សម្ដេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារពេលថ្ងៃត្រង់ ដែលរៀបចំឡើងដោយឧបនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប៊ុលហ្គារី

ប៊ុលហ្គារី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ — ក្នុងឱកាសស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប៊ុលហ្គារី នាវេ​លា​​ថ្ងៃត្រង់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករ​ដ្ឋ​ម​ន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញ​ចូ​ល​រួមក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ រៀបចំឡើងដោយលោកជំទាវ អេកាតេរីណា ហ្សា​ខា​រី​អេ​វ៉ា ឧបនាយក​រដ្ឋ​មន្រ្តី នៃកំណែទម្រង់យុត្តិធម៌ និងជា​រដ្ឋមន្រ្តីការបរទេសហុងគ្រី ក្នុងនាម​នា​យករដ្ឋមន្រ្តី នៃ​សា​ធា​រណរដ្ឋប៊ុលហ្ការី។

ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា  ពិធីដ៏មានអត្ថន័យនោះ ក៏មានការ​អញ្ជើញ​ចូ​ល​​រួមជាភ្ញៀវកិត្តិយស ពីសំ​ណាក់​ឥស្សរ​ជនជាន់ខ្ពស់ នៃប្រទេសទាំងពីរកម្ពុជា-ប៊ុលហ្គារី​ជា​ច្រើ​​នរូប។ ក្នុងពិធីទទួលទានអាហារថ្ងៃ​ត្រង់​នេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី​បានសម្ដែង​នូវ​​ការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះវឌ្ឍន​ភាពថ្មីៗ ដែលរដ្ឋាភិបាលសាធារណរដ្ឋ​ប៊ុ​ល​ហ្គារី​សម្រេចបាន ជាពិសេសជាប្រទេសមួយដែលបាន​ក្លាយជាសមាជិករបស់អង្គការណាតូ នៅ​ឆ្នាំ២០០៤ និងជាសមាជិកសហភាពអឺរ៉ុប ក្នុងឆ្នាំ២០០៧។

សម្តេចតេជោនាយករដ្ឋមន្រ្តី បា​ន​សម្ដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរជូនចំពោះរដ្ឋាភិបាល ប៊ុលហ្គារី ដែលបានធ្វើ​កំ​ណែ​​​ទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចដ៏ធំមួយ កាលពីទសវត្សរ៍ឆ្នាំ៩០ ដើម្បីកែប្រែសេដ្ឋកិច្ច​តាម​បែបផែនការ និងគ្រប់គ្រងដោយរដ្ឋ ទៅជាសេដ្ឋកិច្ចទីផ្សារសេរី។ លើទំនាក់ទំនង ទ្វេភាគី ស​ម្តេ​ចតេជោ​នាយករដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាលប៊ុលហ្ការី ដែល បា​ន​គាំ​ទ្របេក្ខភាពកម្ពុជា ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ ស​ម្រា​ប់អាណត្តិឆ្នាំ២០១៩។ កម្ពុជាក៏បានគាំទ្របេក្ខភាពប៊ុលហ្ការី ក្នុងក្រុមប្រឹក្សាសិទ្ធមនុស្ស អ​ង្គ​​ការសហប្រជាជាតិ អាណត្តិឆ្នាំ២០១៩-២០២១។

កម្ពុជាគាំទ្រលោកសាស្រ្តាចារ្យ Valina Todorova ជាសមាជិកគណៈកម្មាធិការសិទ្ធិកុមារ សម្រាប់អាណត្តិឆ្នាំ២០១៧-២០២០ របស់អង្គការ​ស​ហ​ប្រ​ជា​ជាតិ និងគាំទ្រប៊ុលហ្ការី ក្នុងគណៈកម្មាធិការស្តីពីការលុបបំបាត់ការរើសអើងប្រឆាំងស្រ្តី សម្រាប់ អាណត្តិឆ្នាំ២០១៥-២០១៨ របស់អង្គការសហប្រជាជាតិ។ សម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តី និងលោកជំទាវ អេកាតេរីណា ហ្សាខារីអេវ៉ា ក៏បានប្តេជ្ញារួមគ្នាក្នុងការបន្តនូវការគាំទ្រគ្នា ទៅ​វិញទៅមកទាំងក្នុង​ក្របខណ្ឌទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែល​មានការ​យ​ក​ចិ​ត្ត​ទុកដាក់ និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ពិសេសសម្រាប់ប្រជាជន​នៃប្រ​ទេ​ស​ទាំងពីរ កម្ពុជា-ប៊ុលហ្ការី។

សូមបញ្ជាក់ដែរថា នៅក្នុងជំនួបកំពូលនៃមេដឹកនាំរដ្ឋាភិបាលទាំងពីរ ឯកឧត្តម​នាយ​ក​រដ្ឋមន្រ្តីប៊ុលហ្គារី បានផ្តល់អាហារូបករណ៍ជូនដល់សិស្ស និស្សិតកម្ពុជាចំនួន១០កន្លែង និង​បា​ន​ស្នើឲ្យមានការបើកស្ថានឯកអគ្គរដ្ឋទូតប៊ុលហ្គារី នៅកម្ពុជាឲ្យបានឆាប់​តាមដែល​អាចធ្វើទៅ​បាន៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ