ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្ដម Nguyen Phu Trong អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម បានកត់សម្គាល់ពីការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ពិសេសកំណើសេដ្ឋកិច្ចមានការកើនឡើងជាបន្តបន្ទាប់។
ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ បន្ទាប់ពីសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម ជាមួយឯកឧត្ដម Nguyen Phu Trong អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ក្នុងខណៈដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាមនោះ។
ក្នុងជំនួបនោះដែរ ឯកឧត្តម Nguyen Phu Trong) បានមានប្រសាសន៍ស្វាគមន៍ សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោនិងគណៈប្រតិភូកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តមបានតាមដានយកចិត្តទុកដាក់ នៃជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏ដូចជាការធ្វើសន្និសីទរួមរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ព្រមទាំងលទ្ធផលដ៏ល្អរបស់កម្ពុជា-វៀតណាម ស្ដីអំពីការជំរុញវិនិយោគ និងពាណិជ្ជកម្មផងដែរ។ ឯកឧត្តមប្រធានរដ្ឋវៀតណាម ក៏បានកោតសរសើរចំពោះប្រទេសកម្ពុជាដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាពិសេសកំណើនសេដ្ឋកិច្ចមានការកើនឡើងជាបន្តបន្ទាប់។
នៅក្នុងជំនួបនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា សម្តេចពិតជារីករាយដែលបានជួបឯកឧត្តមប្រធានរដ្ឋវៀតណាម។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនអំពីលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចរបស់សម្ដេចមកកាន់ប្រទេសវៀតណាមនាពេលនេះ ហើយសម្តេចបានចាត់ទុកថានេះ គឺជាប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសទាំងពីរកម្ពុជា-វៀតណាមផងដែរ ក្នុងការចូលរួមពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះប្រទេសវៀតណាមដែលមានការអភិវឌ្ឍរីកចំរើនជឿនលឿន ពិសេសកំណើនសេដ្ឋកិច្ចរីកលូតលាស់យ៉ាងឆាប់រហ័ស ដែលទាក់ទាញការវិនិយោគពីបរទេសបានយ៉ាងច្រើន។ សម្តេចតេជោគូសបញ្ជាក់ថា កម្ពុជា-វៀតណាម នឹងរួមគ្នាអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុត នូវរាល់ទិសដៅដែលបានដាក់ចេញ និងការព្រមព្រៀងគ្នា ហើយនឹងប្រឹងប្រែងបន្តដោះស្រាយបញ្ចប់ឱ្យបានឆាប់ នូវបញ្ហាដែលមាន ដូចជាការងារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកដែលនៅសេសសល់១៦ភាគរយ ដើម្បីកសាងព្រំដែនប្រទេសទាំងពីរឱ្យទៅជាតំបន់ដែលមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងវិបុលភាពជានិរន្តន៍។ សម្តេចតេជោក៏បានអរគុណចំពោះវៀតណាមដែលបានចូលរូមក្នុងការជួយរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូសាសន៍ ការស្វែងរកសន្តិភាព ក៏ដូចជាការស្តារ និងអភិវឌ្ឍន៍កម្ពុជារហូតមកដល់ពេលបច្ចប្បន្ន៕