ឯកសារសំខាន់ៗចំនួនពីរត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់សម្ដេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋឆែក

ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ — ឯកសារសំខាន់ៗចំនួនពីរ ដែលក្នុងនោះមាន អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាលកម្ពុជា និងទីភ្នាក់ងារអនុវត្តគម្រោងសុខាភិបាលឆែក VAMED និង អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មឆែក ត្រូវាបានចុះហត្ថលេខា នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងប្រាក ក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋឆែក។

ប្រភពពីអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប្រាក សាធារណរដ្ឋឆែកហើយ នាព្រឹកថ្ងៃទី១៤ តុលាឆ្នាំ២០១៩។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការដែល ធ្វើឡើងនៅវិមានបុរាណ Kramarova ក្នុងទីក្រុងប្រាក វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ទាក់បំផុត ពីសំណាក់សមភាគី នាយករដ្ឋមន្រ្តីឆែក ឯកឧត្តម Andrej Babis និងថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលឆែកជាច្រើនរូបទៀត។

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមក សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋមន្រ្តីឆែក បានអញ្ជើញធ្វើជំនួបពិភាក្សាចង្អៀត និងជំនួបកំពូលទ្វេភាគី រួមទាំងពិធីទទួលទានអាហារ ការងារថ្ងៃត្រង់ ក្នុងបរិយាកាសស្និទ្ធស្នាលនិងរាក់ទាក់បំផុត។ ក្នុងជំនួបកំពូលទ្វេភាគី ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ឆែក បានធ្វើការពិភាក្សាគ្នា ដោយឆ្លុះបញ្ចាំងពីទំនាក់ទំនង ទ្វេភាគីដ៏ជិតស្និទ្ធ និងមានជាយូរណាស់មកហើយ ដែលបានផ្តួចផ្តើមដោយមេដឹកនាំនៃប្រទេសទាំងពីរ។

ក្នុងជំនួបកំពូលគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបំពេញព្រះរាជតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហការយ៉ាងកក់ក្តៅរបស់ប្រជាជន នៃប្រទេសទាំងពីរ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយ ដែលមិនអាចកាត់ថ្លៃបានរបស់រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋឆែក ដែលបានផ្តល់ដល់កម្ពុជាក្នុងគ្រាលំបាកបំផុត បន្ទាប់ពីការរំដោះប្រទេសក្នុងឆ្នាំ១៩៧៩។ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានធ្វើការពិនិត្យឡើងវិញដោយក្តីពេញចិត្ត ចំពោះការអភិវឌ្ឍ នៃទំនាក់ទំនងកម្ពុជា-ឆែក និងវឌ្ឍនភាពដែលបានធ្វើក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីជាផលប្រយោជន៍រួម សម្រាប់ប្រជាជននៃប្រទេសទាំងពីរ និងបានប្តេជ្ញាចិត្តពង្រឹងចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល និងកសិកម្ម។ ក្នុងជំនួបកំពូលនោះ មេដឹកនាំទាំងពីរបានផ្លាស់ប្តូរយោបល់ និងឯកភាពគ្នាលើការលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក។

ជាងនេះទៅទៀត មេដឹកនាំទាំងពីរបានទទួលស្គាល់ពីសារសំខាន់ នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ពហុភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសន្តិភាព និងសមាហរណកម្មពិភពលោក ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍពិភពលោក។ មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាជំរុញទំនាក់ទំនងនៅគ្រប់កម្រិត រួមទាំងផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ខ្ពស់ និងកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ សំដៅស្វែងរកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ក្នុងជំនួបកំពូលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឆែក ចំពោះការបង្វែរបំណុលទៅជាជំនួយអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា ពិសេសការបន្តគាំទ្រពីសំណាក់ រដ្ឋាភិបាលនិងប្រជាជនឆែក ក្នុងការបន្តគាំទ្រផ្តល់ជំនួយក្នុងវិស័យអប់រំ សុខាភិបាល និងអភិវឌ្ឍន៍ជនបទ ក្រោមកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍។ ក្នុងជំនួបកំពូលនោះដែរ ភាគីទាំងពីរបានឯកភាពគ្នា រៀបចំផែនការរួមដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរនៅឆ្នាំ២០២១។ ឯកឧត្តមនាយករដ្ឋមន្រ្តីឆែក Andrej Babis បានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ចំពោះសន្តិភាពនិងស្ថិរភាព ក្រោមការដឹកនាំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព។ ឯកឧត្តមនាយករដ្ឋមន្រ្តីឆែក បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ប្រទេសកម្ពុជានឹងសម្រេចគោលដៅទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ នៅក្នុងជំនួបគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានគោរពអញ្ជើញឯកឧត្តមនាយករដ្ឋមន្រ្តីឆែក Andrej Babis មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា តាមពេលដ៏សមស្រប។ ឯកឧត្តមនាយករដ្ឋមន្រ្តីបានទទួលយកនូវការអញ្ជើញដោយសេចក្តីរីករាយ និង បានថ្លែងនូវអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះការអញ្ជើញនេះ។ បន្ទាប់មកប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ អញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើ ឯកសារសំខាន់ៗចំនួនពីរ ដែលជាការបង្អុលបង្ហាញពីបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការពង្រីកចំណងមិត្តភាព និងបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍នៃ ប្រជាជនទាំងពីរ។

គួរបញ្ជាក់ថា សាធារណរដ្ឋឆែក មានផ្ទៃក្រឡាទំហំ ៧ម៉ឺន៨ពាន់៨៦៧គីឡូម៉ែត្រការ៉េ មានព្រំប្រទល់ជាប់និងប្រទេសអូទ្រីស អាល្លឺម៉ង់ ប៉ូឡូញ និងស្លូវ៉ាគី និងមានប្រជាជនរស់នៅសរុប ១០លាន៦សែន៨ម៉ឺន៦ពាន់២៦៩នាក់ គិតក្នុងខែកក្កដាឆ្នាំ២០១៨។ ប្រជាជនឆែកកាន់សាសនារ៉ូម៉ាំងកាតូលិក។ ស្ថានភាពសេដ្ឋកិច្ច សាធារណរដ្ឋឆែក ក្នុងឆ្នាំ២០១៧កន្លងទៅ ផលិតផលសរុបក្នុងស្រុក GDP ៣៧៥,៩ពាន់លានដុល្លាអាម៉េរិក ក្នុងនោះ GDP សម្រាប់មនុស្សម្នាក់ ៣ម៉ឺន៥ពាន់៥០០ដុល្លាអាម៉េរិក ក្នុងមួយឆ្នាំ។ អត្រាកំណើន GDP ៤,៣% ផលិតផលសំខាន់ៗគិតជាភាគរយ(GDP) ក្នុងនោះផ្នែកសេវា ៥៩,២% ឧស្សាហកម្ម ៣៨% និងកសិកម្ម២,៨%។ សាធារណរដ្ឋឆែកជាប្រទេសមានការនាំចេញ នូវផលិតសំខាន់ៗមួយ ចំនួនដូចជា គ្រឿងម៉ាស៊ីន ឧបករណ៍ដឹកជញ្ជូន វត្ថុធាតុដើម ប្រេងឥន្ធន: និងសារធាតុគីមី។ល។ សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បានភ្ជាប់ទំនាក់ទំនងការទូត ជាមួយអតីតសាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគី នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៥៦។ នៅឆ្នាំ១៩៧៥ ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហម។ ឆ្នាំ១៩៧៩ កម្ពុជាបានភ្ជាប់ទំនងទំនងជាមួយនឹង សាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគី នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៦ ទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែក ត្រូវបានបង្កើតឡើងវិញបន្ទាប់ពីប្រទេសឆេកូស្លូវ៉ាគីបែងចែកជាពីរប្រទេស។ កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០០៦ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់សាធារណរដ្ឋឆែក ដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែករបាំ ពីសាធារណរដ្ឋឆែកផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...