សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស (A) ចំនួន៤៤៣នាក់

នៅព្រឹកថ្ងៃចន្ទ ៩ កើត ខែ អស្សុជ ឆ្នាំ កុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់ក្មួយៗ ចៅៗ សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលទទួលបាននិទ្ទេស(A)ចំនួន៤៤៣នាក់ ដែលពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ឆ្នាំ ២០១៩ នេះគឺជាឆ្នាំទី៦ហើយ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់កិត្តិយសជូនសិស្សជាប់និទ្ទេស (A) បានចូលជួបសំណេះសំណាលដោយផ្ទាល់។ ការផ្តល់ឱកាសឱ្យសិស្សនិទ្ទេស (A) ចួលជួបសំណេះសំណាលដោយផ្ទាល់នេះ គឺជាការផ្តល់តម្លៃ និងលើកទឹកចិត្តដ៏ឧត្តុង្គឧត្តមមួយពីសំណាក់ប្រមុខរាជរដ្ឋាភិបាលសម្រាប់អ្នកសិក្សា ជាពិសេសក្មួយៗ ចៅៗ សិស្សានុសិស្ស ដែលបានខិតចំប្រឹងប្រែរៀនសូត្រ។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីសប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់កូនក្មួយ និងចៅៗ ទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀនសូត្រទទួលបាននិទ្ទេស (A) នាពេលនេះ។

ក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានក៏ផ្តាំផ្ញើនូវព្រះរាជបណ្តាំរបស់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះចៅៗដែលបានទទួលបាននិន្ទេស (A) ទាំងអស់។ ហើយសម្រាប់ប្រាក់រង្វាន់នាឆ្នាំនេះ គឺមានប្រាក់កាក់ដែលជាព្រះរាជអំណោយដ៏វិសេសវិសាលបំផុតរបស់ព្រះអង្គផងដែរ ដែលម្ពុជាបានបោះពុម្ពផ្សាយ ដើម្បីអបអរសាទរខួប ១៥ឆ្នាំនៃការឡើងគ្រោងរាជសម្បត្តិរបស់ព្រះអង្គ (២០០៤-២០១៩) ហើយនៅថ្ងៃនេះផងដែរ កម្ពុជាយើងក៏បានអនុញ្ញាតអោយធ្វើចរាចរនូវក្រដាសប្រាក់១៥,០០០រៀល ដែលជាក្រដាសប្រាក់ទើបចេញថ្មី។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះ ក្រសួងអប់រំយុវជន និងកីឡា ដែលបានខិតខំសម្របសម្រួលក្នុងការប្រឡងបាក់ឌុបនៅទូទាំងប្រទេស ដែលទទួលបានលទ្ធផលគួរជាទីមោទនភាព។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះសិស្សនារី ដែលបានប្រឡងជាប់ច្រើនជាងបុរសសម្រាប់ឆ្នាំនេះ។ សម្តេចតេជោ បានបន្តជំរុញនិងលើកទឹកចិត្តអោយសិស្សជានារីបន្តការខិតខំរៀនសូត្រអោយបានខ្លាំងថែមទៀត ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់នៅក្នុងសង្គមជាតិ។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរផងដែរចំពោះក្មួយៗចៅៗដែលបានខិតខំប្រឹងប្រែងរៀនសូត្រទទួលបានលទ្ធផលល្អបែបនេះ ព្រមទាំងបានថ្លែងអំណរគុណចំពោះក្រសួងអប់រំយុវជន និងកីឡា មន្ទីរអប់រំ នៅតាមបណ្តាខេត្តនានា លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានរួមចំណែក
នាំមកនូវភាពជោគជ័យសម្រាប់ក្មួយៗ និងចៅៗ។ ជាងនេះទៅទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណនិងកោតសរសើរដល់លោកគ្រូ អ្នកគ្រូ ,អាជ្ញាធរ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ពន្ធ័ទាំងអស់ដែលបានចូលរួមវគ្គបំប៉នដល់សិស្សានុសិស្សកន្លងមក មុនការប្រឡងនៅតាមបណ្តាខេត្តផ្សេងៗ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងមិនជាប់នៅឆ្នាំនេះ គឺត្រូវខិតខំបន្ថែមទៀតនៅឆ្នាំក្រោយ ឬអាចបន្តការសិក្សាថ្នាក់បរិញ្ញារង ឬអាចចូលសិក្សាជំនាញបច្ចេកទេសផ្សេងៗក៏បាន គឺក្រសួងអប់រំផ្តល់ឱកាសច្រើនសម្រាប់ក្មួយៗនិងចៅៗ។

នៅក្នុងពេលថ្លែងទៅកាន់ក្មួយៗ និងចៅៗ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកពីភាពខ្ទេចខ្ទាំនៃវិស័យអប់រំនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពេលនោះធនធានអ្នកចេះដឹងជាច្រើនត្រូវបានសំលាប់ចោល ហើយសាលារៀនមួយចំនួនក៏ត្រូវបានក្លាយទៅជាគុក និងជាកន្លែងឃុំឃាំងដាក់មនុស្ស។ ក៏ប៉ុន្តែក្រោយពីយើងបានរំដោះប្រទេសនិងទទួលបាននូវសុខសន្តិភាព គឺយើងបានខិតខំបណ្តុះបណ្តាលធនធានមនុស្សដែលបានកើនមានឡើងជាបន្តបន្ទាប់ ជាពិសេសរាជរដ្ឋាភិបាលបានពង្រាយសាលារៀនតាំងពីទីប្រជុំជនរហូតដល់ទីជនបទដាច់ស្រយាលរាប់ពាន់ខ្នងដើម្បីទុកអោយកូនចៅប្រជាពលរដ្ឋបានសិក្សារៀនសូត្រគ្រប់ៗគ្នា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំអោយអាជ្ញាធរយកចិត្តទុកដាក់តាមដានចំពោះសុខទុក្ខប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា ជាពិសេសត្រូវពិនិត្យមើលសាលារៀនណាដែលទទួលរងការលិចលង់ដោយទឹកជំនន់ ត្រូវរៀបចំអោយបានល្អមុននឹងអោយសិស្សចូលរៀនចៀសវាងខ្លាចអគារបាក់បែកធ្លាក់ពីលើសិស្ស។

ជាថ្មីម្តងទៀត ទាក់ទងទៅនឹងរឿងនយោបាយសម្តេចតេជោបានមានប្រសាសន៍បញ្ជាក់អោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទទួលទានអំបុកទាំងអស់គ្នានៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ គឺ “ហូបអំបុកការពារជាតិ, សាសនា, ព្រះមហាក្សត្រ”។ ហើយសម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ៗថា អ្នកណាក៏ដោយដែលចូលរួមក្នុងគម្រោងផ្តួលរំលំរដ្ឋាភិបាល ឬការធ្វើរដ្ឋប្រហារនៅថ្ងៃទី៩វិច្ឆិកានោះ គឺត្រូវទទួលខុសត្រូវ និងត្រូវទទួលទោសទៅតាមច្បាស់។ សម្តេចតេជោមិនអនុញ្ញាត្តិអោយក្រុមឧទ្ទាមណាមកបំផ្លាញសន្តិភាពនៅកម្ពុជាបានជាដាច់ខាត។

ចំពោះរង្វាន់លើកទឹកចិត្តដល់កូនក្មួយនិងចៅៗដែលទទួលបាននិទ្ទេស (A) ទាំង៤៤៣នាក់ គឺក្នុងម្នាក់ៗទទួលបានថវិកា ២លានរៀល, សៀវភៅអប់រំទូន្មាន២ក្បាល (សៀវភៅ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង) , iPad ម្នាក់មួយគ្រឿង ដែលជាអំណោយរបស់ក្រុម ហ៊ុន ជីប ម៉ុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយក ពីប្រទេសហូឡង់មកវិញ) ចំនួន១ និងប្រាក់កាក់មាស ដែលជាព្រះរាជអំណោយរបស់ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងម្នាក់ទទួលបាន១ផងដែរ។

ចំពោះលោកគ្រូអ្នកគ្រូដែលជា នាយកសាលា បានអញ្ជើញចូលរួមសរុបចំនួន ១៨៨នាក់ ដែលម្នាក់ៗទទួលបាន ថវិការចំនួន ១លានរៀល ជាមួយសៀវភៅអប់រំទូន្មាន២ក្បាល របស់ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ១គ្រឿង និងប្រាក់កាក់មាសដែលជាព្រះរាជអំណោយរបស់ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ម្នាក់១ផងដែរ ហើយសាលានីមួយៗដែលមានសិស្សជាប់និន្ទេស (A) គឺក្នុងមួយសាលាទទួលបានថវិការ ៣លានរៀល។

សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងកូនក្មួយ ព្រមទាំងចៅៗ សិស្សានុសិស្សទាំងអស់ជួបតែសេចក្តីសុខចម្រើន និងទទួលបានជោគជ័យថ្មីៗជាបន្តទៀតក្នុងការសិក្សារៀនសូត្រ និងក្នុងការអប់រំផ្តល់នូវចំណេះដឹងដល់កូនខ្មែរជំនាន់ក្រោយជាបន្តទៀត។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញផ្តល់កិត្តិយសថតរូប អនុស្សាវរីយ៍ជាមួយកូនក្មួយ និងចៅៗ សិស្សានុសិស្សដែលជាប់និទ្ទេស (A) ក្នុងបរិយាកាសស្និទ្ឋស្នាល និងសប្បាយរីករាយក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ