នៅព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងទី២២ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយចំនួន ៤,០៣៨នាក់ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ និស្សិតដែលទទួលសញ្ញាបត្រនាព្រឹកនេះ រួមមានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ក្នុងនោះមានព្រះសង្ឈ ចំនួន១១០អង្គ និងក៏មាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន ចំនួន ១៦៩នាក់ នារី ៦២នាក់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យល័យបៀលប្រាយនាព្រឹកនេះ។ សម្តេចតេជោ បានវាតម្លៃខ្ពស់ចំពោះវឌ្ឍនៈភាពរីកចម្រើនរបស់សាកលវិទ្យល័យបៀលប្រាយ និង បានកោតសរសើរផងដែរចំពោះថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ បៀលប្រាយ ដែលបានខិតខំបណ្តុះបណ្តាលនិស្សិតតាំងពីចំនួនតិចតួចរហូតដល់មាននិស្សិតសិក្សារាប់ម៉ឺននាក់ និងបានធ្វើអោយពួកគេទទួលបានការងារធ្វើជាបន្តបន្ទាប់។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដោយក្តីមោទភាពចំពោះភាពរីកចម្រើននៃវិស័យអប់រំរបស់ប្រទេសកម្ពុជា ដែលកម្ពុជាបានចាប់ផ្តើមឡើងពីចំនុចសូន្យ ដែលពេលនោះការចាប់ផ្តើមនៃវិស័យអប់រំរបស់យើងគឺផ្តើមពីអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះសោះនៅក្នុងស្ថានភាពដែលប្រទេសមានសង្គ្រាមផង និងមានសន្តិភាពផង ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គិតមកដល់ពេលនេះ គឺ មានរយៈពេល ៤០ឆ្នាំ (១៩៧៩-២០១៩) ដែលវិស័យអប់រំមានការរីកចម្រើន ដែលមានគ្រូបង្រៀន និងអ្នកជំនាញជាច្រើនក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរ និងអបអរសារដល់និស្សិតជ័យលាភីទាំងអស់ និងថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលដែលបានផ្តល់ឱកាសអោយកូនចៅបានសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរផងដែរចំពោះថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ បៀលប្រាយ ដែលបានខិតខំបណ្តុះបណ្តាលនិស្សិតទាំងអស់ឲ្យបានទទួលជោគជ័យនាពេលនេះ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័បៀលប្រាយ ដែលកន្លងមកបានផ្តល់នូវអាហារូបករណ៍ដល់ សម្តេចតេជោ ដើម្បីផ្តល់អោយនិស្សិតក្រីក្រយើងបានសិក្សារៀនសូត្រ។
នៅក្នុងឱកាសនេះផងដែរ ទាក់ទងនឹងការចូលបម្រើងការងារក្នុងស្ថាប័នរដ្ឋ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ មិនយល់ស្របសំណើរ របស់ក្រសួងសុខាភិបាល ដែលបានស្នើដល់សម្តេចតេជោ ឲ្យមានការត្រួតពិនិត្យសុខភាពទៅលើបេក្ខជនដែលប្រលងជាប់ ឬបេក្ខជនដែលត្រៀមប្រលងមុននឹងអនុញ្ញាតិឲ្យចូលប្រលង ដើម្បីការពារមានជំងឺឆ្លង។ ត្រង់ចំនុចនេះ សម្តេចតជោនាយករដ្ឋមន្ត្រីមិនយល់ស្របនោះទេ ព្រោះនេះជាការបង្កើតបន្ទុកបន្ថែមទៀតអ្នកដែលត្រូវប្រលងចូល។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ផ្តាំផ្ញើរទៅក្រសួងសុខាភិបាលថា អ្វីដែលគួឲ្យខ្លាច គឺជាជំងឺពុករលួយនោះទេ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជា បានជូនពរដល់និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ សូមទទួលបានជោគជ័យក្នុងការសិក្សា និងការងាររបស់ខ្លួនជាបន្តបន្ទាប់ទៀត ព្រមទាំងពរទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខពលៈ និងបដិភាណៈកុំបីឃ្លាងឃ្លៀតឡើយ។ បន្ទាប់មក សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ បៀលប្រាយ ក្នុងបរិយាកាសរីករាយ និងស្និតស្នាល ក្រៃលែង៕