សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតី និងអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី

ភ្នំពេញ ថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០១៩ –ឯកឧត្តម ចូកូ វីដូដូ(Joko Widodo)  និងឯកឧត្តម ម៉ារូហ្វ អាម៉ិន (Ma’ruf Armin)  បាន​ក្លា​យ​ជា ប្រធានាធិបតី និងអនុប្រធានា​ធិ​បតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ីហើយ នៅក្នុង​ពិ​ធី​ស្ប​ថ​ចូលកាន់​តំណែងប្រធានាធិបតី និងអនុប្រធា​នា​ធិបតី របស់សាធារណរដ្ឋឥណ្ឌូនេស៊ី ដែល​បា​នប្រារព្វធ្វើឡើងកាលពីរសៀលថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០១៩ នៅវិមាន​រដ្ឋស​ភា​ជា​តិ នៃសាធារ​ណ​​​រដ្ឋឥណ្ឌូនេស៊ី។ នេះបើយោងតាមការឱ្យដឹងរបស់អ្នកយកព័ត៌មាន​របស់ទូរទស្ស​ជាតិកម្ពុជា​។

ភ្ញៀវពិសេស​ៗ ដែលបាន​អញ្ជើញចូលរួមក្នុងពិធីស្បថចូលកាន់តំណែងផ្លូវការ រប​ស់​ឯក​ឧត្តមប្រធានាធិបតី និងអនុប្រធា​នា​ធិបតី  នៃសាធារណរដ្ឋឥណ្ឌូនេស៊ី អាណត្តិឆ្នាំ២០១៩-២​០​​២៤ រួម​​មាន ព្រះចៅស៊ុលតង់ ហាសា​ណាល់ ប៊ុលគីយ៉ា ព្រះមហាក្សត្រ និងជានា​យក​រដ្ឋ​មន្រ្តី​ប៊្រុ​​យណេដារូសាឡាម ព្រះករុណា រ៉ាចា អេហ្វា​ទីនី ព្រះមហាក្សត្រអឹមស្វាទី៣ នៃស្វាហ្សីឡង់ ឯ​ក​ឧត្តម វ៉ាង ឈីសាន អនុប្រធានាធិបតី នៃ​សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ហង់រី វ៉ាន់​ធ​យ អនុប្រធានាធិបតី នៃសាធារណរដ្ឋសហ​ភាពមីយ៉ាន់ម៉ា លោកជំទាវ ដាង ធី ង៉ុកធីញ អនុ​ប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ឯកឧត្តម លី សៀនឡុង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសិង្ហបុរី ឯក​ឧត្ត​ម ស្តុត ម៉ូរីសុន នាយករដ្ឋមន្រ្តីអូស្រ្តាលី ព្រមទាំងឯកឧត្តម លោកជំទាវ ជាបេសកកជន​ពិសេ​សមកពីព្រះរាជាណាចក្រថៃ ឡាវ ហ្វីលីពីន បេសកកជនពិសេសរបស់ ឯកឧត្តម​ប្រ​ធា​នា​​ធិបតីសហរដ្ឋអាមេរិក សហភាពអារ៉ាប់រួម បេកពិសេសជនពិសេសរបស់ព្រះចៅ​អធិរាជ​ជប៉ុន បេ​សកកជនពិសេសរបស់ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ រួមទាំងឥស្សរជនជាន់ខ្ពស់ តំ​ណាងរដ្ឋាភិបាល នៃបណ្តាប្រទេសជាមិត្ត របស់សាធារណរដ្ឋឥណ្ឌូនេស៊ីជាច្រើនរូបទៀត។

នៅ​​ក្នុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតី និងអនុប្រធានាធិបតីនោះ មានការ​គោ​រ​​ពទង់ និងភ្លេងជាតិរបស់សាធារណរដ្ឋឥណ្ឌនេស៊ី ពិធីស្មឹងស្មាធ និងពិធីបើកកិច្ចប្រជុំ​ពេ​ញ​អង្គ​រប​ស់​ស​ភា ពិគ្រោះយោបល់ ដោយប្រធានរដ្ឋសភា​ឥណ្ឌូនេស៊ី​។ ពិធីស្បថរបស់ឯក​ឧត្តម ចូ​កូ វីដូដូ ប្រធានាធិបតី និង​ពិធីស្បថរបស់ឯកឧត្តម ម៉ារូហ្វ អាម៉ិន អនុប្រធានាធិបតី នៃសាធា​រណ​​រដ្ឋ​​ឥ​ណ្ឌូ​​នេស៊ី។

ឯកឧត្តម ចូកូ វីដូដូ ចូលកាន់តំណែងជាប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅ​ថ្ងៃ​ទី២០ ខែតុលា ឆ្នាំ​២០១៤ នឹងត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិទី២ ក្នុងការបោះ​ឆ្នោ​តសាកល នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ សម្រាប់អាណាត្តិឆ្នាំ២០១៩-២០២៤ ដោយ​ឡែ​ក ឯកឧត្តមបណ្ឌិត ម៉ារូហ្វ អាម៉ីន ត្រូវបានជាប់ឆ្នោតជាអនុប្រធានាធិបតីថ្មី នៃសាធារណ​រដ្ឋ​ឥណ្ឌូនេស៊ី ក្នុងការបោះឆ្នោតសកល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ សម្រាប់អាណ​ត្តិ​ឆ្នាំ​២​០១៩-២០២៤។ ឯកឧត្តម ចូកូ វីដូដូ បានជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិទី២ តាមរយៈ​កា​រ​ប្តេ​ជ្ញាបន្តជំរុញ កំណែទម្រង់សេដ្ឋកិច្ចយ៉ាងស្រួចស្រាលបំផុត។ ក្រោមរដ្ឋបាលរបស់ ឯកឧត្តម ចូកូ វីដូដូ យុទ្ធសាស្រ្ត អភិវឌ្ឍន៍របស់ឥណ្ឌូនេស៊ី ផ្តោតលើគោលនយោបាយ​ដែ​លមាន​ឈ្មោះ​ថា ចក្ខុវិស័យឥណ្ឌូនេស៊ី ២០១៩-២០២៤ ដែលផ្តោតលើការពង្រឹងវិស័យសំខាន់ៗចំនួន៥ រួម​មាន​ ហេដ្ឋារចនាសម្ព័ន្ធ ធន​ធានមនុស្ស បរិយាកាសវិនិយោគ ការិយា-ធិបតេយ្យ និង​ថវិកា​ជាតិ​។

បន្ទាប់ពីបានទទួលឯករាជ្យ​រយ:ពេល ៧០ឆ្នាំ រួមជាមួយនឹងការកែទម្រង់នយោបាយ និងស្ថា​ប័​ន​ជាងមួយទសវត្សរ៍កន្លងមកនេះ ឥណ្ឌូនេស៊ី បានក្លាយជាប្រទេសប្រជាធិបតេយ្យ ដែលមា​ន​​ស្ថេរភាពមួយ ដោយប្រកាន់យករបបប្រធានាធិបតី គឺ គោលការណ៍បញ្ចសិលា ក្នុងការដឹក​នាំ​ប្រទេស។ បញ្ចសិលា គឺជាមូលដ្ឋានទស្សនវិជ្ជារបស់រដ្ឋ ដែលមានគោលការណ៍ចំនួន៥ គឺ១ ជំនឿលើព្រះតែមួយ ២ យុត្តិធម៌ និងអរិយធម៌សម្រាប់មនុស្សជាតិ ៣ ឯកភាពឥណ្ឌូនេស៊ី ៤ ​ប្រជាធិបតេយ្យសម្រាប់ពលរដ្ឋ និង៥ យុត្តិធម៌សង្គមសម្រាប់ប្រជាជនឥណ្ឌូនេ​ស៊ី ទាំងអស់។ ឥណ្ឌូនេស៊ីបានក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍ ជាសមាជិក​រប​ស់ក្រុមប្រទេស G-20 និងជាប្រទេសអាស៊ានទី១ ដែលត្រូវបានដាក់បញ្ចូលក្នុងក្លឹប ទ្រីលាន (Tri​llion Dolar Club)ក្នុងឆ្នាំ២០១៧។ សេដ្ឋកិច្ចឥណ្ឌូនេស៊ីពឹងផ្អែកសំខាន់ទៅលើ ប្រេង ឧស្ម័ន​ធម្ម​ជាតិ ប្រេងដូង កាហ្វេ កាកាវ ថ្នាំពេទ្យ ផលិតផលឧស្សាហកម្ម និងវិស័យទេសចរណ៍៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា