សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតថ្មី សហរដ្ឋអាមេរិកប្រចាំកម្ពុជា

នៅវិមានសន្តិភាព រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានតែងតាំងមកបំពេញបេសកកម្មការងារនៅក្នុងព្រះរាជាណាចក្រ​កម្ពុជា។ ឯកឧត្តមអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យឯកឧត្តម បានចូលជួបសំដែងការគួរសមនិងពិភាក្សាការងារនៅពេលនេះ។ ឯកឧត្តមពិតជារីករាយ និងទទួលស្គាល់សម្រាប់ថ្ងៃនេះ២៣ តុលា ដែលជាប្រវត្តិសាស្ត្រ និងជាថ្ងៃឈប់សម្រាករបស់ប្រទេសកម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ឯកឧត្តមដែលត្រូវចាប់ផ្ដើមបំពេញការងារនៅក្នុងប្រទេសកម្ពុជានាពេលនេះ។ សម្ដេចតេជោបានបញ្ជាក់ថា អ្វីដែលជាការបន្តធ្វើនោះគឺការបន្តពង្រីក និងពង្រឹងនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរបន្ថែមទៀត។ សម្តេចបន្តថា ដោយសារកន្លងមកកម្ពុជា និងសហ​រដ្ឋអាមេរិកមាន​ការសហការគ្នាលើគ្រប់វិស័យ ពិសេសកន្លងមកយើងមានចំណុច ដែលបានឯកភាពគ្នាច្រើន ហើយយើងនឹងបន្តពេលវេលា ដើម្បីធ្វើការសហការគ្នាជាបន្តបន្ទាប់ទៀត។

កម្ពុជា និងអាមេរិកក៏មានកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនផងដែរមានទាំងវិស័យអប់រំវិស័យសុខាភិបាលជាដើម ហើយយើងនឹងបន្តធ្វើការងារលើវិស័យសំខាន់ៗនេះជាបន្តទៀត ។ សម្ដេចតេជោមន្ត្រី ក៏បានជំរុញដល់ឯកអគ្គរដ្ឋទូតអាមេរិកផងដែរទាក់ទងទៅនឹងការបង្កើនកិច្ចសហប្រតិបត្តិការកម្រិតអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងក្នុងក្របខណ្ឌអាស៊ាន និងសហរដ្ឋអាមេរិកផងដែរ។

សម្តេចបន្តថា កម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដូច្នេះសម្តេចចង់ឃើញអាមេរិក និងអាស៊ានមានការសហការគ្នា។ ទាក់ទងទៅនឹងទំនាក់ទំនងនេះផងដែរ នៅឆ្នាំក្រោយនេះគឺជាខួបទី៧០ នៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ដូច្នេះកម្ពុជា និងទូតអាមេរិក នឹងសហការគ្នាក្នុងការធ្វើកម្មវិធីមួយចំនួននៅខួបនៃទំនាក់ទំនងនេះ។

ដូច្នេះតាមរយៈជំនួបនេះ គឺជាលើកដំបូងរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ក្នុងការជួបសំដែងការគួរសមនិងពិភាក្សាការងារដោយផ្តោតសំខាន់ទៅលើការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ