សម្ដេចតេជោ ហ៊ុន សែន៖ ទស្សនកិច្ចនៅប្រទេសវៀតណាមលើកនេះ អាចចាត់ទុកថា​ជា​ប្រវត្តិសាស្ត្រមួយថ្មីទៀត ក្នុងការកសាងទំនាក់ទំនងព្រំដែនរវាងកម្ពុជា-វៀតណាម

ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន បានថ្លែងថា ទស្ស​ន​កិច្ចនៅប្រទេសវៀតណាមលើកនេះ អាចចាត់ទុកថាជាទស្សនកិច្ចប្រវត្តិសាស្ត្រមួយថ្មីទៀត ដែលស​ម្រេ​​ច​​បាននូវសមិទ្ធផលដ៏ធំ ក្នុងការកសាងទំនាក់ទំនងព្រំដែនរវាងប្រទេសទាំងពីរ​កម្ពុជា និងវៀតណាម។

ក្នុងសន្និសីទសារព័ត៌មានរួម ជាមួយឯកឧត្ដម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសា​ធារ​ណ​រ​ដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ  សម្តេចអគ្គមហាសេនាបតី​តេ​​​ជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួ​​នហ៊្វុក ដែលបានអញ្ជើញស​ម្តេច​ម​កបំពេញទស្ស​ន​កិ​ច្ចផ្លូវកា​រនៅ​សាធារណ​រដ្ឋ​សង្គម​និយ​ម​វៀ​តណាម និង​បានសម្ដែងនូវសេចក្ដីរីករាយ​ ព្រម​ទាំងអបអរសាទរចំពោះសមិទ្ធផលដ៏​ធំធេ​ង ដែល​ប្រ​​ទេស​វៀ​តណា​មស​ម្រេច​បាន​ក្រោមការ​ដឹកនាំដ៏​ត្រឹមត្រូវ​របស់បក្ស​កុម្មុយនីស្ត​វៀតណាម។ សម្ដេចតេជោជឿជាក់ថា សន្ទុះនៃការ​អភិវឌ្ឍ​នេះ នឹងធ្វើឱ្យវៀតណាម សម្រេចបានគោលដៅ​​ឧស្សា​ហូ​បនីយកម្ម និងទំនើបកម្ម ​និងចូលរួមដើរតួ​នាទី​កាន់​តែ​ស​កម្មលើ​វេទិកា​តំបន់ ​និងអន្តរជាតិ។ ស​ម្តេចតេជោនាយករដ្ឋ​មន្ត្រីក៏​បានអបអរសាទរចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបាន​ជាប់​ឆ្នោតជា​សមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស​​ម្រាប់​​អាណត្តិ​ឆ្នាំ២០២០-២០២១​ ជាមួយនឹងសំឡេង​គាំទ្រច្រើន​លើស​លប់ ​ដែលបញ្ជា​ក់ពី​កា​​​រគាំទ្រ​របស់​ពិភព​លោក​ចំពោះតួនាទី​ និ​ងការចូល​រួមចំណែក​ដ៏សំខាន់​របស់​វៀត​ណាម ​នៅ​ក្នុងកិច្ចខិត​ខំប្រឹង​ប្រែង​ដោះស្រាយបញ្ហាតំបន់ ​និងពិភពលោក។ សម្ដេចតេជោបានគូសប​ញ្ជា​ក់​ថា ទៅ​ពេលអនាគត កម្ពុជា-វៀតណាម ​ត្រូវបន្តការ​ខិតខំ​​ដើម្បីកសាង​​ទំនាក់​ទំនង​ឱ្យកា​ន់​តែ​ខ្លាំ​ង ​កាន់តែស៊ីជម្រៅ ​និងពង្រីក​ទំហំពាណិជ្ជកម្ម សហប្រតិបត្តិការផ្នែក​​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម វិនិ​យោគ​ និង​វិស័យ​ដទៃទៀត ​ឱ្យកាន់តែទូលំទូលាយ និងគ្រប់​វិស័យ។ សម្ដេចតេជោ​បានបន្ថែមថា «ចាប់ពីពេលនេះ និងទៅអនាគត យើងត្រូវបន្តការខិតខំ ដើម្បីកសាង​ទំនា​ក់​ទំ​នង​ទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងខ្លាំងក្លាថែមទៀត ជាពិសេសពង្រីកកិច្ចសហប្រតិបត្តិការ លើ​​​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ និងវិស័យដទៃទៀត ឱ្យកាន់តែទូលំទូលាយ”។

ក្នុងឱកាសនោះដែរឯកឧត្ដម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងថា កម្ពុ​ជា-វៀតណាម មានទំនាក់ទំនង មិត្តភាពរឹងមាំត្រូវបានសាកល្បងឆ្លងកាត់ តាមដំណាក់​កាល​ជា​ប្រ​វត្តិសាស្ត្រ។ ឯកឧត្ដមនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា “យើងខ្ញុំប្ដេជ្ញាចិត្តថែរក្សាដើម្បី​ជំរុញទំនាក់ទំនងប្រទេសទាំងពីរ ឈានដល់ដំ​ណា​​ក់កាលថ្មី តាមរយៈអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិ​បត្តិការ​លើ​គ្រ​ប់​វិ​ស័​យ”។ ឯកឧត្ដមនាយករដ្ឋមន្ត្រី​វៀត​ណាមជឿជាក់ថា សមិទ្ធផលសំខាន់ៗទាំងឡាយ ដែល​ស​​ម្រេចបានក្នុងកិច្ចប្រជុំ​ពិភាក្សា​ការងារនេះ នឹងរួមចំណែកជំរុញទំនាក់ទំនងរវាងកម្ពុជា-វៀត​ណា​ម ឱ្យមានការរីកចម្រើន និងកាន់តែស៊ីជម្រៅ ឆ្លើយតបទៅនឹងតម្រូវការពីសំណាក់ ប្រជា​ជ​ន​ប្រទេសទាំងពីរ ដើម្បី​សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ