ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ — ប្រភពពីអ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា នារាត្រីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ដែលជាថ្ងៃទី១នៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានរៀបចំពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម និងឯកឧត្តម លោកជំទាវ ជាឥស្សរជនការទូតនៃបណ្តាប្រទេសជាមិត្ត ជាភ្ញៀវពិសេសរបស់រដ្ឋាភិបាលវៀតណាមជាច្រើនរូបផងដែរ។
ក្នុងសុន្ទរកថាស្វាគមន៍នៃពិធីលៀងសាយភោជន៍នោះ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានមានប្រសាសន៍ថា ឯកឧត្តមពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ ដោយបានទទួលសម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងរយៈពេល៩ខែកន្លងមក បន្ទាប់ពីសម្តេចអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ មកកាន់ប្រទេសវៀតណាមកាលពីខែធ្នូ ឆ្នាំ ២០១៨កន្លងទៅ។ ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសាន៍បន្តថា សម្តេចតេជោគឺជាមិត្តដ៏ល្អរបស់ប្រទេស និងប្រជាជនវៀតណាម ហើយអ្វីដែលយើងចងចាំមិនអាចបំភ្លេចបានគឺ ការជួយគ្នាទៅវិញទៅមក ក្នុងគ្រាដ៏លំបាកបំផុត ដែលប្រទេសទាំងពីរធ្លាប់ឆ្លងកាត់ដូចគ្នា។
ក្នុងឱកាសនោះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ព្រមទាំងពិធីលៀងសាយភោជន៍ប្រកបដោយបរិយាកាសអធិកអធម ដែលឯកឧត្តមនាយករដ្នមន្ត្រី ង្វៀន សួនហ្វ៊ុក បានរៀបចំនាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះការរីកចម្រើន និងសមិទ្ធផលដ៏ធំធេងដែលប្រទេសវៀតណាមសម្រេចបាន ពិសេសកំណើនសេដ្ឋកិច្ចខ្ពស់ ហើយក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍយ៉ាងរហ័សក្នុងវិស៏យហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង វិស័យសង្គមកិច្ច ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពិសេសគឺការបែងចែកធនធានសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃ ត្រឹមត្រូវ របស់បក្សកុម្មុយនីស្ត និងរដ្ឋាភិបាលវៀតណាម។ សម្តេចតេជោក៏បានសម្តែងនូវការអបអរសាទផងដែរ ចំពោះវៀណាម ដែលបានជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ជាមួយសំឡេងគាំទ្រដ៏លើសលប់ គឺ ១៩២ លើ ១៩៣។ សម្ដេចតេជោបន្ដថា នេះបញ្ជាក់ឱ្យឃើញពីការគាំទ្ររបស់ពិភពលោកចំពោះតួនាទី និងការរួមចំណែកដ៏សំខាន់របស់វៀតណាមក្នុងកិច្ចខិតខំដោះស្រាយបញ្ហាតំបន់ និងពិភពលោក។ ជាមួយនេះ កម្ពុជា ត្រៀមខ្លួន ផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងពេញទំហឹង ចំពោះវៀណាម ក្នុងតួនាទីជាម្ចាស់ផ្ទះ និងជាប្រធាន ASEAN នាឆ្នាំ២០២០ ខាងមុខនេះ។ សម្តេចតេជោគូសបញ្ជាក់ថា កម្ពុជា-វៀតណាម នឹងរួមគ្នាអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុតនូវរាល់ទិសដៅដែលបានដាក់ចេញ និងការព្រមព្រៀងគ្នា ហើយនឹងប្រឹងប្រែងបន្តដោះស្រាយបញ្ចប់ឱ្យបានឆាប់នូវបញ្ហាដែលមាន ដូចជាការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកដែលនៅសេសសល់១៦ភាគរយ ដើម្បីកសាងព្រំដែនប្រទេសទាំងពីរ ឱ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងវិបុលភាពជានិរន្តន៍ ព្រមទាំងបន្តពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យលើសពីផែនការ ៥.០០០លានដុល្លាអាម៉េរិកនៅឆ្នាំ២០២០ ហើយខិតខំបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយគ្នាដោយរៀបចំឱ្យបានឆាប់នូវផែនការមេតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
សម្តេចតេជោក៏បានអរគុណចំពោះការឧបត្ថម្ភគាំទ្ររបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងការរួមចំណែករបស់វៀតណាមដល់សន្តិភាព និងការស្តារនិងអភិវឌ្ឍកម្ពុជា ដែលនេះជាសច្ចធម៌ប្រវត្តិសាស្ត្រដែលត្រូវបានកត់ត្រាទុក មិនអាចបដិសេធបាន ឬក៏បំភ្លេចបានឡើយ៕