ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ — ក្នុងខណៈដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមជាភ្ញៀវកិត្តិយស ជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាល និងតំណាងប្រទេសសមាជិកអាស៊ានដទៃទៀត ក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីនោះ នាព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបជូនពរ និងពិភាក្សាការងារជាមួយឯកឧត្តម ចូកូ វីដូដូ (Joko Widodo ) ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។
ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអញ្ជើញចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ឯកឧត្តម។ ឯកឧត្តមក៏បានអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានជំរុញកិច្ចសហការទ្វេភាគីដ៏រឹងមាំ រវាងឥណ្ឌូនេស៊ី និងកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណឯកឧត្តមប្រធានាធិបតី ដែលបានអញ្ជើញសម្តេច និងគណៈប្រតិភូចូលរួមក្នុងពិធី ហើយសម្តេចពិតជារីករាយក្នុងការចូលរួមពិធីដ៏មានអត្ថន័យមួយនេះ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បាននាំយកនូវព្រះរាជបន្ទូលផ្តាំផ្ញើសាកសួរសុខទុក្ខ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ ជូនឯកឧត្តមប្រធានាធិបតីផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញក្តីសង្ឃឹមថា ក្នុងអាណត្តិថ្មីនេះ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី នឹងរកពេលវេលាសមស្របទៅបំពេញទស្សនកិច្ចនៅកម្ពុជា ខណៈដែលអតីតប្រធានាធិបតីឥណ្ឌូនេស៊ីចំនួន៤រូបមកហើយ បានបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្នុងជំនួបនេះដែរ សម្តេចតេជោ ក៏បានលើកពីបញ្ហារបស់ប្រទេសទីម័រខាងកើត ដែលចង់ក្លាយជាសមាជិកអាស៊ានផងដែរ ដោយសម្តេចបានថ្លែងបង្ហាញក្តីសង្ឃឹមថា ប្រទេសសមាជិកអាស៊ានទាំងអស់នឹងសម្រេចពីការចង់ក្លាយជាសមាជិកអាស៊ាន របស់ប្រទេសទីម័រខាងកើត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាទីក្រុងបាងកក នៅចុងឆ្នាំនេះ។ សម្តេចតេជោបានថ្លែងថា ប្រទេសទីម័រខាងកើត បានខិតខំគ្រប់លទ្ធភាពដើម្បីក្លាយជាសមាជិកអាស៊ាន ជាពិសេសបានបើកស្ថានទូតនៅប្រទេសទាំង១០ នៃសមាជិកអាស៊ាន។ សម្តេចតេជោសង្ឃឹមថា ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី នឹងគាំទ្រប្រទេសទីម័រជាសមាជិករបស់អាស៊ាន។
ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី បានគាំទ្រការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការអនុញ្ញាតឱ្យទីម័រក្លាយជាសមាជិកទី១១ របស់អាស៊ាន ហើយឥណ្ឌូនេស៊ីគាំទ្រប្រទេសទីម័រ។ ឯកឧត្តមប្រធានាធិបតី បានលើកឡើងថា ជារឿងដ៏ល្អសម្រាប់ការអនុញ្ញាតឱ្យទីម័រក្លាយជាសមាជិកអាស៊ាន។ ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា-ឥណ្ឌូនេស៊ី ឯកឧត្តម ចូកូ វីដូដូ បានមើលឃើញមានការវិវឌ្ឍយ៉ាងល្អប្រសើរ ដូចជាវិស័យសុខាភិបាលប្រទេសទាំងពីរមានការវិនិយោគរួមគ្នា ហើយវិស័យដឹកជញ្ជូនវិញ ប្រទេសទាំងពីរមានការហោះហើរត្រង់ជាមួយគ្នាផងដែរ។ ប៉ុន្តែឯកឧត្តមមើលឃើញថា នៅមានវិស័យជាច្រើនទៀតដែលមានសក្តានុពល ហើយត្រូវយកចិត្តទុកដាក់បន្ថែម ដូចជាការដឹកជញ្ជូនផ្លូវដែក និងតាមផ្លូវទឹកជាដើម។
គួរបញ្ជាក់ដែរថា ឯកឧត្ដម ចូកូ វីដូដូ ជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិទី២ នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី១៧ មេសា ឆ្នាំ២០១៩ កន្លងមកនេះ សម្រាប់អាណត្តិ ២០១៩-២០២៤។ ការអញ្ជើញចូលរួមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងឥស្សរជនអាស៊ានផ្សេងទៀត ក្នុងពិធីស្បថចូលកាន់តំណែងថ្មីជាផ្លូវការរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិអាស៊ាន៕