សាធារណរដ្ឋឆែក ឯកភាព និងកៀរគរក្រុមហ៊ុនឯកជនមកវិនិយោគនៅកម្ពុជា បន្ថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្ម

ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ — សាធារណរដ្ឋឆែក ឯកភាព និងកៀរគរសហគ្រាសធុនតូច ធម្យម និងក្រុមហ៊ុន ឯកជនឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មខណៈការ ដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមានចំនួនតិចតួចនៅឡើយ ក្នុងទំហំ៩១លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០១៨។

ក្នុងខណៈដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋឆែក ហុងគ្រី និងប៊ុលហ្គារី កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម អែន ដ្រេបាប៊ីស (Andrej Babis) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែក។

បន្ទាប់មក ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម ខារែល ហាវលីឆេក (Karel Havlicek) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋឆែក ដើម្បីពិភាក្សាការងារ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីចំណងមិត្តភាពរវាងប្រទេស ទាំងពីរដែលចាប់ផ្ដើមដំបូងនៅឆ្នាំ១៩៥៧ និងចាប់ផ្ដើមជាថ្មីនៅឆ្នាំ១៩៩៦។ ឯកឧត្តម បានបន្តទៀតថា ក្នុងពេលបច្ចុប្បន្នកម្ពុជាកំពុងតែពង្រឹងភាពប្រកួតប្រជែង និងកិច្ចសម្រួល ពាណិជ្ជកម្មរបស់ខ្លួនតាមរយៈយន្តការមួយចំនួន ដែលមានគោលបំណង សម្រួលដល់ការ ធ្វើអាជីវកម្មរបស់វិស័យឯកជន។ ជាមួយនឹងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឆែកទោះបីជាបច្ចុប្បន្ន នៅមានចំនួនទាបនៅឡើយគឺក្នុងទំហំ៩១លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៨ប្រទេសទាំងពីរ នៅមានសក្ដានុពលក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក៏បានលើកទឹកចិត្តឱ្យ ក្រុមហ៊ុនឆែកមកសិក្សាពីទីផ្សារកម្ពុជា ដើម្បីពិចារណារការដាក់ទុនវិនិយោគដោយ កម្ពុជាមានការលើកទឹកចិត្តខ្ពស់ ចំពោះការវិនិយោគនានានៅកម្ពុជា ហើយក៏បានអញ្ជើញឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឆែក មកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ។

ឆ្លើយតបទៅនឹងការអញ្ជើញនេះឯកឧត្តម ខារែល ហាវលីឆេក ក៏បានឯកភាពហើយ នឹងដឹកនាំគណៈប្រតិភូសហគ្រាសធុនតូច និងមធ្យមមកកម្ពុជានៅឆ្នាំ២០២០៕

ដោយ ម៉ៅ ចរិយា

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ