិន សាលាក្រុងគ្រប់គ្រងសិន។ បន្ទាប់ពីហ្នឹងទៅ បានយើងដាក់ប៉ុន្មានខណ្ឌឱ្យជាមួយតំបន់ទៅ យើងថា ចែកជា ៤ តំបន់ ហើយចូលដេញថ្លៃ។ ក្រុមហ៊ុនមួយអនុញ្ញាតឱ្យតែមួយតំបន់ទេ មិនអាចទៅស៊ុមគ្រលុំគ្នាបង្កើតឱ្យទៅជាសម្ព័ន្ធក្រុមហ៊ុន រួចហើយយកវិញទាំងអស់ទេ។
បញ្ហាប្រឈមអំពីចរាចរណ៍ និងសំរាម ក្នុងក្រុង
នៅទីក្រុងសព្វថ្ងៃនេះ រឿងសំខាន់តែ ២ ទេ។ ទី ១ កកស្ទះឡាន។ គ្មានកន្លែងចត។ ឥឡូវ កំពុងឱ្យសិក្សាហើយ។ សួនច្បារមួយចំនួនដែលអាចធ្វើបាន ប្រគល់ឱ្យវិស័យឯកជនជីករូងក្រោមដី ៣-៤ ជាន់ទៅក្រោម ហើយនាំគ្នាធ្វើកន្លែងដាក់ឡាន រាប់ទាំងសួនច្បារ ហ៊ុន សែន ធ្វើទៅ។ អាណិតសុំកុំធ្វើមុខតែព្រះបរមរាជវាំង។ ប៉ុន្តែ សួនច្បារមួយចំនួន ដែលអាចធ្វើបាន គឺធ្វើខាងក្រោម ដើម្បីមានកន្លែងទៅចតឡាន។ (គំរោង)ហ្នឹង គឺវិស័យឯកជនគេទៅវិនិយោគនៅអាក្រោមដីហ្នឹង បើមិនអញ្ចឹងចតឱ្យពេញតែចិញ្ចើមផ្លូវ ហើយមនុស្សដើរគ្រោះថ្នាក់តែអារឿងឡាន(ប៉ះ) ហើយមកពីអី? មកពីអត់មានកន្លែងចត។ អាហ្នឹងរឿងទី ១។
ឯរឿងទី ២ សំរាម។ ថ្ងៃណាមួយនោះ (មាន)អ្នកណាវាបន្លំហ្វេសប៊ុកខ្ញុំ វាថា មកពីខ្ញុំដឹកនាំមានស៊ី/ចុក បានជាសម្បូរសំរាម។ អាហ្នឹងវាបន្លំទេ។ ប៉ុន្តែ យើងនិយាយឱ្យត្រង់ បើប្រជាជនម្នាក់ៗកុំបោះចោលសំរាម ប្រហែលជាគ្មានថង់ប្លាស្ទិកហើរតាមខ្យល់ ប៉ុន្តែ យើងស៊ីហើយបោះៗ ចង់ ១០០ ស៊ីនទ្រី ទៀតក៏នៅតែងាប់ដែរ។ ថ្ងៃក្រោយមានតែវិធីមួយទេ ធ្វើដូចសាំងហ្គាពួរ។ សាំងហ្គាពួរគេធ្វើអី? គេចាប់វាយ (និង)ឱ្យបោសសម្អាតផ្លូវ។ កុំថា ត្រឹមជនជាតិសាំងហ្គាពួរ មានពេលមួយខ្ញុំនៅចាំ សូម្បីកូនសិស្សអាមេរិកកាំងទៅបាញ់ស្ព្រាយណែតនៅលើឡាន ត្រូវគេវាយប៉ុន្មានរំពាត់ឯណោះ (រួចហើយ)មានអន្តរាគមន៍ពី Clinton ទៀតកាលពីពេលនោះ ដូចជា(ត្រូវ)វាយ ៧ រំពាត់ បន្ថយ ២ រំពាត់ មកនៅសល់ ៥ រំពាត់។ ប៉ុន្តែ គេមិនចេះតែវាត់ទេ វាត់ហ្នឹងវាយមួយប៉ឹបទៅត្រូវទ្រុឌប៉ុន្មាន បើទ្រុឌមិនដល់ទេវាយថែម។
បញ្ហាធំជាងគេ គឺប្រជាជនរបស់យើងស្ម័គ្រចិត្ត ហើយចេះការពារក្រុង/ផ្ទះខ្លួនឯង។ មិនយកសំរាមមកចោលតែពីសតែពាស ហើយពេលទទួលទានស្អីហើយ មានធុងសំរាមមិនខ្ចីដាក់ធុងសំរាម ទៅគ្រវាត់់ចោលនៅខាងក្រៅធុង រួចហើយតាំងមករអ៊ូថា (រាជ)រដ្ឋាភិបាលមិនយកចិត្តទុកដាក់។ ប្រហែលជាប្រជុំនៅថ្ងៃសុក្រ នេះ ខ្ញុំនឹងប្រគល់ការងារហ្នឹងឱ្យ អូន ព័ន្ធមុនីរ័ត្ន ដឹកនាំការប្រជុំ ពិនិត្យមើលសព្វគ្រប់ ហើយយើងយកក្រុមហ៊ុន ស៊ីនទ្រី មករដ្ឋគ្រប់គ្រងសិន។ មិនឱ្យ ស៊ីនទ្រី ខាតទេ។ គាត់ទិញស្អីៗមក យើងត្រូវទូទាត់សងគាត់។ បន្ទាប់ពីហ្នឹងទៅ យើងគ្រប់គ្រងមួយរយៈ (បើវា)ស្ថិរភាពហើយ យើងចាប់ពុះជាតំបន់ ហើយឱ្យចូលដេញថ្លៃ។ ពេលហ្នឹងប្រណាំងប្រជែងគ្នារឿងសម្អាតទីក្រុង។
បន្តសិក្សាការដុតសំរាមបង្កើតអគ្គិសនី ក្នុងលក្ខខណ្ឌមិននាំចូលសំរាមពីក្រៅ
យើងនឹងបន្តដើម្បីសិក្សាមើល អំពីបញ្ហាការធ្វើអគ្គិសនី(ដើរដោយ)ដុតសំរាម ក្នុងលក្ខខណ្ឌមិននាំចូលសំរាមពីខាងក្រៅយកមកដុត ទោះបីវាថ្លៃបន្តិច រដ្ឋអាចបំពេញខាត ដើម្បីយកអាសំរាមហ្នឹងទៅដុតធ្វើជាអគ្គិសនី។ បើមិនអញ្ចឹងទេ ថ្ងៃក្រោយយើងនឹងជន់លិចដោយសារសំរាម។ ឥឡូវ ពេញស្ទឹងមានជ័យអស់ហើយ ត្រូវតែរកកន្លែងដាក់ផ្សេង។ បើយើងដុតវាទៅជាអគ្គិសនី យើងអាចដោះស្រាយបាន។ ប៉ុន្តែ គេថាតម្លៃខ្ពស់បន្តិច។ ខ្ពស់បន្តិចយើងអាចបំពេញខាតឱ្យវា។ ប៉ុន្តែ យើងបានបរិស្ថាន យើងមិនសល់នូវកាកសំណល់អាក្រក់។
ថ្ងៃមុនឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ ធ្វើលិខិតវាយតាមតេឡេក្រាមមកឱ្យខ្ញុំថា តើអាចអញ្ជើញក្រុមហ៊ុន ស៊ីនទ្រី មកសួរអំពីបញ្ហាសំរាមបានទេ? បានខ្ញុំប្រាប់ទៅវិញថា សមត្ថកិច្ចនៃស្ថាប័ននេះ មិនមានសិទ្ធិអញ្ជើញក្រុមហ៊ុនឯកជនទៅសួរនាំទេ។ យើងអាចសួរ(នាំ)បានត្រឹមតែស្ថាប័នរដ្ឋ។ ខ្ញុំគិតថា ស៊ីនទ្រី ក៏មិនជំទាស់ទៅលើបញ្ហាហ្នឹងដែរ ប៉ុន្តែ បើគាត់មានសិទ្ធិជំទាស់ គាត់ក្លាយទៅជារដ្ឋសំរាមទៅហើយ។ បើគាត់មានសិទ្ធិជំទាស់ទៅលើអ្វីដែលជាការសម្រេចរបស់រាជរដ្ឋាភិបាល។ វាស៊ីសងទៅលើយើងធ្វើការសម្រេចចិត្តច្បាស់ ឬមិនច្បាស់។ យើងចុះហត្ថលេខាជាមួយ ស៊ីនទ្រី តាំងពីឆ្នាំ ១៩៩៦-៩៧ រហូតមកដល់ឥឡូវ ជាប់ ៣០ ឆ្នាំ ទៅហើយ។ តាំងពី ៥០០ តោន/ថ្ងៃ ទឹកដីត្រឹមតែជាង ៣០០ គីឡូម៉ែត្រការ៉េ ឥឡូវ ៣ ០០០ តោន/ថ្ងៃ ទឹកដី ៦០០ គីឡូម៉ែត្រការ៉េ នៅតែ ស៊ីនទ្រី ដដែលៗ។ អញ្ចឹង ឱ្យវាមានក្រុមហ៊ុនច្រើនចែកជាតំបន់។ កន្លែងខ្លះអត់បានទៅយកតែប៉ុន្មានថ្ងៃ គឺដល់ក។
កម្លាំងគ្រប់ប្រភេទទទួលបទបញ្ជារួចហើយ
លោក ហ៊ុន សែន ថ្ងៃនេះ ហេតុអីបានជាមកនិយាយពីសំរាម មិននិយាយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស? ដូចនិយាយអម្បាញ់មិញអញ្ចឹង ទុកឱ្យអ្នកវិភាគគេវិភាគ ហើយយើងរង់ចាំមើលគេវិភាគ។ ខ្ញុំសុំថា ជង់វាអត់និយាយទេ ប៉ុន្តែ តែដើរចូលជាប់ជង់ហើយ។ ម្យ៉ាងទៀតវាគ្មានការចាំបាច់ផង កម្លាំងគ្រប់ប្រភេទទទួល បទបញ្ជារួចជាស្រេចទៅហើយ មិនចាំបាច់ថា តើគួរធ្វើរបៀបម៉េចអីរបៀបម៉េច? អត់មកនិយាយអញ្ចឹងទេ គេមានរបៀបរបស់គេ …(សម្តេចមានប្រសាសន៍ពីរឿងឡើងគីឡូ)។ ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់និស្សិតជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រ ចំនួន ៤ ០៣៣ អង្គ/នាក់/ម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ ជូនសាស្ត្រាចារ្យ និងបុគ្គលិក ចំនួន ២៩៦ នាក់/ម្នាក់ៗ ថវិកា ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យ បៀលប្រាយ ថវិកា ៥ លានរៀល។
រំលឹកជីវិតកាលនៅជាក្មេងវត្ត
នៅក្នុងនេះ ព្រះសង្ឃ ១១០ អង្គ។ ព្រះតេជព្រះគុណ ចេញវស្សារហើយគិតយ៉ាងម៉េចហើយ? បន្តទៀត ឬក៏យ៉ាងម៉េច? ច្បាស់ហើយធម្មជាតិ ខ្ញុំព្រះករុណាខ្ញុំ ទស្សន៍ទាយទៅចុះ នៅជាបុព្វជិតថាប្រហែលជា ៣០% ទៅចុះ (ដែល)បួសមួយជិវិត។ ឯ ៧០% ច្បាស់ហើយៗសម្លឹងឃើញហើយ។ ប៉ុន្តែ កូនសិស្សលោកអញ្ចឹង។ នៅជាមួយព្រះសង្ឃតាំងពីតូចមក រៀនធម៌/អារ្យបានចេះ/ដឹង ហើយលោកក៏ធ្លាប់ធ្វើបាប ហើយខ្ញុំព្រះករុណាខ្ញុំក៏ធ្លាប់ធ្វើបាបលោកវិញដែរ។ ព្រះតេជព្រះគុណ ខ្ញុំព្រះករុណាខ្ញុំ រំលឹកអាហ្នឹងបន្តិច បើសិនជាថ្ងៃ អាទិត្យ យើងទៅយកចង្ហាន់បានពីព្រឹកមកៗដល់មុនម៉ោង ១១ ឬម៉ោង ១១ ជាងអី នៅឆាន់នៅហ្នឹងហើយ។ អស់ហើយ។ បើថាត្រីចៀនក្រឡាប់ផែនដីអស់ហើយ អត់មានទុកឱ្យក្មេងអីបន្តិច។ ហើយលោកនៅជជែកគ្នានៅហ្នឹង។ ឯងឯណេះនៅអង្គុយបត់ជើងនៅហ្នឹង។ ដល់អញ្ចឹងទេដឹងក្បួន ព្រោះលោកផុតម៉ោង ១២ លែងឆាន់កើតហើយ។ អញ្ចឹង ចាំនៅសល់ខ្វះ ១៥ នាទី ឬ ១០ នាទី ចាំយកមកដល់។ ឆាន់ព្រឹបៗ សល់។ សូមចៅៗក្មួយៗទាំងឡាយ ដែលនៅតាមវត្ត កុំធ្វើតម្រាប់តាម ហ៊ុន សែន មិនល្អទេ។ ប៉ុន្តែ លោកក៏គួរតែយល់ថា កូនសិស្សវាឃ្លាន ឆាន់ឱ្យរហ័សទៅនឹងអាលកូនសិស្សវាទទួលទានម្តង។ ប៉ះចំពីណាប៉ះចំអតីតកូនសិស្ស ដែលធ្លាប់បម្រើលោក។ ធ្លាប់ធ្វើអស់ហើយរឿងអញ្ចឹងៗ។ ប៉ុន្តែ លោកក៏មិនប្រកាន់ជាមួយខ្ញុំព្រះករុណាខ្ញុំដែរ ព្រោះខ្ញុំធ្វើបុណ្យតែជាមួយលោក។
សុខដុមភាវូបនីយ៍កម្មជាតិសាសន៍/សាសនា អាទិភាពគោលនយោបាយរបស់គណបក្សប្រជាជន
រយៈពេលចុងក្រោយនេះ ខ្ញុំព្រះករុណាខ្ញុំ ត្រូវធ្វើការជាមួយនឹងគ្រីស្ទ ត្រូវធ្វើការជាមួយឥស្លាម។ ប៉ុន្មានថ្ងៃ មុនហ្នឹងមុនទៅអឺរ៉ុប បាយជាមួយគ្រីស្ទសាសនា ហើយរៀងរាល់ឆ្នាំ ពេលស្រាយបួសរបស់ឥស្លាមសាសនា ក៏ត្រូវធ្វើជាមួយ។ នោះហើយជាសុខដុមជាតិសាស និងសាសនា ដែលបញ្ហានេះសំខាន់ណាស់ សម្រាប់ប្រទេសមួយៗ។ យើងមើលទៅប្រទេសនានា ដែលបែកបាក់ជាតិសាស និងសាសនា គឺសុទ្ធតែ គ្រោះមហន្តរាយទាំងអស់។ អាទិភាពនៃគោលនយោបាយរបស់គណបក្សប្រជាជន/ហ៊ុន សែន លើបញ្ហាផ្ទៃក្នុងប្រទេស ក្នុងហ្នឹងសុខដុមបនីយកម្មជាតិសាស និងសាសនា មិនត្រូវឱ្យមានជម្លោះ។ ព្រះពុទ្ធសាសនាមានធម្មយុត្តិកនិកាយ (និង)មហានិកាយ គឺមិនត្រូវបែកបាក់។ សាសនាឥស្លាមក៏មានច្រើននិកាយ។ កាតូលិកក៏មានច្រើននិកាយ។ គ្រីស្ទសាសនាក៏មានចក្រើននិកាយ។ អញ្ចឹង កុំឱ្យនិកាយនេះមានការទាស់គ្នា (អាហ្នឹង)ម្ខាង។ ម្ខាងទៀត កុំឱ្យព្រះពុទ្ធជាមួយឥស្លាម, កុំឱ្យព្រះពុទ្ធជាមួយគ្រីស្ទ មានបញ្ហាជាមួយគ្នា។ គោលនយោបាយក្នុង/ក្រៅប្រទេស ត្រូវដាក់ចេញឱ្យស្រប(គ្នា) បើមិនអញ្ចឹងទេ គឺបង្កើតបញ្ហា។
ជាមួយនឹងការអបអរសាទរ ចំពោះវឌ្ឍនភាព នៃសាកលវិទ្យាល័យ បៀលប្រាយ ក៏ដូចជា អបអរសាទរជា មួយជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ទាំងព្រះសង្ឃ និងគ្រហស្ថ ព្រមទាំងអបអរសាទរជាមួយនឹងក្រុមគ្រួសារ នៃជ័យលាភី ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ ឯកឧត្តម លោកជំទាវ អស់លោក/ស្រី នាងកញ្ញា សូមប្រកបតែពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕