សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញចូលរួមក្នុងសន្និសីទ កម្ពុជា-វៀតណាម ស្ដីពីការជម្រុញវិនិយោគ និងពាណិជ្ជកម្ម

នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធា​រណរដ្ឋ​សង្គមនិយមវៀតណាម បានអញ្ជើញចូលរួមនៅក្នុង សន្និសីទ​កម្ពុជា-វៀតណាម ស្ដីពីការជម្រុញវិនិយោគ និងពាណិជ្ជកម្ម។ សន្និសីទនេះផងដែរក៏មានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរដ្ឋាភិបាលនៃប្រទេសវៀតណាម ធុរជន និងអ្នកវិនិយោគសំខាន់ៗនៃប្រទេសទាំងពីរផងដែរ។

នៅក្នុងសន្និសីទនេះផងដែរ ថ្នាក់ដឹកនាំនៃប្រទេសទាំង២ ជាពិសេសលើផ្នែកវិនិយោគ និងពាណិជ្ជកម្មបានបង្ហាញអំពីសក្កានុពលប្រទេសរបស់ខ្លួនដើម្បីធ្វើយ៉ាងណាជំរុញឲ្យមានការវិនិយោគទៅវិញទៅមក ក្នុងគោលដៅដើម្បីទាក់ទាញក៏ដូចជាពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរក្នុងពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត។ ក្នុងឱកាសនោះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាន៍ស្វាគមន៍យ៉ាងកក់ក្តៅតចំពោះធុរជននិងអ្នកវិនិយោគវៀតណាមដែលបានអញ្ជើញចូលរួមក្នុងសន្និសីទនេះ ដើម្បីសិក្សាស្វែងយល់ដោយផ្ទាល់ពីការរីកចម្រើនផ្នែកសង្គមកិច្ច ផ្នែក​សេដ្ឋកិច្ចសង្គម​ កាលានុវត្តភាពនិង សក្តានុពល វិនិយោគក៏ដូចជាជ្រាបអំពីការដាក់ចេញនូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាសំដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា។

សម្ដេចតេជោក៏បានកោតសរសើរចំពោះប្រជាជននិងរដ្ឋាភិបាលនៃប្រទេសវៀតណាមដែលបានខិតខំរួមគ្នាសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមគួរជាទីមោទនៈ ទាក់ទាញបាននូវការវិនិយោគផ្ទាល់ពីបរទេសយ៉ាងសន្ធឹកសន្ធាប់ខណៈដែលទំហំពាណិជ្ជកម្មមានសន្ទុះកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពកាន់តែប្រសើរ។

សម្តេចតេជោ បានមានប្រសាសន៍បន្តថាកម្ពុជា និងវៀតណាមមានទំនាក់ទំនងល្អនឹងគ្នាជាយូរលង់ណាស់មកហើយ។កម្ពុជានៅចងចាំជាដរាប និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះជំនួយឧបត្ថម្ភគ្រប់បែបយ៉ាងពីសំណាក់ប្រជាជននិងកងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងការជួយរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងការចូលរួមស្តារ និងការកសាងកម្ពុជាពីគំនរផេះផង់ឡើងវិញ។ ជាមួយគ្នានេះការផ្លាស់ប្ដូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងទំនាក់ទំនងជាប្រចាំនៃប្រជាជននៃប្រទេសទាំងពីរបានបង្ហាញយ៉ាងប្រត្យក្សពីភាពអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ដោយឈរលើគោលការណ៍ជឿទុកចិត្តគ្នានិងគោរពគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងបានគាំទ្រគ្នាទៅវិញទៅមកលើផ្នែកសេដ្ឋកិច្ចសង្គមនយោបាយនិងការទូត។

សម្តេចតេជោបន្តថា ក្នុងវិស័យពាណិជ្ជកម្ម សម្តេចពិតជាមានក្តីមោទនភាព ចំពោះការកើនឡើងនូវទំហំពាណិជ្ជកម្មទ្វេភាគីដែលកាលពីឆ្នាំ២០១៨​ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងវៀតណាមសម្រេចបានចំនួនប្រមាណជាង៤,៧ពាន់លានដុល្លារអាមេរិកគឺកើនឡើងប្រមាណជា២៤%​ ធៀបនឹងឆ្នាំ២០១៧។ ដោយឡែកក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរសម្រេចបានចំនួន២,៧២ពាន់លានដុល្លារអាមេរិក ដែលយើងរំពឹងថានឹងសម្រេចដល់ប្រមាណជា៥ពាន់លានដុល្លារអាមេរិក នៅដំណាច់ឆ្នាំនេះ។ ក្នុងវិស័យវិនិយោគវិញ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអោយដឹងថា គិតចាប់ពីឆ្នាំ ១៩៩៤ រហូតដល់ខែសីហាឆ្នាំ២០១៩ កម្ពុជាអនុម័តគម្រោងវិនិយោគរបស់ក្រុមហ៊ុនវៀតណាមចំនួន៨៤គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណជា២,៥ ពាន់លានដុល្លារអាមេរិក ក្នុងនោះវិស័យកសិកម្មមានចំនួនប្រមាណ២ភាគ៣ នៃគម្រោងវិនិយោគទាំងអស់។ ក្រោយពីគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏មានវត្តមាននៃការវិនិយោគក្រុមហ៊ុនវៀតណាមក្នុងវិស័យនានាដូចជា វិស័យធនាគារ ធានារ៉ាប់រង សេវាកម្ម និងការលក់ដុំ លក់រាយជាដើម។

ចំពោះវិស័យទេសចរណ៍វិញ វៀតណាមឈរនៅលំដាប់លេខរៀងទី២នៅឆ្នាំ២០១៧ និង២០១៨។ ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០១៩នេះ ចំនួនភ្ញៀវទេសចរវៀតណាមមកកម្ពុជា មានចំនួនប្រមាណជាង៤៧ម៉ឺននាក់ ដែលតួលេខនេះមានការកើនឡើងប្រមាណជា៤,៦% បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨កន្លងទៅ។ ចំនួនភ្ញៀវទេសចរប្រទេសទាំងពីរ រំពឹងថានឹងមានកំណើនបន្ថែមទៀតតាមរយៈការពន្លឿនសកម្មភាពផ្សព្វផ្សាយ និងការបង្កើនការតភ្ជាប់ក្នុងចំណោមគោលដៅនិងផលិតផលទេសចរណ៍ ជាក់ស្ដែងជើងហោះហើរត្រង់ ភ្នំពេញ-ដាណាំង និងចាប់ផ្ដើមដំណើរការនាពេលឆាប់ៗខាងមុខនេះបន្ថែមលើជើងហោះហើរកម្ពុជាវៀតណាមដែលមានស្រាប់ចំនួន១១២ជើងក្នុងមួយសប្តាហ៍។

ក្នុងក្របខណ្ឌនៃកិច្ចសម្រួលការដឹកជញ្ជូនផ្លូវគោកនិងឡូជីស្ទិកប្រទេសទាំងពីរបានឯកភាពអនុញ្ញាតឲ្យយានយន្តចំនួន៥០០គ្រឿងឆ្លងកាត់តាមច្រកព្រំដែនចំនួន៩ ហើយប្រទេសទាំងពីរបាន និងកំពុងពិភាក្សាលើការបន្ថែមចំនួនយានយន្តនិងជំនួញច្រកឆ្លងកាត់ដែរ។ សម្ដេចតេជោ ក៏សូមណែនាំដល់ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាធ្វើការសិក្សានិងពិនិត្យលទ្ធភាពជាក់ស្ដែងដាក់ចេញនូវយន្តការពិសេសដើម្បីបង្កើនការសម្រួលពាណិជ្ជកម្ម និងផ្នែកឡូជីស្ទីកនៅតាមជាយដែនជាពិសេសដើម្បីត្រៀមលក្ខណៈឆ្លើយតបទៅនឹងកំណើនយ៉ាកំហុសនៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែនបន្ទាប់ពីគម្រោងផ្លូវល្បឿនភ្នំពេញ និងទីក្រុងហូជីមិញ មកប្រសព្វគ្នានៅច្រកព្រំដែនអន្តរជាតិបាវិត ដែលជាចំណុចប្រមូលផ្ដុំដ៏សំខាន់មួយនៅក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូងក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអញ្ជើញអ្នកវិនិយោគវៀតណាមមកបណ្ដាក់ទុនវិនិយោគបន្ថែមទៀតលើវិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យដឹកជញ្ជូន និងឡូជីស្ទីក វិស័យសំណង់ ផលិតសម្ភារៈបរិក្ខាសំណង់ និងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ដែលសុទ្ធសឹងជាវិស័យសក្កានុពលរបស់កម្ពុជា ក្នុងគោលដៅប្រែក្លាយកម្ពុជាឱ្យក្លាយទៅជាផ្នែកមួយសំខាន់នៃខ្សែចង្វាក់ផ្គត់ផ្គង់តំបន់ និងសកលព្រមទាំងពង្រឹងភាពប្រកួតប្រជែងនិងធ្វើឲ្យបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ។ ក្នុងឱកាសនោះ សម្តេចតេជោក៏បានមានប្រសាសន៍អំពីការធ្វើកំណែទម្រង់ផ្ទៃក្នុងនៃការវិនិយោគក្នុងប្រទេសកម្ពុជាដែលសម្ដេចបានដឹកនាំកិច្ចប្រជុំពីរថ្ងៃ ទី២៩ ខែមីនាឆ្នាំ២០១៩
កន្លងទៅ ដែលបានផ្ដល់ដល់ផ្នែកវិស័យឯកជនក្នុងការដោះស្រាយបញ្ហាប្រឈមនិងសំណូមពរជូនដល់រដ្ឋាភិបាលដើម្បីពិនិត្យនិងមានវិធានការសមស្របដើម្បីដោះស្រាយ និងដើម្បីធ្វើឲ្យវិនិយោគិនដែលមកវិនិយោគក្នុងប្រទេសកម្ពុជា កាន់តែមានភាពងាយស្រួល។

សម្ដេចតេជោ បានស្វាគមន៍រាល់ការសម្រេចចិត្តរបស់អ្នកវិនិយោគទាំងអស់ជាពិសេសអ្នកវិនិយោគវៀតណាម ដែលបានជ្រើសរើស នឹងមានបំណងមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយសម្ដេចក៏បានអំពាវនាវដល់ធុរជន និងអ្នកវិនិយោគវៀតណាមដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជាសូមអញ្ជើញមកសិក្សាស្វែងយល់បន្ថែមពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគឬសហការវិនិយោគរួមគ្នាជាមួយអ្នកវិនិយោគកម្ពុជាដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងវៀតណាម។ សម្ដេចក៏សូមធានាជូនដល់អ្នកវិនិយោគគ្រប់រូបនូវបរិស្ថានប្រកបដោយអំណោយផលជាពិសេសគឺសន្តិភាពសន្តិសុខនិងស្ថិរភាពនយោបាយក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាពតម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។

នៅចុងបញ្ចប់នៃសន្និសីទនេះផងដែរ ក៏មានពិធីចុះហត្ថលេខាមួយលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយក្រសួងផែនការ និងវិនិយោគវៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការវិនិយោគនៃប្រទេសទាំងពីរផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ