សម្តេចតេជោនាយករដ្ឋមន្រ្តី ជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឆែក

ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ — ក្នុងឱកាសស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឆែក នារសៀ​ល​ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​​​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Jaroslav Kube​​r​a​ ប្រ​ធានព្រឹទ្ធសភា នៃសាធារណរដ្ឋឆែក។

តាមប្រភពពីអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ក្នុងជំនួប​ដែ​ល​​ធ្វើឡើងនៅវិមានព្រឹទ្ធសភា ក្នុងទីក្រុងប្រាក ឯកឧត្តម Jaroslav Kubera មានប្រសាសន៍ជ​ម្រាប​ជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា សភានៃសាធារណរដ្ឋឆែក គឺជាស្ថាប័ននីតិបញ្ញត្តិ នៃ​សា​​ធារណរដ្ឋឆែក ដែលត្រូវបានបែងចែកជា២ថ្នាក់ គឺ១សភាជាន់ខ្ពស់ (ព្រឹទ្ធសភា) និង២​ស​ភា​ ជាន់ទាប (រដ្ឋសភា)។ ឯកឧត្តមមានប្រសាសន៍បន្តថា ព្រឹទ្ធសភាត្រូវបាន​បង្កើតឡើ​ង​នៅ​ឆ្នាំ​១៩​៩៦ និងមានសមាជិកចំនួន៨១រូប ដែលត្រូវបានជ្រើសរើសតាមរយ:ការបោះ​ឆ្នោតចំនួន​២​​ជុំ​ ពោលប្រសិនបើគ្មានបេក្ខជនណាមួយទទួលបានសម្លេងគាំទ្រភាគច្រើន នៅក្នុងជុំទី១​នោះ​ទេ​ បេក្ខជនដែលមានការគាំទ្រច្រើនជាងគេ២រូប នឹងត្រូវបានបោះឆ្នោតជ្រើសរើសក្នុងជុំទី២។ នៅ​ក្នុងកិច្ចសន្ទនាគ្នានោះដែរ ភាគីទាំងពីរបានស្នើឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិត គណ:​កម្ម​​ការជំនាញរវាងព្រឹទ្ធសភា នៃប្រទេសទាំងពីរ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌកិច្ច​ស​ហ​ប្រតិបត្តិការអន្តរជាតិ ជាពិសេសក្នុងក្របខណ្ឌសហភាពអន្តរសភា (IPU) និងវេទិកា​​ផ្សេ​ង​ៗទៀ​ត។មេដឹកនាំទាំងពីរក៏បានធ្វើការពិភាក្សាគ្នាផងដែរ ទាក់ទិនទៅនឹងស្ថាប័នរដ្ឋសភា នៃ​​ប្រទេសទាំងពីរ តាមរយ:ការស្នើបង្កើត ឲ្យមានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឆែក និង ស្នើ​ឲ្យ​មា​ន​​ការ​ផ្លាស់ប្តូរទស្សនកិច្ចកម្រិតថ្នាក់ដឹកនាំ គណ: កម្មការជំនាញ និងក្នុងក្របខណ្ឌអគ្គលេខាធិ​កា​រដ្ឋាន រវាងរដ្ឋសភានៃប្រទេសទាំងពីរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​ថ្នា​ក់​ ដឹកនាំព្រឹទ្ធសភា រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋឆែក ចំពោះការស្វាគមន៍​និងប​ដិ​ស​ណ្ឋារកិច្ចដ៏កក់ក្តៅចំពោះសម្តេចផ្ទាល់ និងគណៈប្រតិភូកម្ពុជា ក្នុងអំឡុងពេលស្នាក់​នៅ​ទី​ក្រុ​ង​​ប្រាក។  ក្នុង ជំនួបគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានពាំនាំការអញ្ជើញរបស់​សម្តេ​ច​វិបុ​លសេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ជូនចំពោះឯកឧត្តម Jaroslav Kubera ប្រ​ធា​នព្រឹទ្ធសភា នៃសាធារណរដ្ឋឆែក ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដែលការអញ្ជើ​ញ​​នេះ​ត្រូវបានឯកឧត្តម ប្រធានព្រឹទ្ធសភាឆែក ទទួលយកនូវការអញ្ជើញ និងឆ្លើយតប​តាម​ពេ​ល​វេលាដ៏សមស្របខាងមុខ។ ក្នុងនាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋ​ស​ភា សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញភាគី ឆែកឲ្យមកបំពេញទស្សនកិច្ច និង​ចូល​រួម​កិ​ច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប(ASEM) លើកទី១១ នៅកម្ពុជាក្នុងឆ្នាំ២០២០ខាងមុខនេះ។ ក្នុង​ជំនួប​នោះ​ដែរ ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យសម្រាប់​ប្រ​ទេ​សទាំងពីរ ទាំងស្ថាប័ននីតិបញ្ញត្តិ និងទាំងស្ថាប័ននីតិប្រតិបត្តិ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ