ប្រមុខដឹកនាំកម្ពុជា អញ្ជើញជួបពិភាក្សាការងារ ជាមួយប្រធានាធិបតីហុងគ្រី

ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ –ក្នុងឱកាសស្នាក់អាស្រ័យ និងបំពេញការងារនៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ជេណូស អាឌឺ (Janos ADER) ប្រធានាធិបតី នៃសាធារណរដ្ឋហុងគ្រី។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងក្រោយជំនួបនោះថា ឯកឧត្តមប្រធានាធិបតីហុងគ្រី បានមានប្រសាសន៍ថ្លែងនូវការអរគុណចំពោះការអញ្ជើញឯកឧត្តម ពីព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយឯកឧត្តមពិតជារីករាយក្នុងការទទួលយកការអញ្ជើញនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាចុងខែតុលាខាងមុខនេះ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ឯកឧត្តមបានស្ដាប់ដោយយកចិត្តទុកដាក់នូវសង្កថារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី កាលពីព្រឹកមិញ នៅក្នុងកិច្ចប្រជុំកំពូលស្ដីពីទឹក ដែលធ្វើឡើងនៅប្រទេសហុងគ្រីនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះឯកឧត្តមប្រធានាធិបតីហុងគ្រី និងអរគុណដល់រដ្ឋាភិបាលហុងគ្រី ដែលបានអញ្ជើញសម្ដេចមកចូលរួមនៅក្នុងកិច្ចប្រជុំស្ដីអំពីបញ្ហាទឹក នៅប្រទេសហុងគ្រីនាពេលនេះ។ ក្នុងជំនួបនោះផងដែរ សម្តេចតេជោក៏បានពិភាក្សាជាមួយឯកឧត្តមប្រធានាធិបតីហុងគ្រី ទាក់ទងទៅនឹងបញ្ហា នៃការគ្រប់គ្រងទឹកផងដែរ ដែលជាប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងកាលពីព្រឹកមិញនេះ។ សម្ដេចតេជោក៏បានគូសបញ្ជាក់ថា ដោយសារតែបញ្ហាទឹក គឺជាបញ្ហាសំខាន់មួយរបស់ប្រទេសកម្ពុជា ហើយកាលពីពេលថ្មីៗកន្លងទៅនេះ កម្ពុជាក៏បានបាត់បង់នូវអគ្គិសនីប្រើប្រាស់ដោយសារតែបញ្ហានៃការខ្វះទឹក ជាពិសេសវារីអគ្គិសនីដែលមិនមានទឹកគ្រប់គ្រាន់ក្នុងការបញ្ចេញនូវថាមពលអគ្គិសនី។

សម្ដេចតេជោ ក៏បានមានប្រសាសន៍ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការ ជាមួយនឹងហុងគ្រី ជាពិសេសនៅក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីហុងគ្រី ទៅកាន់ប្រទេសកម្ពុជានាពេលខាងមុខ ឯកឧត្តមនឹងបានឃើញជាក់ស្ដែងនូវស្ថានភាពរបស់ប្រទេសកម្ពុជា ដូចជាបានទៅទស្សនានូវសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាគឺប្រាសាទអង្គរវត្ត។ នៅក្នុងជំនួបនេះ សម្ដេចតេជោក៏បានលើកឡើងអំពីចំណុចពាក់ព័ន្ធទៅនឹងបញ្ហា EBA ផងដែរ ដោយសម្ដេចបានស្នើឱ្យឯកឧត្តមប្រធានាធិបតីបន្តគាំទ្រដល់កម្ពុជា ជាមួយនឹងសហភាពអឺរ៉ុប ហើយអ្វីដែលកម្ពុជាចង់បាននោះ គឺចង់ឲ្យសហភាពអឺរ៉ុបមានដំណើរការ និងប្រព្រឹត្តទៅដោយយុត្តិធម៌សម្រាប់ប្រទេសកម្ពុជា។

ក្នុងចំណុចនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីចំណុចសំខាន់នៃការកសាងភាពជាដៃគូយុទ្ធសាស្ត្រ រវាងសហភាពអឺរ៉ុប និងអាស៊ានផងដែរ។ សម្ដេចតេជោក៏បានមានប្រសាសន៍លើកឡើង អំពីការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសហុងគ្រី ដែលបច្ចុប្បន្ននេះគឺមានចំនួន៣៨នាក់ដែលពួកគេបាន និងកំពុងបន្តការសិក្សាមួយចំនួន និងមួយចំនួនទៀតបញ្ចប់ការសិក្សា។

ឯកឧត្តមប្រធានាធិបតីហុងគ្រី បានមានប្រសាសន៍ថា ហុងគ្រី គឺជាមិត្តមួយរបស់ប្រទេសកម្ពុជា។ ឯកឧត្តមបានបន្តទៀតថា រដ្ឋាភិបាលហុងគ្រីនៅតែបន្តគាំទ្រដល់កម្ពុជា ជាពិសេសការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ទាក់ទងទៅនឹងបញ្ហា EBA ហុងគ្រី នឹងបន្តគាំទ្រកម្ពុជាជាបន្តទៀត។ ហើយទាក់ទងទៅនឹងការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជានោះ ឯកឧត្ដមប្រធានាធិបតីហុងគ្រី នឹងបន្តស្វាគមន៍ដល់និស្សិតកម្ពុជាបន្តទៀតដើម្បីសិក្សានៅប្រទេសហុងគ្រីជាបន្តបន្ទាប់។

ពាក់ព័ន្ធនឹងកិច្ចប្រជុំស្ដីអំពីបញ្ហាទឹក ឯកឧត្តមប្រធានាធិបតីហុងគ្រី ពិតជាអរគុណជាអនេកចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានចែករំលែកនូវបទពិសោធន៍ ដូចជាស្ថានភាពជាក់ស្ដែងរបស់កម្ពុជា ហើយឯកឧត្តមសង្ឃឹមថា នៅពេលដែលឯកឧត្តមអញ្ជើញទៅបំពេញទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម នឹងមានពេលវេលាគ្រប់គ្រាន់ក្នុងការជជែកពិភាក្សាជាមួយសម្ដេចតេជោ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...