សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបក្រុមប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍

27

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ដឹកនាំដោយ កញ្ញា សុគុណ សុភក្ត្ររាសី ជួបសំណេះសំណាល និងទទួលអនុសាសន៍។

កញ្ញា សុគុណ សុភក្ត្ររាសី បានជម្រាបជូន​ សម្តេចតេជោ ហ៊ុន សែន ថាការចូលរួមនៅក្នុងនាវាយុវជនអាស៊ីអាគ្នេយ៍លើកនេះមានសមាជិកចំនួន២៩រូប។​ លោកបានឲ្យដឹងថា នេះជាលើកទី៤៦ហើយដែលនាវាយុវជនអាស៊ីអាគ្នេយ៍នេះចាប់តាំងពីការចាប់ផ្ដើមមក។ នៅក្នុងដំណើរនេះមានរយៈពេល៥២ថ្ងៃចាប់តាំងពីថ្ងៃទី២៣​ តុលា ដល់១៣​ ធ្នូ ២០១៩ ។​ កញ្ញា បានបន្តទៀតថាកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤ តាមសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋាភិបាលជប៉ុន និងសមាជិកស្ថាបនិកទាំង៥របស់អាស៊ាន ក្នុងនោះមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរីហ្វីលីពីន និងថៃ ។

សម្រាប់កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៦ ឆ្នាំ២០១៩ នេះប្រតិភូនាវាយុវជននៃបណ្ដាប្រទេសជាសមាជិកអាស៊ាន នឹងធ្វើដំណើរទៅជួបជុំគ្នានៅប្រទេសជប៉ុនដើម្បីប្រារព្ធកម្មវិធីបើកជាផ្លូវការនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ បន្ទាប់មកប្រតិភូនាវាយុវជនទាំងអស់ត្រូវបែងចែកជាក្រុមទៅធ្វើទស្សនកិច្ចសិក្សានៅតំបន់មួយចំនួនក្នុងប្រទេសជប៉ុនមុននឹងប្រតិភូនាវាយុវជនចុះនាវាដើម្បីធ្វើដំណើរតាមផ្លូវទឹកពីប្រទេសជប៉ុនទៅកាន់ប្រទេសវៀតណាម សិង្ហបុរី​ មីយ៉ាម៉ា និងម៉ាឡេស៊ី ហើយចុងក្រោយនេះវាយុវជននឹងត្រឡប់ទៅប្រទេសជប៉ុនវិញដើម្បីប្រារព្ធកម្មវិធីបិទ បន្ទាប់នឹងវិលត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។

ជាអនុសាសន៍សម្រាប់ប្រតិភូយុវជននេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានរម្លឹកអំពីដំណើរវិវត្តរបស់កម្ពុជា ជាពិសេសការទទួលបានសុខសន្តិភាពពេញលេញ ។​ សម្ដេចតេជោ ក៏បានលើកបង្ហាញពីមូលហេតុដែលកម្ពុជាដាក់អាទិភាពចូលជាសមាជិកអាស៊ានដោយផ្អែក លើកត្តា៤៖

ទី១)​ អាស៊ានមានគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា

ទី២)​ អាស៊ានមានស្មារតីសហគមន៍គឺអាស៊ានសម្រេចកិច្ចការអ្វីៗដោយកុងសង់ស៊ីស មិនមែនសម្រេចដោយការបោះឆ្នោតឬ សម្រេចដោយការដាក់ទណ្ឌកម្មនោះទេ

ទី៣)​ដោយសារផលប្រយោជន៍នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ក្នុងចំណុចនេះ សម្ដេចពន្យល់ថាដោយសារអាស៊ានមានដៃគូជាច្រើន ដូច្នេះពេលដែលយើងចូលអាស៊ាន, ដៃគូអាស៊ានក៏ជាដៃគូរបស់យើងដែរ

តាទី៤)​ អាស៊ានគឺជាច្រកចេញការទូតរបស់កម្ពុជា ។

បន្ថែមលើនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ប្រតិភូនាវាយុវជនទាំង២៩រូប ឱ្យរៀបចំខ្លួនឱ្យ បានសក្ដិសមជាកូនខ្មែរ ព្រោះប្រតិភូនេះហើយជាតំណាងឱ្យប្រជាជនខ្មែរទូទាំងប្រទេសប្រមាណ ១៦លាននាក់ហើយក៏ត្រូវធ្វើយ៉ាងណា កសាងមិត្តឱ្យបានច្រើនដើម្បីថ្ងៃអនាគតអាចក្លាយទៅជាដៃគូសហប្រតិបត្តិការដ៏ល្អ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរឲ្យក្រុមនាវាយុវជនទាំងអស់ទទួលបាននូវភាពជោគជ័យនៃកម្មវិធីនាវាយុវជននាពេលខាងមុខនេះផងដែរ៕