ស្របពេលដែលមន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំសំខាន់ៗ ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញគោរពព្រះវិញ្ញាណក្ខ័ន្ធ ក្រាបថ្វាយមហាព្រះរាជកុសល ថ្វាយព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅមណ្ឌលតម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ រាជធានីភ្នំពេញ ព្រមទាំងនៅតាមបណ្តាខេត្តក្រុងទូទាំងប្រទេស ក្នុងឱកាសនៃព្រះរាជាពិធីបុណ្យខួបគម្រប់៧ឆ្នាំ នៃការយាងសោយព្រះទីវង្គត់ របស់ព្រះអង្គ។ ថ្ងៃនេះ គឺជាថ្ងៃដែលព្រះវររាជបិតាឯករាជ្យជាតិខ្មែរ សម្តេចព្រះនរោត្តម សីហនុ បានយាងសោយព្រះទីវង្គត ចាកចោលប្រជារាស្រ្ត និងដែនដីកម្ពុជាដ៏ជាទីស្នេហារបស់ព្រះអង្គ ហើយក៏ថ្ងៃជាដែលកូនខ្មែរ និងជាតិខ្មែរទាំងមូលសោកសៅជាទីបំផុត។
ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ បានយាងសោយព្រះទិវង្គត នៅវេលាម៉ោង ១ និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យនាទីក្រុងប៉េកាំង ប្រទេសចិន។ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រួមនិង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការអ្នកមុខ អ្នកការនៃទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញទៅគោរពព្រះវិញ្ញាណក្ខ័ន្ធ ក្រាបថ្វាយមហាព្រះរាជកុសល ថ្វាយព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅមណ្ឌលតម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។ ហើយក៏បានអញ្ជើញគោរពព្រះវិញ្ញាណក្ខ័ន្ធក្រាបថ្វាយមហាព្រះរាជកុសល ថ្វាយព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនាទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ។
នៅក្នុងឱកាសគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត នាថ្ងៃនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន និងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ នៃទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ និងបានថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រមទាំងបានបួងសួងសូមឲ្យព្រះអង្គយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ និងសូមឲ្យព្រះវិញ្ញាណក្ខន្ធព្រះអង្គ តាមជួយបីបាច់រក្សាការពារ ព្រះរាជាណាចក្រកម្ពុជា និងប្រជារាស្ត្រទាំងមូល បានជួបតែនឹងសុខសន្តិភាព វិបុលភាព និងរីកចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ។ សម្តេចព្រះបរមរតនកោដ្ឋ ត្រូវបានប្រជារាស្ត្រខ្មែរទាំងមូល ចាត់ទុកជាអង្គព្រះមហាក្សត្រ និងជាព្រះមហាវីរក្សត្រខ្មែរ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយ ព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ ជាពិសេសព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ ពីប្រទេសបារាំងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលប្រជាជាតិទាំងមូល មានសេចក្តីរីករាយយ៉ាងក្រៃលែង ដោយបានប្រសិទ្ធនាម ព្រះអង្គជាព្រះបិតាឯករាជ្យជាតិខ្មែរ។ សូមបញ្ជាក់ថា នៅឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗដែរ ប្រជារាស្ត្រទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ បានលំឱនកាយ សម្តែងនូវសមាណទុក្ខ និងការគោរពនឹករលឹកដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។ កូនចៅប្រជារាស្ត្រទូទាំងប្រទេស និងមន្ត្រីរាជការ ក៏បានចូលរួមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភព កុំបីឃ្លាងឃ្លាតឡើយ៕