ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖ Czech ជាមិត្តចាស់ និងជិតស្និទ្ធ បន្តគាំទ្រកម្ពុជា ឆ្ពោះទៅកាន់ប្រជាធិបតេយ្យ សន្តិភាព និងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព

ជាបឋម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​រដ្ឋាភិបាលឆែក និងឯកឧត្ដម រដ្ឋមន្រ្តី (Andrej) Babis ផ្ទាល់ ដែលបានទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ដល់ខ្ញុំ និងគណៈប្រតិភូកម្ពុជា ក្នុងអំឡុងពេលស្នាក់នៅទីក្រុង Prague ដ៏ស្រស់ស្អាតនេះ។
នេះជាលើកទី ៤ ហើយ ដែលខ្ញុំមកទស្សនកិច្ចនៅទីក្រុង Prague​ ក្នុងចន្លោះឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៤ មុនពេលដែលខ្ញុំធ្វើជានាយករដ្ឋមន្រ្តីកម្ពុជានៅឆ្នាំ ១៩៨៥។ លើកនេះ គឺជាទស្សនកិច្ចដ៏គួរឱ្យចងចាំ ដែលខ្ញុំសូមយកឱកាសនេះ កម្ពុជាចងចាំជានិច្ច និងសូមថ្លែងអំណរគុណ និងកត្ត​ញ្ញូតាធម៌ចំពោះជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលអតីតប្រទេសឆេកូស្លូវ៉ាគី ដែលបានផ្ដល់ជំនួយដល់ប្រជាជនកម្ពុជាក្នុងគ្រាដ៏លំបាក ក្រោយពេលរំដោះពីរបបខ្មែរក្រហម។

ខ្ញុំសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឆែក ដែលបានលុបបំណុលកម្ពុជាជំពាក់ក្នុងអំឡុងទសវត្សរ៍ ៨០ និងបង្វែរបំណុលដែលនៅសេសសល់ ទៅជាជំនួយអភិវឌ្ឍន៍ផ្លូវការ សម្រាប់គាំទ្រដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍នៅកម្ពុជា ហើយសូមអរគុណឆែក ដែលបានសម្រេចផ្ដល់ ១,៥ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំក្នុងរយៈពេល ៦ ឆ្នាំ ពីឆ្នាំ ២០១៨ ដល់ ២០២៣ …(ដាច់សម្លេង) បន្តការអភិវឌ្ឍទ្វេភាគីនេះ។

ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្ម័គ្រស្មោះ ចំពោះរដ្ឋាភិបាលឆែក ដែលបានបន្តជ្រើសរើសកម្ពុជាជាប្រទេសអាទិភាពរបស់ប្រទេសឆែក សម្រាប់កម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍ ឆ្នាំ ២០១៨-២០២៣។ ខ្ញុំសូមអរគុណដល់ភាគីឆែក ដែលបាន និងកំពុងផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា។ ចាប់តាំងពីឆ្នាំ ១៩៨១ ដល់ ២០១៩ នេះ និស្សិតកម្ពុជាចំនួន ៣៦២ នាក់ បានទទួលការបណ្តុះបណ្តាលនៅសាធារណរដ្ឋឆែក។ ក្នុងចំណោមនោះ មានមួយចំនួនកំពុងកាន់តួនាទីសំខាន់ៗនៅតាមក្រសួងស្ថាប័នរដ្ឋរបស់កម្ពុជា។

ខ្ញុំសូមកោតសរសើរដល់សាធារណរដ្ឋឆែក ដែលជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុត ជាមួយអត្រាអ្នកគ្មានការងារធ្វើទាបនៅក្នុងសហភាពអឺរ៉ុប ហើយបានក្លាយជាប្រទេសដែលមានសុវត្ថិភាពបំផុតទី ៦ នៅលើពិភពលោក។

គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់ខ្ញុំនៅពេលនេះ គឺដើម្បីផ្តល់ថាមវ័ន្តបន្ថែមទៀតដល់មិត្តភាពដ៏យូរលង់របស់ប្រទេសទាំងពីរ ពង្រឹងទំនុកទុកចិត្តខាងនយោបាយ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ឱ្យ​ឈានដល់កម្រិតមួយទៀតនៅក្នុងបរិបទថ្មី។ វត្តមាននៃការគង់ និងទទួលការអប់រំរបស់ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋឆែក បានរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតបន្តឹងចំណងមិត្តភាពដ៏យូរលង់របស់ប្រទេសយើងទាំងពីរផងដែរ។ ចំណុចនេះអាចបញ្ជាក់បានថា ការផ្ដល់អាហារូបករណ៍ពីសាធារណរដ្ឋឆែកទៅកាន់កម្ពុជា មិនមែនជាបញ្ហាថ្មីថ្មោងទេ គឺតាមរយៈនៃវត្តមានព្រះ​មហាក្សត្របច្ចុប្បន្ន ដែលព្រះអង្គរៀនសូត្រនៅឆែកតាំងពីទសវត្សរ៍ ៦០ នោះ ក៏បានបង្ហាញពីទំនាក់ទំនងដ៏យូរលង់ នៃការផ្ដល់​ជំនួយសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្ស។

មុននេះបន្តិច ​ខ្ញុំ និងឯកឧត្តម នាយករដ្ឋមន្រ្តី ​Babis ទើប​បានជួបពិភាក្សាទ្វេភាគីក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល​ ដែលក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់លើប្រធានបទទ្វេភាគី និងពហុភាគី ដែលផ្ដល់ផលប្រយោជន៍រួមដល់ប្រទេសយើងទាំងពីរ។ ជារួម ភាគីទាំងពីរបានសម្ដែងការពេញចិត្តចំពោះការរីកចម្រើនជាលំដាប់ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបានឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចជាន់ខ្ពស់ ការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈជាច្រើន។

ព្រឹកមិញនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារចំនួន ៣ បន្ថែមទៀត ដែលរួមមាន (១) អនុសញ្ញាយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និងទីភ្នាក់ងារ​អនុវត្តគម្រោងសុខាភិបាលឆែក VAMED (២) អនុស្សារណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មឆែក (៣) អនុស្សារណៈយោគយល់គ្នា ស្តីពីសហប្រតិបត្តិការ​រវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបណ្ឌិតសភាការទូត នៃក្រសួងការបរទេសសាធារណរដ្ឋឆែក។

ដើម្បីជម្រុញសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល ការវិនិយោគ និងការទូត ភាគីទាំងពីរក៏បានឯកភាពគ្នារៀបចំសកម្មភាពមួយចំនួន ដើម្បីអបអរសាទរខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឆែក នៅឆ្នាំ ២០២១ ខាងមុខ។ ខ្ញុំរីករាយ និងកត់សម្គាល់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងក្នុងរយៈពេល ៣ ឆ្នាំកន្លងមក។ ឯកឧត្តម នាយករដ្ឋមន្រ្តី Babis និងខ្ញុំបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ដោយពិនិត្យមើលសក្ដានុពល ដែលប្រទេសទាំងពីរមាន។

នៅក្នុងឱកាសនេះផងដែរ ភាគីទាំងពីរក៏មានការពិភាក្សាអំពីគម្រោងថ្មីៗមួយចំនួនទាក់ទងនឹងវិស័យសុខាភិបាល កសិកម្ម បរិស្ថាន និងអាកាសចរណ៍។ ខ្ញុំក៏សូមយកឱកាសនេះបញ្ជាក់ថា កាលពីពេលមុននេះ កម្ពុជាបានទិញយន្តហោះស៊ើបការណ៍ L39 ចំនួន ៦ គ្រឿង (ដែល)បានទៅដល់កម្ពុជារួចហើយ។ ព្រឹកមិញ​នេះ ខ្ញុំក៏បានស្នើសុំពិភាក្សាអំពីលទ្ធភាព​ ដែលកម្ពុជាអាចទិញនូវយន្តហោះស៊ើបការណ៍ L39 ប្រភេទថ្មី ៣ ទៅ ៤ គ្រឿងបន្ថែមទៀត ហើយយើងនឹងបន្តការពិភាក្សាអំពីបញ្ហានេះ រួមទាំងអាវុធមួយចំនួន ដែលកម្ពុជាកំពុងនាំចូល និងអាចបន្ថែមនូវអាវុធធុនស្រាលមួយចំនួនផ្សេងទៀត នៅក្នុងវិស័យទំនាក់ទំនងសន្តិសុខ និងការពារជាតិរបស់យើង។

នៅក្នុងបរិបទកម្ពុជា និងសហភាពអឺរ៉ុប ខ្ញុំសង្ឃឹមថា ប្រទេសឆែក ដែលជាមិត្តចាស់ និងជាមិត្តជិតស្និទ្ធរបស់កម្ពុជា នឹងបន្តគាំទ្រកម្ពុជា ដើម្បីធានាថា ​ដំណើររបស់កម្ពុជាឆ្ពោះទៅកាន់ប្រជាធិបតេយ្យ ប្រកប​ដោយសន្តិភាព និងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព នឹងបន្តទៅមុខទៀតដោយគ្មានការរាំងស្ទះ។ ខ្ញុំសូមអរគុណឆែក ដែលបានអះអាងជាថ្មី នូវជំហរគាំទ្រកម្ពុជាក្នុងក្របខណ្ឌសហភាពអឺរ៉ុប​។

ខ្ញុំសង្ឃឹមថា បណ្ដាប្រទេសនៅអឺរ៉ុបនឹងប្រព្រឹត្តដោយយុត្តិធម៌ ចំពោះកម្ពុជា ដូចដែលឯកឧត្តម នាយករដ្ឋមន្រ្តី បានលើកឡើង។ ខ្ញុំរីករាយត្រៀមទទួលស្វាគមន៍ ឯកឧត្តម នាយករដ្ឋមន្ត្រី Babis អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងពេលវេលាសមស្រប ដើម្បីបន្តផ្លាស់ប្ដូរយោបល់ និងទស្សនវិស័យរបស់យើងទាំងពីរ សំដៅពង្រឹងពង្រីក និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ឆែក ទៅដល់កម្រិតថ្មីមួយ។

ខ្ញុំសង្ឃឹមថា ឯកឧត្តម នាយករដ្ឋមន្រ្តី នឹងជួបជាមួយនឹងព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលព្រះអង្គ ក៏ដូចជាឯកឧត្តម នឹងទៅចូលរួមការឡើងគ្រងរាជ្យរបស់ព្រះចៅអធិរាជជប៉ុន ដែលពេលនោះ ព្រះអង្គនឹងនិយាយជាមួយឯកឧត្តម ជាភាសាឆែកតែម្តង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...